អាជីវករ​ឆ្នេរ​អូរឈើទាល​រិះគន់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​ដាក់​ពង្រាយ​តូប​អង្គុយ​លើ​ឆ្នេរ

0:00 / 0:00

ប្រតិបត្តិករ​ទេសចរ​មាន​តូប​លក់​ដូរ​តាម​ឆ្នេរ​មួយ​ចំនួន​នា​ខេត្ត​ព្រះសីហនុ បង្ហាញ​ការ​មិន​ពេញ​ចិត្ត​ចំពោះ​សកម្មភាព​របស់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ដែល​នាំ​យក​តូប​លក់​ភេសជ្ជ តុ និង​ឆត្រ​រាប់​រយ​មក​ដាក់​ពង្រាយ​នៅ​តាម​ឆ្នេរ​ខ្សាច់​ខ្លះ​នា​មូលដ្ឋាន​នេះ ថា​បាន​ប៉ះពាល់​ដល់​សោភ័ណភាព​បរិស្ថាន​ឆ្នេរ និង​ប៉ះពាល់​ដល់​អារម្មណ៍​ភ្ញៀវ​ទេសចរ​ចម្រុះ​ជាតិ​សាសន៍ ដែល​ចូល​មក​ទស្សនា​តាម​តំបន់​ឆ្នេរ​សមុទ្រ។

ប្រតិបត្តិករ​លក់​ដូរ​នៅ​តាម​តំបន់​ឆ្នេរ​មួយ​ចំនួន បាន​រិះគន់​សកម្មភាព​របស់​ថ្នាក់​ដឹកនាំ​ខេត្ត​ព្រះសីហនុ ដែល​បាន​នាំ​យក​តូប​លក់​ភេសជ្ជ តុ និង​ឆត្រ មក​ដាក់​ពង្រាយ​នៅ​តាម​ឆ្នេរ​ខ្សាច់​មួយ​ចំនួន​មាន ឆ្នេរ​អូរឈើទាល ឆ្នេរ​អតីត​មុខ​ក្រុមហ៊ុន​អារីស្តុន និង​ឆ្នេរ​ឯករាជ្យ ជាដើម ដើម្បី​ដាក់​ជួល​ប្រណាំង​ប្រជែង​ជាមួយ​ប្រជាពលរដ្ឋ។

អាជីវករ​ឆ្នេរ​អូរឈើទាល ថា​ការ​ធ្វើ​ដូចនេះ​បាន​ប៉ះពាល់​ដល់​របរ​ចិញ្ចឹម​ជីវិត​របស់​ពួក​គេ។ ប្រតិបត្តិករ​ឆ្នេរ​អូរឈើទាល ភាគច្រើន​ស្នើ​ឲ្យ​អភិបាល​ខេត្ត​ព្រះសីហនុ លោក យន្ត មីន ត្រូវ​បញ្ឈប់​សកម្មភាព​នេះ និង​ត្រូវ​នាំ​យក​ទៅ​ដាក់​ទីតាំង​តាម​តំបន់​ឆ្នេរ​មិន​ទាន់​មាន​ការ​អភិវឌ្ឍ​ជំនួស​វិញ។ ក្រុម​អាជីវករ​ថា អាជ្ញាធរ​ធ្វើ​ដូចនេះ​ក៏​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ដែល​ចូល​មក​ទស្សនា​តាម​តំបន់​ឆ្នេរ និង​ចុះ​ងូត​ទឹក​សមុទ្រ​កម្សាន្ត ជាដើម។

ឆ្លើយតប​បញ្ហា​នេះ អភិបាល​រង​ខេត្ត​ព្រះសីហនុ លោក ឈិន សេងងួន ផ្តល់​សម្ភាស​តាម​ទូរស័ព្ទ​ឲ្យ​អាស៊ីសេរី​ដឹង​ថា តូប​លក់​ភេសជ្ជ តុ និង​ឆត្រ​ដែល​អាជ្ញាធរ​ខេត្ត​នេះ​នាំ​យក​ទៅ​ដាក់​ពង្រាយ​នៅ​តាម​ឆ្នេរ​មួយ​ចំនួន​កន្លង​មក​នេះ ទទួល​បាន​មក​ពី​ក្រុមហ៊ុន​ខែមបូអែដ ផ្តល់​ជូន​សាលា​ខេត្ត។ លោក​បន្ត​ថា សម្ភារ​ទាំងនោះ រដ្ឋបាល​ខេត្ត​មាន​គម្រោង​រក​ទីតាំង​សមរម្យ​នៅ​តាម​ឆ្នេរ​សមុទ្រ​មួយ​ចំនួន​នា​ខេត្ត​ព្រះសីហនុ ដើម្បី​ដាក់​ជួល​ឲ្យ​អាជីវករ ឬ​ប្រជាពលរដ្ឋ​ដើម្បី​ឲ្យ​អាជ្ញាធរ​ខេត្ត​មាន​ថវិកា​សម្រាប់​ការងារ​ថែរក្សា​បរិស្ថាន​ឆ្នេរ​នីមួយៗ​ឲ្យ​មាន​អនាម័យ និង​សោភ័ណភាព​នា​ថ្ងៃ​អនាគត។

