មន្ត្រីជាន់ខ្ពស់នៃក្រសួងកសិកម្ម បានលើកឡើងថា ការប្រែប្រួលអាកាសធាតុកំពុងក្លាយជាកង្វល់ និងជាឧបសគ្គដល់គោលនយោបាយអភិវឌ្ឍន៍ដោយចីរភាព ដើម្បីធានាសន្តិសុខស្បៀង និងការលុបបំបាត់ភាពក្រីក្រនៅកម្ពុជា។
មន្ត្រីកសិកម្មលើកឡើងបែបនេះ នៅក្នុងសិក្ខាសាលាស្ដីពីការប្រមូលផ្តុំចំណេះដឹងវិទ្យាសាស្ត្រ សម្រាប់ការប្រែប្រួលអាកាសធាតុ កសិកម្ម និងសន្តិសុខស្បៀងនៅទី២៨ ខែឧសភា។
ចំណាកស្រុក ការថយចុះមនុស្សដែលមានកម្លាំងពលកម្មនៅក្នុងវិស័យកសិកម្ម ការថយចុះគុណភាពដី ភាពរាំងស្ងួត ទឹកជំនន់ និងខ្យល់ព្យុះ និងបញ្ហាជាច្រើនទៀត គឺជាផល់ប៉ះពាល់ដែលបណ្ដាលមកពីការប្រែប្រួលអាកាសធាតុទៅលើវិស័យកសិកម្ម។
រដ្ឋលេខាធិការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ទី សុគន្ធ បានលើកឡើងថា បច្ចុប្បន្នការប្រែប្រួលអាកាសធាតុជាបញ្ហាចម្បងរបស់ពិភពលោក។ លោកថា ប្រទេសកម្ពុជា មិនមែនជាប្រទេសដែលធ្វើឲ្យមានការប្រែប្រួលអាកាសធាតុនោះទេ តែកម្ពុជា ជាប្រទេសដែលទទួលរងឥទ្ធិពលពីការប្រែប្រួលអាកាសធាតុ។ លោកបន្តថា កម្ពុជា បានប្រឈមបញ្ហាភាគច្រើន គឺគ្រោះរាំងស្ងួត គ្រោះទឹកជំនន់ និងខ្យល់ព្យុះជាដើម ហើយភាគច្រើនប៉ះពាល់ចំពោះប្រជាពលរដ្ឋដែលប្រកបរបរកសិកម្ម។
រដ្ឋលេខាធិការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រូបនេះ បានឲ្យដឹងទៀតថា ឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុជាកត្តារាំងស្ទះដល់គោលនយោបាយកាត់បន្ថយភាពក្រីក្រ ដើម្បីធានាសន្តិសុខស្បៀងនៅកម្ពុជា។ លោកថា ដើម្បីដោះស្រាយបញ្ហានេះ រដ្ឋាភិបាលបានបង្កើតឲ្យមានការអភិវឌ្ឍប្រព័ន្ធកសិកម្មប្រកបដោយភាពវ័យឆ្លាតដល់កសិករ ដើម្បីធានាឲ្យបាននូវសន្តិសុខស្បៀង ឈានទៅរកការកាត់បន្ថយភាពក្រីក្រនៅកម្ពុជា៖ «ដើម្បីកាត់បន្ថយភាពក្រីក្រនៅកម្ពុជា ក្រសួងកសិកម្ម បានបណ្តុះបណ្តាលដល់កសិករឲ្យងាកមកធ្វើកសិកម្មតាមរយៈការធ្វើកសិកម្មតាមប្រព័ន្ធប្រពលវប្បកម្ម ដាំដំណាំចម្រុះ បូកផ្សំនឹងការចិញ្ចឹមសត្វ ការចិញ្ចឹមត្រី ដើម្បីឲ្យកសិករយើងទទួលបានចំណូលទ្រទ្រង់ការរស់នៅប្រចាំថ្ងៃ»។
ចំណែកឯអ្នកដឹកនាំកម្មវិធីការប្រែប្រួលអាកាសធាតុ កសិកម្ម និងសន្តិសុខស្បៀង ប្រចាំតំបន់អាស៊ី (CCAFS-SEA) លោក លីអូ សេប៉ាស្ទៀន (Leo Sebastian) មានប្រសាសន៍ថា បើទោះជាកន្លងមក បណ្ដាប្រទេសនៅលើពិភពលោកកំពុងតែយកចិត្តទុកដាក់ដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ តែមិនទាន់មានលក្ខណៈប្រសើរនោះទេ។ លោកបន្តថា ប្រទេសដែលរងផលប៉ះពាល់ភាគច្រើនជាប្រទេសកំពុងអភិវឌ្ឍ មានចំណូលទាប ហើយបញ្ហានេះកំពុងធ្វើឲ្យប្រទេសដែលរងគ្រោះទាំងនោះខ្វះខាតនូវសន្តិសុខស្បៀង និងមានភាពក្រីក្រ។ លោកបន្តថា កម្ពុជា ដើម្បីដោះស្រាយបញ្ហានេះបាន ទាមទារឲ្យមានការចូលរួមទាំងអស់គ្នា។
សិក្ខាសាលាស្ដីពីការប្រមូលផ្តុំចំណេះដឹងវិទ្យាសាស្ត្រ សម្រាប់ការប្រែប្រួលអាកាសធាតុ កសិកម្ម និងសន្តិសុខស្បៀង ការប្រែប្រួលអាកាសធាតុបង្ហាញឲ្យដឹងថា ការប្រែប្រួលអាកាសធាតុបណ្ដាលមកពីកត្តារបស់មនុស្ស តាមរយៈការភាយឧស្ម័នផ្ទះកញ្ចក់ ហើយបញ្ហានេះនឹងប៉ះពាល់ដល់សន្តិសុខស្បៀងរបស់មនុស្សនៅលើពិភពលោកប្រមាណជាង ៩ពាន់លាននាក់ នៅឆ្នាំ២០៥០។ លើសពីនេះ ការប្រែប្រួលអាកាសធាតុ នឹងធ្វើឲ្យផលិតកម្មកសិកម្មពិភពលោកថយចុះប្រមាណ ២០% នៅឆ្នាំ២០៥០ ខណៈពិភពលោកត្រូវបង្កើតផលិតកម្មឲ្យបាន ៥០% លើសពីផលិតកម្មនាពេលបច្ចុប្បន្ននេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។