ប្រជាពលរដ្ឋរាប់ពាន់គ្រួសាររស់នៅក្នុងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលជាតំបន់ជាប់ព្រំដែនប្រទេសថៃ ខ្វះទឹកប្រើប្រាស់ប្រចាំថ្ងៃ ហើយនៅតំបន់នោះពុំមានប្រព័ន្ធស្តុកទឹកធំៗដែលអាចឲ្យពលរដ្ឋយកទឹកទៅប្រើប្រាស់បានឡើយ។ ពលរដ្ឋភាគច្រើនទិញទឹកពីអ្នកភូមិដឹកតាមឡានពីតំបន់ឆ្ងាយ យកទៅប្រើប្រាស់ ដែលបញ្ហានេះប៉ះពាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់។
ថ្វីបើនៅដើមរដូវវស្សាឆ្នាំនេះមានភ្លៀងធ្លាក់ជោកជាំស្ទើរគ្រប់ទីកន្លែងក្នុងប្រទេសកម្ពុជា ក្ដី ប៉ុន្តែពលរដ្ឋនៅតាមព្រំដែនក្នុងស្រុកអូរជ្រៅ គ្មានទឹកប្រើប្រាស់ទេ។ អ្នកភូមិលើកឡើងថា នៅតាមព្រំដែនស្រុកមួយនេះ ពុំសូវមានភ្លៀងធំដែលអាចយកទឹកទៅប្រើប្រាស់ប្រចាំថ្ងៃបាននោះទេ។
ពលរដ្ឋម្នាក់រស់នៅភូមិទំនប់ដាច់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ជាប់ព្រំដែនថៃ លោកស្រី សន ថែ អះអាងថា ពួកគាត់ជួបការលំបាកដោយសារខ្វះទឹកប្រើប្រាស់ទាំងរដូវប្រាំង និងរដូវវស្សាជាច្រើនឆ្នាំមកហើយ។ លោកស្រីបន្ថែមថា សព្វថ្ងៃ គ្រួសាររបស់លោកស្រីទិញទឹកពីអ្នកភូមិដឹកតាមឡានយកមកប្រើប្រាស់ ហើយចំណាយអស់ថវិកាប្រហែល ៣ម៉ឺនរៀលក្នុងមួយសប្ដាហ៍ ដែលបញ្ហានេះបានប៉ះពាល់យ៉ាងខ្លាំងដល់ប្រាក់ចំណូលប្រចាំថ្ងៃរបស់ពួកគាត់៖ « យើងខ្ចីប្រាក់គេដាក់ទឹកសិនទៅ ពេលយើងធ្វើការនៅប្រទេសថៃ បានសងគេវិញ។ រឿងទឹកវាលំបាកខ្លាំងណាស់ ព្រោះអ្នកខ្លះគ្មានប្រាក់ទិញទឹកប្រើទេ។ ណាមួយអង្ករហូបផង ទិញទឹកប្រើផង រកប្រាក់មិនទាន់ទេ »។
នៅតាមផ្លូវតំបន់ព្រំដែនក្នុងឃុំមួយនេះមានស្រះទឹកតូចៗខ្លះដែរ ប៉ុន្តែមានទឹកបន្តិចបន្តួច ហើយល្អក់ខួរអណ្ដែងសម្រាប់ឲ្យគោផឹក ចំណែកអ្នកភូមិមិនអាចយកទៅប្រើប្រាស់បានឡើយ។

ពលរដ្ឋរស់នៅភូមិទំនប់ដាច់ ម្នាក់ទៀត លោក យាន យឹន ថ្លែងថា ចាប់ពីខែមិថុនា មកមានភ្លៀងធ្លាក់ខ្លះដែរ តែពុំមានទឹកគ្រប់គ្រាន់សម្រាប់ប្រើការប្រចាំថ្ងៃទេ។ លោកបន្ថែមថា បញ្ហាទឹកប្រើប្រាស់ជារឿងសំខាន់របស់ពួកគាត់រស់នៅតាមព្រំដែន ទាំងការមុជសម្អាតរាងកាយ ចម្អិនអាហារ និងទឹកផឹក ជាដើម ត្រូវទិញពីគេទាំងស្រុង។ លោកអះអាងថា ពួកគាត់ទិញទឹកពីអ្នកភូមិដែលដឹកតាមរថយន្តពីតំបន់ឆ្ងាយយកមកលក់ដល់ផ្ទះ ដោយទឹកចំណុះ ៣០០លីត្រតម្លៃ ១ម៉ឺន ៥ពាន់រៀល៖ « ទើបមានភ្លៀងយប់មិញបន្តិចត្រងទឹកមិនបានមួយពាងផង។ ពួកខ្ញុំរស់នៅជាយដែនគ្មានដីធ្វើស្រែទេ បើមិនបានទៅធ្វើការនៅប្រទេសថៃ គ្មានប្រាក់ចំណូលទេ។ ពួកខ្ញុំនៅជាយដែនលំបាកខ្លាំងណាស់ »។
