ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​បារម្ភ​ពី​ការ​បង្ហូរ​ទឹក​ស្អុយ​មាន​ជាតិ​គីមី​ចូល​តំបន់​ស្តុក​ទឹក​ស្អាត​ក្បាល​ឆាយ

0:00 / 0:00

ប្រជាពលរដ្ឋ​ខេត្ត​ព្រះសីហនុ ព្រួយ​បារម្ភ​ចំពោះ​សារជាតិ​ពុល ឬ​ជាតិគីមី​នានា តាម​រយៈ​ការ​បង្ហូរ​ទឹក​កខ្វក់ ឬ​ទឹក​ស្អុយ​ចេញពី​រោងចក្រ និង​សហគ្រាស​ផ្សេងៗ នា​ខេត្ត​ព្រះសីហនុ ចូល​ទៅ​តំបន់​រក្សា​ប្រភព​ទឹក​ស្អាត​ក្បាលឆាយ ដោយ​មិន​ឆ្លង​កាត់​អាង​ចម្រោះ​ទឹក​ស្អាត​ត្រឹមត្រូវ។

បញ្ហា​នេះ ក្រុម​ប្រជាពលរដ្ឋ​បាន​ស្នើ​ដល់​រដ្ឋាភិបាល ពិសេស​ថ្នាក់ដឹកនាំ​ស្ថាប័ន​ពាក់ព័ន្ធ​ខេត្ត​ព្រះសីហនុ មាន​វិធានការ​ទប់​ស្កាត់ ឬ​គ្រប់គ្រង​ការ​បង្ហូរ​ទឹក​កខ្វក់​តាម​លូ ឬ​អូរ​ចូល​ទៅ​ក្នុង​តំបន់​ទឹក​ស្អាត​ក្បាលឆាយ ឲ្យ​បាន​ត្រឹមត្រូវ។

មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធ​ខេត្ត​ព្រះសីហនុ នៅ​មិន​ទាន់​គ្រប់គ្រង​កាកសំណល់​សំរាម និង​ទឹក​ស្អុយ​កខ្វក់​ដែល​ត្រូវ​ម្ចាស់​សណ្ឋាគារ ផ្ទះសំណាក់ ក្រុមហ៊ុន និង​សហគ្រាស​នានា បង្ហូរ​តាម​លូ ឬ​អូរ​ចូល​ទៅ​ក្នុង​តំបន់​រក្សា​ប្រភព​ទឹក​ស្អាត​ក្បាលឆាយ​ឲ្យ​បាន​ត្រឹមត្រូវ​ទេ។

ផ្ដើម​ពី​បញ្ហា​នេះ ប្រជាពលរដ្ឋ​មាន​លំនៅឋាន​នៅ​ក្នុង​សង្កាត់​លេខ​១ ខេត្ត​ព្រះសីហនុ បង្ហាញ​ក្តី​ព្រួយ​បារម្ភ​ពី​សារធាតុ​គីមី​ផ្សេងៗ ដែល​អាច​ហូរ​ចូល​ទៅ​ក្នុង​តំបន់​ស្តុក​ទឹក​សាប ឬ​ទឹក​ស្អាត​ក្បាលឆាយ​សម្រាប់​ប្រើប្រាស់​ក្នុង​ខេត្ត​ជាប់​មាត់​សមុទ្រ​មួយ​នេះ។

តំណាង​ប្រជាពលរដ្ឋ​ម្នាក់​មាន​លំនៅឋាន​ក្នុង​សង្កាត់​លេខ​១ ខេត្ត​ព្រះសីហនុ លោក ព្រំ វុទ្ធី ឲ្យ​ដឹង​ថា នៅ​ពេល​ភ្លៀង​ធ្លាក់​មក​ម្តងៗ លោក​តែ​ឃើញ​កាកសំណល់ និង​ទឹក​មាន​ពណ៌​ខ្មៅ​ខាប់ ត្រូវ​ក្រុមហ៊ុន​សហគ្រាស និង​ប្រជាពលរដ្ឋ បោះ​ចោល​បង្ហូរ​តាម​លូ និង​ប្រឡាយ​ចូល​ទៅ​តំបន់​ស្តុក​ទឹក​ស្អាត​ក្បាលឆាយ ក្នុង​សង្កាត់១ ខេត្ត​ព្រះសីហនុ។

