អ្នកភូមិស្រែគរ ស្រុកសេសាន ខេត្តស្ទឹងត្រែង បង្ខំចិត្តលក់ឈើមានតម្លៃប្រភេទបេងមួយដើមមានអាយុរាប់រយឆ្នាំទៅឲ្យឈ្មួញ នៅគ្រាដែលពួកគាត់គ្រោងផ្លាស់ប្ដូរទីលំនៅថ្មី។ អ្នកភូមិថា មូលហេតុដែលគាត់សម្រេចចិត្តដូចនេះ ដោយសារជីវភាពខ្វះខាត ដ្បិតលំនៅឋាន និងភូមិកំណើតរបស់ពួកគាត់នឹងក្លាយជាអាងស្តុកទឹកនៃទំនប់វារីអគ្គិសនីសេសានក្រោមពីរ បើសិនគេបើកទំនប់ឲ្យដំណើរការ។
ពលរដ្ឋរស់នៅភូមិស្រែគរ ឃុំស្រែគរ ស្រុកសេសាន ខេត្តស្ទឹងត្រែង ឲ្យដឹងនៅថ្ងៃទី៦ តុលា ថា ឈើបេងមានមុខកាត់ជិតពីរម៉ែត្រ ប្រវែងជិត ១០ម៉ែត្រ ឋិតនៅខាងក្រោយផ្ទះអ្នកភូមិម្នាក់ឈ្មោះ ហ្វង បូលី ត្រូវបានឈ្មួញទិញក្នុងតម្លៃ ៥ពាន់ដុល្លារកាលពីថ្ងៃទី១ តុលា ក្រោយពីពួកគេបានកាប់រំលំ និងអារច្រៀកកាលពីចុងខែកញ្ញា។
ពលរដ្ឋត្រូវជាប្អូនថ្លៃម្ចាស់ឈើ រស់នៅឃុំស្រែគរ គឺលោក ពុធ ឃឿន កត់សម្គាល់ថា ឈើបេងមួយដើមនោះ បងប្រុសរបស់លោក បានថែទាំតាំងពីឆ្នាំ១៩៥៦ រហូតមកទល់ពេលនេះ។ លោកថា កាលពីថ្ងៃទី៣០ កញ្ញា អ្នកភូមិបានកាប់រំលំដើមឈើនោះ ក៏ឃើញមានមន្ត្រីរដ្ឋបាលព្រៃឈើ និងមន្ត្រីអាវុធហត្ថចុះមកឃាត់ទុក ក៏ប៉ុន្តែបញ្ហានេះត្រូវបានដោះស្រាយដោយមានការសម្របសម្រួលពីឈ្មួញឈើ ដែលពួកគេមិនស្គាល់ឈ្មោះ។ លោកថា ក្រុមហ៊ុនសម្អាតបាតអាងនៃទំនប់វារីអគ្គិសនីសេសានក្រោមពីរ ក៏ធ្លាប់បង្ខំឲ្យអ្នកភូមិលក់ដើមឈើមានតម្លៃនេះដែរ ដោយសារតំបន់នោះឋិតក្នុងគម្រោងអភិវឌ្ឍន៍៖ « គាត់លក់ទាំង បង្ខំចិត្ត គាត់ដេកគិត ៥ឆ្នាំហើយ ដោយសារតែ ឈើមួយ ដើមហ្នឹង ។ មូលហេតុគាត់ចង់លក់ដោយសារទី១ ជីវភាពគ្រួសាររបស់ ពួកគាត់ ដែរ។ ហើយទីពីរទៀតដោយសារវារីអគ្គិសនី ឲ្យគាត់ បង្ខំចិត្ត លក់ឈើហ្នឹងដែរ ក៏ប៉ុន្តែពីមុនគាត់អត់លក់ដោយសារតែគាត់ខ្លាចជំនឿអរូបិយអារក្សអ្នកតាធ្វើបាប »។
អាស៊ីសេរី មិនអាចទាក់ទងនាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តស្ទឹងត្រែង លោក ឈៀង តុលា ដើម្បីសុំការបញ្ជាក់បញ្ហានេះបានទេនៅថ្ងៃទី៦ តុលា ព្រោះទូរស័ព្ទមិនអាចទាក់ទងបាន។
ឃុំស្រែគរ ស្រុកសេសាន ខេត្តស្ទឹងត្រែង ឋិតនៅទិសខាងត្បូងឆៀងខាងកើតនៃទីរួមខេត្ត ឆ្ងាយពីទីរួមខេត្តស្ទឹងត្រែង ជាង ៨០គីឡូម៉ែត្រ។
