តំណាងពលរដ្ឋនៅឃុំស្រែគរ និងឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង ចង់ឲ្យក្រុមហ៊ុនទំនប់វារីអគ្គិសនីសេសានក្រោម២ ពន្យារការបិទទ្វារទឹកសាកល្បងរយៈពេល ១ខែ។ សំណូមពរនេះ ត្រូវបានអ្នកភូមិធ្វើតាមរយៈសន្និសីទកាសែតនៅភ្នំពេញ ព្រឹកថ្ងៃទី១៣ កក្កដា។
តំណាងពលរដ្ឋនៅឃុំស្រែគរ និងឃុំក្បាលរមាស ចំនួន ៦រូប ធ្វើសំណូមពរជាចំហនៅព្រឹកថ្ងៃទី១៣ កក្កដា ថា ពួកគាត់ចង់ឲ្យស្ថាប័នពាក់ព័ន្ធ និងក្រុមហ៊ុន ពន្យារពេលបិទទ្វារទំនប់ទឹករហូតដល់ថ្ងៃទី១៥ ខែសីហា ដើម្បីជញ្ជូនអីវ៉ាន់ជម្លៀសទៅទីទួលសុវត្ថិភាព។
តំណាងសហគមន៍ភូមិក្បាលរមាស កញ្ញា ជឿន ស្រីមុំ ថ្លែងថា អ្នកភូមិមិនព្រមចេញឆ្ងាយពីដីសហគមន៍ដែលមានចម្ងាយ ៤ ទៅ ៥គីឡូម៉ែត្រពីភូមិចាស់ទេ ព្រោះទីនោះមានដីស្រែស្រាប់ ប៉ុន្តែអ្នកភូមិចង់ឲ្យស្ថាប័នពាក់ព័ន្ធ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅទីនោះ៖ «សុំឲ្យដោះស្រាយអ្វីដែលប្រជាពលរដ្ឋគាត់ចង់បាន។ មួយទៀត សុំឲ្យស្រង់ទិន្នន័យទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋហ្នឹង សុំឲ្យមានការចូលរួមពីអាជ្ញាធរ អ្នកដែលពាក់ព័ន្ធអន្តរជាតិ ជាតិ ហើយនិងសហគមន៍ខ្លួនឯង ហើយឯកសារទាំងអស់ហ្នឹងសុំឲ្យមានតម្លាភាពសម្រាប់ប្រជាពលរដ្ឋទាំងអស់។ មួយវិញទៀត សុំសំណូមពរឲ្យសប្បុរសធម៌ ដូចជាកាកបាទក្រហម សុំឲ្យផ្ដល់សម្ភារៈ ឬស្បៀងពាក់ព័ន្ធការជម្លៀសចេញរបស់ប្រជាពលរដ្ឋនៅកន្លែងហ្នឹង»។
នាយកប្រតិបត្តិអង្គការវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្ដីពីកម្ពុជា (NGO-Forum) លោក តឹក វណ្ណារ៉ា មានប្រសាសន៍ថា បញ្ហាដែលមិនអាចដោះស្រាយបាន គឺមកពីអ្នកភូមិខ្វះព័ត៌មាន និងទំនុកចិត្តជាមួយក្រុមហ៊ុន និងស្ថាប័នពាក់ព័ន្ធ ដែលនាំឲ្យមានគោលជំហរឃ្លាតគ្នាឆ្ងាយរហូតដល់ពេលនេះ។ លោករំពឹងថា ក្រុមហ៊ុន និងរដ្ឋាភិបាល នឹងដោះស្រាយជាវិជ្ជមាន មុននឹងបិទទ្វារទឹក៖ «ដោយសារតែគាត់នៅអាឡោះអាល័យប្រពៃណី វប្បធម៌ និងសង្គមវប្បធម៌របស់ជនជាតិដើមភាគតិច។ អ៊ីចឹងគាត់ចង់រំកិលដែរ តែរំកិលអត់ឆ្ងាយពីភូមិចាស់របស់គាត់។ អ៊ីចឹងនេះជាសំណូមពរបែបវិជ្ជមាន។ ដូច្នេះក្រុមហ៊ុនក៏ដូចជាក្រសួងរ៉ែ និងថាមពល គួរគិតគូរពិចារណា ហើយកោះឲ្យមានកិច្ចប្រជុំជាបន្ទាន់។ ក្នុងករណីបើនៅតែបិទទឹកនៅថ្ងៃទី១៥ (កក្កដា) គួរតែមានប្រជុំឲ្យមានការឯកភាពគ្នាថា មានយន្តការអីខ្លះទៀត រវាងប្រជាជនរងផលប៉ះពាល់ ក្រសួង និងក្រុមហ៊ុន និងការដោះស្រាយក្នុងបញ្ហាហ្នឹង»។

