ពលរដ្ឋ​ឃុំ​ស្រែគរ​និង​ឃុំ​ក្បាលរមាស​ចង់​ឲ្យ​ក្រុមហ៊ុន​ពន្យារ​ពេល​បិទ​ទ្វារ​ទឹក​ទំនប់​អគ្គិសនី

0:00 / 0:00

តំណាង​ពលរដ្ឋ​នៅ​ឃុំ​ស្រែគរ និង​ឃុំ​ក្បាលរមាស ស្រុក​សេសាន ខេត្ត​ស្ទឹងត្រែង ចង់​ឲ្យ​ក្រុមហ៊ុន​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២ ពន្យារ​ការ​បិទ​ទ្វារ​ទឹក​សាកល្បង​រយៈពេល ១​ខែ។ សំណូមពរ​នេះ ត្រូវ​បាន​អ្នក​ភូមិ​ធ្វើ​តាម​រយៈ​សន្និសីទ​កាសែត​នៅ​ភ្នំពេញ ព្រឹក​ថ្ងៃ​ទី​១៣ កក្កដា។

តំណាង​ពលរដ្ឋ​នៅ​ឃុំ​ស្រែគរ និង​ឃុំ​ក្បាលរមាស ចំនួន ៦​រូប ធ្វើ​សំណូមពរ​ជា​ចំហ​នៅ​ព្រឹក​ថ្ងៃ​ទី​១៣ កក្កដា ថា ពួក​គាត់​ចង់​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ និង​ក្រុមហ៊ុន ពន្យារ​ពេល​បិទ​ទ្វារ​ទំនប់​ទឹក​រហូត​ដល់​ថ្ងៃ​ទី​១៥ ខែ​សីហា ដើម្បី​ជញ្ជូន​អីវ៉ាន់​ជម្លៀស​ទៅ​ទី​ទួល​សុវត្ថិភាព។

តំណាង​សហគមន៍​ភូមិ​ក្បាលរមាស កញ្ញា ជឿន ស្រីមុំ ថ្លែង​ថា អ្នក​ភូមិ​មិន​ព្រម​ចេញ​ឆ្ងាយ​ពី​ដី​សហគមន៍​ដែល​មាន​ចម្ងាយ ៤ ទៅ ៥​គីឡូម៉ែត្រ​ពី​ភូមិ​ចាស់​ទេ ព្រោះ​ទីនោះ​មាន​ដី​ស្រែ​ស្រាប់ ប៉ុន្តែ​អ្នក​ភូមិ​ចង់​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ទីនោះ៖ «សុំ​ឲ្យ​ដោះស្រាយ​អ្វី​ដែល​ប្រជាពលរដ្ឋ​គាត់​ចង់​បាន។ មួយ​ទៀត សុំ​ឲ្យ​ស្រង់​ទិន្នន័យ​ទ្រព្យសម្បត្តិ​របស់​ប្រជាពលរដ្ឋ​ហ្នឹង សុំ​ឲ្យ​មាន​ការ​ចូល​រួម​ពី​អាជ្ញាធរ អ្នក​ដែល​ពាក់ព័ន្ធ​អន្តរជាតិ ជាតិ ហើយ​និង​សហគមន៍​ខ្លួន​ឯង ហើយ​ឯកសារ​ទាំង​អស់​ហ្នឹង​សុំ​ឲ្យ​មាន​តម្លាភាព​សម្រាប់​ប្រជាពលរដ្ឋ​ទាំង​អស់។ មួយ​វិញ​ទៀត សុំ​សំណូមពរ​ឲ្យ​សប្បុរសធម៌ ដូច​ជា​កាកបាទ​ក្រហម សុំ​ឲ្យ​ផ្ដល់​សម្ភារៈ ឬ​ស្បៀង​ពាក់ព័ន្ធ​ការ​ជម្លៀស​ចេញ​របស់​ប្រជាពលរដ្ឋ​នៅ​កន្លែង​ហ្នឹង»