ករណីនេះដែរ មេឃុំស្រែគរ លោក សៀក មេគង្គ មើលឃើញថា ដើមឈើមានតម្លៃនេះ ត្រូវពលរដ្ឋថែទាំ ៦ទសវត្សរ៍មកហើយ អំឡុងពេលពួកគេមកតាំងទីលំនៅតំបន់នោះជាលើកដំបូងកាលពីឆ្នាំ១៩៥៦។ លោកយល់ថា ពលរដ្ឋគួរទទួលបានអត្ថប្រយោជន៍ពីឈើមានតម្លៃនោះ ម្យ៉ាងតំបន់នោះក៏ឋិតក្នុងគម្រោងជម្លៀសអ្នកភូមិចេញពីលំនៅឋានដែរ។ លោកបញ្ជាក់ថា ទោះបីជារុក្ខជាតិអ្វីក៏ដោយ ឲ្យតែឋិតក្នុងដីដែលពួកគេកាន់កាប់មានការទទួលស្គាល់ជាសាធារណៈ និងរដ្ឋអំណាច នឹងក្លាយជាកម្មសិទ្ធិរបស់ពួកគេស្របច្បាប់៖ « រឿងពលរដ្ឋលក់ដើមបេងហ្នឹង យើង ឃើញថា មានប៉េអិម ទាំងរដ្ឋបាល ព្រៃឈើ ចុះទៅធ្វើការហ្នឹង។ ខ្ញុំថា វា ខុសច្បាប់ ហើយ ព្រោះដើមបេងគាត់អត់សិក្សាពីកត្តាអាស្រ័យផល ក៏ដូចជាសិទ្ធិពីមុនមក តើដើមបេងវាស្ថិតរបៀបណា ? ចុះទៅ គេរៀបចំផែនការចាប់ តែ មិនដឹង និយាយត្រូវគ្នា យ៉ាងម៉េច បានគេចេញវិញ ហើយគេប្រគល់ឲ្យអាជ្ញាធរ »។
មន្ត្រីអង្កេតជាន់ខ្ពស់ផ្នែកដីធ្លី និងធនធានធម្មជាតិនៃសមាគមអាដហុក (ADHOC) លោក ប៉ែន ប៊ុណ្ណារ៍ មើលឃើញថា អាជ្ញាធរជំនាញត្រូវសម្រួលការអាស្រ័យផលឈើមានតម្លៃនោះ ដើម្បីបង់រំលស់ផ្លូវចិត្ត និងលើកទឹកចិត្តដល់ពួកគេ ខណៈដែលភូមិកំណើតរបស់ពួកគាត់ត្រូវបានផ្លាស់ប្ដូរដោយគម្រោងអភិវឌ្ឍន៍ទំនប់វារីអគ្គិសនីសេសានក្រោមពីរ ហើយឈើមានតម្លៃនោះក៏ប្រឈមលិចទឹកដែរ៖ « វាជាថ្លៃប៉ះប៉ូវមួយ ព្រោះការបាត់បង់ ភូមិលំនៅឋានដែលធ្លាប់រស់នៅ រាប់សិប ឆ្នាំ មកហើយ ត្រូវប្ដូរ ទៅជា អាងទឹក។ ទីពីរ ដោយសារកន្លែងគាត់រស់នៅវាលិចទៀត ហើយដើមបេងមិនអាចរស់បានទេ ត្រូវតែងាប់។ ចឹងគួរតែ សម្រួលរឿងហ្នឹងទៅ ! យើងមានមូលដ្ឋានច្រើនដែរ ត្រូវទាមទារឲ្យសមត្ថកិច្ចជំនាញអាជ្ញាធរដែនដីហ្នឹង មេត្តាសម្រួលរឿងហ្នឹងដល់គាត់ »។
ឃុំស្រែគរ នៃស្រុកសេសាន ឋិតក្នុងគម្រោងជម្លៀសអ្នកភូមិចេញពីលំនៅឋាន។ ពលរដ្ឋរស់នៅទីនោះ ៩០គ្រួសារ ក្នុងចំណោមពលរដ្ឋជាង ១ពាន់គ្រួសារ មិនទាន់យល់ព្រមទទួលយកសំណងផលប៉ះពាល់នៅឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។