លោក ឈិន សេងងួន បញ្ជាក់​ថា រដ្ឋបាល​ខេត្ត​បាន​ផ្អាក​សកម្មភាព​នេះ​ជា​បណ្ដោះអាសន្ន​សិន ដោយ​ទុក​ពេល​ស្វែងរក​ទីតាំង​សម្រាប់​ដាក់​សម្ភារ​ទាំងនេះ​ឲ្យ​បាន​ត្រឹមត្រូវ​ជា​មុន​សិន។ លោក​ឲ្យ​ដឹង​ថា រាល់​ថ្ងៃ​នេះ​មាន​ក្រុម​អាជីវករ​មួយ​ចំនួន​បាន​មក​សួរ​នាំ​ដាក់​ពាក្យ​សុំ​ជួល​តូប តុ និង​ឆត្រ​ដែល​ជា​គម្រោង​របស់​រដ្ឋបាល​ខេត្ត​នេះ​ជា​បន្តបន្ទាប់​រួច​ហើយ​ដែរ ប៉ុន្តែ​លោក​ថា រដ្ឋបាល​ខេត្ត​មិន​ទាន់​ដាក់​ឲ្យ​ដំណើរការ​នៅ​ឡើយ​ទេ។ លោក សេងងួន ឲ្យ​ដឹង​ថា បច្ចុប្បន្ន ក្រុម​ការងារ​ចុះ​អនុវត្ត​ការងារ​នេះ​កំពុង​សិក្សា​រក​ទីតាំង​នៅ​តាម​តំបន់​ឆ្នេរ​នានា ដែល​មិន​ប៉ះពាល់​ដល់​ការ​ប្រកប​របរ​ចិញ្ចឹម​ជីវិត​របស់​ក្រុម​អាជីវករ ជាពិសេស​កុំ​ឲ្យ​ប៉ះពាល់​ដល់​សោភ័ណភាព និង​បរិស្ថាន​ឆ្នេរ​ខ្សាច់ និង​ប៉ះពាល់​ដល់​ភ្ញៀវ​ទេសចរ​ដែល​ចូល​មក​កម្សាន្ត​នៅ​តាម​ឆ្នេរ​នីមួយៗ៖ « រដ្ឋបាល​ខេត្ត​បាន​ប្រកាស​ជូន​សាធារណជន​ហើយ​ថា ខេត្ត​នឹង​ជួល​តូប​លក់​ភេសជ្ជ តុ និង​ឆត្រ​ជូន​ពលរដ្ឋ ឬ​អាជីវករ​ដែល​ដាក់​ពាក្យ​សុំ​ជួល​តូប​លក់​ដូរ​នៅ​តាម​ឆ្នេរ​សមុទ្រ​នេះ​ក្នុង​តម្លៃ​មួយ​សមរម្យ ហើយ​ករណី​នេះ​មាន​ប្រជាពលរដ្ឋ​មួយ​ចំនួន​បាន​ទាក់ទង​មក​សាលា​ខេត្ត។ ប៉ុន្តែ​តូប​លក់​ដូរ​ភេសជ្ជ​ដែល​ផ្តល់​ជូន​ដោយ​ក្រុមហ៊ុន​ខែមបូអែដ នេះ រដ្ឋបាល​ខេត្ត​មិន​ទាន់​កំណត់​ថា នឹង​យក​ទៅ​ដាក់​នៅ​ទីតាំង​ណា​ឲ្យ​ពិត​ប្រាកដ​នោះ​ទេ ព្រោះ​មិន​មាន​ទីតាំង​ដាក់ និង​កំពុង​ឲ្យ​ក្រុម​ការងារ​ស្វែងរក​ទីតាំង​ដាក់​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ដល់​សោភ័ណភាព​ឆ្នេរ។ ពី​ដំបូង​តូប​លក់​ដូរ​ភេសជ្ជ តុ និង​ឆត្រ​ទាំងនេះ យើង​គ្រោង​នឹង​ដាក់​ជួល ប៉ុន្តែ​មិន​ទាន់​មាន​ទីតាំង​ច្បាស់លាស់ ក៏​បាន​ផ្អាក​ជា​បណ្ដោះអាសន្ន​សិន »

