អ្នក​ឃ្លាំ​មើល​ស្នើ​រដ្ឋាភិបាល​បើក​ចំហ​ការ​ជជែក​ពី​គម្រោង​វិនិយោគ​ទំនប់​វារីអគ្គិសនី

0:00 / 0:00

អ្នក​ឃ្លាំ​មើល​ការ​អភិវឌ្ឍ​ទំនប់​វារីអគ្គិសនី​នៅ​កម្ពុជា ស្នើ​ឲ្យ​រដ្ឋាភិបាល និង​ដៃគូ​វិនិយោគ ពិនិត្យ​ស្រាវជ្រាវ​ឲ្យ​បាន​លម្អិត​ស្ដីពី​ផល​ប៉ះពាល់​នៃ​គម្រោង មុន​ចាប់​ផ្ដើម​សាងសង់។ អ្នក​ជំនាញ​ថា ជា​ការ​ចាំបាច់​ឲ្យ​មាន​ការ​ចូលរួម​បញ្ចេញ​យោបល់​ពី​ប្រជាជន​មូលដ្ឋាន។ ពួក​គេ​ក៏​ស្នើ​រដ្ឋាភិបាល​បង្ហាញ​ព័ត៌មាន​ពី​ការ​វិនិយោគ​ជា​សាធារណៈ។ មន្ត្រី​រដ្ឋាភិបាល​បញ្ជាក់​ថា ក្រសួង​បាន​ធ្វើ​ការងារ​នេះ​មុន​នឹង​អនុញ្ញាត​ឲ្យ​មាន​ការ​សាងសង់។

ខណៈ​មាន​ការ​សាងសង់​ទំនប់​វារីអគ្គិសនី​មួយ​ចំនួន​នៅ​តាម​ទន្លេ​មេគង្គ និង​ដៃ​ទន្លេ ដែល​បណ្ដាល​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​ទីលំនៅ​របស់​ប្រជាជន​មូលដ្ឋាន​ដោយ​បង្ខំ និង​ប៉ះពាល់​ជីវចម្រុះ​ក្នុង​ទន្លេ អ្នក​ជំនាញ និង​យុវជន​តាមដាន​ការ​សាងសង់​ទំនប់ ថ្លែង​ថា រដ្ឋាភិបាល​កម្ពុជា គួរ​សិក្សា​ឲ្យ​ល្អិតល្អន់​ពី​ផល​ចំណេញ និង​ការ​ខាតបង់​នៃ​ការ​បង្កើត​ថាមពល​ដើរ​ដោយ​កម្លាំង​ទឹក​ហូរ។

ពួក​គេ​បាន​លើក​ឡើង​ដូច​នេះ នៅ​ក្នុង​ការ​ជជែក​ពិភាក្សា​សាធារណៈ​មួយ​របស់​សង្គម​ស៊ីវិល ស្ដីពី​ការ​សាងសង់​ទំនប់​វារីអគ្គិសនី​នៅ​តាម​ទន្លេ​មេគង្គ និង​ដៃ​ទន្លេ នៅ​ថ្ងៃ​ទី​២២ ខែ​មករា ឆ្នាំ​២០១៧។

អ្នក​ប្រឹក្សា​ឯករាជ្យ​ទាក់ទង​គម្រោង​វារីអគ្គិសនី លោក ហែម ឧត្តម យល់​ថា រដ្ឋាភិបាល​គួរ​បើក​ជា​ចំហ​ឲ្យ​មាន​ការ​ជជែក​ដេញដោល​ពី​គម្រោង​វិនិយោគ​ទំនប់​វារីអគ្គិសនី ព្រម​ទាំង​ទទួល​យក​មតិ​រិះគន់​ទៅ​កែលំអ៖ « ខ្ញុំ​ថា​អ្នក​សម្រេច​ចិត្ត និង​រដ្ឋាភិបាល គួរ​តែ​មាន​ការ​បើក​ចំហ​តាំង​ពី​ដើម​ទី ដែល​គាត់​ប្រុង​វិនិយោគ​ក្នុង​ទំនប់​ណា​មួយ។ គាត់​គួរ​បើក​ចំហ​ទទួល​យក​យោបល់​ពី​អ្នក​ឯករាជ្យ អ្នក​ស្រាវជ្រាវ​ពី​អង្គការ​សង្គម​ស៊ីវិល និង​ពន្យល់​ទៅ​កាន់​ពលរដ្ឋ​ឲ្យ​បាន​ក្បោះក្បាយ »