ពលរដ្ឋ​រូប​នេះ ស្នើ​ដល់​អភិបាល​ខេត្ត​ព្រះសីហនុ លោក ឈិត សុខុន និង​ស្ថាប័ន​ពាក់ព័ន្ធ​ជួយ​មាន​វិធានការ​អប់រំ ឬ​ទប់ស្កាត់​បញ្ហា​នេះ ឲ្យ​បាន​ទាន់​ពេល​វេលា​ដើម្បី​សុវត្ថិភាព និង​សុខភាព​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​នៅ​ថ្ងៃ​អនាគត៖ «ការ​ប៉ះពាល់​មក​ពី​រោងចក្រ គឺ​បាន​បង្ហូរ​កាកសំណល់​ជា​ច្រើន​ពី​រោងចក្រ​ញ៉ូស្តារ ចូល​មក​ក្នុង​អូរ ឬ​ប្រឡាយ។ រោងចក្រ​នៅ​ពេល​មាន​ភ្លៀង​បាន​ឆ្លៀត​ឱកាស​បាន​បង្ហូរ​កាក​សំណល់​ផ្សេងៗ​មក​តាម​ទឹកភ្លៀង។ កាកសំណល់ និង​ទឹក​ស្អុយ​កខ្វក់​ទាំង​នេះ គឺ​បាន​បង្ហូរ​ចេញ​ពី​ផ្ទះជួល និង​រោងចក្រ​ជាដើម។ ទឹកអូរ​ហូរ​ទៅ​ក្បាលឆាយ​នេះ ឥឡូវ​សូម្បី​តែ​ត្រី​ក្ដាម ក៏​មិន​អាច​រស់​នៅ​បាន​ដូច​ពី​មុន​ទៀត​ទេ។ ដូច្នេះ​មាន​ន័យ​ថា ទឹក​បង្ហូរ​តាម​ប្រឡាយ​ទៅ​តំបន់​ក្បាលឆាយ​អាច​មាន​បញ្ហា​អ្វី​កើត​ឡើង​ហើយ ទើប​បាន​ជា​ត្រី និង​ក្ដាម​មិន​អាច​រស់​នៅ​ក្នុង​ទឹកអូរ​ហ្នឹង​បាន​ទៀត»

ដូច​គ្នា​ដែរ សម្រាប់​ពលរដ្ឋ​ច្រើន​ទៀត ក៏​ព្រួយ​បារម្ភ​ពី​កាកសំណល់ និង​ទឹក​លូ​ស្អុយ​ដែល​ក្រុមហ៊ុន ឬ​សហគ្រាស​នានា បង្ហូរ​តាម​លូ និង​តាម​ប្រឡាយ ហូរ​ធ្លាក់​ចូល​ទៅ​តំបន់​រក្សា​ប្រភព​ទឹក​ស្អាត​តំបន់​ក្បាលឆាយ។ ពលរដ្ឋ​ខេត្ត​ព្រះសីហនុ ស្នើ​ឲ្យ​មន្ត្រី​ពាក់ព័ន្ធ​ខេត្ត​នេះ ជួយ​គិតគូរ​លើ​បញ្ហា​គ្រប់គ្រង​កាកសំណល់ ឬ​ទឹក​ស្អុយ​ចេញ​ពី​រោងចក្រ និង​សហគ្រាស​នានា​ឲ្យ​បាន​ត្រឹមត្រូវ៖ «មិនមែន​តែ​ក្រុម​គ្រួសារ​ខ្ញុំ​ទេ គឺ​ប្រជាពលរដ្ឋ​ទូទៅ​បាន​ប្រើ​ទឹក​នៅ​តំបន់​ក្បាលឆាយ។ ដូច្នេះ​បើ​ទឹក​បង្ហូរ​តាម​លូ ឬ​ប្រឡាយ​នេះ​ធ្លាក់​ទៅ​តំបន់​ក្បាលឆាយ​ពិត​មែន គួរ​តែ​អាជ្ញាធរ​ក្រុង និង​រដ្ឋាភិបាល​ជួយ​មាន​វិធានការ​ទប់ស្កាត់​កាកសំណល់ និង​ទឹក​កខ្វក់​បង្ហូរ​ចូល​ទៅ​តំបន់​ក្បាលឆាយ​ឡើង​វិញ។ ខ្ញុំ​ព្រួយបារម្ភ​ថា នៅ​ពេល​មាន​ភ្លៀង​ធ្លាក់​មក​ម្តងៗ មិន​ដឹង​ថា កាកសំណល់​រឹង​រាវ និង​ប្រេង​ម៉ាស៊ីន​ខាប់​ហូរ​តាម​ប្រឡាយ​មក​ណា​ទេ។ ព្រោះ​ឃើញ​ទឹក​នៅ​ក្នុង​អូរ ឬ​ប្រឡាយ​សុទ្ធ​តែ​ប្រេង​ម៉ាស៊ីន​ខាប់​ខ្មៅ​នៅ​ក្នុង​ទឹក។ ខ្ញុំ​ខ្លាច​ប្រជាពលរដ្ឋ​នៅ​ម្តុំ​តំបន់​ក្បាលឆាយ មាន​ជំងឺ​ផ្សេងៗ ហើយ​តំបន់​ក្បាល​ឆាយ​នេះ គឺ​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ខេត្ត​ព្រះសីហនុ បាន​យក​ទឹក​នោះ​មក​ប្រើប្រាស់ ដូច្នេះ​បើកាលណា​ទឹក​កខ្វក់ ឬ​កាក​សំណល់​ផ្សេងៗ​ហូរ​ចាក់​ទៅ​តំបន់​ក្បាលឆាយ គឺ​អាច​នឹង​អាច​មាន​គ្រោះថ្នាក់​ដល់​ប្រជាពលរដ្ឋ​ប្រើប្រាស់​ទឹក»

