អាជ្ញាធរខេត្តស្ទឹងត្រែង បានចាត់ក្រុមការងារចុះផ្សព្វផ្សាយឱសានវាទបិទទ្វារទំនប់វារីអគ្គិសនីសេសានក្រោមពីរជាផ្លូវការ ដើម្បីឲ្យប្រជាពលរដ្ឋរស់នៅភូមិស្រែគរចាស់ ប្រុងប្រយ័ត្ន និងសម្រេចចិត្តជាថ្មីទាក់ទិនគម្រោងទទួលយកសំណង ហើយចាកចេញទៅរស់នៅភូមិថ្មី។ ចំណែកពលរដ្ឋជិត ១០០គ្រួសារនៅក្នុងភូមិនេះ នៅតែបដិសេធមិនព្រមចាកចេញ ហើយមិនអនុញ្ញាតឲ្យក្រុមការងារនេះបោះទីតាំងនៅក្នុងភូមិពួកគេ។
ពលរដ្ឋភូមិស្រែគរ ដែលតវ៉ាប្រឆាំងគម្រោងជម្លៀសអ្នកភូមិទៅរស់នៅភូមិថ្មី នៅតែបដិសេធមិនទទួលយកសំណង និងមិនអនុញ្ញាតឲ្យដាក់ក្រុមការងារប្រចាំការនៅក្នុងភូមិ ដើម្បីទំនាក់ទំនងផ្លាស់ប្ដូរយោបល់ដោះស្រាយបញ្ហាជាមួយអ្នកភូមិនោះទេ។
ការបដិសេធនេះ ធ្វើឡើងនៅថ្ងៃទី១២ ខែសីហា ខណៈក្រុមការងារអាជ្ញាធរខេត្ត រួមមានមន្ត្រីមកពីឃុំ ស្រុក ខេត្ត និងតំណាងក្រុមហ៊ុនទំនប់វារីអគ្គិសនីសេសានក្រោមពីរ បានជួបប្រជុំជាមួយអ្នកភូមិជិត ៥០នាក់នៅវត្តស្រែគរចាស់។
មេឃុំស្រែគរ លោក សៀក មេគង្គ បញ្ជាក់ថា អាជ្ញាធរនៅតែយកចិត្តទុកដាក់ពីសុខទុក្ខអ្នកភូមិ បើទោះបីពួកគាត់សម្រេចចិត្តមិនចាកចេញក្តី។ លោកថា អាជ្ញាធរគ្មានគោលការណ៍បណ្ដេញអ្នកភូមិដោយបង្ខំនោះទេ ក៏ប៉ុន្តែអាជ្ញាធរលើកទឹកចិត្តឲ្យអ្នកភូមិចូលរួមពិគ្រោះយោបល់បន្តជាមួយអាជ្ញាធរ ដើម្បីរួមគ្នាដោះស្រាយបញ្ហាជូនពលរដ្ឋ៖ « តែកាលណាលិចផុតហើយ យើងទៅរាប់ឯណាបាន ? សួរថាបាត់បង់អ្នកណា ? បាត់បង់បងប្អូនពុកម៉ែទាំងអស់។ ទាក់ទងសន្តិសុខសុវត្ថិភាពរបស់ខ្លួន ដល់ពេលទឹកលិចថ្នាំសង្កូវ សុខភាព បញ្ហាសិស្ស ជាអាជ្ញាធរ ខ្ញុំបារម្ភមែនទែន បារម្ភរឿងសិស្ស »។
ក្រុមហ៊ុនទំនប់វារីអគ្គិសនីសេសានក្រោមពីរ គ្រោងបិទទ្វារទឹកជាផ្លូវការទាំងអស់ចំនួន ១០ទ្វារ ដើម្បីទប់ទឹកបញ្ចូលអាងនៅថ្ងៃទី២៥ ខែកញ្ញា ស្របពេលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អញ្ជើញសម្ពោធបើកដំណើរការទំនប់វារីអគ្គិសនីនេះ។