របាយការណ៍​របស់​ក្រសួង​ឧស្សាហកម្ម រ៉ែ និង​ថាមពល បង្ហាញ​ថា មក​ដល់​ពេល​នេះ កម្ពុជា កំពុង​ដំណើរ​ការ​ផលិត​ថាមពល​អគ្គិសនី​ធំៗ​មួយ​ចំនួន​រួម​មាន គម្រោង​វារីអគ្គិសនី​កំចាយ គម្រោង​វារីអគ្គិសនី​ស្ទឹង​តាតៃ គម្រោង​វារីអគ្គិសនី​គិរីរម្យ​៣ គម្រោង​វារីអគ្គិសនី​ឫស្សីជ្រំ​ក្រោម គម្រោង​អគ្គិសនី​ដុត​ធ្យូង​ថ្ម​ទី​១ គម្រោង​វារីអគ្គិសនី​ដុត​ធ្យូង​ថ្ម​ទី​២ គម្រោង​វារីអគ្គិសនី​សេសាន​ក្រោម​២ និង​គម្រោង​វារីអគ្គិសនី ១២​ផ្សេង​ទៀត​កំពុង​សិក្សា។

អនុប្រធាន​បណ្ដាញ​យុវជន​កម្ពុជា លោក សរ ម៉ូរី យល់​ថា ការ​ពិភាក្សា​ស្ដីពី​ការ​សាងសង់​ទំនប់​នេះ នឹង​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​តាមដាន​ស្វែង​យល់​ពី​ផល​ប៉ះពាល់​នៃ​ការ​សាងសង់​ទំនប់​វារីអគ្គិសនី៖ « ការ​សាងសង់​ទំនប់​វារីអគ្គិសនី ថា​តើ​ការ​សាងសង់​ទំនប់​វារីអគ្គិសនី ផ្តល់​អត្ថប្រយោជន៍​អ្វី​ខ្លះ និង​ផ្តល់​គុណ​វិបត្តិ​អ្វី​ខ្លះ​រយៈពេល​វែង លើ​ផល​ប៉ះពាល់​បរិស្ថាន និង​សង្គម »

ការ​សិក្សា​របស់​រដ្ឋបាល​ជលផល​កម្ពុជា កាល​ពី​ឆ្នាំ​២០១៣ រក​ឃើញ​ថា គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​សំបូរ នៅ​ខេត្ត​ក្រចេះ និង​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​នៅ​ខេត្ត​ស្ទឹងត្រែង អាច​នឹង​ធ្វើ​ឲ្យ​បរិមាណ​ត្រី​ដែល​ជា​ប្រភព​ប្រូតេអ៊ីន​ដ៏​សំខាន់​មួយ​សម្រាប់​ប្រជាជន​កម្ពុជា ថយ​ចុះ ដែល​ជា​ការ​គំរាម​កំហែង​ដល់​សន្តិសុខ​ស្បៀង​របស់​កម្ពុជា។

អ្នក​នាំ​ពាក្យ​ក្រសួង​រ៉ែ និង​ថាមពល លោក ម៉េង សក្តិធារ៉ា បញ្ជាក់​ថា រដ្ឋាភិបាល​បាន​សិក្សា​ពី​ផល​ប៉ះពាល់​បរិស្ថាន និង​សង្គម និង​ជជែក​ជាមួយ​ប្រជាជន​មូលដ្ឋាន មុន​នឹង​ឲ្យ​ក្រុមហ៊ុន​វិនិយោគ​សាងសង់​ទំនប់​វារីអគ្គិសនី៖ « ចំណុច​ដែល​ថា យុវជន​ចង់​ឲ្យ​មាន​ការ​ផ្តល់​ព័ត៌មាន និង​ចែក​រំលែក​ព័ត៌មាន​ពី​ថាមពល​អគ្គិសនី​ឲ្យ​បាន​ច្រើន​ហ្នឹង ខ្ញុំ​គិត​ថា​ត្រឹមត្រូវ។ ហើយ​ក្រសួង​គួរ​រក​មធ្យោបាយ​យ៉ាង​ម៉េច ផ្សព្វផ្សាយ​ព័ត៌មាន​ហ្នឹង​ឲ្យ​បាន​ទូលំទូលាយ​ដែរ ដើម្បី​ឲ្យ​បាន​យល់​ទាំងអស់​គ្នា »