ឆ្លើយតបនឹងបញ្ហានេះ មេឃុំអូរបីជាន់ លោក សួង មឿន មានប្រសាសន៍ថា ប្រជាពលរដ្ឋនៅតាមព្រំដែនក្នុងឃុំនេះខ្វះទឹកប្រើប្រាស់ប្រចាំថ្ងៃប្រាកដមែន គឺដោយសារនៅតំបន់នេះពុំមានប្រភពទឹកសម្រាប់ឲ្យពលរដ្ឋដងយកទៅប្រើប្រាស់។ ម្យ៉ាងទៀត លោកថាកន្លងទៅមានអង្គការមួយចំនួនចុះខួងអណ្ដូងតាមភូមិដែរ ក៏ប៉ុន្តែពុំមានទឹកចេញ ហើយក៏បានផ្អាកគម្រោងទៅវិញ។ លោកបន្ថែមថា ខាងមន្ទីរធនធានទឹក និងឧតុនិយមខេត្ត កំពុងតែជីកស្រះទឹកមួយកន្លែងទទឹង ១០០ម៉ែត្រ និងបណ្ដោយ ១៥០ម៉ែត្រនៅភូមិព្រាវ ឃុំអូរបីជាន់ ហើយនៅពេលជីកស្រះទឹករួចរាល់ អាចជួយកាត់បន្ថយការខ្វះខាតទឹកបានខ្លះ៖ « ក្នុងគម្រោងដែលជំរុញឲ្យបណ្ដាអង្គការនៅនេះ យើងឲ្យគាត់ជួយជាអណ្ដូងទឹក ស្ដារស្រះសម្រាប់មានភ្លៀងបានទឹកប្រើ។ ហើយក្នុងការដោះស្រាយដោយមធ្យោបាយឡានជំនួយផ្សេងៗដើម្បីដាក់ធុងអីនោះ នៅឆ្នាំ២០១៧ ពុំទាន់មានទេ »។
សព្វថ្ងៃ អ្នកភូមិខ្លះស្វែងរកប្រភពទឹក ហើយច្រកទឹកដាក់ប៊ីដុងដឹកតាមម៉ូតូចម្ងាយជិត ១០គីឡូម៉ែត្រពីកន្លែងរស់នៅ ដើម្បីយកទៅប្រើការប្រចាំថ្ងៃ។
ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យ លោក យឹម ប៊ុនរ៉ុម លើកឡើងថា ក្រសួងធនធានទឹក បានសិក្សាគម្រោងរួចជាស្រេចហើយក្នុងការសាងសង់ប្រព័ន្ធប្រឡាយទឹកចេញពីអូរខៃដន ក្នុងក្រុងប៉ោយប៉ែត ទៅឃុំអូរបីជាន់។ លោកថា គម្រោងនេះនឹងចាប់ផ្ដើមសាងសង់ក្នុងពេលឆាប់ៗ ដើម្បីសម្រួលដល់កសិករបានទឹកប្រើប្រាស់នៅតាមព្រំដែន៖ « ប៉ុន្តែគ្រាន់តែថាគេមិនទាន់ចាប់ផ្ដើមអនុវត្តនៅឡើយ ដោយវាជានីតិវិធីរបស់គេ ប៉ុន្តែគម្រោងរបស់គេធំណាស់នៅអូរបីជាន់ នោះ គឺគម្រោងស្ដារប្រព័ន្ធអូរ ហើយមានប្រឡាយខ្វាត់ខ្វែង »។
ទោះបីជាយ៉ាងនេះក្ដី មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តបន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា មានប្រសាសន៍ថា ពលរដ្ឋនៅស្រុកអូរជ្រៅ ជួបការលំបាកដោយសារខ្វះទឹកប្រើប្រាស់ជាច្រើនឆ្នាំមកហើយ ចំណែកអាជ្ញាធរមិនទាន់ដោះស្រាយជូនពួកគាត់បាននៅឡើយ។ លោកអំពាវនាវឲ្យអាជ្ញាធរពាក់ព័ន្ធ ជីកស្រះទឹកធំៗនៅតំបន់ព្រំដែនឲ្យបានច្រើនបន្ថែមទៀត ដើម្បីស្តុកទឹកឲ្យពលរដ្ឋប្រើការបានទាំងរដូវប្រាំង និងរដូវវស្សា៖ « យើងមុនបោះឆ្នោត ស្ទើរគ្រប់ទីកន្លែង គណបក្សនានាចុះទៅសន្យាជាមួយពលរដ្ឋច្រើនណាស់។ ដល់បោះឆ្នោតរួច បាត់អ្នកចុះទៅមើលប្រជាពលរដ្ឋអស់។ មានន័យថា ការដែលយកចិត្តទុកដាក់តែពេលបោះឆ្នោតប៉ុណ្ណោះ ប៉ុន្តែអ្វីចំពោះដែលប្រជាពលរដ្ឋត្រូវការទឹកប្រើ មិនបានដោះស្រាយទេ »។
មេឃុំអូរបីជាន់ ឲ្យដឹងថា ពលរដ្ឋនៅក្នុងឃុំមួយនេះប្រមាណ ៧០ភាគរយក្នុងចំណោមពលរដ្ឋ ៣.២៩០គ្រួសារ កំពុងលំបាកខ្លាំងដោយគ្មានទឹកប្រើប្រាស់ ហើយ ៣០ភាគរយដែលមានជីវភាពមធ្យម អាចដឹក និងទិញទឹកយកមកប្រើប្រាស់ដោយខ្លួនឯងបាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។