ទោះជាមានការរិះគន់ខ្លាំងៗពីពលរដ្ឋ និងអ្នកដែលប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក (Facebook) ពីការបង្ហូរទឹកលូ ដែលជាកាកសំណល់ទីក្រុង ចូលក្នុងទន្លេចតុមុខ ពិសេសទន្លេបាសាក់តូចនោះ មន្ត្រីនាំពាក្យសាលារាជធានីភ្នំពេញ បដិសេធថា នេះគ្រាន់តែជាទឹកសាចចូលទន្លេប៉ុណ្ណោះនៅពេលស្ដារលូ មិនមែនជាការបើកបង្ហូរទឹកលូឡើយ។
ការឆ្លើយតបនេះ ផ្ទុយពីមន្ត្រីជំនាញនៃក្រសួងបរិស្ថាន ដែលថា ការបើកទ្វារទឹកលូជាជម្រើសចុងក្រោយក្នុងការស្តារលូ ព្រោះលូបច្ចុប្បន្នមានមុខកាត់តូច និងកកស្ទះដោយកំហាប់ដីស្ទើរតែជិតមុខលូ ដូច្នេះការបើកបង្ហូរទឹកចេញ ជាការទុកចន្លោះសម្រាប់អ្នកបច្ចេកទេស បូមយកកាកសំណល់ដែលកកស្ទះចេញ។
មិនថាភ្ញៀវជាតិ ឬអន្តរជាតិ សូម្បីតែពលរដ្ឋទូទៅតែងមកលំហែកម្សាន្ត ហាត់ប្រាណ តាមប្រតាយមាត់ទន្លេ ពិសេសម្ដុំបរិវេណព្រះបរមរាជវាំង។ ការសម្រាកលំហែកាយ បានប្ដូរអារម្មណ៍អ្នកដំណើរទាំងនោះវិញ នៅពេលពួកគេស្រូបយកក្លិនស្អុយនៃការបោះសំរាម ឬការបន្ទោបង់ពាសវាលពាសកាល ពិសេសគឺការបង្ហូរទឹកកខ្វក់ចូលក្នុងទន្លេ។
យុវជនម្នាក់ដែលតែងមកកម្សាន្តនៅម្តុំមាត់ទន្លេជាប្រចាំ ដើម្បីកាត់បន្ថយអារម្មណ៍តានតឹង បានអោយអាស៊ីសេរី ដឹងថា ជានិច្ចកាល ពេលលោកមកអង្គុយលេងតែងមានក្លិនស្អុយជាប្រចាំ ពិសេសនៅកន្លែងក្បែរមាត់លូជាដើម។ លោកថា ទាំងក្លិន និងទឹកលូដែលហូរចូលទន្លេប៉ះពាល់ខ្លាំងដល់បរិស្ថាន និងជីវិតមនុស្ស៖ «ក្នុងការធ្វើអ្វីមួយ វាតែងតែប៉ះពាល់ តែសំខាន់ក្នុងនាមគាត់ដែលជារដ្ឋាភិបាលហ្នឹង ថាតើគាត់មានវិធីសាស្ត្រអីដើម្បីទប់ស្កាត់ផលប៉ះពាល់ហ្នឹង?»។
អាជីវករលក់ភេសជ្ជៈនៅម្តុំវត្តឧណ្ណាលោម ស្នើសុំមិនបញ្ចេញអត្តសញ្ញាណអះអាងប្រាប់អាស៊ីសេរីថា លោកតែងឃើញទឹកស្អុយហូរចូលទន្លេជាប្រចាំ វាមានក្លិនមិនល្អ ដែលប៉ះពាល់ដល់សុខភាព ជាងនេះទៅទៀត គឺកេរ្តិ៍ឈ្មោះរបស់កម្ពុជា។ បុរសវ័យជា ៤០ឆ្នាំរូបនេះ បានអោយដឹងទៀតថា លោកតែងតែលឺពាក្យរិះគន់ពីសំណាក់ភ្ញៀវទេសចរបរទេស។ គាត់ថា ពេលខ្លះគាត់ឃើញជនបរទេសទាំងនោះដើរបិទច្រមុះទៀតផង។

ឆ្លើយតបទៅនឹងការរិះគន់តៗគ្នា និងការចែករំលែករូបភាព ៣សន្លឹកតាមបណ្ដាញសង្គមហ្វេសប៊ុក (Facebook) ពីអ្នកប្រើប្រាស់ជាច្រើននាក់ អំពីការបង្ហូរទឹកស្អុយ ឬទឹកកខ្វក់ចូលទន្លេក្បែរវត្តឧណ្ណាលោម និងនៅមុខក្រសួងបរិស្ថាននោះ មន្ត្រីនាំពាក្យនៃសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្តី បានអះអាងអោយអាស៊ីសេរី ដឹងថា សាលារាជធានីភ្នំពេញ មិនបានបង្ហូរទឹកស្អុយចូលទន្លេដូចការចោទប្រកាន់នោះទេ។ ប៉ុន្តែដោយសារតែមានការប្រើប្រាស់កើនឡើង ដូច្នេះលូមានការកកស្ទះ ហើយដើម្បីបូមបាន មន្ត្រីមន្ទីរសាធារណការក្រុង ត្រូវបាញ់ទឹកចូលក្នុងលូ ដូច្នេះហើយទើបមានទឹកសាចចេញតាមបំពង់លូហូរចូលទន្លេ៖ «យើងមិនមែនបង្ហូរទឹកកខ្វក់ចូលទន្លេទេ ព្រោះដោយសារតែការប្រើប្រាស់មួយរយៈទៅវាមានកំណកនៃដីនៅក្នុងមាត់លូហ្នឹង ធ្វើអោយមានការកកស្ទះចរន្តលូហ្នឹងខ្លះ។ អ៊ីចឹងយើងត្រូវបូមដីហ្នឹងចេញ ដើម្បីអោយលំហូរនៅខាងក្នុងលូហ្នឹងវាធំហើយ ហូរទឹកបានលឿនបានល្អទៅវិញ។ អ៊ីចឹងដល់ត្រូវបូមចេញហ្នឹង មានឡើងបាញ់ទឹកដើម្បីអោយផុសៗដី នៅខាងក្នុងភក់ល្បាប់ហ្នឹង ហើយបានមានឡានមួយទៀត គាត់បូមល្បាប់ហ្នឹងចេញ ក៏ប៉ុន្តែអាការបូមហ្នឹងវាអត់អស់នៅសល់ខ្លះហៀរចូលទន្លេហ្នឹង»។
