មេឃុំស្រែគរ ស្រុកសេសាន ខែត្រស្ទឹងត្រែង ចោទក្រុមហ៊ុនវារីអគ្គិសនីសេសានក្រោមពីរ ថានៅតែបន្តដាក់បារាសហាមអ្នកខាងក្រៅមិនឲ្យចេញចូលភូមិស្រែគរថ្មី ដោយលើកហេតុផលថា ត្រូវសុំច្បាប់អនុញ្ញាតជាមុនសិន។ បញ្ហានេះ បង្ករាំងខ្ទប់ការអភិវឌ្ឍមូលដ្ឋាន ខណៈអង្គការសង្គមស៊ីវិលមួយចំនួនមានបំណងចង់អភិវឌ្ឍឃុំស្រែគរ ត្រូវខកខាន។
មេឃុំស្រែគរ កូតាពីគណបក្សសង្គ្រោះជាតិ និងអង្គការសង្គមស៊ីវិល ចាត់ទុកការរឹតត្បិតសេរីភាពចេញចូលភូមិស្រែគរថ្មី ឃុំស្រែគរ គឺជាការអនុវត្តផ្ទុយពីគោលនយោបាយវាយតម្លៃផលប៉ះពាល់បរិស្ថានរបស់គណៈរដ្ឋមន្ត្រី បន្ទាប់ពីអាជ្ញាធរខែត្រស្ទឹងត្រែង និងក្រុមហ៊ុន បានដាក់បារាសរារាំងអ្នកខាងក្រៅមិនឲ្យចេញចូលឃុំស្រែគរ។
មេឃុំស្រែគរ ស្រុកសេសាន លោក សៀក មេគង្គ ឲ្យដឹងនៅថ្ងៃទី៦ សីហា ថា ផ្លូវចូលភូមិស្រែគរថ្មី ត្រូវឆ្លងកាត់ទំនប់វារីអគ្គិសនីសេសានក្រោមពីរ និងមានបារាសតាមផ្លូវពីរកន្លែង ដោយមានមន្ត្រីអាវុធហត្ថចាំយាម។ មន្ត្រីអាវុធហត្ថទាំងនោះបានសួរនាំអ្នកខាងក្រៅ និងអង្គការសង្គមស៊ីវិល រួមទាំងអ្នកសារព័ត៌មានផង ពីគោលបំណងទៅភូមិស្រែគរថ្មី និងបង្គាប់ឲ្យសុំច្បាប់អនុញ្ញាតពីអាជ្ញាធរខែត្រជាមុនសិន ទើបពួកគាត់អនុញ្ញាតឲ្យធ្វើដំណើរចូលភូមិស្រែគរថ្មី។
លោកកត់សម្គាល់ថា កន្លងទៅ អង្គការដៃគូអភិវឌ្ឍន៍មួយចំនួនមានបំណងជួយអភិវឌ្ឍឃុំស្រែគរ ដូចជាទឹកស្អាត និងអនាម័យ ក៏មន្ត្រីអាវុធហត្ថរារាំងដែរ។ បញ្ហានេះលោកចាត់ទុកថាបង្កប៉ះពាល់ជីវភាពរស់នៅរបស់ពលរដ្ឋ និងការអភិវឌ្ឍមូលដ្ឋាន ត្បិតពលរដ្ឋដែលយល់ព្រមទទួលសំណងពីក្រុមហ៊ុន កំពុងប្រឈមបញ្ហាកង្វះទឹកស្អាត និងការខកខានមិនបានធ្វើកសិកម្មផង៖ « ថ្ងៃមុនអង្គការគេមកជួយអ្នកជំងឺនៅឃុំស្រែគរ សោះ បែរជាមិនឲ្យចូល ត្រង់ហ្នឹងហើយដែលពលរដ្ឋនៅឃុំចាស់គេមិនចង់មក គេឈឺគ្រុនគេសុខចិត្តបិទសិទ្ធិសេរីភាពទេ។ ពលរដ្ឋគ្រប់រូបមានសិទ្ធិដំណើរដើរហើរតើ ហើយយើងបិទសិទ្ធិសេរីភាពចឹង ជាការរំលោភសិទ្ធិទាំងស្រុងហើយ »។
ឆ្លើយតបការចោទប្រកាន់នេះ តំណាងក្រុមហ៊ុនវារីអគ្គិសនីសេសានក្រោមពីរ លោក អ៊ុំ រ៉េត ថ្លែងថា ការដាក់បារាសនេះពុំជាប់ពាក់ព័ន្ធសមត្ថកិច្ចរបស់ក្រុមហ៊ុនទេ គឺជាកាតព្វកិច្ចរបស់អាជ្ញាធរខែត្រស្ទឹងត្រែង។ លោកបញ្ជាក់ថា ប្រសិនបើមានអ្នកខាងក្រៅចង់ចូលភូមិស្រែគរថ្មី ត្រូវដាក់លិខិតស្នើសុំទៅរដ្ឋបាលខែត្រស្ទឹងត្រែង សិន។ ចំណែកឯពលរដ្ឋវិញ អាជ្ញាធរពុំបានរារាំងនោះទេ។ លោកថា ក្រុមហ៊ុនកំពុងសាងសង់សំណង់រឹងនៅការដ្ឋានវារីអគ្គិសនី ក៏ជាហេតុផលការពារសុវត្ថិភាពមិនឲ្យអ្នកខាងក្រៅចូលដែរ៖ « អាហ្នឹងទាក់ទងសុំការអាជ្ញាធរខែត្រ។ បើសិនជាអ្នកចង់ចូល គេទាក់ទងដាក់លិខិតទៅខែត្រ ខែត្រគេឲ្យចូលតើ មានទៅហាមឃាត់អី »។
អាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យសាលាខែត្រស្ទឹងត្រែង លោក ម៉ែន គុង ដើម្បីសុំការបញ្ជាក់ពីការចោទប្រកាន់នេះបានទេ នៅថ្ងៃទី៦ សីហា ព្រោះទូរស័ព្ទហៅចូលច្រើនដងពុំមានអ្នកទទួល។
កាលពីខែកក្កដា ឆ្នាំ២០១៧ មន្ត្រីអាវុធហត្ថដែលយាមនៅបារាសច្រកចូលក្រុមហ៊ុនវារីអគ្គិសនីសេសានក្រោមពីរ បានរារាំងមិនឲ្យអ្នកយកព័ត៌មានអាស៊ីសេរី ចូលភូមិស្រែគរថ្មី ដោយលើកហេតុផលថា ត្រូវសុំការអនុញ្ញាតពីអាជ្ញាធរខែត្រសិន។ ក្រោយមក អ្នកយកព័ត៌មានអាស៊ីសេរីបានទូរស័ព្ទសុំការអនុញ្ញាតពីអាជ្ញាធរខែត្រ ហើយអាជ្ញាធរខែត្រឆ្លើយតបថា គេនឹងទាក់ទងសុំការអនុញ្ញាតពីក្រុមហ៊ុន ក៏ប៉ុន្តែនៅតែពុំមានលទ្ធផល។
មន្ត្រីសម្របសម្រួលសមាគមអាដហុក (ADHOC) ខែត្រស្ទឹងត្រែង លោក ហូ សំអុល នៅតែមានមន្ទិលថា បច្ចុប្បន្នផ្លូវឆ្ពោះទៅភូមិស្រែគរថ្មី នៅតែជាឧបសគ្គសម្រាប់ពលរដ្ឋ និងសាធារណជនធ្វើដំណើរទំនាក់ទំនងសេដ្ឋកិច្ច ដោយសារមានការរារាំងពីសមត្ថកិច្ចនៅតាមបារាសចូលក្រុមហ៊ុន។ ដោយឡែកការរឹតត្បិតសេរីភាពធ្វើដំណើររបស់ពលរដ្ឋ និងសាធារណជន ក៏ជាឧបសគ្គមួយទៀតដល់ការអភិវឌ្ឍ និងការទំនាក់ទំនងសេដ្ឋកិច្ច ដែលទាមទារឲ្យអាជ្ញាធរខែត្រស្ទឹងត្រែង ពិចារណាឡើងវិញ ជៀសវាងពន្យារពេលនាំឲ្យបញ្ហាកាន់តែរីកធំឡើង៖ « ដល់ពេលគាត់ចង់ចូលជួយ បែរជាមិនបានជួយ ដោយសារយើងទៅផ្លូវត្រពាំងក្រហមនៅខែត្ររតនគិរី វាឆ្ងាយ »។
អ្នកស្រាវជ្រាវផ្នែកបរិស្ថាន លោក ភូ ប៊ុនថាន់ យល់ថា ការរឹតត្បិតសេរីភាពចេញចូល និងការផ្តាច់ស្ពានស្រែពក ដោយមិនបានកសាងស្ពានផ្សេងជំនួស គឺជាការអនុវត្តផ្ទុយពីគោលនយោបាយវាយតម្លៃហេតុផលប៉ះពាល់បរិស្ថានរបស់រាជរដ្ឋាភិបាល។ លោកបញ្ជាក់ថា ក្រុមហ៊ុនត្រូវទទួលខុសត្រូវកសាងហេដ្ឋារចនាសម្ព័ន្ធបម្រើសេវាសាធារណៈជូនពលរដ្ឋ ព្រោះពលរដ្ឋដែលយល់ព្រមទទួលសំណង គឺជាការរួមចំណែកអភិវឌ្ឍថាមពលអគ្គិសនីជាមួយរដ្ឋាភិបាល៖ « អាជ្ញាធរពាក់ព័ន្ធ និងក្រុមហ៊ុន ត្រូវកំណត់ឲ្យបានច្បាស់ថា ផ្លូវហ្នឹងបើកសម្រាប់អ្នកណា ? ហើយអ្នកណាដែលហាមមិនចូល ព្រោះបើសិនយើងមើលស្ថានភាពជាក់ស្តែង អ្នកភូមិគាត់អាចធ្វើដំណើរចុះឡើងបាន សម្រាប់អ្នកភូមិស្រែគរថ្មី តែសម្រាប់អ្នកភូមិ គឺអ្នកពីខាងក្រៅចូលអត់បាន។ កន្លែងហ្នឹងតើមានន័យយ៉ាងម៉េច ?»។
មកទល់ពេលនេះ ពលរដ្ឋយល់ព្រមទទួលសំណងពីក្រុមហ៊ុនទៅតាំងទីលំនៅថ្មីនៅឃុំស្រែគរ មានចំនួន ៣៤០គ្រួសារ ហើយពលរដ្ឋដែលបដិសេធមិនទទួលសំណងនៅឃុំស្រែគរ ១២០គ្រួសារ និងនៅឃុំក្បាលរមាស ៥៨គ្រួសារទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។