អាជ្ញាធរ​ខែត្រ​ស្ទឹងត្រែង​ជំរុញ​សមត្ថកិច្ច​ពាក់ព័ន្ធ​លុប​បំបាត់​បទល្មើស​ព្រៃឈើ

0:00 / 0:00

មន្ត្រី​រាជការ អង្គការ​សង្គម​ស៊ីវិល សិស្សានុសិស្ស និង​ពលរដ្ឋ​នៅ​ខែត្រ​ស្ទឹងត្រែង បាន​នាំ​គ្នា​ដាំ​ដើមឈើ​ប្រមាណ ៣​ពាន់​ដើម​នៅ​តាម​ទី​សាធារណៈ ក្នុង​បរិវេណ​វត្ត​អារាម សាលារៀន និង​ចែក​កូន​ឈើ​ដល់​ព្រះសង្ឃ ពលរដ្ឋ និង​ប្រជា​សហគមន៍​សម្រាប់​យក​ទៅ​ដាំ។ អាជ្ញាធរ​ខែត្រ​ស្ទឹងត្រែង បាន​ជំរុញ​ឲ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ និង​ពលរដ្ឋ ត្រូវ​រួម​គ្នា​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​គ្រប់​ប្រភេទ រួម​ទាំង​ការ​កាប់​រាន​ដី​ព្រៃ​ធ្វើ​ជា​កម្មសិទ្ធិ​ផង។

អាជ្ញាធរ​ខែត្រ​ស្ទឹងត្រែង បាន​ថ្លែង​បែប​នេះ​ក្នុង​រុក្ខទិវា ៩ កក្កដា ដែល​ប្រារព្ធ​នៅ​មុខ​សាលា​ខែត្រ​ស្ទឹងត្រែង នៅ​ព្រឹក​ថ្ងៃ​ទី​៩ ខែ​កក្កដា ដែល​មាន​មនុស្ស​ចូលរួម​ប្រមាណ ៤០០​នាក់។

អភិបាល​រង​ខែត្រ​ស្ទឹងត្រែង លោក ជា ថាវរិទ្ធិ ថ្លែង​បញ្ជាក់​ថា ការ​ថែរក្សា​ព្រៃឈើ​ឲ្យ​មាន​ប្រសិទ្ធភាព ទាមទារ​ឲ្យ​មាន​ការ​ចូលរួម​ពី​ពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន ត្រូវ​រួម​គ្នា​រឹត​ចំណង​សាមគ្គីភាព​ដាំ​ដើមឈើ​ឡើង​វិញ និង​ថែរក្សា​កូន​ឈើ​ទាំងនោះ​ឲ្យ​បាន​ល្អ។ លោក​ថា អាជ្ញាធរ​ពាក់ព័ន្ធ កង​កម្លាំង​ប្រដាប់​អាវុធ និង​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ ត្រូវ​ចាត់​វិធានការ​បង្ក្រាប​បទល្មើស​ព្រៃឈើ និង​បញ្ឈប់​ការ​កាប់​រាន​ដី​ព្រៃ​ធ្វើ​ជា​កម្មសិទ្ធិ​ឯកជន ដែល​កំពុង​កើត​មាន​ឡើង​ថ្មីៗ​នេះ។

លោក​បន្ត​ថា ថ្វីត្បិតតែ​អាជ្ញាធរ​ខែត្រ និង​ស្ថាប័ន​ពាក់ព័ន្ធ ខិតខំ​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ អាជីវករ កែប្រែ​ឥរិយាបថ​ថែរក្សា​បរិស្ថាន​ក្តី ក៏ប៉ុន្តែ​ផល​ប៉ះពាល់​ផ្នែក​បរិស្ថាន​នៅ​តែ​ជា​ក្តី​កង្វល់ ដូចជា​ការ​កាប់​រាន​ដី​ព្រៃ​ធ្វើ​កម្មសិទ្ធិ​ឯកជន ការ​បំពុល​ដោយ​សំរាម​នៅ​តាម​ទីប្រជុំជន ទីផ្សារ និង​កន្លែង​កម្សាន្ត​សាធារណៈ ជាពិសេស​ការ​បន្សល់​កាក​សំណល់​រឹង​មាន​ថង់ ឬ​ដប​ប្លាស្ទិក ជាដើម៖ « ការ​បាត់បង់​ធនធាន​ព្រៃឈើ និង​គម្រប​ព្រៃឈើ​បណ្ដាល​ឲ្យ​យើង​ទទួល​រង​ការ​ គំរាម​កំហែង ជាពិសេស​គ្រោះថ្នាក់​ធំ​បំផុត​ការ​កាប់​រាន និង​ដុត​ឈូស​ឆាយ​ដី​ព្រៃ ដើម្បី​ ហ៊ុមព័ទ្ធ ​ដី​ព្រៃ​ធ្វើ​ជា​ កម្មសិទ្ធិ ដែល​ជា​ទង្វើ​ផ្ទុយ​ពី​បទបញ្ជា​ប្រមុខ​រដ្ឋាភិបាល »

