ជនជាតិ​ដើម​ភាគ​តិច​កួយ​នៅ​ខេត្ត​ព្រះវិហារ​បារម្ភ​ខ្លាច​បាត់បង់​បរិស្ថាន​ធម្មជាតិ

0:00 / 0:00

ជនជាតិ​ដើម​ភាគតិច​ជា​ច្រើន​អំបូរ នៅ​ប្រទេស​កម្ពុជា ដែល​មិន​ងាយ​ទទួល​យក​វប្បធម៌​និង​ប្រពៃណី​ពី​សង្គម​ស៊ីវិល័យ គឺ​ពួកគេ​តែង​រស់នៅ​ពឹង​ផ្នែក​លើ​តំបន់​ភ្នំ និង​ព្រៃឈើ​សម្រាប់​ប្រកប​របរ​ចិញ្ចឹម​ជីវិត​ប្រចាំថ្ងៃ។ ក៏ប៉ុន្តែ​រយៈពេល​ប្រហែល ៣​ឆ្នាំ​មក​នេះ ក្រុម​ជនជាតិ​ដើម​ភាគ​តិច​កួយ នៅ​ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ កំពុង​ប្រឈម​មុខ​នឹង​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​មក​ពី​បរទេស ឈូស​បំផ្លាញ​ព្រៃ​ដែល​ជា​កន្លែង​ពួកគេ​ធ្លាប់​ប្រកប​របរ​ចិញ្ចឹម​ជីវិត។

បញ្ហា​នេះ មិន​ត្រឹមតែ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​បរិស្ថាន​ប៉ុណ្ណោះ​ទេ គឺ​វា​ថែមទាំង​ធ្វើ​ឱ្យ​បាត់បង់​កន្លែង​ដែល​ក្រុម​ជនជាតិ​ដើម​ភាគតិច​ប្រកប​របរ​ចិញ្ចឹម​ជីវិត​ផង។

ក្រុម​ជន​ជាតិ​ដើម​ភាគ​តិច​កួយ នៅ​ឃុំ​ប្រមេរ ជាង ៥០០​គ្រួសារ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ខ្លះ​កំពុង​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ការ​បាត់បង់​បរិស្ថាន​ធម្មជាតិ​និង​ព្រៃឈើ​យ៉ាង​គំហុក ចាប់​តាំង​ពី​មាន​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​ចូល​ទៅ​វិនិយោគ​នៅ​ជិត​តំបន់​ពួកគេ​រស់​នៅ។

ទាំង​ក្រុម​ជន​ជាតិ​ដើម​ភាគ​តិច និង​អង្គការ​ផ្នែក​ការពារ​ព្រៃឈើ ឱ្យ​ដឹង​ថា រយៈពេល ៣​ឆ្នាំ​ចុង​ក្រោយ​នេះ​ព្រៃ​ឈើ​ដែល​ជា​ប្រភេទ​ព្រៃស្រោង និង​ពាក់​កណ្ដាល​ស្រោង​រាប់ពាន់​ហិកតារ​នៅ​ក្នុង​ឃុំ​ប្រមេរ ត្រូវ​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច ចិន ឈូស​បំផ្លាញ។

តំណាង​សហគមន៍​ជនជាតិ​ដើម​ភាគតិច​កួយ​ម្នាក់ ក្នុង​ចំណោម​ជា​ច្រើន​ទៀត គឺ​លោក សិទ្ធិ សាវន។ លោក​មាន​ប្រសាសន៍​ថា ជនជាតិ​ដើម​ភាគតិច​របស់​លោក គឺ​រស់​នៅ​ពឹង​ផ្នែក​ទៅ​លើ​ការ​ចូល​ព្រៃ​រក​អនុផល​ដើម្បី​ប្រកប​របរ​ចិញ្ចឹម​ជីវិត​ប្រចាំ​ថ្ងៃ។ ក៏ប៉ុន្តែ​នៅ​ពេល​ដែល​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​ចិន ឈ្មោះ ឡាន ហ្វេង ទៅ​ឈូស​ឆាយ​ព្រៃ​ចោល​អស់ ហើយ​យក​ដី​ទៅ​ដាំ​អំពៅ គឺ​ធ្វើ​ឱ្យ​ក្រុម​របស់​លោក​អស់​សង្ឃឹម​ជា​ខ្លាំង។