ទោះ​ជា​បែប​នេះ​ក្តី ក្រុម​អាជីវករ​ឆ្នេរ​អូរឈើទាល បាន​អះអាង​ថា សកម្មភាព​ដាក់​ពង្រាយ​តូប​លក់​ភេសជ្ជ បាន​ចាប់​ផ្ដើម​ជា​ថ្មី​ទៀត​ចាប់​ពី​ដើម​សប្ដាហ៍​នេះ​មក។ ក្រុម​អាជីវករ​ទាំងនោះ​បាន​អះអាង​ថា ពួក​គេ​បាន​បង់​ពន្ធ​ជូន​រដ្ឋបាល​ខេត្ត​ព្រះសីហនុ និង​ស្ថាប័ន​ពាក់ព័ន្ធ​មិន​ដែល​ខកខាន ប៉ុន្តែ​មិន​គួរ​រដ្ឋបាល​ខេត្ត​នេះ​មក​ដាក់​ពង្រាយ​ស្តង់ តុ និង​ឆត្រ ជាដើម ដោយ​ដាក់​តាំង​នៅ​ចំ​ពី​មុខ​តូប​លក់​ដូរ​ពួក​គេ នាំ​ឲ្យ​ប៉ះពាល់​ដល់​ការ​លក់​ដូរ​ប្រចាំ​ថ្ងៃ​បែប​នេះ​ទេ។

អ្នក​ឃ្លាំ​មើល​ការងារ​អភិវឌ្ឍន៍​សង្គម និង​ភ្ញៀវ​ទេសចរ​មួយ​ចំនួន គាំទ្រ​ចំពោះ​ការ​ដាក់​តូប​លក់​ដូរ​ភេសជ្ជ តុ និង​ឆត្រ ដែល​ក្រុម​ការងារ​រដ្ឋបាល​ខេត្ត​ដាក់​ពង្រាយ​តាម​ឆ្នេរ​សមុទ្រ​មួយ​ចំនួន ថា​អាច​ជួយ​សម្រួល​ដល់​ការ​សម្រាក​លំហែ​របស់​ភ្ញៀវ​ទេសចរ​នៅ​តាម​ឆ្នេរ​នីមួយៗ​នា​ថ្ងៃ​ខាង​មុខ ពិសេស​ជាង​នេះ ក៏​អាច​ជួយ​ឲ្យ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ មាន​ប្រាក់​ចំណូល​ទុក​សម្រាប់​ចំណាយ​ទៅ​លើ​ការងារ​សម្អាត​អនាម័យ​បរិស្ថាន​នៅ​តាម​ឆ្នេរ​នីមួយៗ ដើម្បី​ទាក់ទាញ​កំណើន​ភ្ញៀវ​ទេសចរ​ឲ្យ​ចូល​មក​ទស្សនា​ខេត្ត​នេះ​បាន​ច្រើន​ថែម​ទៀត​នា​ថ្ងៃ​អនាគត។

