អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង​បន្ត​អំពាវនាវ​ឲ្យ​អ្នក​ភូមិ​មិន​ព្រម​ទទួល​សំណង​ចាក​ចេញ​មុន​​ទឹក​លិច​ភូមិ

ដោយ រដ្ឋា វិសាល
2017.07.21
ប្រឆាំង​ វារីអគ្គិសនី​សេសាន​ក្រោម​២ ១៤៤០ អ្នក​ភូមិ​នៅ​ឃុំ​ស្រែគរ ក្នុង​ស្រុក​សេសាន ខេត្ត​ស្ទឹងត្រែង ដែល​មិន​ព្រម​ចាក​ចេញ​ពី​ភូមិ​កំណើត នាំ​គ្នា​សរសេរ​អក្សរ ស៊ូស្លាប់​មិន​ព្រម​ចាក​ចេញ។ រូបថត​ថ្ងៃ​ទី​៥ ខែ​កក្កដា ឆ្នាំ​២០១៧
RFA/Men Sothyr

អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង ចុះ​ផ្សព្វផ្សាយ និង​ពិនិត្យ​ស្ថានភាព​ពលរដ្ឋ​នៅ​ឃុំ​ស្រែគរ ជិត ១០០​គ្រួសារ​ដែល​ក្រាញននៀល​មិន​រុះរើ​លំនៅឋាន​ទៅ​រស់​នៅ​ភូមិ​ថ្មី​ជា​សំណង​ផល​ប៉ះពាល់​ទាក់ទិន​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ ខណៈ​ទឹក​ក្នុង​អាង​ស្តុក​ឡើង​ជា​បន្តបន្ទាប់។

​ស្ថានភាព​ទឹក​ក្នុង​អាង​ស្តុក​ទឹក​នៃ​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ មិន​ទាន់​មាន​សញ្ញា​បារម្ភ​ឡើយ នៅ​ពេល​ដែល​ពលរដ្ឋ​កំពុង​ក្រាញននៀល​រស់​នៅ​ភូមិ​ចាស់ បើ​ទោះ​បី​ទ្វារ​ទំនប់​ចំនួន​ពីរ​បាន​បិទ​រយៈពេល ៧​ថ្ងៃ​កន្លង​ទៅ​នេះ

​ក្រុម​ការងារ​សង្គ្រោះ​បន្ទាន់​នៃ​អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែ​កក្កដា បាន​ចុះ​ផ្សព្វផ្សាយ និង​ពិនិត្យ​ស្ថានភាព​ប្រជាពលរដ្ឋ​ភូមិ​ស្រែគរ ជិត ១០០​គ្រួសារ​ដែល​មិន​ព្រម​ចាក​ចេញ​ពី​ភូមិ​ឲ្យ​ប្រុងប្រយ័ត្ន​ពី​ផល​ប៉ះពាល់​នៅ​ពេល​ដែល​ទឹក​នឹង​ឡើង​កាន់​តែ​ខ្ពស់​លិច​ភូមិ​​រយៈពេល ១០​ថ្ងៃ​ខាង​មុខ ក៏ប៉ុន្តែ​មាន​ប្រជាពលរដ្ឋ​ប្រមាណ ៥ ទៅ ៦​នាក់ បាន​ចូលរួម​ស្តាប់​ការ​ផ្សព្វផ្សាយ​របស់​ក្រុម​ការងារ​នេះ។

​ប្រធាន​គណៈកម្មការ​ដោះស្រាយ​ផល​ប៉ះពាល់​ស្តីពី​ការ​សាងសង់​ទំនប់​វារីអគ្គិសនី​សេសានក្រោម២ និង​ជា​អភិបាល​រង​ខេត្ត​ស្ទឹងត្រែង លោក ដួង ពៅ បញ្ជាក់​ថា សំណូមពរ​របស់​ពលរដ្ឋ​ឲ្យ​ពន្យារ​ពេល​បិទ​ទំនប់​មិន​អាច​ធ្វើ​ទៅ​បាន​ទេ ពីព្រោះ​នេះ​ជា​គម្រោង​ថ្នាក់​ជាតិ​ត្រូវ​តែ​អនុវត្ត ក៏ប៉ុន្តែ​អាជ្ញាធរ​បាន​រៀប​​ចំ​ក្រុម​ការងារ​ដាក់​ប្រចាំ​នៅ​តំបន់​អ្នក​ភូមិ​រស់​នៅ ដើម្បី​ការពារ​សុវត្ថិភាព​ពលរដ្ឋ។

លោក​អំពាវនាវ​​ឲ្យ​ពលរដ្ឋ​ផ្លាស់ប្តូរ​ឥរិយាបទ​ទទួល​យក​សំណង​ដើម្បី​ផ្តល់​លទ្ធភាព​ឲ្យ​ក្រុម​ការងារ​ស្រង់​ទិន្នន័យ​​ដីធ្លី​ទ្រព្យសម្បត្តិ​ពួកគាត់​មុន​ពេល​ទឹក​លិច៖ «សំណូមពរ​អ៊ីចឹង ប៉ុន្តែ​យើង​មិន​បង្ខំ​គាត់​ទេ បើសិន​សំណូមពរ​យើង ពលរដ្ឋ​គាត់​សហការ យើង​នឹង​ជួយ​គាត់​រើ​ផ្ទះសម្បែង​កុំ​ឲ្យ​លិចលង់ ទៅ​នៅ​ផ្ទះ​ថ្មី​ដែល​យើង​បាន​សាងសង់​ជូន​ពួកគាត់​ហើយ​ក្នុង​​ករណី​គាត់​មិន​រុះរើ យើង​មិន​ដឹង​ធ្វើ​ម៉េច យើង​មិន​បង្ខំ​ពួកគាត់​ទេ»