សិស្សានុសិស្ស​នាំ​គ្នា​ដាំ​ដើមឈើ​នៅ​មុខ​សាលា​ខែត្រ​ស្ទឹងត្រែង ក្នុង​រុក្ខទិវា ៩ កក្កដា នៅ​ព្រឹក​ថ្ងៃ​ទី​៩ ខែ​កក្កដា ឆ្នាំ​២០១៧។
សិស្សានុសិស្ស​នាំ​គ្នា​ដាំ​ដើមឈើ​នៅ​មុខ​សាលា​ខែត្រ​ស្ទឹងត្រែង ក្នុង​រុក្ខទិវា ៩ កក្កដា នៅ​ព្រឹក​ថ្ងៃ​ទី​៩ ខែ​កក្កដា ឆ្នាំ​២០១៧។ (RFA/Men Sothyr)

ប្រធានបទ​សំខាន់​ក្នុង​រុក្ខទិវា ៩ កក្កដា ឆ្នាំ​នេះ ផ្ដោត​សំខាន់​លើ​ព្រៃឈើ​ផ្តល់​ផល​ប្រយោជន៍ និង​ធនធាន​ជីវិត​របស់​អ្នក ព្រៃឈើ​គឺ​ជា​ធនាគារ​បៃតង​សម្រាប់​សហគមន៍​ជនបទ និង​យើង​រួម​គ្នា​ដាំ​ដើមឈើ និង​ព្រៃឈើ បំណង​ឲ្យ​មនុស្ស​ចេះ​ស្រឡាញ់​ធម្មជាតិ និង​ឈប់​បំផ្លាញ​ធម្មជាតិ​ដែល​ជា​ផ្នែក​មួយ​នៃ​កិច្ច​ការពារ​បរិស្ថាន​សម្រាប់​ជីវិត​មនុស្ស។

ប្រធាន​សហគមន៍​ការពារ​ព្រៃឈើ​ភ្នំ​តាគង់ អ្នកស្រី សូត្រ ស្រអែម កត់​សម្គាល់​ថា ការ​កាប់​រាន​ដី​ព្រៃ និង​កាប់​ឈើ​មាន​តម្លៃ​នៅ​តែ​ជា​ក្តី​កង្វល់ ហេតុ​នេះ​ការ​ផ្សព្វផ្សាយ​ពី​អត្ថប្រយោជន៍​នៃ​ការ​ថែរក្សា​ព្រៃឈើ និង​ដាំ​ដើមឈើ​ឡើង​វិញ គឺ​ជា​ផ្នែក​មួយ​សំខាន់​ដើម្បី​កាត់​បន្ថយ​សកម្មភាព​បំផ្លាញ​ព្រៃឈើ និង​បញ្ជាប់​ស្មារតី​ពលរដ្ឋ​ឲ្យ​បញ្ឈប់​ការ​កាប់​បំផ្លាញ​ព្រៃឈើ។ អ្នកស្រី​បន្ថែម​ថា កន្លង​ទៅ កិច្ច​សហការ​ទប់ស្កាត់​បង្ក្រាប​បទល្មើស​ព្រៃឈើ​របស់​អាជ្ញាធរ​មូលដ្ឋាន និង​សមត្ថកិច្ច​ពាក់ព័ន្ធ រអាក់រអួល និង​យឺតយ៉ាវ ក៏ប៉ុន្តែ​នៅ​គ្រា​ដែល​សហគមន៍​ព្រៃឈើ​បាន​ចុះ​បញ្ជី​ជា​ព្រៃ​អភិរក្ស​ស្រប​ច្បាប់​ពី​ក្រសួង​កសិកម្ម កាល​ពី​ពេល​ថ្មីៗ​នេះ អាជ្ញាធរ​មូលដ្ឋាន​បាន​បង្ហាញ​ភ្លើង​ខៀវ​ក្នុង​ការ​បង្ក្រាប​បទល្មើស​ព្រៃឈើ​ជាមួយ​សហគមន៍៖ « កន្លង​មក​គាត់​អត់​សូវ​យក​ចិត្ត​ទុក​ដាក់ ខាង​អាជ្ញាធរ​ឃុំ​អី តែ​ឥឡូវ​គាត់​យក​ចិត្ត​ទុក​ដាក់ កាល​មុន​ពេល​ចុះ​ល្បាត​អី ទាល់​តែ​មាន​លិខិត​ បេសកកម្ម ដូច​ថា​ចាំ​លិខិត​ហ្នឹង គឺ​វា​អត់​ទាន់​ចិត្ត​ទេ។ តែ​ឥឡូវ​គ្រាន់​តែ​តេ​ទៅ គាត់​ ចូលរួម ​ម៉ង »

