សង្គមស៊ីវិលដែលធ្វើការងារការពារធនធានធម្មជាតិ និងព្រៃឈើនៅកម្ពុជា លើកឡើងថា រាជរដ្ឋាភិបាលនៅមិនទាន់មានឆន្ទៈពិតប្រាកដក្នុងការទប់ស្កាត់បទល្មើសព្រៃឈើនៅឡើយ។ ពួកគេថា សកម្មភាពដាក់កម្លាំង និងត្រួតពិនិត្យកន្លែងស្តុកឈើ អាចធ្វើគ្រាន់តែល្អមើលប៉ុណ្ណោះ។ ការលើកឡើងជាថ្មីម្ដងទៀតនេះ ក្រោយពេលគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសឈើ ជាថ្មីម្ដងទៀតបានដឹកនាំកម្លាំងចុះមើលនៅទីតាំងស្តុកឈើនៅតំបន់ភូមិភាគឦសាន កាលពីព្រឹកថ្ងៃទី២៩ ខែមករា។
បណ្ដាញអ្នកស្រាវជ្រាវបទល្មើសធនធានធម្មជាតិនៅកម្ពុជា លើកឡើងថា ដើម្បីឱ្យមតិសាធារណៈមានជំនឿចិត្តចំពោះសកម្មភាពរបស់រាជរដ្ឋាភិបាលកំពុងធ្វើ ជុំវិញវិធានការបង្ក្រាប និងទប់ស្កាត់បទល្មើសព្រៃឈើ រាជរដ្ឋាភិបាលត្រូវយកច្បាប់មកអនុវត្តឱ្យបានត្រឹមត្រូវ និងបង្ហាញតម្លាភាពអំពីលទ្ធផលការងាររបស់ខ្លួន។
ប្រធានបណ្ដាញស្រាវជ្រាវបទល្មើសធនធានធម្មជាតិនៅកម្ពុជា លោក ឈឹម សាវុធ មានប្រសាសន៍ថា កម្លាំងគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ ឃើញតែចុះពិនិត្យនិងវាស់វែង ប៉ុន្តែមិនទាន់មានចំណាត់ការណាមួយទៅលើក្រុមអ្នកប្រព្រឹត្តបទល្មើសទាំងនោះឡើយ។ លោកបន្តថា ប្រសិនរាជរដ្ឋាភិបាលនៅតែបំពេញការងារបែបនេះ បទល្មើសរត់ពន្ធឈើ និងការកាប់បំផ្លាញព្រៃឈើនៅស្រុកខ្មែរ នៅតែកើតឡើងដដែល៖ «ខ្ញុំនៅតែគិតថា ការបង្ក្រាបហ្នឹងមិនមានឆន្ទៈពិតប្រាកដទេ»។
ការកត់សម្គាល់របស់អ្នកស្រាវជ្រាវបទល្មើសព្រៃឈើរូបនេះ ក្រោយពេលគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ ដឹកនាំដោយលោកនាយឧត្ដមសេនីយ៍ សៅ សុខា ចុះពិនិត្យកន្លែងស្តុកឈើមួយចំនួននៅតាមបណ្ដាខេត្តក្នុងភូមិភាគឦសានជាថ្មីទៀត នៅថ្ងៃទី២៩ ខែមករា។
ការចុះពិនិត្យកន្លែងស្តុកឈើបន្តបន្ទាប់ពេលនេះ ស្របពេលក្រុមឈ្មួញរកស៊ីឈើមួយចំនួនកំពុងរិះរកវិធីដើម្បីបំបាត់ភស្តុតាងបទល្មើសរបស់ពួកគេ ដូចជា ដុតកំណាត់ឈើរាប់ពាន់ដុំចោល ជីកកប់ឈើមូលធំៗរាប់ដើម ដុតស្ពានឆ្លងកាត់ទៅកាន់ទីតាំងលាក់ឈើប្រណីតជាដើម។
