តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ចំនួន ៦រូប បានស្នើទៅរដ្ឋាភិបាលអភិរក្ស និងអភិវឌ្ឍតំបន់អារ៉ែង ក្នុងស្រុកថ្មបាំង ខេត្តកោះកុង ឲ្យក្លាយទៅជាតំបន់អេកូទេសចរណ៍ធម្មជាតិ ដើម្បីជួយរកចំណូលចូលថវិកាជាតិ និងដើម្បីលើកកម្ពស់ការរស់នៅរបស់ពលរដ្ឋតាមរយៈវិស័យនេះ។
ការស្នើសុំអភិវឌ្ឍន៍តំបន់អារ៉ែង ជាតំបន់អេកូទេសចរណ៍នៅពេលនេះ ធ្វើឡើងបន្ទាប់ពីតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ មណ្ឌលសៀមរាប លោក អ៊ុំ សំអាន បានធ្វើដំណើរទៅកាន់តំបន់អារ៉ែង កាលពីដើមខែឧសភា កន្លងទៅ។
តំណាងរាស្ត្រម្នាក់ក្នុងចំណោមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដែលបានដាក់សំណើនេះ លោក អ៊ុំ សំអាន បានប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី២០ ខែឧសភា ថា រូបលោក និងតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ចង់ឲ្យរដ្ឋាភិបាលអភិវឌ្ឍតំបន់អារ៉ែង នេះឲ្យទៅជាតំបន់អេកូទេសចរណ៍ធម្មជាតិវិញនោះ ព្រោះតំបន់អារ៉ែង មានសក្ដានុពលយ៉ាងខ្លាំងសម្រាប់សហគមន៍រស់នៅតំបន់នោះ និងសម្រាប់ប្រជាពលរដ្ឋទូទៅ៖ «ខ្ញុំគិតថា បើរដ្ឋាភិបាលយកតំបន់អារ៉ែង ទៅជាទំនប់វារីអគ្គិសនី វានឹងបាត់បង់ធនធានធម្មជាតិនៅកម្ពុជា ធំធេងណាស់ ដូច្នេះខ្ញុំនិងតំណាងរាស្ត្រសង្គ្រោះជាតិ ចង់ឃើញរដ្ឋាភិបាលអភិវឌ្ឍន៍ (តំបន់) នោះទៅជាតំបន់ទេសចរណ៍ធម្មជាតិ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ»។
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិរូបនេះ មានប្រសាសន៍ទៀតថា បើទោះជាកន្លងមកលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បានប្រកាសថា នឹងគ្មានការអភិវឌ្ឍទំនប់វារីអគ្គិសនីនៅតំបន់អារ៉ែង ក្នុងរដ្ឋាភិបាលអាណត្តិទី៥នេះក៏ដោយ ក៏លោកនិងតំណាងរាស្ត្រសង្គ្រោះជាតិ ចង់ឲ្យរដ្ឋាភិបាលលុបចោលគម្រោងសាងសង់ទំនប់វារីអគ្គិសនីទាំងស្រុង ហើយកែប្រែតំបន់នេះទៅជាតំបន់ទេសចរណ៍បែបធម្មជាតិវិញ ព្រោះថា តំបន់អារ៉ែង មានសក្ដានុពលច្រើនសម្រាប់ទាក់ទាញភ្ញៀវទេសចរ។
ឆ្លើយតបនឹងការស្នើសុំនេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក ឈឹម ផលវរុណ មានប្រសាសន៍ថា កន្លងទៅប្រមុខរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បានអះអាងរួចហើយថា មិនមានការអភិវឌ្ឍតំបន់អារ៉ែង ទៅជាទំនប់វារីអគ្គិសនីនៅក្នុងអាណត្តិនេះនោះទេ។ លោកថា តំណាងរាស្ត្រសង្គ្រោះជាតិ គួរតែមានគម្រោងច្បាស់លាស់ដាក់ជូនរដ្ឋាភិបាល មិនមែនគ្រាន់តែនិយាយ និងដាក់សំណើធម្មតានោះទេ៖ «បើគាត់អនុវត្តតាមតួនាទីតំណាងរាស្ត្រ មែនជារឿងល្អ មិនគ្រាន់តែដើរនិយាយម្ដងរឿងព្រំដែន និងម្ដងរឿងអារ៉ែង នោះវាមិនល្អទេ»។
កន្លងមកអង្គការមាតាធម្មជាតិ ដែលបានសិក្សាលើផលប៉ះពាល់នៅតំបន់អារ៉ែង បានលើកឡើងថា តំបន់អារ៉ែង ជាតំបន់ដែលនៅសេសសល់ធនធានធម្មជាតិ និងសត្វកម្រជាង ៣០ប្រភេទ ហើយក៏ជាតំបន់ព្រៃឈើដែលនៅសេសសល់ចុងក្រោយរបស់កម្ពុជា ផងដែរ។ ប្រសិនបើគម្រោងសាងសង់ទំនប់វារីអគ្គិសនីស្ទឹងអារ៉ែង របស់ក្រុមហ៊ុនចិន ស៊ីណូ ហាយដ្រូ (Sino Hydro) ត្រូវបានអនុម័តមែននោះ ព្រៃឈើ ព្រៃអារក្ស ដីស្រែចម្ការ និងផ្ទះសម្បែងនៅលើទំហំដីប្រមាណ ២ម៉ឺនហិកតារនោះនឹងត្រូវបំផ្លាញទាំងស្រុង។
បើតាមសំណើដាក់ជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តាមរយៈប្រធានរដ្ឋសភា លោក ហេង សំ រិន កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៥ តំណាងរាស្ត្របក្សប្រឆាំងចង់ឲ្យរដ្ឋាភិបាលប្រែក្លាយតំបន់អារ៉ែងទៅជាតំបន់អេកូទេសចរណ៍ធម្មជាតិ ដើម្បីជំរុញវិស័យទេសចរណ៍កម្ពុជា កាន់តែប្រសើរឡើង។
បច្ចុប្បន្នតំបន់ស្ទឹងអារ៉ែង កំពុងទទួលបានការទាក់ទាញយ៉ាងខ្លាំងពីក្រុមយុវជន ភ្ញៀវទេសចរ និងអ្នកសិក្សាស្រាវជ្រាវបរិស្ថាន បន្ទាប់ពីតំបន់នេះស្រាកស្រាន្តពីភាពចម្រូងចម្រាសនៃគម្រោងសាងសង់ទំនប់វារីអគ្គិសនីមួយរយៈពេលខ្លីកន្លងមកនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។