អាជ្ញាធរឃុំ និងសហគមន៍នេសាទរស់នៅឃុំសំបុក ស្រុកចិត្របូរី ខែត្រក្រចេះ បារម្ភពីការផុតពូជត្រីកម្រក្នុងតំបន់ និងជោគវាសនាសត្វផ្សោតនៅទន្លេមេគង្គខែត្រក្រចេះ កំពុងរងការគំរាមកំហែង ដោយក្រុមជនល្មើសនេសាទ ប្រើឧបករណ៍ខុសច្បាប់។ សហគមន៍អះអាងថា សត្វផ្សោតងាប់កន្លងទៅ ដោយសារក្រុមជនល្មើសប្រើឧបករណ៍នេសាទខុសច្បាប់ដូចជា ឆក់ក្ដៅ ឬត្រជាក់ និងពង្រាយមងនៅតំបន់សំខាន់ៗដែលផ្សោតឆ្លងកាត់។
សហគមន៍នេសាទព្រែកកាំពី រកឃើញជនល្មើសមុខដដែលៗ នៅមូលដ្ឋាននៅបន្តសកម្មភាពឆក់ត្រីនៅពេលយប់ថ្ងៃ នៅអន្លង់អភិរក្សព្រែកកាំពី និងតំបន់អភិរក្សផ្សេងទៀតដែលជាតំបន់ឆ្លងកាត់សំខាន់ៗ របស់សត្វផ្សោត និងត្រីមេពូជដែលច្រាលឡើង។ សហគមន៍ថា អាជ្ញាធរមូលដ្ឋាន និងឆ្មាំអភិរក្សបានកំណត់មុខសញ្ញាក្រុមជនល្មើសជាង១០នាក់រួចហើយ ដែលបានប្រើឧបករណ៍នេសាទខុសច្បាប់ នៅអន្លង់អភិរក្សជីវចម្រុះ ក៏ប៉ុន្តែមកទល់ពេលនេះ ជនសង្ស័យនៅតែបន្តសកម្មភាពនេសាទខុសច្បាប់ដដែលៗ។
សហគមន៍អភិរក្សផ្សោតព្រែកកាំពី លោក ឈ្នៀង លន បារម្ភថា ថ្វីត្បិតតំបន់នោះត្រូវបានរដ្ឋាភិបាលកំណត់ជាតំបន់អភិរក្សជីវចម្រុះក្ដី តែបទល្មើសនេសាទខុសច្បាប់បានកើតមានពេញបន្ទុក ដែលនាំឲ្យប៉ះពាល់ការចិញ្ចឹមជីវិតរបស់ត្រីផ្សោត និងត្រីមេពូជ។ លោកកត់សម្គាល់ថា បទពិសោធន៍កន្លងទៅ ផ្សោតច្រើនក្បាលងាប់ដោយសារការលួចនេសាទនៅអន្លង់អភិរក្ស ពីព្រោះជនល្មើសលូចឆក់ត្រីទាំងយប់ថ្ងៃ ហើយកិច្ចសហការបង្ក្រាបរបស់អាជ្ញាធរ និងឆ្នាំទន្លេនៅមានភាពចន្លោះប្រហោងច្រើន។
លោកថា កន្លងទៅសហគមន៍បានផ្ដល់ដំណឹងពីបទល្មើសនេសាទទៅអាជ្ញាធរពាក់ព័ន្ធ ក៏ប៉ុន្តែពុំមានលទ្ធផល។ លើសពីនេះ ឧបករណ៍ឆក់ត្រជាក់ដែលក្រុមជនល្មើសប្រើ នាំចូលពីប្រទេសវៀតណាម អាចមានលទ្ធភាពចាប់ត្រីម្ដងៗច្រើនគីឡូក្រាម ដែលគេឆក់ឋិតក្នុងអន្លង់អភិរក្សផ្សោតព្រែកកាំពី អាចប៉ះពាល់ការស្វែងរកចំណីចាប់ត្រី ជាអាហាររបស់ផ្សោត និងត្រីមេពូជដែលបង្កកំណើតនៅទីនោះ៖ «អ្នកដាក់មង ក៏ដាក់អ្នកឆក់ក៏ឆក់គ្រប់តែគ្នាពេញទឹកពេញដីហ្នឹង ឆក់ធម្មតាក៏មាន អាឆក់ត្រជាក់ក៏មាន។ ឆក់ត្រជាក់គេយកត្រីរំអិល អាឆក់ត្រជាក់គេយកត្រីស្រកាក៏បានស្អីក៏បាន»។
