
គណៈកម្មការទី៣ នៃរដ្ឋសភាកម្ពុជា ប្រតិកម្មនឹងសកម្មភាពរដ្ឋសភាឡាវ ដែលបានអនុម័តយល់ព្រមឲ្យក្រុមហ៊ុនវិនិយោគសាងសង់ទំនប់វារីអគ្គិសនីដនសាហុង (Don Sahong) ដ៏ចម្រូងចម្រាស ចាប់ផ្ដើមគម្រោងសាងសង់ទំនប់នេះ នៅខណៈប្រទេសជាប់ដងទន្លេមេគង្គបីទៀតមិនទាន់ឯកភាពនៅឡើយ។
គណៈកម្មការទី៣ នៃរដ្ឋសភា ដែលគ្រប់គ្រងលើផ្នែកវិនិយោគកសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក ជំរុញរដ្ឋាភិបាលឲ្យបន្តការជជែកជាមួយភាគីឡាវ អំពីបញ្ហាពាក់ព័ន្ធនឹងគម្រោងសាងសង់ទំនប់វារីអគ្គិសនីដនសាហុង។
ការថ្លែងបែបនេះ ជាប្រតិកម្មរបស់ លោក ប៉ុល ហំម ប្រធានគណៈកម្មការទី៣ នៃរដ្ឋសភា បន្ទាប់ពីលោកទទួលបានដំណឹងថា គម្រោងសាងសង់ទំនប់វារីអគ្គិសនីដនសាហុង ដែលប្រទេសថៃ វៀតណាម និងកម្ពុជា បានជំទាស់សុំឲ្យផ្អាកការសាងសង់កន្លងមកនោះ ត្រូវបានរដ្ឋសភាឡាវ នៅពេលថ្មីៗនេះ អនុម័តឯកតោភាគីរំលោភលើកិច្ចព្រមព្រៀងទន្លេមេគង្គឆ្នាំ១៩៩៥៖ «គណៈកម្មការទី៣ យើង នឹងជួបប្រជុំគ្នាដើម្បីសម្រេចយកជំហររបស់យើង ថាត្រូវធ្វើយ៉ាងម៉េច? ប៉ុន្តែយើងអាចដឹងមុនហើយថា យើងអត់មានអីក្រៅពីដាក់សម្ពាធទៅលើរដ្ឋាភិបាល ឲ្យចាត់វិធានការឲ្យធ្វើយ៉ាងម៉េច ដើម្បីព្យាយាមបន្តទប់ស្កាត់តទៅទៀត?»។
កិច្ចព្រមព្រៀងទន្លេមេគង្គឆ្នាំ១៩៩៥ បានបង្កើតគណៈកម្មការទន្លេមេគង្គដែលជាស្ថាប័នអន្តររដ្ឋាភិបាល។ តាមរយៈកិច្ចព្រមព្រៀងនេះ ភាគីរដ្ឋាភិបាលនៃប្រទេសដែលពាក់ព័ន្ធ ត្រូវសិក្សា និងពិភាក្សាពីផលប៉ះពាល់ មុននឹងអាចចាប់ផ្ដើមការសាងសង់ទំនប់វារីអគ្គិសនីនៅតាមដងទន្លេមេគង្គបាន ប៉ុន្តែក្រោយពីគណៈកម្មការទន្លេមេគង្គអស់លទ្ធភាពក្នុងការដោះស្រាយ ចាប់តាំងពីខែមិថុនា មក ការដោះស្រាយបញ្ហានេះ ងាកមកប្រើមធ្យោបាយការទូតវិញ។
ទាក់ទងបញ្ហានេះ វិទ្យុអាស៊ីសេរី មិនអាចទាក់ទងសុំការបញ្ជាក់ពីអគ្គលេខាធិការនៃគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា លោក តែ ណាវុធ បានទេ ចាប់តាំងពីថ្ងៃទី៩ ដល់ថ្ងៃទី១០ កញ្ញា។