តំណាងសហគមន៍មួយរូបទៀត គឺលោក ដាំ សំណាង បញ្ជាក់ថា ក្រៅពីបញ្ហាមិនមានដំណោះស្រាយសមរម្យ អាជ្ញាធរមិនបានរៀបចំហេដ្ឋារចនាសម្ព័ន្ធដល់អ្នកភូមិទេ៖ «ទុក្ខកង្វល់របស់ប្រជាពលរដ្ឋហ្នឹង សង្ឃឹមថា គាត់យកទៅពិចារណា ហើយជូនដំណឹងដល់យើងខ្ញុំជារងគ្រោះដើម្បីរៀបចំខ្លួន រក្សាទ្រព្យសម្បត្តិដែលសំខាន់ៗ នៅក្នុងហ្នឹង។ តែទ្រព្យសម្បត្តិមួយចំនួនទៀតមិនអាចយកទៅបាន ដូចជាផ្នូរដូនតាពួកខ្ញុំ យកទៅយ៉ាងម៉េច? សួរទៅវិញថា តើរដ្ឋាភិបាលគិតយ៉ាងម៉េចផ្នូរដូនតារបស់ពួកខ្ញុំនេះ? ពួកខ្ញុំក៏ជាមនុស្សដែរ។ ខ្ញុំក៏ចង់ថែរក្សាការពារអត្តសញ្ញាណជនជាតិភាគតិចយើងខ្ញុំដែរ។ សូម្បីតែនាយករដ្ឋមន្ត្រីក៏ការពារផ្នូរដូនតារបស់ពួកគាត់ដែរ ឪពុកម្ដាយរបស់គាត់ដែរ។ គាត់ជាមនុស្ស ខ្ញុំក៏ជាមនុស្ស ខ្ញុំត្រូវការការពារ មិនមែនយកលុយទៅទិញផ្នូរដូនតាពួកខ្ញុំបានទេ»។
ឆ្លើយតបនឹងសំណូមពររបស់អ្នកភូមិស្រែគរ និងភូមិក្បាលរមាស ដែលឲ្យពន្យារពេលបិទទ្វារទំនប់ទឹកមួយខែទៀតនេះ មន្ត្រីនាំពាក្យសាលាខេត្តស្ទឹងត្រែង លោក ម៉ែន គុង ថ្លែងថា លោកមិនទាន់បានទទួលសំណូមពរអ្នកភូមិទេ។ ប៉ុន្តែលោកថា ការបិទទ្វារទំនប់ទឹកថ្ងៃទី១៥ កក្កដា សម្រេចរួចហើយ៖ «ទាល់តែគាត់ដាក់លិខិតមកសិន។ ប៉ុន្តែដំណើរការផែនការបិទ យើងបានទទួលការឯកភាពពីក្រសួងរ៉ែ និងថាមពល ដែលជាប្រធានគណៈកម្មការអន្តរក្រសួងហើយ។ ប៉ុន្តែខេត្តមិនទាន់បានទទួលលិខិតសំណូមពរណាមួយរបស់ប្រជាពលរដ្ឋទេ។ ដូច្នេះហើយ យើងមិនមានមូលដ្ឋានដាក់ជូនថ្នាក់ដឹកនាំពិនិត្យទេ»។
ផ្ទុយពីអ្នកភូមិ លោកអះអាងថា អាជ្ញាធរបានត្រៀមលក្ខណៈ និងសម្ភារៈសម្រាប់ជម្លៀសអ្នកភូមិហើយ។
រហូតមកដល់ពេលនេះ តំណាងសហគមន៍ឲ្យដឹងថា មានអ្នកភូមិក្បាលរមាស និងភូមិស្រែគរ ចំនួន ១៨២គ្រួសារ ដែលមិនព្រមចាកចេញពីភូមិទៅយកសំណងដី និងផ្ទះនៅភូមិថ្មី ដែលខេត្តរៀបចំផ្ដល់ឲ្យ។ អ្នកភូមិទាំងនេះថ្លែងថា ពួកគាត់ចង់នៅលើដីសហគមន៍ក្បែរភូមិចាស់ និងសុំឲ្យរដ្ឋាភិបាលអភិវឌ្ឍនៅទីនោះ។ ហេតុផលម្យ៉ាងទៀត អ្នកភូមិថា ដីសំណងនៅភូមិថ្មីទំហំ ២០ម៉ែត្រគុណនឹង ៥០ម៉ែត្រ និងដីស្រែ ៥ហិកតារក្នុងមួយគ្រួសារនោះ សាលាខេត្តមិនបានផ្ដល់តាមគោលការណ៍ទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។