ប្រជាពលរដ្ឋភូមិស្រែគរចាស់ លោក ហ្វុត ឃឿន បញ្ជាក់ថា បើទោះបីទឹកលិចភូមិយ៉ាងណា លោក និងអ្នកភូមិមួយចំនួនទៀត សម្រេចចិត្តយកទីទួលសុវត្ថិភាពនៅក្បែរភូមិដើម្បីសង់ជម្រករស់នៅ ហើយប្រកបរបរចិញ្ចឹមជីវិតនៅតំបន់នោះបន្ត ដោយមិនព្រមទទួលយកសំណងពីក្រុមហ៊ុននោះទេ។ លោកកត់សម្គាល់ថា កន្លងទៅមានកងប៉ូលិសខ្លះដែលដាក់ប្រចាំការច្រកចេញចូលភូមិ បានហៅអ្នកភូមិជាជនក្បត់ជាតិ ហើយរារាំងមិនឲ្យដឹកទំនិញ និងសម្ភារៈផ្គត់ផ្គង់ជីវភាពចូលភូមិនោះទេ។ លោកចាត់ទុកថា នេះជាការប្រមាថ និងគាបសង្កត់ផ្លូវចិត្តពលរដ្ឋដែលកំពុងប្រឈមនឹងជីវភាពរស់នៅ៖ « ថាឲ្យចេញអស់ហើយដើម្បីយកប៉ូលិសមកដាក់តាមដងផ្លូវ មកតាមផ្លូវធ្វើអ្វី គឺដើម្បីគាបមិនឲ្យការចេញចូលរបស់ប្រជាពលរដ្ឋនាំរឿងនាំសារដែលពលរដ្ឋរងគ្រោះហ្នឹង »។

ពលរដ្ឋដែលចូលរួមប្រជុំ ភាគច្រើនបានឯកភាពមិនឲ្យអាជ្ញាធរដាក់ក្រុមការងារប្រចាំការនៅក្នុងភូមិទេ បើទោះបីតំណាងអាជ្ញាធរខេត្តបានសុំយកបរិវេណវត្តស្រែគរចាស់ ដាក់មន្ត្រីប្រចាំការដើម្បីទំនាក់ទំនងផ្ទាល់ជាមួយអ្នកភូមិ៖ « ទៅជួបគាត់ ខ្ញុំសុំគាត់មិនចង់ចាកចេញពីភូមិកំណើតទេ ចង់នៅនេះ តែគាត់មិនឲ្យជួប មូលហេតុអ្វី ? ខ្ញុំអន់ចិត្តដែរ ជាម៉ែឪអីក៏គ្រវែងកូនចោលដល់ថ្នាក់ហ្នឹង »។
ក្រុមហ៊ុនទំនប់វារីអគ្គិសនីបានបិទទ្វារទឹកសាកល្បងកាលពីដើមខែសីហា ធ្វើឲ្យទឹកជន់លិចភូមិស្រែគរ នៅតំបន់ទំនាប កម្ពស់ពីកន្លះម៉ែត្រទៅមួយម៉ែត្រ ខណៈទឹកក្នុងអាងកើនឡើងកម្រិត ៧១ម៉ែត្រធៀបនឹងនីវ៉ូទឹកសមុទ្រ។
តំណាងអាជ្ញាធរស្រុកសេសាន លោក សុខ រេន បញ្ជាក់ថា អាជ្ញាធរនៅតែបន្តជួយដោះស្រាយបញ្ហាកើតមានចំពោះអ្នកភូមិ ប្រសិនបើអ្នកភូមិមិនចាកចេញ។ លោកថា ក្រុមការងារចម្រុះថ្នាក់ខេត្តនេះនឹងនៅតែទទួលចុះឈ្មោះ និងស្រង់ទិន្នន័យទ្រព្យសម្បត្តិ ដីធ្លី ផលដំណាំជូនអ្នកភូមិ ប្រសិនបើពួកគាត់សម្រេចចិត្តទទួលសំណងមុនពេលទឹកលិចភូមិ៖ « អាស្រ័យលើការពេញចិត្ត ឬមិនពេញចិត្តរបស់ពុកម៉ែបងប្អូន គិតពីផលលំបាកផលប៉ះពាល់ទៅថ្ងៃមុខសម្រាប់កូនចៅ ទោះពុកម៉ែបងប្អូនថាមកបង្ខំក៏អត់ដែរ អ៊ីចឹងធ្វើម៉េចជួយសម្រួលឲ្យក្រុមយើងខ្ញុំបានធ្វើការនៅទីនេះ »។
តួលេខរបស់អាជ្ញាធរឃុំស្រែគរ ឲ្យដឹងថា ប្រជាពលរដ្ឋភូមិស្រែគរ១ និងស្រែគរ២ មិនទាន់យល់ព្រមទទួលសំណងមានចំនួន ៩១គ្រួសារ គិតជាខ្នងផ្ទះមានចំនួន ៨៧ខ្នងផ្ទះ ក៏ប៉ុន្តែរហូតមកទល់នឹងថ្ងៃទី១២ ខែសីហា មានពលរដ្ឋ ១០ខ្នងផ្ទះ និងអ្នកបំបែកផ្ទះពីរគ្រួសារ បានយល់ព្រមទទួលសំណង ហើយចាកចេញពីភូមិចាស់ ធ្វើឲ្យតួលេខប្រជាពលរដ្ឋនៅសល់មានចំនួន ៧៧ខ្នងផ្ទះ ស្មើនឹង ៧៨គ្រួសារ។
ទាក់ទិនបញ្ហានេះដែរ តំណាងអាជ្ញាធរខេត្ត អ្នកស្រី អេង សោភា នៅតែទទូចឲ្យអ្នកភូមិផ្តល់ទីតាំងក្នុងភូមិ ដើម្បីក្រុមការងារមានលទ្ធភាពបំពេញការងារផ្សព្វផ្សាយទាក់ទិនឱសានវាទនៃការបិទទ្វារទឹក ដើម្បីឲ្យអ្នកភូមិមានការប្រុងប្រយ័ត្ន និងសម្រេចចិត្តជាថ្មី។ អ្នកស្រីបន្តថា អាជ្ញាធរខេត្តនៅតែប្រកាន់ជំហរដោះស្រាយបញ្ហាជូនអ្នកភូមិដោយគ្មានការបង្ខិតបង្ខំ៖ « ក្នុងខែ៩ ហ្នឹង យើងនឹងមានបិទទឹកហើយ។ ពួកខ្ញុំមកនេះ គឺជម្រាបពីគោលបំណងរឿងទាំងអស់ហ្នឹង។ បើបងប្អូនចង់ចាកចេញ ពួកខ្ញុំមកស្នាក់នៅទីនេះ គឺដើម្បីងាយស្រួលស្រង់ស្ថិតិជូនបងប្អូនទេ »។
តំណាងក្រុមហ៊ុនវារីអគ្គិសនីសេសានក្រោមពីរ លោក ផុន សុភាព ឲ្យដឹងថា ការបិទទ្វារទឹកជាផ្លូវការ នឹងអាចបង្កើនកម្ពស់ទឹកឡើងកម្រិត ៧២ម៉ែត្រធៀបនីវ៉ូទឹកសមុទ្រ ដែលអាចធ្វើឲ្យភូមិស្រែគរ ត្រូវលិចទាំងស្រុង។ យ៉ាងណាក៏ដោយ លោកអះអាងថា ក្រុមហ៊ុននឹងសហការជាមួយក្រុមការងារថ្នាក់ខេត្ត ផ្សព្វផ្សាយគោលនយោបាយផ្ទាល់សំណង និងឱសានវាទនៃការបិទទ្វារទឹករហូតដល់ថ្ងៃចុងក្រោយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។