នាយក​ប្រតិបត្តិ​អង្គការ​វេទិកា​នៃ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ស្ដីពី​កម្ពុជា (NGO-Forum) លោក តឹក វណ្ណារ៉ា មាន​ប្រសាសន៍​ថា បញ្ហា​ដែល​មិន​អាច​ដោះស្រាយ​បាន គឺ​មក​ពី​អ្នក​ភូមិ​ខ្វះ​ព័ត៌មាន និង​ទំនុក​ចិត្ត​ជាមួយ​ក្រុមហ៊ុន និង​ស្ថាប័ន​ពាក់ព័ន្ធ ដែល​នាំ​ឲ្យ​មាន​គោល​ជំហរ​ឃ្លាត​គ្នា​ឆ្ងាយ​រហូត​ដល់​ពេល​នេះ។ លោក​រំពឹង​ថា ក្រុមហ៊ុន និង​រដ្ឋាភិបាល នឹង​ដោះស្រាយ​ជា​វិជ្ជមាន មុន​នឹង​បិទ​ទ្វារ​ទឹក៖ «ដោយសារ​តែ​គាត់​នៅ​អាឡោះអាល័យ​ប្រពៃណី វប្បធម៌ និង​សង្គម​វប្បធម៌​របស់​ជនជាតិ​ដើម​ភាគ​តិច។ អ៊ីចឹង​គាត់​ចង់​រំកិល​ដែរ តែ​រំកិល​អត់​ឆ្ងាយ​ពី​ភូមិ​ចាស់​របស់​គាត់។ អ៊ីចឹង​នេះ​ជា​សំណូមពរ​បែប​វិជ្ជមាន។ ដូច្នេះ​ក្រុមហ៊ុន​ក៏​ដូច​ជា​ក្រសួង​រ៉ែ និង​ថាមពល គួរ​គិត​គូរ​ពិចារណា ហើយ​កោះ​ឲ្យ​មាន​កិច្ច​ប្រជុំ​ជា​បន្ទាន់។ ក្នុង​ករណី​បើ​នៅ​តែ​បិទ​ទឹក​នៅ​ថ្ងៃ​ទី​១៥ (កក្កដា) គួរ​តែ​មាន​ប្រជុំ​ឲ្យ​មាន​ការ​ឯកភាព​គ្នា​ថា មាន​យន្តការ​អី​ខ្លះ​ទៀត រវាង​ប្រជាជន​រង​ផល​ប៉ះពាល់ ក្រសួង និង​ក្រុមហ៊ុន និង​ការ​ដោះស្រាយ​ក្នុង​បញ្ហា​ហ្នឹង»

តំណាង​សហគមន៍​ឃុំ​ស្រែគរ ឃុំ​ក្បាលរមាស និង​អង្គការ​វេទិកា​នៃ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ស្ដីពី​កម្ពុជា (NGO-Forum) ធ្វើ​សន្និសីទ​កាសែត​នៅ​ភ្នំពេញ ព្រឹក​ថ្ងៃ​ទី​១៣ ខែ​កក្កដា ឆ្នាំ​២០១៧។
តំណាង​សហគមន៍​ឃុំ​ស្រែគរ ឃុំ​ក្បាលរមាស និង​អង្គការ​វេទិកា​នៃ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ស្ដីពី​កម្ពុជា (NGO-Forum) ធ្វើ​សន្និសីទ​កាសែត​នៅ​ភ្នំពេញ ព្រឹក​ថ្ងៃ​ទី​១៣ ខែ​កក្កដា ឆ្នាំ​២០១៧។ (RFA/Leng Maly)

តំណាង​សហគមន៍​មួយ​រូប​ទៀត គឺ​លោក ដាំ សំណាង បញ្ជាក់​ថា ក្រៅ​ពី​បញ្ហា​មិន​មាន​ដំណោះស្រាយ​សមរម្យ អាជ្ញាធរ​មិន​បាន​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ដល់​អ្នក​ភូមិ​ទេ៖ «ទុក្ខ​កង្វល់​របស់​ប្រជាពលរដ្ឋ​ហ្នឹង សង្ឃឹម​ថា គាត់​យក​ទៅ​ពិចារណា ហើយ​ជូន​ដំណឹង​ដល់​យើង​ខ្ញុំ​ជា​រងគ្រោះ​ដើម្បី​រៀបចំ​ខ្លួន រក្សា​ទ្រព្យ​សម្បត្តិ​ដែល​សំខាន់ៗ នៅ​ក្នុង​ហ្នឹង។ តែ​ទ្រព្យ​សម្បត្តិ​មួយ​ចំនួន​ទៀត​មិន​អាច​យក​ទៅ​បាន ដូច​ជា​ផ្នូរ​ដូនតា​ពួក​ខ្ញុំ យក​ទៅ​យ៉ាង​ម៉េច? សួរ​ទៅ​វិញ​ថា តើ​រដ្ឋាភិបាល​គិត​យ៉ាង​ម៉េច​ផ្នូរ​ដូនតា​របស់​ពួក​ខ្ញុំ​នេះ? ពួក​ខ្ញុំ​ក៏​ជា​មនុស្ស​ដែរ។ ខ្ញុំ​ក៏​ចង់​ថែរក្សា​ការពារ​អត្តសញ្ញាណ​ជនជាតិ​ភាគ​តិច​យើង​ខ្ញុំ​ដែរ។ សូម្បី​តែ​នាយករដ្ឋមន្ត្រី​ក៏​ការពារ​ផ្នូរ​ដូនតា​របស់​ពួក​គាត់​ដែរ ឪពុក​ម្ដាយ​របស់​គាត់​ដែរ។ គាត់​ជា​មនុស្ស ខ្ញុំ​ក៏​ជា​មនុស្ស ខ្ញុំ​ត្រូវ​ការ​ការពារ មិន​មែន​យក​លុយ​ទៅ​ទិញ​ផ្នូរ​ដូន​តា​ពួក​ខ្ញុំ​បាន​ទេ»