បុរស​ដដែល​បញ្ជាក់​ថា លោក​ព្រួយ​បារម្ភ​នៅ​ពេល​ដែល​ព្រៃឈើ​ចេះ​តែ​បាត់បង់​ទៅៗ គឺ​ធ្វើ​ឱ្យ​សត្វព្រៃ​ជា​ច្រើន​ប្រភេទ​បាត់បង់​ទីជម្រក ចំណែក​ឯ​ជនជាតិ​ដើម​ភាគ​តិច ក៏​គ្មាន​ទីកន្លែង​ប្រកប​របរ​ប្រចាំ​ថ្ងៃ ដែល​ធ្វើ​ឱ្យ​បាត់បង់​ប្រាក់​ចំណូល៖ «ដូច​ជាដើម​ច្បោះ​ជ័រ​ជាដើម កាល​ពី​មុន​ពួក​ក្រុមហ៊ុន​មិន​ទាន់​ឈូស​ឆាយ​ហ្នឹង បង​ប្អូន​អាច​ដង​ជ័រ​ច្បោះ​ក្នុង​១​ដើម​កន្លះ​លីត្រ។ បង​ប្អូន​ខ្លះ​មាន​ដល់​ទៅ ១០០​ដើម ៥០​ដើម។ ក្នុង​១​អាទិត្យ​គាត់​មក​ដង ហើយ​គាត់​ដង ១​ជើងៗ បាន ២​កាន ៣​កាន ទៅ ៤​កាន។ រក​កម្រៃ​បាន ១​អាទិត្យ​ពី ៣០ ទៅ ៤០​ម៉ឺន​រៀល។ ការ​បាត់បង់​ព្រៃឈើ​ហ្នឹង វា​ប៉ះពាល់​ទៅ​ដល់​អារម្មណ៍ ទៅ​ដល់​ស្មារតី​របស់​បងប្អូន​នៅ​ក្នុង​ឃុំ​ប្រមេរ​ណាស់»

៧-សីហា-២០១៤៖ ចម្ការ​អំពៅ​របស់​ក្រុមហ៊ុន​ចិន ឡាន ហ្វេង។
៧-សីហា-២០១៤៖ ចម្ការ​អំពៅ​របស់​ក្រុមហ៊ុន​ចិន ឡាន ហ្វេង។ (RFA/Hang Savyouth)

​អ្នកស្រី នួន រ៉េត គឺ​ជា​ជនជាតិ​ដើម​ភាគ​តិច​នៅ​ភូមិ​ប្រមេរ ម្នាក់​ទៀត មាន​ប្រសាសន៍​ថា ក្រុម​គ្រួសារ​របស់​គាត់ ក៏​ដូចជា​គ្រួសារ​ជា​ច្រើន​ទៀត តែង​ចូល​ព្រៃ​ដើម្បី​បោច​វល្លិ ផ្ដៅ យក​ទៅ​ធ្វើ​ទ្រូ ឬ​ក៏​ដង​ជ័រ ដើម្បី​យក​ទៅ​លក់​បាន​ប្រាក់​ផ្គត់ផ្គង់​ជីវភាព​ប្រចាំ​ថ្ងៃ ក៏ប៉ុន្តែ​បច្ចុប្បន្ន ព្រៃ​នៅ​ជុំវិញ​កន្លែង​ពួកគាត់​រស់​នៅ គឺ​បាត់បង់​បន្តិច​ម្ដងៗ ដោយសារ​តែ​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​ចិន ឈូស​បំផ្លាញ​និង​យក​ដី​ដាំ​អំពៅ។

អ្នកស្រី នួន រ៉េត មាន​ប្រសាសន៍​ទៀត​ថា គ្រួសារ​របស់​គាត់​ដែល​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ក្រីក្រ​ស្រាប់ ប្រសិនបើ​អស់​ព្រៃឈើ​នៅ​ជិតៗ​កន្លែង​រស់​នៅ គឺ​ពិត​ជា​ប្រឈម​មុខ​នឹង​បញ្ហា​ជា​ច្រើន​មុន​គេ៖ «ដើម​ឈើ​នៅ​តែ​ម្ដុំ​នេះ​ទេ ពី​ដើម​ព្រៃ​បេះ​ផ្សិត​បាន ត្រពាំង​បឹងបួ បាច ១​គ្រលុក​ស្មើ​ក្បាល​ជង្គង់ បាន​ត្រី ១​ឡាំង។ ឈើ​ឥឡូវនេះ​វា​អស់​ហើយ ឃើញ​តែ​អំពៅ ល្ហល្ហេវ! ខ្ញុំ​ភ័យ ព្រួយ​បារម្ភ​ទៅ​មុខ​ទៀត​បាន​អី​ដុត​អុស​ដាំ​បាយ? គេ​ថា​ប្រើ​ចង្ក្រានហ្គាស បើ​ខ្ញុំ​អត់​ចេះ​ដាំ​ផង បើ​យើង​គ្មាន​លុយ​គ្មាន​អី​ធ្វើ​យ៉ាងម៉េច? ខ្ញុំ​នឹក​ឃើញ​ថា ចង់​ការពារ​ថា​ចង់​បា​ន​ដីធ្លី ធ្វើ​យ៉ាង​ណា​ឱ្យ​លោក​ឪ លោក​យាយ លោកតា ជួយ​ផង ឱ្យ​បាន​នៅ​សល់»

