អង្គការមូលនិធិសកលសម្រាប់អភិរក្សធនធានធម្មជាតិប្រចាំនៅកម្ពុជា (WWF-Cambodia) រៀបចំសន្និសីទកាសែតមួយស្ដីពីការអនុម័តផែនការសកម្មភាពអភិរក្សខ្លាធំនៅកម្ពុជា នៅថ្ងៃទី៦ ខែមេសា។ ការរៀបចំសន្និសីទនេះ ធ្វើឡើងបន្ទាប់ពីអង្គការនេះបានជំរុញរដ្ឋាភិបាល អនុម័តផែនការសកម្មភាពអភិរក្សខ្លាធំ និងប្ដេជ្ញាចិត្តរៀបចំកម្មវិធីស្ដារសត្វខ្លាធំនៅក្នុងតំបន់អភិរក្សស្នូល នៃព្រៃការពារក្នុងខេត្តមណ្ឌលគិរី ដែលចាត់ទុកថាជាតំបន់ព្រៃអាទិភាពដំបូង។
ការអនុម័តផែនការសកម្មភាពអភិរក្សខ្លាធំនេះ គឺស្របទៅនឹងគោលដៅជាសកលនៃការបង្កើនចំនួនទ្វេដងនូវសត្វខ្លាធំនៅឆ្នាំ២០២២។
សត្វខ្លាធំ ត្រូវបានគេថតបានលើកចុងក្រោយដោយកាមេរ៉ាស្វ័យប្រវត្តិកាលពីឆ្នាំ២០០៧ នៅក្នុងព្រៃការពារមណ្ឌលគិរី។ អង្គការមូលនិធិសត្វព្រៃពិភពលោក ឲ្យដឹងថា មិនមានការបង្កាត់ពូជថ្មីណាមួយនៃសត្វខ្លាធំឡើយនៅក្នុងប្រទេសកម្ពុជា នាពេលបច្ចុប្បន្ន។
ទាក់ទងនឹងការអភិរក្សសត្វខ្លាធំនេះដែរ រដ្ឋមន្ត្រីប្រចាំតំបន់អាស៊ី និងមន្ត្រីរដ្ឋាភិបាលមកពីប្រទេសចំនួន១៣ ដែលមានសត្វខ្លាធំ នឹងជួបប្រជុំពិភាក្សាជាលើកទី៣ នៅថ្ងៃទី១២ ដល់ថ្ងៃទី១៤ មេសា នៅទីក្រុងញូដេលី (New Delhi) ប្រទេសឥណ្ឌា។ កិច្ចប្រជុំនេះ មានគោលដៅជាសកលដើម្បីបង្កើនចំនួនទ្វេដងនៃចំនួនសត្វខ្លាធំ។ មន្ត្រីក្រសួងបរិស្ថាន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរបស់កម្ពុជា ក៏នឹងទៅចូលរួមកិច្ចប្រជុំនោះដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។