ទាក់ទិន​បញ្ហា​នេះ លោក ហែម សារឿន ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ព្រះសីហនុ បាន​គេចវេះ​មិន​ធ្វើ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​បង្ហូរ​កាកសំណល់ និង​ទឹក​ស្អុយ​ចូល​ទៅ​តំបន់​ស្តុក​ទឹក​ក្បាលឆាយ​នេះ​ទេ។

យ៉ាង​នេះ​ក្តី លោក ឈិត សុខុន អភិបាល​ខេត្ត​ព្រះសីហនុ ធ្លាប់​បាន​បញ្ជាក់​ថា អាជ្ញាធរ​ធ្លាប់​បាន​ណែនាំ​ដល់​គ្រប់​ម្ចាស់​ធ្វើ​អាជីវកម្ម​នានា និង​ប្រជាពលរដ្ឋ​ត្រូវ​ទុកដាក់​កាកសំណល់​រាវ​រឹង​ឲ្យ​បាន​ត្រឹមត្រូវ ជាពិសេស​នៅ​តាម​ក្រុមហ៊ុន​សហគ្រាស ផ្ទះសំណាក់ និង​សណ្ឋាគារ​ជាដើម ត្រូវ​បង្កើត​ឲ្យ​មាន​អាង​ចម្រោះ​ទឹក​ស្អាត​មុន​នឹង​បង្ហូរ​ទឹក​កខ្វក់​ទាំង​នោះ​ចូល​សមុទ្រ។

ជាង​នេះ​ទៀត លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ ក៏​ធ្លាប់​បាន​ចុះ​ណែនាំ​ដល់​ម្ចាស់​ប្រកប​អាជីវកម្ម​តាម​ឆ្នេរ និង​ដី​កោះ ត្រូវ​វេច​ខ្ចប់​កាកសំណល់ និង​បង្កើត​ឲ្យ​មាន​អាង​ចម្រោះ​ទឹក​កខ្វក់ នៅ​តាម​ទីកន្លែង​រៀងៗ​ខ្លួន មុន​នឹង​បង្ហូរ​ចូល​សមុទ្រ ឬ​បង្ហូរ​តាម​លូ។

ទោះ​យ៉ាង​ណា ប្រជាពលរដ្ឋ​អះអាង​ថា ម្ចាស់​សហគ្រាស​រោងចក្រ សណ្ឋាគារ ឬ​ផ្ទះសំណាក់​ជាដើម មិន​បាន​គោរព ឬ​អនុវត្ត​តាម​ការណែនាំ​នេះ​ទេ ហើយ​បាន​បន្ត​បង្ហូរ​កាកសំណល់ មាន​ថង់​ប្លាស្ទិក ឬ​ទឹក​ស្អុយ​កខ្វក់​ចូល​សមុទ្រ​នៅ​បន្ត​កើត​មាន ហើយ​មន្ត្រី​ជំនាញ​ខេត្ត​ព្រះសីហនុ ក៏​មិន​ឃើញ​មាន​វិធានការ​ទប់​ស្កាត់ ឬ​វិធានការ​តាម​ផ្លូវ​ច្បាប់​នោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។