អាជ្ញាធរ​មូលដ្ឋាន​ក៏​សំដែង​ក្ដី​ព្រួយ​បារម្ភ​ដូច​គ្នា​នឹង​ក្រុម​ជនជាតិ​ដើម​ភាគតិច​ទាំង​នោះ​ដែរ ក៏ប៉ុន្តែ​គេ​មិន​មាន​គោលការណ៍​ឱ្យ​ប្រសើរ​ណា​មួយ​ដែល​អាច​បញ្ឈប់​ការ​បាត់បង់​ព្រៃ​ដ៏​ធំធេង​នោះ​ទេ។

មេ​ឃុំ​ប្រមេរ លោក ណែម ថាំង មាន​ប្រសាសន៍​ថា បច្ចុប្បន្ន​លោក​មាន​ការ​ព្រួយ​បារម្ភ​ជា​ខ្លាំង ដោយសារ​ការ​បាត់បង់​ព្រៃ​ឈើ​នេះ ក្រៅ​តែ​ពី​ប៉ះពាល់​ដល់​បរិស្ថាន និង​ជម្រក​សត្វព្រៃ ក៏​វា​កំពុង​តែ​ធ្វើ​ឱ្យ​តំបន់​របស់​លោក​ជួប​ប្រទះ​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​ទៀត​ផង។

លោក​មេឃុំ​បញ្ជាក់​ថា ការ​បាត់បង់​ព្រៃឈើ​ដ៏​ធំ​នៅ​តំបន់​របស់​លោក កំពុង​ធ្វើ​ឱ្យ​ជនជាតិ​ដើម​ភាគតិច​កួយ ជាង ៥០០​គ្រួសារ ប្រឈម​មុខ​នឹង​ភាព​ខ្វះ​មុខរបរ​ចិញ្ចឹម​ជីវិត​ប្រចាំថ្ងៃ ដោយសារ​តែ​ពួកគេ​ភាគ​ច្រើន​ជា​អ្នក​មិន​ចេះ​អក្សរ​ជ្រៅជ្រះ និង​មិន​ចេះ​ប្រកប​របរ​លក់​ដូរ​នៅ​ទីផ្សារ​ទេ។

លោក ណែម ថាំង៖ «ការ​បាត់បង់​ព្រៃឈើ​នេះ ជា​ទំហំ​ដ៏​ធំ​នៅ​ក្នុង​តំបន់​ឃុំ​ប្រមេរ មាន​តាំងពី​អនាធិបតេយ្យ​ព្រៃឈើ​ទ្រង់ទ្រាយ​ធំ ហើយ​មាន​ទាំង​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​ចម្ការ​អំពៅ​ឈូស​ឆាយ​ព្រៃឈើ។ ឥឡូវ​នេះ​នៅ​ក្នុង​ឃុំ​ប្រមេរ​នេះ វា​ទទួល​រង បើ​បាន​ជា​រាំង គឺ​រាំង​មិន​ងាយ​ភ្លៀង។ ធ្លាប់​តែ​ទៅ​រក​អុស​តាម​ភូមិ​ជិត​ផ្ទះ ឥឡូវ​នេះ​ទាល់តែ​ទៅ​ឆ្ងាយ​ទើប​បាន​អុស​មក​ដុត។ ខ្ញុំ​ព្រួយ​បារម្ភ​ខ្លាំង​ណាស់ ហើយ​មាន​អារម្មណ៍​ភ័យ​ខ្លាច​ថា ថ្ងៃ​មុខ​ថ្ងៃ​ក្រោយ​ប្រជាពលរដ្ឋ​ខ្វះ​ជីវភាព ខ្វះ​មុខ​របរ​អី​សម្រាប់​ចិញ្ចឹម​ជីវិត​ហ្នឹង ព្រោះ​ជនជាតិ​ភាគ​តិច ខ្វះ​បទពិសោធន៍​ក្នុង​ការ​ជួញដូរ​ផ្សេងៗ​គាត់​អត់​មាន​ទេ»