រដ្ឋាភិបាល​អះអាង​ថា ការ​បើក​ឲ្យ​មាន​ការ​សាងសង់​ទំនប់​វារីអគ្គិសនី នឹង​ធ្វើ​ឲ្យ​ជីវភាព​ប្រជាជន​ប្រសើរ​ឡើង ដូច​ការ​កាត់​បន្ថយ​ចំណាយ​លើ​ថ្លៃ​អគ្គិសនី បង្កើត​ការងារ​សម្រាប់​ប្រជាជន​មូលដ្ឋាន តាម​រយៈ​ការ​ហូរ​ចូល​នៃ​វិនិយោគ​បរទេស។

ផែនការ​របស់​រដ្ឋាភិបាល​កម្ពុជា នឹង​បញ្ចុះ​តម្លៃ​អគ្គិសនី​ត្រឹម ៧៣០​រៀល​ក្នុង​មួយ​គីឡូវ៉ាត់​ម៉ោង​ក្នុង​ចន្លោះ​ពី​ឆ្នាំ​២០១៦ ដល់​ឆ្នាំ​២០២០ សម្រាប់​តំបន់​ដែល​ផ្គត់ផ្គង់​ដោយ​អគ្គិសនី​កម្ពុជា (EDC)។ ពេល​បច្ចុប្បន្ន នៅ​តំបន់​ខ្លះ អគ្គិសនី​មាន​តម្លៃ ៣.៥០០​រៀល​ក្នុង​មួយ​គីឡូវ៉ាត់​ម៉ោង។

គម្រោង​វិនិយោគ​សាងសង់​ទំនប់​វារីអគ្គិសនី ដូចជា​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២ ជាដើម តែង​ត្រូវ​សហគមន៍​មូលដ្ឋាន និង​សង្គម​ស៊ីវិល​រិះគន់​ពី​ផល​ប៉ះពាល់​បរិស្ថាន និង​សង្គម ពិសេស​ការ​រំលោភ​សិទ្ធិ​មនុស្ស ដូចជា​ការ​បណ្ដាញ​ពលរដ្ឋ​ចេញ​ពី​លំនៅឋាន​ដោយ​មិន​ផ្ដល់​សំណង​សមរម្យ។

យុវតី វ៉ន ស្រីរ័ត្ន ដែល​បាន​ចូលរួម​ការ​ពិភាក្សា ប្រាប់​ថា នាង​មិន​ជំទាស់​នឹង​គម្រោង​វិនិយោគ​ការ​សាងសង់​ទំនប់​វារីអគ្គិសនី​នោះ​ទេ តែ​នាង​ស្នើ​ឲ្យ​រដ្ឋាភិបាល​ធានា​ថា ការ​សាងសង់​ណា​មួយ​មិន​ប៉ះពាល់​ខ្លាំង​ដល់​ប្រព័ន្ធ​ទឹក​ទន្លេ និង​ប្រជាជន​មូលដ្ឋាន៖ « ធម្មតា​ការ​វិនិយោគ​ដែល​ប៉ះពាល់​ហើយ ដូចជា​នៅ​សេសាន​ក្រោម​ពីរ សហគមន៍​ស្រែគរ ប៉ះពាល់​ច្រើន​មែនទែន។ ចឹង​ហើយ ប្រសិន​បើ​រដ្ឋាភិបាល​មាន​គោល​នយោបាយ​សាងសង់​ទំនប់ គួរ​ចំណាយ​ពេល​ទៅ​សិក្សា​ពី​ប្រជាជន និង​ផល​ប៉ះពាល់ ដោយសារ​ខ្ញុំ​បាន​ឃើញ​ការ​កាប់​ព្រៃ​ឈើ ស្ដារ​អាង​ដែល​ប៉ះពាល់​ខ្លាំង​មែនទែន »

កន្លង​ទៅ អ្នក​ជំនាញ​ផ្នែក​បរិស្ថាន តែង​ស្នើ​ឲ្យ​រដ្ឋាភិបាល​អនុវត្ត​ការ​វាយ​តម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន និង​សង្គម​ឲ្យ​បាន​ត្រឹមត្រូវ មុន​នឹង​អនុម័ត​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី ហើយ​ប្រសិន​បើ​ទំនប់​វារីអគ្គិសនី​ត្រូវ​គេ​សាងសង់​ឡើង​មែន​នោះ រដ្ឋាភិបាល​ត្រូវ​មាន​វិធានការ​ទប់ស្កាត់​ដោយ​ផ្ដល់​ជា​សំណង​សមរម្យ​ដល់​សហគមន៍​ដែល​ប៉ះពាល់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។