ឆ្លើយតប​នឹង​សំណូមពរ​របស់​អ្នក​ភូមិ​ស្រែគរ និង​ភូមិ​ក្បាលរមាស ដែល​ឲ្យ​ពន្យារ​ពេល​បិទ​ទ្វារ​ទំនប់​ទឹក​មួយ​ខែ​ទៀត​នេះ មន្ត្រី​នាំ​ពាក្យ​សាលា​ខេត្ត​ស្ទឹងត្រែង លោក ម៉ែន គុង ថ្លែង​ថា លោក​មិន​ទាន់​បាន​ទទួល​សំណូមពរ​អ្នក​ភូមិ​ទេ។ ប៉ុន្តែ​លោក​ថា ការ​បិទ​ទ្វារ​ទំនប់​ទឹក​ថ្ងៃ​ទី​១៥ កក្កដា សម្រេច​រួច​ហើយ៖ «ទាល់​តែ​គាត់​ដាក់​លិខិត​មក​សិន។ ប៉ុន្តែ​ដំណើរការ​ផែនការ​បិទ យើង​បាន​ទទួល​ការ​ឯកភាព​ពី​ក្រសួង​រ៉ែ និង​ថាមពល ដែល​ជា​ប្រធាន​គណៈកម្មការ​អន្តរក្រសួង​ហើយ។ ប៉ុន្តែ​ខេត្ត​មិន​ទាន់​បាន​ទទួល​លិខិត​សំណូមពរ​ណា​មួយ​របស់​ប្រជាពលរដ្ឋ​ទេ។ ដូច្នេះ​ហើយ យើង​មិន​មាន​មូលដ្ឋាន​ដាក់​ជូន​ថ្នាក់​ដឹកនាំ​ពិនិត្យ​ទេ»

ផ្ទុយ​ពី​អ្នក​ភូមិ លោក​អះអាង​ថា អាជ្ញាធរ​បាន​ត្រៀម​លក្ខណៈ និង​សម្ភារៈ​សម្រាប់​ជម្លៀស​អ្នក​ភូមិ​ហើយ។

រហូត​មក​ដល់​ពេល​នេះ តំណាង​សហគមន៍​ឲ្យ​ដឹង​ថា មាន​អ្នក​ភូមិ​ក្បាលរមាស និង​ភូមិ​ស្រែគរ ចំនួន ១៨២​គ្រួសារ ដែល​មិន​ព្រម​ចាកចេញ​ពី​ភូមិ​ទៅ​យក​សំណង​ដី និង​ផ្ទះ​នៅ​ភូមិ​ថ្មី ដែល​ខេត្ត​រៀបចំ​ផ្ដល់​ឲ្យ។ អ្នក​ភូមិ​ទាំងនេះ​ថ្លែង​ថា ពួក​គាត់​ចង់​នៅ​លើ​ដី​សហគមន៍​ក្បែរ​ភូមិ​ចាស់ និង​សុំ​ឲ្យ​រដ្ឋាភិបាល​អភិវឌ្ឍ​នៅ​ទីនោះ។ ហេតុផល​ម្យ៉ាង​ទៀត អ្នក​ភូមិ​ថា ដី​សំណង​នៅ​ភូមិ​ថ្មី​ទំហំ ២០​ម៉ែត្រ​គុណ​នឹង ៥០​ម៉ែត្រ និង​ដី​ស្រែ ៥​ហិកតារ​ក្នុង​មួយ​គ្រួសារ​នោះ សាលា​ខេត្ត​មិន​បាន​ផ្ដល់​តាម​គោលការណ៍​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។