ពលរដ្ឋរស់នៅភូមិស្រែគរថ្មី ឃុំស្រែគរ ស្រុកសេសាន ខែត្រស្ទឹងត្រែង ត្អូញត្អែរខ្វះខាតទឹកប្រើប្រាស់ប្រចាំថ្ងៃ ដោយសារលំនៅឋានរបស់ពួកគេរស់នៅថ្មីជាតំបន់ទួល ពុំអាចជីកអណ្ដូងយកទឹកបាន ហើយការទទួលខុសត្រូវរបស់ក្រុមហ៊ុនទំនប់វារីអគ្គិសនីសេសានក្រោមពីរ ក្នុងការផ្គត់ផ្គង់ទឹកជូនពលរដ្ឋ ក៏ពុំគ្រប់គ្រាន់ដែរ។ ចំណែកតំណាងក្រុមហ៊ុនអះអាងថា ពួកគេកំពុងដោះស្រាយបញ្ហានេះ។
ពលរដ្ឋដែលយល់ព្រមទទួលសំណងពីផលប៉ះពាល់ទំនប់វារីអគ្គិសនីសេសានក្រោមពីរ ឲ្យដឹងនៅថ្ងៃទី២៦ មេសា ថា ក្រុមហ៊ុនទំនប់វារីអគ្គិសនីសេសានក្រោមពីរ និងអាជ្ញាធររដ្ឋាភិបាល នៅពុំទាន់ដោះស្រាយបញ្ហាប្រឈមរបស់ពួកគាត់នៅឡើយទេ ក្រោយពីអ្នកភូមិមកតាំងទីលំនៅថ្មី កំពុងជួបវិបត្តិខ្វះទឹកប្រើប្រាស់។
ពលរដ្ឋម្នាក់ក្នុងចំណោមពលរដ្ឋជាច្រើនទៀតរស់នៅភូមិស្រែគរថ្មី ឃុំស្រែគរ ស្រុកសេសាន លោក ទួន លួន ឲ្យដឹងថា ក្រុមហ៊ុនបានកសាងអណ្ដូងទឹកប្រើម៉ូទ័រភ្ជាប់ប្រព័ន្ធអគ្គិសនីសូឡា បង្ហូរទឹកតាមទុយោ នៅពុំទាន់ផ្តល់ទឹកគ្រប់គ្រាន់ជូនពួកគាត់ប្រើប្រាស់នៅឡើយទេ ហើយការចែកទឹកតាមរថយន្តរបស់ក្រុមហ៊ុន ក៏នៅពុំអាចប្រើប្រាស់គ្រប់គ្រាន់ដែរ។ បញ្ហានេះ បង្ខំឲ្យពួកគេចំណាយប្រាក់ទិញទឹកពីអ្នកភូមិផ្សេងទៀតមួយធុងធំចាប់ពី ២ម៉ឺនរៀលទៅ ៣ម៉ឺនរៀល៖ « ក្រុមហ៊ុនដោះស្រាយដែរ មិនមែនថាក្រុមហ៊ុនមិនដោះស្រាយទេ តែពុំទាន់គ្រប់ជ្រុងជ្រោយនៅឡើយទេ។ ទី១ គាត់ធ្វើរបៀបដូចស្ទែនបង្ហូរតាមទុយោហ្នឹង វាចេញទឹកបានមួយហ្វុយ ( ធុង ) ជួនណាបានតែអត់ចឹង ខ្លះបានមួយប៉ោតទៅពីរប៉ោតចឹង។ ចឹងការប្រើប្រាស់ទឹកពុំបានគ្រប់គ្រាន់ទេ »។
មកទល់ពេលនេះ ពលរដ្ឋយល់ព្រមទទួលសំណងផលប៉ះពាល់ទំនប់វារីអគ្គិសនីសេសានក្រោមពីរ នៅឃុំស្រែគរ និងបានមកតាំងទីលំនៅថ្មីនៅតំបន់នោះចំនួន ៣៧០គ្រួសារក្នុងចំណោមពលរដ្ឋ ៥៧០គ្រួសារ។
