ពលរដ្ឋជនជាតិដើមភាគតិចនៅភូមិសមុទ្រក្រោម អះអាងថា ព្រៃឈើនៅតំបន់ជម្រកសត្វព្រៃលំផាត់ ត្រូវបានគេកាប់រានបន្ត បើទោះបីសហគមន៍បានសុំកិច្ចអន្តរាគមន៍ពីអាជ្ញាធរមូលដ្ឋានឲ្យជួយទប់ស្កាត់យ៉ាងណាក្តី។ ការកាប់រានព្រៃបន្ថែមនេះ អ្នកភូមិបានស្គាល់អត្តសញ្ញាណអ្នកប្រព្រឹត្តិ គឺជាអ្នកភូមិដែលជាអ្នកស៊ីឈ្នួលកាប់រានព្រៃនេះ។
ព្រៃឈើនៅដែនជម្រកសត្វព្រៃលំផាត់ ខេត្តរតនគិរី ចំណុចភ្នំអាត ក្នុងឃុំសេដា ត្រូវគេអាររំលំបន្ថែមទៀត បន្ទាប់ពីសហគមន៍ប្រទះឃើញតំបន់នោះត្រូវគេអាររំលំឈើរាប់រយហិកតារ ដើម្បីហ៊ុមព័ទ្ធយកដីកាលពីចុងខែមិថុនា។
ពលរដ្ឋរស់នៅភូមិសមុទ្រក្រោម លោក ពក សៀ អះអាងនៅថ្ងៃទី២០ ខែកក្កដា ថា កាលពីសប្ដាហ៍មុន គាត់ចូលព្រៃរកសត្វក៏ប្រទះឃើញពលរដ្ឋក្នុងភូមិពីរនាក់កាន់ម៉ាស៊ីនកាត់ឈើពីរគ្រឿង កំពុងអាររំលំដើមឈើរាប់សិបហិកតារថ្មីទៀត។ លោកបន្តថា អ្នកអារឈើបានបញ្ជាក់ថា ពួកគេជាអ្នកស៊ីឈ្នួលអាររំលំឈើ ក៏ប៉ុន្តែមិនបានប្រាប់ពីអត្តសញ្ញាណអ្នកជួលថាជានរណាឡើយ៖ « ទើបកាប់ ខ្ញុំឃើញហ្នឹងប្រហែលមួយអាទិត្យហើយ អ្នកភូមិហ្នឹងហើយកាប់ »។
កាលពីចុងខែមិថុនា ព្រៃឈើនៅតំបន់នោះត្រូវគេយកថ្នាំពណ៌បាញ់នៅលើដើមឈើធ្វើជាព្រំ ហើយដើមឈើចាប់ពីព្រំនោះត្រូវគេអាររំលំទំហំទទឹងប្រមាណ ១០ម៉ែត្រ និងបណ្ដោយជាង ៣គីឡូម៉ែត្ររហូតទល់នឹងជើងភ្នំអាត។ ក្នុងតំបន់ហ៊ុមព័ទ្ធនោះ ដើមឈើប្រមាណ ៣០ ទៅ ៤០ហិកតារ ត្រូវគេអាររំលំថ្មីៗមិនទាន់ដុតរាននៅឡើយ។
អាស៊ីសេរី មិនអាចទាក់ទងប្រធានមន្ទីរបរិស្ថាន និងអ្នកនាំពាក្យក្រសួងបរិស្ថាន លោក សៅ សុភាព សុំបញ្ជាក់បញ្ហានេះបានទេនៅថ្ងៃទី២០ ខែកក្កដា។