ចាប់​តាំង​ពី​ខែ​កក្កដា ឆ្នាំ​២០១១ រដ្ឋាភិបាល​កម្ពុជា បាន​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ទំហំ ៩.០១៥​ហិកតារ​ទៅ​ឱ្យ​ក្រុមហ៊ុន ចិន​មួយ​ឈ្មោះ ឡាន ហ្វេង ខេមបូឌា អ៊ីនធឺណេហ្សិនណល (Lan Feng [Cambodia] International) ដើម្បី​ដាំ​អំពៅ និង​កៅស៊ូ។

ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ដ៏​ធំធេង​នេះ ធ្វើ​ឱ្យ​មាន​ការ​ឈូស​បំផ្លាញ​ព្រៃ​ឈើ​ដែល​ធ្លាប់​តែ​មាន​ពណ៌​បៃតង​ស្រស់​ប្រែក្លាយ​ទៅ​ជា​ស្រឡះ​ស្លេវ និង​ធាតុអាកាស​ក្ដៅ​ហែង។

មន្ត្រី​ផ្នែក​តស៊ូ​មតិ​របស់​អង្គការ​ពន្លក​ខ្មែរ​ដែល​ធ្វើការ​ពាក់ព័ន្ធ និង​កិច្ច​ការពារ​ព្រៃឈើ​ក្នុង​ខេត្ត​ព្រះវិហារ លោក ប៉ិក សោភ័ណ មាន​ប្រសាសន៍​ថា កាល​ពី ៤-៥​ឆ្នាំ​មុន ព្រៃឈើ​នៅ​ឃុំ​ប្រមេរ គឺ​ក្រាស់ឃ្មឹក ក៏ប៉ុន្តែ​រយៈពេល ៣​ឆ្នាំ​ចុង​ក្រោយ ក្រុមហ៊ុន​បាន​ឈូស​បំផ្លាញ​ព្រៃឈើ​ទាំង​នោះ​អស់​ប្រមាណ​ជា ៣០%។

លោក ប៉ិក សោភ័ណ បញ្ជាក់​ថា ចាប់​តាំង​ពី​ព្រៃ​ជា​ច្រើន​ពាន់​ហិកតារ​នៅ​ឃុំ​ប្រមេរ បាត់បង់ គឺ​ធ្វើ​ឱ្យ​ជនជាតិ​ដើម​ភាគ​តិច​ដែល​មិន​ធ្លាប់​ជួប​ប្រទះ​គ្រោះ​ធម្មជាតិ​អ្វី​ទាល់​តែ​សោះ​នោះ ចាប់​ផ្ដើម​រងគ្រោះ​ធម្មជាតិ​ជា​ច្រើន​ប្រភេទ​ជា​បន្តបន្ទាប់៖ «គឺ​គាត់​បាន​ជួប​ប្រទះ​ឃើញ​អស់​ហើយ មាន​តាំង​ពី​ខ្យល់​ព្យុះ រន្ទះបាញ់ មាន​តាំងពី​គ្រោះ​រាំង​ស្ងួត ហើយ​និង​ទឹក​ជំនន់​ជាដើម។ ទាំង​អស់​នេះ គឺ​គាត់​បាន​គិត​និង​វិភាគ​ខ្លួន​គាត់​ថា គឺ​ជា​ការ​ហិនហោច ការ​បំផ្លាញ​ព្រៃឈើ ដោយសារ​តែ​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច ដែល​ចូល​មក​រាប់​សិប​ក្រុមហ៊ុន​នេះ​ឯង។ ដូច្នេះ អា​នេះ​វា​ជះ​ឥទ្ធិពល​ដល់​ជីវភាព និង​ការ​រស់​នៅ​របស់​គាត់​ដែរ។

អង្គការ​ពន្លក​ខ្មែរ​ឱ្យ​ដឹង​ថា នៅ​ឃុំ​ប្រមេរ ព្រៃឈើ​រាប់ពាន់​ហិកតារ ដែល​ជនជាតិ​ដើម​ភាគតិច​តែង​ប្រើប្រាស់​នោះ គឺ​ជា​ប្រភេទ​ព្រៃស្រោង និង​ពាក់​កណ្ដាល​ស្រោង ហើយ​ជា​គោលការណ៍​រដ្ឋាភិបាល​មិន​ត្រូវ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ទៅ​ឱ្យ​ក្រុមហ៊ុន​វិនិយោគ នៅ​តំបន់​ព្រៃស្រោង និង​ពាក់កណ្ដាល​ស្រោង​ទាំង​នោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។