យ៉ាងនេះក្ដី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ជុំ សុន្ទរី បញ្ជាក់ថា រូបលោកក៏មិនទាន់ទទួលបានដំណឹងជាផ្លូវការណាមួយពីរដ្ឋាភិបាលឡាវ នោះទេ។
លោក ប៉ុល ហំម ប្រធានគណៈកម្មការទី៣ នៃរដ្ឋសភា ក៏មានប្រសាសន៍ស្រដៀងគ្នានេះដែរ។ លោកបញ្ជាក់ថា លោកមិននឹកស្មានថា ភាគីឡាវ សម្រេចជាឯកតោភាគីដោយមិនស្ដាប់សំណើឲ្យផ្អាកគម្រោង ពីសំណាក់រដ្ឋាភិបាលនៃប្រទេសពាក់ព័ន្ធនោះឡើយ៖ «ខ្ញុំមានការប៉ាន់ស្មានខុសដែរ ពីមុនមកខ្ញុំគិតថា ជាមួយនឹងសម្ពាធរបស់សហគមន៍អន្តរជាតិ ហើយនឹងផលប៉ះពាល់ច្រើន។ អ៊ីចឹងមិនសម ឡាវ ហ្នឹងអនុម័តឲ្យធ្វើទេបាទ ប៉ុន្តែឥឡូវហ្នឹងតាមខ្ញុំឮព័ត៌មានអ៊ីចឹង ខ្ញុំមានការយល់ឃើញមានការប៉ាន់ប្រមាណខុសដែរ និយាយឲ្យត្រង់ទៅ មិននឹកស្មានថា ឡាវ ហ្នឹង គាត់រឹងទទឹងរឹងរូសចំពោះអ្វីដែលជាផលប្រយោជន៍រួម នៃសហគមន៍នៃប្រទេសដែលនៅជិតខាងគ្នាអ៊ីចឹងទេ»។
ការសិក្សារបស់ក្រុមអ្នកអភិរក្សដងទន្លេមេគង្គ បានបង្ហាញថា ទំនប់នេះនឹងប៉ះពាល់ដល់ធនធានជលផល ដោយរាំងខ្ទប់ចរាចរណ៍របស់ត្រី ព្រមទាំងប៉ះពាល់ដល់ជីវភាពប្រជាពលរដ្ឋរស់នៅតាមដងទន្លេមេគង្គ រហូតដល់ទៅ ៦០លាននាក់ ដែលកំពុងរស់នៅពឹងផ្អែកធនធាននៃទន្លេមួយនេះ។
កាលពីខែមីនា ឆ្នាំ២០១៥ អ្នកស្រាវជ្រាវពីរាជបណ្ឌិត្យសភាកម្ពុជា ដែលដឹកនាំដោយលោកបណ្ឌិត សុខ ទូច បានចុះត្រួតពិនិត្យទីតាំងសង់ទំនប់នោះ ដែលកាលនោះរកឃើញថា ការសាងសង់មិនទាន់ចាប់ផ្ដើមនៅឡើយទេ។ ក្រោយពីដំណើរចុះពិនិត្យតំបន់នោះរួចមក ក្រុមអ្នកស្រាវជ្រាវនៃរាជបណ្ឌិត្យសភាប្ដេជ្ញាថា នឹងបន្តតាមដានជំហានរបស់ប្រទេសឡាវ បន្តទៀត ពាក់ព័ន្ធគម្រោងសាងសង់ទំនប់វារីអគ្គិសនីដនសាហុង ដ៏ចម្រូងចម្រាសនេះ។
ប៉ុន្តែនៅពេលនេះ លោកបណ្ឌិត សុខ ទូច មានប្រសាសន៍ថា លោកមិនទទួលបានដំណឹងពីការវិវឌ្ឍចុងក្រោយនៃគម្រោងនេះនៅឡើយទេ ខណៈលោកកំពុងមមាញឹករឿងផែនទី។ យ៉ាងណាក៏ដោយ លោកឲ្យដឹងថា ប្រធានបណ្ឌិតសភាឡាវ បានអញ្ជើញអ្នកស្រាវជ្រាវនៅរាជបណ្ឌិត្យសភាកម្ពុជា ឲ្យទៅពិនិត្យមើលទីតាំងនៃទំនប់ដនសាហុង នៅខែតុលា ខាងមុខ។