លោក ឈ្នៀង លន បន្ថែមថា ជនល្មើសនៅមូលដ្ឋានមួយចំនួនជាជនជាតិវៀតណាម ត្រូវបានសហគមន៍ស្គាល់ច្បាស់ថា ប្រើឧបករណ៍ឆក់ខុសច្បាប់ ក៏ប៉ុន្តែសមត្ថកិច្ចនៅតែរារែកមិនអនុវត្តច្បាប់ បែរជាបណ្ដោយជនសង្ស័យទាំងនោះឆក់ត្រីតាមអំពើចិត្ត។ បញ្ហានេះលោកចង់ឲ្យរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធ រកមធ្យោបាយបន្ថែមធ្វើយ៉ាងណាគាំពារសត្វផ្សោតឲ្យគង់វង្ស៖ «កន្លែងផ្សោតក៏ប៉ះពាល់ដែរ ព្រោះខែនេះផ្សោតវាទៅលើទៅមកអ៊ីចឹង ។ ផ្សោតនៅតាមជាយៗ អ្នកឆក់នៅតាមហ្នឹង។ អត់ឃើញមានអ្នកណាអើពើត្រួតពិនិត្យ យួនក៏មាន»។
នៅខែត្រក្រចេះ មានអន្លង់អភិរក្សផ្សោត និងត្រីមេពូជ ៦៤អន្លង់ ក្នុងនោះមានអន្លង់ ៥ ដែលផ្សោតរស់នៅ។ អន្លង់អភិរក្សទាំងនោះឋិតក្រោមការគ្រប់គ្រងរបស់ក្រសួងកសិកម្ម ដែលមានរដ្ឋបាលជលផល និងឆ្មាំទន្លេ ជាស្ថាប័នស្នូល មានកាតព្វកិច្ចធានាកិច្ចគាំពារបរិស្ថានអភិរក្សជីវចម្រុះ និងទប់ស្កាត់បទល្មើសនេសាទគ្រប់ប្រភេទ អនុលោមតាមអនុក្រឹត្យរបស់ប្រមុខរាជរដ្ឋាភិបាល ចុះថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១២។
ខ្លឹមសារអនុក្រឹត្យនោះបញ្ជាក់ថា ទន្លេមេគង្គខែត្រក្រចេះ គិតត្រឹមក្បាលកោះទ្រង់ ទល់មុខក្រុងក្រចេះ រហូតដល់ព្រំប្រទល់ខែត្រស្ទឹងត្រែង មានប្រវែង ៨៥គីឡូម៉ែត្រ ត្រូវចាត់ទុកជាតំបន់អភិរក្សផ្សោត ជីវចម្រុះ និងត្រីមេពូជ បែងចែកជាពីរតំបន់ គឺតំបន់ស្រទាប់ និងតំបន់ស្នូល។ តំបន់អន្លង់អភិរក្សព្រែកកាំពីរ ត្រូវបានគេចាត់ទុកជាតំបន់ស្នូល ដែលជាតំបន់ហាមឃាត់មិនឲ្យមានការនេសាទ ដោយសារតំបន់នោះគឺសំបូរដោយរុក្ខជាតិដុះចេញពីផ្ទៃទឹក ដែលជាជម្រកត្រីពងកូន និងផ្សោតរស់នៅ ក៏ប៉ុន្តែសហគមន៍នៅតែប្រទះឃើញជនល្មើសលូចឆក់ត្រី និងដាក់មងរាំងខ្ទប់ដំណើររបស់សត្វផ្សោត និងត្រីមេពូជឡើងចុះ។
មេឃុំសំបុក ស្រុកចិត្របូរី លោក ទុយ វណ្ណ ទទួលស្គាល់ថា បទល្មើសនេសាទនៅតំបន់អភិរក្សបានកើតមានពេញបន្ទុក ហើយលោកបានសហការជាមួយប៉ុស្តិ៍នគរបាលរួចហើយ ដោយកំណត់មុខសញ្ញាជនល្មើស ១៧នាក់ ក្នុងនោះ ២នាក់បានមកធ្វើកិច្ចសន្យាបញ្ឈប់ និង១៥នាក់ទៀត បដិសេធមិនមកបំភ្លឺនោះទេ ដោយសារអាងខ្នងបង្អែកដែលជាមានអ្នកមានឥទ្ធិពល។ លោកថាជនសង្ស័យ ១៥នាក់នោះ នគរបាលបានធ្វើពាក្យបណ្ដឹង និងរបាយការណ៍បញ្ជូនទៅស្ថាប័នអយ្យការខែត្រក្រចេះរួចហើយ៖ «រាល់ថ្ងៃយើងបានមានសហគមន៍ហើយ សហគមន៍បានចុះពង្រឹងចុះល្បាតអីដែរ ហើយវិសាលភាពទន្លេច្រើន។ យើងបានសញ្ញាអស់ហើយយើងហៅគេ គេមិនមក»។