ទាក់ទងបញ្ហានេះ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក អេង ហ៊ី មានប្រសាសន៍នៅថ្ងៃទី២៩ ខែមករា ថា បេសកកម្មគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ គឺត្រូវចុះពិនិត្យមើលកន្លែងស្តុកឈើនៅក្នុងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ មួយកន្លែង បន្ទាប់មកសមត្ថកិច្ចនឹងបន្តដំណើរទៅខេត្តក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងរតនគិរី បន្តទៀត។
លោកថា ដោយសារការត្រួតពិនិត្យស្ថិតនៅក្នុងការស្រាវជ្រាវនៅឡើយ ដូច្នេះមិនទាន់អាចនិយាយពីនីតិវិធីបានទេ ហើយគណៈកម្មការជាតិមួយនេះ មិនដែលបញ្ចេញព័ត៌មានថា ជាឈើរបស់បុគ្គលណា ឬក្រុមហ៊ុនណាដែរ ពីព្រោះវាជារឿងសម្ងាត់។ លោកថា អ្នកដែលមិនមានជំនឿចិត្តចំពោះគណៈកម្មការជាតិមួយនេះ អាចដោយសារពួកគេមិនទាន់យល់ច្បាស់ប៉ុណ្ណោះ៖ «យើងធ្វើហ្នឹងដើម្បីឱ្យមានទំនុកចិត្ត ព្រោះនៅក្នុងស្មារតីប្រជុំរបស់សមាជិកគណៈកម្មាធិការ គឺប្ដេជ្ញាចិត្តខ្ពស់ណាស់»។
មន្ត្រីនាំពាក្យដដែលបន្ថែមថា ស្របពេលសមត្ថកិច្ចកំពុងបំពេញការងារ ពលរដ្ឋត្រូវរក្សាភាពស្ងប់ស្ងាត់ ហើយត្រូវចូលរួមសហការផ្ដល់ព័ត៌មានចំពោះបទល្មើសឈើទាំងឡាយមកគណៈកម្មាធិការជាតិមួយនេះ។ លោកមានជំនឿថា ប្រជាពលរដ្ឋនឹងមានទំនុកចិត្តលើរាជរដ្ឋាភិបាលនៅពេលណាអាជ្ញាធរបញ្ចេញលទ្ធផលការងាររបស់ខ្លួនជាផ្លូវការ បន្ទាប់គណៈកម្មការជាតិមួយនេះបញ្ចប់ការស៊ើបអង្កេត។
យ៉ាងណាប្រជាពលរដ្ឋ សង្គមស៊ីវិល នៅរង់ចាំមើលរឿងនេះបន្តទៀត ថាតើមានប្រសិទ្ធភាពកម្រិតណា? មិនតែប៉ុណ្ណោះ សង្គមស៊ីវិលធ្វើការងាររឿងព្រៃឈើ ក៏ត្រៀមបញ្ចេញរបាយការណ៍របស់ខ្លួនជុំវិញអ្នកពាក់ព័ន្ធបទល្មើសព្រៃឈើនៅស្រុកខ្មែរប្រមាណ ៣ពាន់នាក់ ក្នុងពេលឆាប់ៗ។ ក្នុងនោះ មានទាំងមន្ត្រីមានអំណាចធំៗ មេទាហាន មន្ត្រីកងរាជអាវុធហត្ថ និងអ្នកមានបុណ្យស័ក្ដិក្រាស់ៗជាដើម។
ក្រោយពេលគណៈកម្មាធិការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ បង្កើតឡើងកាលពីថ្ងៃទី១៥ ខែមករា ការចុះត្រួតពិនិត្យកន្លែងស្តុកឈើ រួមមាននៅតំបន់មួយចំនួននៅក្នុងខេត្តត្បូងឃ្មុំ ខេត្តក្រចេះ ស្ទឹងត្រែង ដោយរកឃើញកំណាត់ឈើរាប់ពាន់ដុំ និងរាប់រយដើម ប៉ុន្តែគណៈកម្មការជាតិមួយនេះ នៅមិនទាន់បង្ហាញពីរបាយការណ៍ និងអ្នកពាក់ព័ន្ធឈើទាំងនោះនៅឡើយទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។