​រហូត​មក​ទល់​នឹងរ​សៀ​ល​ថ្ងៃ​ទី​២១ ខែ​កក្កដា ប្រជាពលរដ្ឋ​រស់​នៅ​ភូមិ​ស្រែគរចាស់ ឲ្យ​ដឹង​ថា ស្ថានភាព​ទឹក​ទន្លេ​ស្រក​ចុះ​ប្រមាណ ២​តឹក ប្រៀបធៀប​កម្ពស់​ទឹក​ទន្លេ​កាល​ពី​ថ្ងៃ​ទី​២០ ខែ​កក្កដា។

​អ្នក​ភូមិ​ដែល​មិន​ព្រម​ចាក​ចេញ​លោក ហ្វុត ឃឿន បញ្ជាក់​ថា អ្នក​ភូមិ​ភាគ​ច្រើន​នៅតែ​រក្សា​ជំហរ​រស់​នៅ​​ភូមិ​ចាស់ បើ​ទោះ​បី​ស្ថានភាព​ទឹក​លិច​ធ្វើ​ឲ្យ​ប៉ះពាល់​ជីវភាព និង​សុវត្ថិភាព​រស់​នៅ​របស់​អ្នក​ភូមិ​យ៉ាង​​ណា​ក្តី។ លោក​ថា អ្នក​ភូមិ​រៀបចំ​ក្បូន ឬ​ទូក​សម្រាប់​ជម្លៀស​ក្រុម​គ្រួសារ​ទៅ​ស្នាក់នៅ​ទួល​សុវត្ថិភាព​​ប្រសិន​ទឹក​លិច​ផ្ទះ៖ «ចុះ​ទាប​បន្តិច​ហើយ វា​ជន់​ទឹក​ភ្លៀង អ្នក​ខ្លះ​ព្រម​ទទួល​សំណង​ទៅ​ពីរ​បី​បួន​គ្រួសារ អ្នក​ខ្លះ​ប្រកាន់​​ជំហរ​មិន​ចេញ»

​របាយការណ៍​របស់​អាជ្ញាធរ​ឃុំ​ស្រែគរ ឲ្យ​ដឹង​ថា អំឡុង​ពេល​ទំនប់​បិទ​ទ្វារ​ទឹក​ចំនួន​ពីរ​ជា​ដំបូង​នេះ មាន​អ្នក​ភូមិ​ស្រែគរ ចំនួន ៤​គ្រួសារ​ថ្មី​បាន​សម្រេច​ចិត្ត​ទទួល​យក​សំណង ហើយ​ចាក​ចេញ​ពី​ភូមិ​ចាស់។ ចំណែក​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​បារម្ភ​ពី​ផល​ប៉ះពាល់​សុវត្ថិភាព និង​សុខភាព​ពលរដ្ឋ​ដែល​បន្ត​រស់​នៅ ប្រសិន​ទឹក​លិច​ផ្ទះសម្បែង ឬ​ភូមិ​នៅ​ពេល​ខាង​មុខ។

នាយក​ប្រតិបត្តិ​វេទិកា​នៃ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ស្ដីពី​កម្ពុជា ហៅ​កាត់​ថា (NGO-Forum) លោក តឹក វណ្ណារ៉ា ថ្លែង​ថា អាជ្ញាធរ​ពាក់ព័ន្ធ និង​ក្រុមហ៊ុន​គួរ​តែ​ជួប​ពិគ្រោះ​យោបល់​ជាមួយ​ពលរដ្ឋ​បន្ថែម​ទៀត​ស្វែង​រក​ដំណោះស្រាយ​មូលមតិ​គ្នា​ដោះស្រាយ​បញ្ហា​នៅ​សេសសល់ មុន​ពេល​អ្នក​ភូមិ​ជួប​ហេតុការណ៍​អាក្រក់៖ «បើ​សិន​យើង​មូល​មតិ​គ្នា​តាំង​ចិត្ត​ទាំង​អស់​គ្នា ទាំង​ភាគី​ប្រជាជន​រង​គ្រោះ គួរ​ព្យាយាម​ជួប​គ្នា​ឲ្យ​បាន​​ច្រើន​ដង ហើយ​ដោះស្រាយ​មុន​ទឹក​លិច​ជា​រឿង​ល្អ​បំផុត បើសិន​ទុក​ឲ្យ​ទឹក​លិច​ហើយ​ឃើញ​ថា​ទិដ្ឋភាព​​អាក្រក់​ទាំង​អស់​គ្នា»

​ទោះ​បី​ជា​យ៉ាង​នេះ​ក្តី អ្នកនាំពាក្យ​សាលា​ខេត្ត​ស្ទឹងត្រែង លោក ម៉ែន គុង បញ្ជាក់​ថា តាម​លក្ខណៈ​​​បច្ចេកទេស ទី​ទួល​សុវត្ថិភាព​ដែល​អ្នក​ភូមិ​គ្រោង​នាំ​គ្នា​ស្នាក់នៅ គឺ​ទឹក​មិន​លិច​ដល់​ទេ ក៏ប៉ុន្តែ​ទី​នោះ​មិន​មាន​សេវា​សាធារណៈ​គ្រប់គ្រាន់​សម្រាប់​តម្រូវការ​របស់​អ្នក​ភូមិ​ឡើយ។ លោក​ថា អាជ្ញាធរ​នៅ​តែ​បន្ត​ជួប​ពិគ្រោះ​យោបល់ និង​ចុះ​ស្រង់​ទិន្នន័យ​ទ្រព្យសម្បត្តិ​ផល​ដំណាំ​ជូន​ពលរដ្ឋ​មុន​​ពេល​ទឹក​លិច​ភូមិ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។