ឆ្លើយតបរឿងនេះ តំណាងក្រុមហ៊ុនទំនប់វារីអគ្គិសនីសេសានក្រោមពីរ លោក អ៊ុំ រ៉េត ថ្លែងបញ្ជាក់ថា ក្រុមហ៊ុនកំពុងដោះស្រាយបញ្ហានេះ និងបានកសាងអណ្ដូងប្រើម៉ូទ័រភ្ជាប់ប្រព័ន្ធសូឡា និងជីកស្រះទឹកនៅតំបន់ដីទំនេរជុំវិញភូមិចំនួន៧។ លោកសំណូមពរឲ្យពលរដ្ឋសហការដោះស្រាយរឿងនេះ ខណៈអ្នកភូមិមួយចំនួនប្រើប្រាស់ទឹកខ្ជះខ្ជាយ និងពលរដ្ឋខ្លះបើកទឹកបង្ហូរចោលក៏មាន។ លោកបញ្ជាក់ថា ក្រុមហ៊ុននឹងជីកស្រះជូនពលរដ្ឋបន្ថែមទៀត ប្រសិនបើមានសំណូមពរពីពលរដ្ឋ៖ « ប្រព័ន្ធដែលបូមទឹក យើងប្រើប្រព័ន្ធពន្លឺព្រះអាទិត្យសូឡា វាបូមឡើងពេញហ្នឹងហើយ បានទម្លាក់មកឲ្យគាត់បើកប្រើតាមផ្ទះ ដល់ពេលប្រើតាមផ្ទះ គាត់បើកបង្ហូរចោល ក៏វាអស់ដែរអាហ្នឹង »។
មេឃុំស្រែគរ លោក សៀក មេគង្គ ទទួលស្គាល់ថា ពលរដ្ឋរស់នៅឃុំស្រែគរថ្មី កំពុងបារម្ភខ្វះខាតទឹក ហើយលោកបានស្នើឲ្យអាជ្ញាធរខែត្រ និងក្រុមហ៊ុន រកវិធានការដោះស្រាយដោយជីកស្រះក្បែរភូមិពួកគេរស់នៅ ដែលធានាថាអាចរក្សាទឹកទុក ដើម្បីផ្គត់ផ្គង់ពលរដ្ឋឲ្យបានគ្រប់គ្រាន់។ លោករកឃើញថា ក្រុមហ៊ុនបានកសាងអណ្ដូងប្រើម៉ូទ័របូមទឹកភ្ជាប់ប្រព័ន្ធសូឡា អាចប្រើបានតែក្នុងរយៈពេលខ្លីប៉ុណ្ណោះ ហើយបច្ចុប្បន្ន អ្នកភូមិក៏ពុំអាចប្រើបានគ្រប់គ្រាន់ដែរ៖ « គាត់ខំលះបង់ដើម្បីជាតិទាំងអស់គ្នា ឲ្យគាត់អត់ទឹក គឺខុសហើយ។ ខ្ញុំមករស់នៅតាំងពីខែ១២ រហូតដល់សព្វថ្ងៃ គ្រាន់តែទិញទឹកចូល ៥០ម៉ឺនជាងហើយ។ ចុះបើអ្នកអត់មានធ្វើម៉េចចុះ »។
មន្ត្រីសម្របសម្រួលបណ្ដាញអង្គការការពារទន្លេបី លោក លាង ប៊ុនលាភ កត់សម្គាល់ថា កន្លងទៅ ក្រុមហ៊ុនធ្លាប់សន្យាថានឹងផ្តល់ប្រភពទឹកប្រើប្រាស់គ្រប់គ្រាន់ដល់សហគមន៍ដែលយល់ព្រមទទួលសំណងផលប៉ះពាល់ ក៏ប៉ុន្តែអ្នកភូមិនៅតែបារម្ភនៅឡើយ។ បញ្ហានេះមានន័យថា ក្រុមហ៊ុន និងអាជ្ញាធរពាក់ព័ន្ធ នៅពុំទាន់អនុវត្តគោលនយោបាយផ្តល់សំណងផលប៉ះពាល់ជូនពលរដ្ឋគ្រប់ជ្រុងជ្រោយនៅឡើយទេ៖ « អាជ្ញាធរហ្នឹងគួរបំពេញការងារឲ្យបានទាន់ពេលវេលាជូនសហគមន៍ដែលគាត់ប៉ះពាល់ ទាំងផ្លាស់ទីលំនៅភូមិឋានចាស់គាត់ មួយសាហើយ និងប៉ះពាល់ដល់ការរស់នៅភូមិថ្មីទៀត »។
ទំនប់វារីអគ្គិសនីសេសានក្រោមពីរ បង្កផលប៉ះពាល់ប្រជាពលរដ្ឋជាង ១ពាន់គ្រួសារនៅភូមិចំនួន៧ ក្នុងឃុំចំនួន៤។ បច្ចុប្បន្ន ប្រជាពលរដ្ឋនៅឃុំស្រែគរ ៩៣គ្រួសារ និងឃុំក្បាលរមាស ជាង ៣០គ្រួសារ មិនទាន់យល់ព្រមទទួលសំណងនៅឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។