ក្រុមអង្គការអភិរក្សបរិស្ថានទន្លេមេគង្គ បានបង្ហាញក្ដីបារម្ភជាបន្តបន្ទាប់ ក្រោយពីទទួលដំណឹងថា រដ្ឋសភាឡាវ បានអនុម័តសំណើសាងសង់ទំនប់នោះរួចហើយ។
អង្គការទន្លេអន្តរជាតិ (International Rivers) ក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនកាលពីថ្ងៃទី១ កញ្ញា បានជំរុញឲ្យរដ្ឋាភិបាលឡាវ ផ្អាកគម្រោងនេះ រួមទាំងកិច្ចព្រមព្រៀងទិញថាមពលរវាងក្រុមហ៊ុនសាងសង់ និងអគ្គិសនីឡាវ ដែរ ហើយរង់ចាំមើលលទ្ធផលនៃការសិក្សាគ្រប់ជ្រុងជ្រោយពីផលប៉ះពាល់នៃគម្រោងនេះជាមុនសិន។
ស្រដៀងគ្នានេះ អ្នកសម្របសម្រួលនៃអង្គការការពារទន្លេបី លោក មៀច មាន លើកឡើងថា ការសម្រេចរបស់រដ្ឋសភាឡាវ បានបង្កជាកង្វល់ធំមួយដល់ក្រុមអង្គការដែលអភិរក្សបរិស្ថានទន្លេមេគង្គ៖ «សង្គមស៊ីវិលទាំងអស់គ្នាហ្នឹងកំពុងតែមានការព្រួយបារម្ភធំ ដោយសារយើងមើលឃើញថា ដំណើរការការអភិវឌ្ឍទំនប់វារីអគ្គិសនីដនសាហុង នៅលើដងទន្លេមេហ្នឹង វាហាក់ដូចជារដ្ឋាភិបាលមួយៗហ្នឹង ព្យាយាមទាញយកប្រយោជន៍ដោយមិនបានគិតទៅដល់ការជឿជាក់លើកិច្ចព្រមព្រៀងទន្លេមេគង្គហ្នឹង ព្រោះអីការកិច្ចព្រមព្រៀងរបស់ទន្លេមេគង្គហ្នឹង វាជាកិច្ចព្រមព្រៀងដែលយើងបានឯកភាពគ្នាទាំងអស់គ្នា។ ដល់តែឥឡូវ បើរដ្ឋាភិបាលទាំងបួនហ្នឹងវាមិនមានចំណាត់ការ ឬក៏មិនធ្វើទៅតាមកិច្ចព្រមព្រៀងហ្នឹង»។
លោកមានប្រសាសន៍បន្តថា ក្រុមអង្គការសង្គមស៊ីវិល នឹងនៅតែបន្តសកម្មភាពតស៊ូមតិរបស់ខ្លួន ក្នុងការទាមទារឲ្យថ្នាក់ដឹកនាំប្រទេសទាំងបួន រួមមានកម្ពុជា ថៃ ឡាវ និងវៀតណាម យកចិត្តទុកដាក់ពីផលប៉ះពាល់ធ្ងន់ធ្ងរដែលនឹងបង្កដោយការសាងសង់ទំនប់វារីអគ្គិសនីដនសាហុង។
ប្រសិនបើការសាងសង់ទំនប់វារីអគ្គិសនីនេះនឹងចាប់ផ្ដើមមែន នោះវានឹងក្លាយជាគម្រោងទីពីរនៅអាងទន្លេមេគង្គក្រោម បន្ទាប់ពីទំនប់វារីអគ្គិសនីសាយ៉ាប៊ូរី (Xayaburi) នៅភាគខាងជើងប្រទេសឡាវ ដែលត្រូវបានចាប់ផ្ដើមសាងសង់កាលពីឆ្នាំ២០១០ ទោះបីជាមានការជំទាស់ពីភាគីពាក់ព័ន្ធយ៉ាងណាក្ដី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។