ទោះ​ជា​បែប​នេះ​ក្តី អ្នក​ឃ្លាំ​មើល​សង្គម​ទាំងនោះ បាន​ស្នើ​ដល់​អភិបាល​ខេត្ត​ព្រះសីហនុ គួរ​នាំ​យក​តូប​លក់​ភេសជ្ជ​ទាំងអស់​នោះ​នាំ​យក​ទៅ​ដាក់​នៅ​តាម​ឆ្នេរ​ទាំងឡាយ​ណា ដែល​មិន​ទាន់​មាន​ការ​អភិវឌ្ឍ ឬ​មិន​ទាន់​មាន​អាជីវករ​លក់​ដូរ ប្រសើរ​ជាង​នាំ​យក​ទៅ​ដាក់​ពង្រាយ​នៅ​មុខ​តូប​លក់​ដូរ​របស់​អាជីវករ​ដែល​មាន​ការ​អភិវឌ្ឍ​ស្រាប់៖ « គឺ​ជា​ការ​មួយ​ល្អ ដែល​រដ្ឋបាល​ខេត្ត​បាន​ដាក់​ពង្រាយ​តូប​លក់​ដូរ​ខ្នាត​តូច មាន​ទាំង​តុ កៅអី និង​ឆត្រ ដាក់​ពង្រាយ​នៅ​តាម​តំបន់​ឆ្នេរ​នានា​នៅ​ខេត្ត​ព្រះសីហនុ យើង​នេះ ដើម្បី​អាច​ឲ្យ​ភ្ញៀវ​ទេសចរ​មាន​ទីកន្លែង​អង្គុយ​លំហែ។ ហើយ​មួយ​ផ្នែក​ទៀត រដ្ឋបាល​ខេត្ត​ក៏​អាច​ដាក់​ជួល​ឲ្យ​អាជីវករ​លក់​ដូរ​ចំណី​អាហារ​ផ្សេងៗ​តាម​បែប​បើក​អាជីវកម្ម​ខ្នាត​តូច​នៅ​តាម​ឆ្នេរ​សមុទ្រ​ផង​ដែរ។ ប៉ុន្តែ​ដោយឡែក​ចំពោះ​នៅ​តំបន់​ឆ្នេរ​អូរឈើទាល ដែល​មាន​អាជីវករ​លក់​ដូរ​មមាញឹក​ទៅ​ហើយ​នោះ គឺ​គួរ​តែ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ដក​យក​តូប​លក់​ដូរ​ភេសជ្ជ តុ កៅអី និង​ឆត្រ​ដែល​បាន​ដាក់​ពង្រាយ​នៅ​ពី​មុខ​តូប​លក់​ដូរ​របស់​ក្រុម​អាជីវករ​ទាំងនោះ យក​ទៅ​ដាក់​នៅ​ទីតាំង​តំបន់​ឆ្នេរ​ផ្សេង​វិញ ដែល​មិន​ទាន់​មាន​ការ​អភិវឌ្ឍ ឬ​មិន​សូវ​មាន​អាជីវករ​លក់​ដូរ​ច្រើន។ មាន​ដូចជា​ឆ្នេរ​ព្រែកត្រែង ឆ្នេរ​រាម និង​ឆ្នេរ​នៅ​តំបន់​ពយ​ម៉ាចូវ ឬ​ចុង​ឆ្នេរ​អូរត្រេះ ជាដើម ដើម្បី​ឲ្យ​អាជីវករ​ទាំងឡាយ​អាច​ទៅ​ជួល​តូប​លក់​ដូរ ដែល​រដ្ឋបាល​ខេត្ត​បាន​ដាក់​ពង្រាយ​តាម​ឆ្នេរ​សមុទ្រ​នានា​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ ជួល​រក​របរ​ទទួល​ទាន និង​អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ អន្តរជាតិ ឲ្យ​ចូល​ទៅ​កម្សាន្ត​តំបន់​ឆ្នេរ​ផ្សេងៗ​ទៀត »

