ពលរដ្ឋមិនព្រមទទួលយកសំណងពីក្រុមហ៊ុនសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោម២ រស់នៅឃុំក្បាលរមាស និងឃុំស្រែគរ ស្រុកសេសាន ខែត្រស្ទឹងត្រែងជាង ១០០គ្រួសារ ត្អូញថា អាជ្ញាធរមិនបានយកចិត្តទុកដាក់ផ្ទល់សេវាសាធារណៈដល់ពួកគាត់នោះទេ និងហាក់ចាត់ទុកពួកគាត់ថា ជាសត្រូវនៃការអភិវឌ្ឍ។
ពលរដ្ឋរស់នៅឃុំស្រែគរ និងឃុំក្បាលរមាស ជាង ១០០គ្រួសារ នៅតែប្រកាន់ជំហរមិនព្រមចាកចេញពីភូមិកំណើត បើទោះបីជាអាជ្ញាធរខែត្រ និងក្រុមហ៊ុន នៅតែប្រកាន់គោលការណ៍អនុវត្តគម្រោងបិទទ្វារទឹកសាកល្បងនៅពេលឆាប់ៗនេះ។
ពលរដ្ឋដែលបដិសេធមិនព្រមចាកចេញពីភូមិកំណើតនៅឃុំស្រែគរ លោកស្រី ផា វី ឲ្យដឹងនៅថ្ងៃទី៥ កក្កដា ថា ពលរដ្ឋដែលមិនទទួលសំណងពីក្រុមហ៊ុន មិនត្រូវបានអាជ្ញាធររដ្ឋាភិបាលយកចិត្តទុកដាក់ក្នុងការផ្តល់សេវាសាធារណៈនោះទេ ហើយអាជ្ញាធរខែត្រនៅតែព្យាយាមពន្យល់ឲ្យពួកគាត់យល់ពីសារប្រយោជន៍នៃគម្រោងវារីអគ្គិសនី។ លោកស្រីមើលឃើញថា ពលរដ្ឋដែលយល់ព្រមទទួលសំណងទៅតាំងទីលំនៅថ្មី កំពុងប្រឈមវិបត្តិសេដ្ឋកិច្ចដូចជា អណ្ដូងទឹកគ្មានគុណភាព ដីកសិកម្មកន្លែងខ្លះមិនអាចបង្កបង្កើនផលបាន និងការចិញ្ចឹមសត្វបែបប្រពៃណីត្រូវបាត់បង់ជាដើម។ បញ្ហាទាំងនេះហើយដែលនាំឲ្យពួកគាត់ខ្លាចរអាមិនព្រមទទួលយកសំណង៖ «ខ្ញុំសំណូមពរថា សុំឲ្យរដ្ឋាភិបាល និងក្រុមហ៊ុន ឲ្យគាត់ជួយគាំទ្រ ប្រជាពលរដ្ឋចង់រស់នៅកន្លែងហ្នឹងព្រោះផ្នូរដូនតា ទៅមិនបាន។ បានគាត់ថាមិនទៅ គាត់គិតថាទៅទីនោះវាពិបាក មួយលុយ ទីពីរវាពិបាកគោ និងក្របី »។
បុរសដែលមិនព្រមចាកចេញពីភូមិកំណើត រស់នៅឃុំស្រែគរ វ៉ាន់ អូន វ័យ ៤០ឆ្នាំ ឲ្យដឹងថា អាជ្ញាធរខែត្របានដកបង្គោលសេវាទូរស័ព្ទចេញពីឃុំស្រែគរ និងឃុំក្បាលរមាស តាំងពីឆ្នាំ២០១៦ និងព្យាយាមរុះរើស្ពានស្រែពកកាលពីពេលថ្មីៗនេះ ដើម្បីដាក់បន្ទុកបន្ថែមទៀតក្នុងការចំណាយថ្លៃធ្វើដំណើរ និងពេលវេលារបស់ពួកគាត់។ លោកចាត់ទុកបញ្ហានេះថា ជាការដាក់សម្ពាធឲ្យអ្នកភូមិព្រមទទួលសំណងពីក្រុមហ៊ុន៖ « បើទឹកលិច ពួកខ្ញុំគិតតាមទឹកលិច បើទឹកអត់លិចទេ គឺពីឆ្នាំ២០១៨ តទៅ ខ្ញុំនឹងទាមទារឲ្យមានគ្រូបង្រៀន ឲ្យគាត់ធ្វើមន្ទីរពេទ្យអ៊ីចឹងទៅ ឲ្យមានសាលារៀន ឲ្យក្មេងជំនាន់ក្រោយបានរៀន ព្រោះកន្លែងនោះវាជាស្រុកខ្មែរមួយដែរ »។

លិខិតចុះថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៧ របស់ក្រុមហ៊ុនទំនប់វារីអគ្គិសនីសេសានក្រោមពីរ ឲ្យដឹងថា បើក្រុមហ៊ុនបិទទ្វារទឹកសាកល្បងនៅពាក់កណ្ដាលខែកក្កដា ឆ្នាំ២០១៧ កម្រិតទឹកនឹងឡើងដល់ ៧២ម៉ែត្រ បណ្ដាលឲ្យលិចលង់ភូមិក្បាលរមាស និងភូមិស្រែគរចាស់។ ក្រុមហ៊ុនចាត់ទុកការបិទទ្វារទឹកសាកល្បង គឺជាទិសដៅនៃការអនុវត្តគម្រោង ហេតុនេះដើម្បីបញ្ចៀសចលាចលណាមួយ ទាមទារឲ្យពលរដ្ឋចាកចេញឲ្យបានមុនខែកក្កដា ឆ្នាំ២០១៧។