ប្រធានឆ្មាំទន្លេ និងជាអនុប្រធានរដ្ឋបាលជលផលខែត្រក្រចេះ លោក ម៉ុក ពន្លក ធ្លាប់ឲ្យដឹងថា វិសាលភាពដែនអភិរក្សផ្សោត និងជីវចម្រុះនៅទន្លេមេគង្គធំធេង ដែលមានប្រជុំកោះស្មុគស្មាញ បង្កជាឧបសគ្គដល់បេសកកម្មអភិរក្សសត្វផ្សោត និងជីវចម្រុះ នៅមិនទាន់ឆ្លើយតបគ្រប់ជ្រុងជ្រោយទេ។ ហេតុនេះទាមទារឲ្យមានការចូលរួមពីសហគមន៍នេសាទពលរដ្ឋ និងអាជ្ញាធរ ត្រូវរួមគ្នាផ្ដល់ដំណឹងពីបទល្មើសនេសាទគ្រប់ប្រភេទមកអាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធ។ លោកថា ជនល្មើសហាក់មានបណ្ដាញដឹងមុន នៅគ្រាដែលឆ្មាំអភិរក្សចុះល្បាតក្រុមជនសង្ស័យតែងតែរត់គេចខ្លួនបាន។
អ្នកឃ្លាំមើលបរិស្ថានពន្យល់ថា កិច្ចគាំពារអភិរក្សផ្សោត និងត្រីមេពូជចាំបាច់ត្រូវមានការយកចិត្តទុកដាក់ពីសហគមន៍មូលដ្ឋានខ្លួនឯង ព្រោះបទពិសោធន៍កន្លងទៅសត្វផ្សោតងាប់ ដោយសារតែសកម្មភាពមនុស្ស។ ហេតុនេះទាមទារឲ្យអាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធត្រូវពង្រឹងការអនុវត្តច្បាប់ និងអនុវត្តលក្ខន្តិកៈរបស់សហគមន៍នេសាទឲ្យបានត្រឹមត្រូវ។
នាយកប្រចាំប្រទេសកម្ពុជា នៃអង្គការមូលនិធិសកលសម្រាប់អភិរក្សធនធានធម្មជាតិប្រចាំកម្ពុជា លោក សេង ទៀក ធ្លាប់បញ្ជាក់ថា វត្តមានសត្វផ្សោតបានដើរតួនាទីសំខាន់ក្នុងការស្វែងរកប្រាក់ចំណូលវិស័យទេសចរណ៍ដល់សហគមន៍ ត្បិតសក្ដានុពលដងទន្លេមេគង្គ ខែត្រក្រចេះ គឺជាជម្រកសត្វផ្សោតរស់នៅ និងស្វែងរកចំណី ក៏ប៉ុន្តែលោកបារម្ភថា ការអភិវឌ្ឍតាមដងទន្លេ ដូចជាទំនប់វារីអគ្គិសនី និងបទល្មើសនេសាទគឺជាឧបសគ្គចម្បងយាយីជីវិតសត្វផ្សោត។
សហគមន៍រស់នៅឃុំសំបុក បាននាំគ្នាអភិវឌ្ឍនៅតំបន់ផ្សោតរស់នៅ ប្រែក្លាយជាតំបន់ទេសចរណ៍ធម្មជាតិបៃតង បម្រើវិស័យទេសចរណ៍ ក្នុងទិសដៅរួមគ្នាអភិរក្សប្រព័ន្ធជីវចម្រុះ និងបង្កើនប្រាក់ចំណូលដល់សហគមន៍ជាច្រើនឆ្នាំមកហើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។