នាយក​ទីចាត់ការ​រដ្ឋបាល​សាលា​ខេត្ត​ព្រះសីហនុ លោក ស៊ុត ចាន់ថន ឲ្យ​ដឹង​ថា មាន​តូប​លក់​ភេសជ្ជ​ជាង ៥០ តុ និង​ឆត្រ​ជាង ១០០​ឈុត អាជ្ញាធរ​ខេត្ត​មាន​គម្រោង​ដាក់​ពង្រាយ​នៅ​តាម​ឆ្នេរ​ឯករាជ្យ ឆ្នេរ​អូរឈើទាល និង​ឆ្នេរ​ផ្សេង​ទៀត ដើម្បី​ដាក់​ជួល​ឲ្យ​ប្រជាពលរដ្ឋ ឬ​ក្រុម​អាជីវករ​ដែល​ចង់​ជួល​ធ្វើ​អាជីវកម្ម​ក្នុង​តម្លៃ​សមរម្យ។ ប៉ុន្តែ​លោក​ថា គម្រោង​នេះ រដ្ឋបាល​ខេត្ត​មិន​ទាន់​ដាក់​ឲ្យ​ដំណើរការ​នៅ​ឡើយ​ទេ ដោយ​ទុក​ពេល​ស្វែងរក​ទីតាំង​ឲ្យ​បាន​ត្រឹមត្រូវ​ជា​មុន ដើម្បី​ជៀសវាង​ប៉ះពាល់​ដល់​ការ​ប្រកប​របរ​អាជីវកម្ម​របស់​ប្រជាពលរដ្ឋ​តាម​ឆ្នេរ​នីមួយៗ ជាពិសេស​ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ដល់​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ដែល​ចូល​មក​ទស្សនា​តាម​តំបន់​ឆ្នេរ​នីមួយៗ​នា​ថ្ងៃ​អនាគត៖ « ខ្ញុំ​អត់​បាន​ដឹង​ថា​មាន​សកម្មភាព​ដាក់​ពង្រាយ​តូប​លក់​ដូរ​ភេសជ្ជ តុ និង​ឆត្រ បាន​ដាក់​ពង្រាយ​នៅ​តាម​ឆ្នេរ​អូរឈើទាល និង​ឆ្នេរ​ផ្សេងៗ​ទៀត​កើត​មាន​ថ្មីៗ​នេះ​នោះ​ទេ ព្រោះ​ខ្ញុំ​បាន​ប្រាប់​ទៅ​ក្រុមហ៊ុន​ខែមបូ ថា​បើ​ចង់​ធ្វើ​ការងារ​នេះ ស្នើ​ឲ្យ​ទាក់ទង​មក​រដ្ឋបាល​ខេត្ត ឬ​មន្ត្រី​ទទួល​បន្ទុក​ការងារ​នេះ​ឲ្យ​ដឹង​ដំណឹង​ជា​មុន។ ដូច្នេះ​សកម្មភាព​របស់​ក្រុមហ៊ុន​ខែមបូអែដ បាន​ចុះ​ដាក់​ពង្រាយ​តូប​លក់​ដូរ​ភេសជ្ជ តុ និង​ឆត្រ​នៅ​តាម​ឆ្នេរ​មួយ​ចំនួន​ថ្មីៗ​នេះ មិន​ត្រឹមត្រូវ​ទេ។ បញ្ហា​នេះ ខ្ញុំ​ក្នុង​នាម​រដ្ឋបាល​ខេត្ត​ព្រះសីហនុ គឺ​មិន​បាន​ដឹង​នោះ​ទេ។ ការ​ដាក់​ពង្រាយ​តូប​លក់​ដូរ​នៅ​តាម​ឆ្នេរ​សមុទ្រ​មួយ​ចំនួន​ដែល​រដ្ឋបាល​ខេត្ត​មាន​គម្រោង​ដាក់​ជួល​នេះ គឺ​យើង​មិន​មែន​ចេះ​តែ​យក​ទៅ​ដាក់​ដោយ​មិន​បាន​គិតគូរ​ឲ្យ​បាន​ត្រឹមត្រូវ​នោះ​ទេ។ ការ​យក​ទៅ​ដាក់​នៅ​មុខ​តូប​លក់​ដូរ​របស់​ប្រជាពលរដ្ឋ ឬ​ក្រុម​អាជីវករ​ដែល​កំពុង​ប្រកប​អាជីវកម្ម និង​ដាក់​នៅ​លើ​ឆ្នេរ​ខ្សាច់ គឺ​ត្រូវ​ហាម​មិន​ឲ្យ​ដាក់​នោះ​ទេ ព្រោះ​បាន​ប៉ះពាល់​ដល់​ការ​ប្រកប​របរ​ចិញ្ចឹម​ជីវិត​ប្រចាំ​ថ្ងៃ​របស់​ពលរដ្ឋ និង​ប៉ះពាល់​ដល់​សោភ័ណភាព​ឆ្នេរ ពិសេស​ភ្ញៀវ​ទេសចរ​ដើរ​កម្សាន្ត ឬ​ចុះ​ងូត​ទឹក​សមុទ្រ​នៅ​តាម​ឆ្នេរ​នីមួយៗ។ តូប​លក់​ដូរ តុ និង​ឆត្រ​ដែល​ក្រុមហ៊ុន​ខែមបូអែដ ឧបត្ថម្ភ​ជូន​សាលា​ខេត្ត ហើយ​ត្រូវ​បាន​ដាក់​ពង្រាយ​ថ្មីៗ​នេះ គឺ​រូប​ខ្ញុំ​មិន​បាន​ដឹង​នោះ​ទេ »

លោក ស៊ុត ចាន់ថន បញ្ជាក់​ថា នឹង​សួរ​នាំ​ទៅ​តំណាង​ក្រុមហ៊ុន​ខែមបូអែដ ស្នើ​ឲ្យ​ផ្អាក​សកម្មភាព​នេះ​ជា​បណ្ដោះអាសន្ន ដើម្បី​រក​ទីតាំង​ដាក់​សម្ភារ​ទាំងនោះ​ឲ្យ​បាន​ត្រឹមត្រូវ កុំ​ឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន​ឆ្នេរ​ខ្សាច់ និង​កុំ​ឲ្យ​មាន​វិវាទ​ជាមួយ​ប្រជាពលរដ្ឋ ឬ​ក្រុម​អាជីវករ​នៅ​តាម​ឆ្នេរ​នីមួយៗ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។