ចំណែកអភិបាលស្រុកលំផាត់ លោក នូ ថេរ បញ្ជាក់ថា លោកបានចាត់កងកម្លាំងចុះទៅតំបន់នោះហើយ ប៉ុន្តែរកមិនឃើញទីតាំងថ្មីដែលអ្នកភូមិអះអាងនោះទេ។ លោកថា អាជ្ញាធរស្រុកបានផ្សព្វផ្សាយ និងហាមឃាត់មិនឲ្យអ្នកភូមិនៅតំបន់នោះចូលព្រៃកាប់រានឈើទៀតទេ ពីព្រោះតំបន់នោះ អាជ្ញាធរកំពុងរៀបចំស្នើសុំក្រសួងបរិស្ថាន កាត់ចេញពីព្រៃដែនជម្រកប្រគល់ឲ្យសហគមន៍ជាង ១.២០០ហិកតារ ដើម្បីបង្កើតជាព្រៃការពារ៖ « គាត់បានព្រមព្រៀងជាមួយអាជ្ញាធរហើយថា គាត់ឈប់បន្តទៀតហើយ ហើយស្រុកឲ្យឃុំរៀបចំប្រជុំជាមួយគាត់ទៀត ហើយឯកភាពគ្នាហើយថា អត់ធ្វើអ្វីទៀត។ គាត់ឈប់ គាត់សុំតែចុះតែបញ្ជីដីជាកម្មសិទ្ធិសមូហភាព »។
តំណាងសហគមន៍ឃុំសេដា កាលពីថ្ងៃទី១៧ ខែកក្កដា បានដាក់ពាក្យប្ដឹងទៅស្ថាប័នអយ្យការសាលាដំបូងខេត្តរតនគិរី ចោទមន្ត្រីមូលដ្ឋាន និងមន្ត្រីជំនាញ ៧នាក់ពីបទអនុគ្រោះឲ្យកើតមានបទល្មើសព្រៃឈើនៅដែនជម្រកសត្វព្រៃនៅតំបន់ភ្នំអាត។
ប្រធានភូមិសមុទ្រក្រោម លោក ខាំ ផរសាវ៉ាត បដិសេធថា អាជ្ញាធរមិនជាប់ពាក់ព័ន្ធកាប់រានព្រៃនោះទេ ក៏ប៉ុន្តែទទួលស្គាល់ថា ប្រជាពលរដ្ឋរស់នៅភូមិសមុទ្រក្រោម ទាំងអស់គ្នាបានព្រមព្រៀងផ្ដិតមេដៃលក់ដីតំបន់នោះជាង ១៦០ហិកតារតាំងពីចុងឆ្នាំ២០១៦ ក៏ប៉ុន្តែឈ្មួញបញ្ឈប់ទិញដីនោះវិញ ដោយសារដីនោះឋិតក្នុងតំបន់អភិរក្ស។
មន្ត្រីផ្នែកអង្កេតអង្គការអាដហុក (ADHOC) ខេត្តរតនគិរី លោក ឡុង សេងហាន បញ្ជាក់ថា ទីតាំងនោះពិតជាមានការកាប់រានព្រៃហ៊ុមព័ទ្ធយកដីប្រាកដមែន។ លោកថា អាជ្ញាធរពាក់ព័ន្ធ ជាពិសេសក្រសួងបរិស្ថាន គឺជាអ្នកទទួលខុសត្រូវ ពីព្រោះដែនជម្រកសត្វព្រៃឋិតក្នុងដែនសមត្ថកិច្ចរបស់ក្រសួងជំនាញនេះ៖ « យើងឃើញថាមានការកាប់រានព្រៃឈើមែន អស់ជាច្រើនហិកតារដើម្បីហ៊ុមព័ទ្ធយកដីលក់។ ថ្មីៗនេះ សហគមន៍ផ្តល់ព័ត៌មានថា មានការកាប់រានព្រៃថ្មីទៀត »។
ទោះបីជាយ៉ាងនេះក្តី ពលរដ្ឋរស់នៅភូមិសមុទ្រលើ បញ្ជាក់ថា ឈ្មួញនៅតែបន្តជួលអ្នកភូមិឲ្យចូលព្រៃអាររំលំឈើនៅតំបន់នោះរហូតបច្ចុប្បន្ន។ អ្នកភូមិដែលបានទៅដល់ទីតាំងអាររំលំឈើអះអាងថា បានផ្តល់ព័ត៌មាននេះជូនអាជ្ញាធរស្រុករួចហើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។