មេឃុំស្រែគរ លោក សៀក មេគង្គ ថ្លែងថា ការដោះស្រាយបញ្ហានេះហួសពីសមត្ថភាពរបស់អាជ្ញាធរឃុំ។ តែយ៉ាងណា លោកនឹងប្រឹងប្រែងសំណូមពរទៅស្ថាប័នពាក់ព័ន្ធ ឲ្យពន្លឿនដោះស្រាយបញ្ហានេះជូនពលរដ្ឋ។ លោកទទួលស្គាល់ថា ពលរដ្ឋដែលមិនព្រមទទួលសំណង ហាក់ត្រូវបានគេរុញច្រានឲ្យខ្ទាតឆ្ងាយពីការយកចិត្តទុកដាក់ផ្តល់សេវាសាធារណៈរបស់រដ្ឋាភិបាល ហើយកន្លងទៅ អ្នកភូមិត្រូវបានគេគាបសង្កត់ដោយប្រយោល ដូចជាការដកបង្គោលសេវាទូរស័ព្ទចេញពីតំបន់នោះ និងការរុះរើស្ពានស្រែពក៖ « អ្នកដែលតវ៉ាទាំងអស់ហ្នឹង យើងយកមកពិចារណាដើម្បីដោះស្រាយ។ យើងកុំចាត់ទុកគ្នារើសអើង អត់ត្រូវទេ។ អាជ្ញាធរខែត្រទាំងអស់ គឺមានការរើសអើងចំពោះពលរដ្ឋ ៩៣គ្រួសារ ក៏ដូចជាតំណាងគណបក្សនយោបាយ ក៏គាត់មិនត្រូវរើសអើងដែរ »។
មន្ត្រីសម្របសម្រួលសមាគមអាដហុក (ADHOC) ខែត្រស្ទឹងត្រែង លោក ហូ សំអុល យល់ថា អាជ្ញាធរពាក់ព័ន្ធ និងក្រុមហ៊ុន គួរតែសិក្សាពីសក្ដានុពលនៅតំបន់នោះឡើងវិញ ថាតើពលរដ្ឋអាចទៅតាំងទីលំនៅបានឬយ៉ាងណា ជាពិសេសអាជ្ញាធរខែត្រ និងក្រុមហ៊ុន គួរទទួលយកសំណូមពររបស់ពួកគាត់ទៅដោះស្រាយ។ លោកថា បើពលរដ្ឋមិនព្រមទទួលយកគោលនយោបាយសំណងពីរដ្ឋាភិបាល និងក្រុមហ៊ុន សូមឲ្យអាជ្ញាធរពាក់ព័ន្ធ កុំចាត់ទុកពួកគាត់ជាសត្រូវនៃការអភិវឌ្ឍ និងព្យាយាមដោះស្រាយបញ្ហាប្រឈមដោយយុត្តិធម៌៖ « អាជ្ញាធរយើងឃើញថា ដូចជាមានការរើសអើងដល់ពួកគាត់។ បើនិយាយទៅដូចជាចង់តែចងកំហឹងទៀត ដោយសារពួកគាត់មិនព្រមចាកចេញពីតំបន់នោះ ប៉ុន្តែក្នុងនាមអាជ្ញាធរ គាត់មិនគួរធ្វើអ៊ីចឹងទេ គួរតែផ្តល់សិទ្ធិឲ្យគាត់គ្រប់ទាំងអស់ »។
ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា (ANSA) លោក សន ជ័យ មើលឃើញថា ពលរដ្ឋគ្រប់រូបមានសិទ្ធិទទួលបានសេវាសាធារណៈស្មើៗគ្នាដោយពុំមានការរើសអើង។ លោកមើលឃើញថា ពលរដ្ឋដែលបដិសេធមិនព្រមទទួលសំណង ហាក់ត្រូវគេទាញចេញឆ្ងាយពាក់ព័ន្ធការផ្តល់សេវាសាធារណៈពីរដ្ឋាភិបាល ដូចជាសេវាសុខភាព សេវាអប់រំ និងហេដ្ឋារចនាសម្ព័ន្ធ ជាដើម៖ « វាប៉ះពាល់ដល់សុខមាលភាពរបស់ពលរដ្ឋនៅមូលដ្ឋានហ្នឹងដែរ ហើយគោលនយោបាយថ្នាក់ជាតិមួយចំនួនទាក់ទងការលើកកម្ពស់សិទ្ធិពលរដ្ឋ ក៏ដូចជាកាត់បន្ថយភាពក្រីក្រ ក៏ផលប៉ះពាល់ធ្ងន់ធ្ងរដែរ »។
រហូតមកទល់ពេលនេះ ទំនប់វារីអគ្គិសនីសេសានក្រោមពីរ ត្រូវបានក្រុមហ៊ុនសាងសង់ជិតរួចរាល់ហើយ ហើយនឹងបើកឲ្យដំណើរការតួប៊ីនទី១ នៅពាក់កណ្ដាលខែកក្កដា ឆ្នាំ២០១៧៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។