នៅ​ខែត្រ​ស្ទឹងត្រែង មាន​សហគមន៍​ការពារ​ព្រៃឈើ​ចំនួន​២១ ដែល​មាន​ផ្ទៃដី​ជាង ៣​ម៉ឺន ៧​ពាន់​ហិកតារ (៣៧.៤១៨​ហិកតារ) គ្រប​ដណ្ដប់​ស្រុក​ចំនួន​៣ គឺ​ស្រុក​ថាឡាបរិវ៉ាត់ ស្រុក​សេសាន និង​ស្រុក​សៀមបូក និង​មាន​ពលរដ្ឋ​ចូលរួម​អភិរក្ស​ព្រៃឈើ​ជាង ១​ម៉ឺន ៦​ពាន់​នាក់ (១៦.៨៦២​នាក់)។

យុវសិស្ស​មក​ពី​វិទ្យាល័យ ហ៊ុន សែន ស្រែ​ពោធិ៍ កញ្ញា ប៊ុន ណារ៉ាទី មើល​ឃើញ​ថា បច្ចុប្បន្ន​សកម្មភាព​ដឹក​ជញ្ជូន​ឈើ និង​ការ​កាប់​រាន​ដី​ព្រៃ​នៅ​តែ​បន្ត​កើត​មាន​ពេញ​បន្ទុក ដែល​ជា​ដើមចម​នាំ​ឲ្យ​ព្រៃឈើ​វិនាស​ហិនហោច។ កញ្ញា​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​របស់​រដ្ឋាភិបាល អនុវត្ត​ច្បាប់​ឲ្យ​បាន​ពេញលេញ​ក្នុង​ការ​បង្ក្រាប​បទល្មើស​ព្រៃឈើ ព្រម​ទាំង​លុប​បំបាត់​ការ​ដឹក​ជញ្ជូន​ឈើ​ខុស​ច្បាប់​គ្រប់​ប្រភេទ។ កញ្ញា​បារម្ភ​ថា ប្រសិន​បើ​ស្ថាប័ន​ពាក់ព័ន្ធ​នៅ​តែ​បណ្តោយ​ឲ្យ​បទល្មើស​ព្រៃឈើ បន្ត​កើត​មាន​ផល​ប៉ះពាល់ និង​កើត​មាន​ជា​ប្រព័ន្ធ​រួម​មាន ការ​ប្រែប្រួល​អាកាសធាតុ និង​ជីវភាព​រស់នៅ​ពលរដ្ឋ​ជាដើម៖ « បើ​និយាយ​ឲ្យ​ត្រង់​ទៅ ខែត្រ​ស្ទឹងត្រែង ពី​មុន គឺ​សម្បូរ​ដោយ​ព្រៃឈើ ប៉ុន្តែ​រហូត​មក​ដល់​សព្វថ្ងៃ​ហ្នឹង គឺ​នាំ​គ្នា​កាប់​បំផ្លាញ​ជិត​អស់​ទៅ​ហើយ។ ខ្ញុំ​មាន​ការ​ភ័យ​ព្រួយ​ដូច​គ្នា គឺ​ខណៈ​ពេល​មួយ​ដែល​ព្រៃឈើ​ចាប់​ផ្តើម​អស់​នោះ គ្រោះ​ធម្មជាតិ​ផ្សេងៗ​នឹង​អាច​កើត​មាន​ឡើង​ដូច​គ្នា »

របាយការណ៍​របស់​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ ខែត្រ​ស្ទឹងត្រែង បង្ហាញ​ថា គិត​ត្រឹម​ឆ្នាំ​២០១៧ រហូត​មក​ទល់​ពេល​នេះ មន្ត្រី​ជំនាញ​បាន​ឃាត់​បទល្មើស​ព្រៃឈើ និង​សត្វ​ព្រៃ​សរុប ៥២​ករណី រឹប​អូស​ឈើ​ចំនួន ១០៦​ម៉ែត្រ​គូប និង​រឹប​អូស​វត្ថុ​តាង​ដូចជា​រថយន្ត​ចំនួន ៣៩​គ្រឿង គោយន្ត ៤​គ្រឿង ម៉ូតូ ៤​គ្រឿង ទូក​ម៉ាស៊ីន ១​គ្រឿង និង​មធ្យោបាយ​សម្ភារៈ​មួយ​ចំនួន​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។