ផ្ទុយពីការឆ្លើយតបរបស់មន្ត្រីសាលារាជធានីភ្នំពេញ អគ្គនាយកនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន នៃក្រសួងបរិស្ថាន លោក ហេង ណារ៉េត បានផ្ដល់កិច្ចសម្ភាសន៍ថា ដោយសារតែកំណើនប្រជាពលរដ្ឋ និងសំណង់ជាច្រើន ដូច្នេះកាកសំណល់ទាំងរឹង និងរាវ ក៏មានការកើនឡើងដែរ។ លោកបន្តថា ប្រព័ន្ធលូចាស់នៅម្តុំផ្លូវសុធារស ដែលហូរទៅផ្លូវព្រះនរោត្តម មានមុខកាត់ ៨តឹក នោះមានកំណកដីជាង ៨០ភាគរយ ដូច្នេះវាបណ្ដាលអោយមានការកកស្ទះចូលផ្ទះប្រជាជន និងស្ថាប័នមួយចំនួននៅតំបន់នោះ។ ជាដំណោះស្រាយចំពោះមុខ គឺត្រូវស្តារលូនោះចេញ ហើយដើម្បីស្តារលូនោះ ខាងសាលារាជធានីភ្នំពេញ ដែលទទួលបន្ទុកផ្ទាល់ត្រូវបើកបង្ហូរទឹកលូចេញខ្លះ ដើម្បីអាចបូមកាកសំណល់ដីបាន។ លោកថា នេះជាដំណោះស្រាយចុងក្រោយ បើទោះជាការបង្ហូទឹកលូនេះ វាជៀសមិនផុតពីការប៉ះពាល់ដល់បរិស្ថានក៏ដោយ។
មន្ត្រីបរិស្ថានរូបនេះបញ្ជាក់ទៀតថា គម្រោងនៃការស្តារលូនេះ គ្រោងធ្វើរយៈពេលមួយខែ ដូច្នេះការបង្ហូរទឹកស្អុយចូលទន្លេនេះ អាចនឹងបន្តរហូតដល់អ្នកជំនាញអាចបូមកាកសំណល់ក្នុងលូបាន៖ «អាចថាចុងក្រោយក៏បាន គ្រាន់ថា ដូចខ្ញុំបានជម្រាបថា យើងបានថ្លឹងថ្លែងថា តើប្រសិនបើយើងអោយហូរទៅ វាមានផលប៉ះពាល់អីដែរអត់ទេ? អ៊ីចឹងយើងបានសិក្សាទៅលើគុណភាពទឹក គុណភាពទឹកលូហ្នឹង ថាតើកម្រិតពុលវាប៉ុណ្ណា ហើយក្នុងរយៈពេលប៉ុនហ្នឹងវាអាចមានផលប៉ះពាល់អីអត់ទេ?»។
លោក ហេង ណារ៉េត មន្ត្រីក្រសួងបរិស្ថាន បានអោយដឹងទៀតថា អាងស្តុកទឹកនៅម្តុំមាត់ទន្លេ គឺជាអាងស្តុកទឹកស្អុយ មិនមែនជាអាងចម្រោះទឹកនោះទេ។ អាងនោះពីសម័យមុខទសវត្សឆ្នាំ១៩៩០ គឺសម្រាប់ស្តុកទឹកភ្លៀង តែដោយសារបច្ចុប្បន្នប្រជាជនកើនឡើង អាងស្តុកទឹកភ្លៀងនេះត្រូវបានក្លែងជាអាងស្តុកទឹកស្អុយ ដែលជាកាកសំណល់រាវចេញពីផ្ទះប្រជាជន ដូចជាទឹកលូជាដើម។ ដូច្នេះអាងនេះបច្ចុប្បន្នត្រូវបានគេប្រើសម្រាប់ស្តុកទឹកស្អុយ ដើម្បីបង្វិលទឹកទាំងនោះទៅចាក់តាមបឹងវិញ ដូចជាបឹងជើងឯក និងបឹងត្របែក ជាដើម។ មន្ត្រីជំនាញខាងបរិស្ថាន រូបនេះបានបន្តថា គម្រោងនេះបានជំនួយមកពីរដ្ឋាភិបាលជប៉ុន តាមរយៈអង្គការចៃកា (JICA)។
ក្រសួងបរិស្ថាន បានចេញសេចក្ដីប្រកាសកាលពីថ្ងៃទី២២ ខែកុម្ភៈ ក្រោយមើលឃើញថា មានការបង្ហូរទឹកលូចូលទន្លេសាជាថ្មី បន្ទាប់ពីក្រសួងនេះធ្លាប់បានស្នើសាលារាជធានីភ្នំពេញ អោយបិទការបង្ហូរទឹកកខ្វក់កាលពីដើមឆ្នាំ២០១៧៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។