នៅរដូវប្រមូលផលផ្លែសំរងឆ្នាំនេះ សហគមន៍ជនជាតិដើមភាគតិចអ្នកអភិរក្សដើមសំរងក្នុងខេត្តរតនគិរី អំពាវនាវសុំឲ្យអាជ្ញាធរ ជួយទប់ស្កាត់សកម្មភាពកាប់ដើមសំរងដើម្បីយកផ្លែ។ សហគមន៍ជនជាតិដើមភាគតិចបារម្ភថា ដើមសំរងអាចនឹងត្រូវបាត់បង់ទាំងស្រុង ប្រសិនបើពុំមានការទប់ស្កាត់ឲ្យទាន់ពេលវេលា។
ការអំពាវនាវនេះ ធ្វើឡើងបន្ទាប់ពីអ្នកភូមិរស់នៅជាប់នឹងតំបន់ឧទ្យានជាតិវីរៈជ័យ និងអ្នកភូមិមកពីបណ្ដាស្រុកផ្សេងទៀតក្នុងខេត្តរតនគិរី បាននាំគ្នាជាក្រុមៗចូលទៅក្នុងតំបន់ឧទ្យានជាតិ ដើម្បីប្រមូលផ្លែសំរងចាប់ពីដើមខែមេសា រហូតមក។
សហគមន៍ជនជាតិដើមភាគតិច រស់នៅឃុំតាវែងលើ លោក តាន ស៊ីន មានប្រសាសន៍ថា ដើមសំរងកំពុងរងវិនាសកម្មបន្ថែមទៀត បន្ទាប់ពីអ្នកប្រមូលផលផ្លែសំរង ប្រើប្រាស់រូបភាពគ្រៀវសម្លាប់ដើម ឬកាប់មែកដើម្បីយកផ្លែ។ លោកបារម្ភថា ប្រសិនបើមិនមានការទប់ស្កាត់ទាន់ពេលវេលាទេ ដើមសំរងដែលនៅសេសសល់នឹងត្រូវគេកាប់បំផ្លាញបន្ថែមទៀត៖ «ម្នាក់ៗគិតពីដណ្ដើមចង់បានតែលុយធ្វើស្អីក៏បាន អត់មានអ្នកណាហាម អ្នកណាឃាត់។ នៅភូមិទន់ ដូចគ្នា នៅភូមិទន់ សម្បូរជាងគេឥឡូវអស់រលីង»។
កាលពីឆ្នាំ២០១១ សហគមន៍ជនជាតិដើមភាគតិចអ្នកអភិរក្សដើមសំរងព្រៃ រកឃើញដើមសំរងរាប់ពាន់ដើមត្រូវប្រជាពលរដ្ឋជនជាតិដើមខ្លួនឯង និងជនជាតិខ្មែរ និងឡាវ រស់នៅតំបន់ក្បែរឧទ្យានជាតិប្រមូលគ្នាជាក្រុមៗ ហើយចូលព្រៃកាប់រំលំដើមដើម្បីយកផ្លែលក់ទៅឲ្យឈ្មួញ។
មេឃុំប៉ាក់កាឡាន់ លោក ផុន សឿន ទទួលស្គាល់ថា ដើមសំរងឆ្នាំនេះកំពុងផ្តល់ផល។ ទន្ទឹមនោះ ក៏មានសេចក្តីរាយការណ៍ថា ប្រជាពលរដ្ឋអ្នកប្រមូលផ្លែសំរងក្នុងព្រៃខ្លះ នៅតែប្រព្រឹត្តខុសប្រពៃណីជនជាតិដើម ពោលគឺកាប់រំលំដើមសំរងដើម្បីប្រមូលផ្លែបានច្រើន។ លោកថា សហគមន៍អ្នកអភិរក្សដើមសំរង មិនមានលទ្ធភាពទប់ស្កាត់សកម្មភាពនេះបានទេ ពីព្រោះប្រជាពលរដ្ឋមកពីតំបន់ផ្សេងកាន់តែច្រើន ចូលព្រៃរកផ្លែសំរង៖ «ឃើញគេគ្រឿងទៅឃើញគេកាប់គាស់មែកទៅ ពិសេសភូមិក្បែរៗហ្នឹង កាប់ដើមកាប់មែកហ្នឹងវាខូចខាតតែបរិស្ថាន ខូចខាតតែព្រៃឈើ»។
ដើមសំរងព្រៃមានអាយុកាលប្រមាណពី ៣០ ទៅ ៤០ឆ្នាំ ទើបហុចផលពេញលេញ។ ដើមវាមានទំហំមុខកាត់ពី ៤០ ទៅ ៦០សង់ទីម៉ែត្រ និងមានកម្ពស់ពី ៦ម៉ែត្ររហូតដល់ ១០ម៉ែត្រ។ ប្រពៃណីជនជាតិដើមភាគតិច មានទម្លាប់រើសតែផ្លែសំរងជ្រុះតែប៉ុណ្ណោះ។
មន្ត្រីអនុរក្សឧទ្យានជាតិវីរៈជ័យ លោក ពិន សុខុន ថ្លែងថា កន្លងទៅអាជ្ញាធរពាក់ព័ន្ធបានអប់រំផ្សព្វផ្សាយ និងហាមមិនឲ្យកាប់ដើមសំរងយកផ្លែនោះទេ។ លោកថា ឆ្មាំអនុរក្សឧទ្យានជាតិបានចាត់ដើរល្បាតក្នុងព្រៃ ដើម្បីអភិរក្សធនធានធម្មជាតិក្នុងឧទ្យានជាតិ។ ហេតុនេះ វិធានការច្បាប់នឹងត្រូវអនុវត្តចំពោះអ្នកប្រព្រឹត្តិខុស៖ «កន្លងមកយើងមានកម្មវិធីអប់រំគាត់ មិនឲ្យកាប់ដើមទេ ឲ្យប្រមូលផលតាមប្រពៃណី។ ចាំមើលខ្ញុំទាក់ទងគ្នាយើង មានដើរល្បាតឬអត់»។
ប្រជាពលរដ្ឋអ្នកចូលព្រៃរើសផ្លែសំរង សុំមិនបញ្ចេញឈ្មោះទទួលស្គាល់ថា ពិតជាមានអ្នកចូលព្រៃរកសំរង ប៉ុន្តែមិនមានកាប់ដើមទេ ដោយសារឆ្នាំនេះដើមសំរងមិនផ្តល់ផលច្រើន ទើបអ្នកភូមិខ្លះបានចេញពីព្រៃវិញ។ ប្រជាពលរដ្ឋដដែលបញ្ជាក់ថា បច្ចុប្បន្ននេះមានឈ្មួញចាំប្រមូលទិញផ្លែសំរងក្នុងព្រៃក្នុងតម្លៃ ១ម៉ឺន ៥ពាន់រៀលក្នុងមួយគីឡូក្រាម៖ «ទៅពីស្រុកតាមខេត្តហ្នឹងហើយ ឃើញគេទៅច្រើនបងប្អូនជនជាតិទេ ខ្មែរមិនសូវមានទេ។ ខ្ញុំទៅដេកពីរបីយប់បានខ្លះ គេឲ្យមួយគីឡូ ១ម៉ឺន ៥ពាន់រៀល»។
ដើមសំរងព្រៃភាគច្រើនគេប្រទះឃើញនៅតំបន់ទ្រនាប់នៃឧទ្យានជាតិវីរៈជ័យ ជាប់នឹងស្រុកវ៉ឺនសៃ ស្រុកតាវែង ស្រុកអណ្ដូងមាស ក្នុងខេត្តរតនគិរី និងស្រុកសេសាន ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។ ជនជាតិដើមភាគតិចរស់នៅតំបន់ជាប់នឹងឧទ្យានជាតិ កត់សំគាល់ថា មុនឆ្នាំ២០០៧ ដើមសំរងមានរាប់ពាន់ម៉ឺនដើមដុះនៅក្នុងព្រៃ ជាពិសេសតំបន់ទំនាបមាត់អូរតាមជ្រលងភ្នំ ហើយតែងផ្តល់ផលនៅចុងរដូវប្រាំង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។