ស្រូវប្រាំងរបស់កសិករនៅឃុំព្រះបាទជាន់ជុំ ប្រមាណ១ពាន់ហិកតារ កំពុងក្រៀមស្វិតព្រោះ ខ្វះទឹកស្រោចស្រព។ ក្រុមកសិករកំពុងព្រួយយ៉ាងខ្លាំងថា ស្រូវពួកគាត់ដែលទើបមានអាយុប្រហែលមួយខែ នឹងអាចងាប់អស់ក្នុងរយៈពេលមួយអាទិត្យទៀត បើសិនជារដ្ឋាភិបាល មិនជួយអន្តរាគមន៍ជាបន្ទាន់នោះទេ។
កសិករធ្វើស្រូវប្រាំងនៅ៤ភូមិ គឺភូមិពោធិ៍រោង ត្រពាំងស្រង់ ជ្រោយ និងភូមិព្រៃធំ ក្នុងឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ សរុបប្រមាណ១ពាន់ហិកតារ កំពុងត្រូវការទឹកស្រោចស្រពជាបន្ទាន់។
កសិករមួយចំនួនបានចុះទៅពិនិត្យស្រូវប្រាំងរបស់ពួកគាត់ ស្ថិតក្នុងតំបន់អាងទឹកទន្លាប់ នៅថ្ងៃទី១៣ កុម្ភៈ បញ្ជាក់ថា អ្នកភូមិបានចំណាយដើមទុនច្រើន ធ្វើស្រូវប្រាំងដោយរំពឹងថានឹងបានផលគ្រាន់ចិញ្ចឹមជីវិតនៅឆ្នាំក្រោយ តែជាអកុសលទឹកអាងឆ្នាំនេះរីងហួតហែង ចំណែកពួកគាត់មិនមានលទ្ធភាពបូមទឹក ពីព្រែកដែលមានចម្ងាយរាប់គីឡូម៉ែត្រ ពីស្រែពួកគាត់បាន។
សព្វថ្ងៃពួកគាត់ខំបួងសួង ឲ្យមានភ្លៀងកក់ខែ ក្រែងស្រូវគាត់អាចរស់បានរស់បានមួយរយៈទៀត ក្នុងពេលទន្ទឹងមើលផ្លូវក្រែងលោករដ្ឋាភិបាលជួយ «សំឡេងកសិករត្អូញត្អែររួមគ្នា»។
ពួកគាត់បានតវ៉ាថា នៅប្រឡាយក្បែរនោះមានទឹកស្រោចស្រពដែរ តែត្រូវគ្រប់គ្រងដោយឯកជនដែលគេស្ដុកទឹកទុកលក់ សម្រាប់កសិករទិញស្រោចស្រពស្រូវដែរ តែពួកអ្នកភូមិហាក់ពិបាកនឹងទាក់ទងទិញទឹកនោះទៅទៀត។
ចំណែកប្រធានមន្ទីរធនធានទឹកស្រុកគិរីវង់ លោក អ៊ូច ឡា ឲ្យដឹងថា លោកបានរាយការណ៍ទៅថ្នាក់ស្រុក និងខេត្តហើយតែនៅមិនទាន់ទទួលចម្លើយ អំពីផែនការជួយកសិករ ឬយ៉ាងណា នៅឡើយ៖ « មិនដឹងថាមានឬមិនមានទេ បើសិនជាមានទ្រង់ទ្រាយធំ ទ្រង់ទ្រាយថ្នាក់ដល់រាប់ម៉ឺនលីត្រ ហើយម៉ាស៊ីន ( បូមទឹក ) នឹងសុទ្ធម៉ាស៊ីនធំៗ ព្រោះអន្តរាគមន៍ចូលអាងទឹក តែខាងខ្ញុំនេះអត់មានផែនការបូមចូលអាងទឹកទេ។ បាទយើងបានត្រឹមតែរាយការណ៍»។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអភិបាលស្រុកគិរីវង់ និងប្រធានមន្ទីរជលផលខេត្តបាននៅថ្ងៃទី១៣ កុម្ភៈ ដើម្បីសុំការបញ្ជាក់បន្ថែម។
ក៏ប៉ុន្តែនាយកខុទ្ទកាល័យក្រសួងធនធានទឹក លោក ចាន់ យុត្ថា បញ្ជាក់ថា លោកនឹងចាត់វិធានការជាបន្ទាន់ដើម្បីជួយសង្គ្រោះស្រូវ ទាំងនោះប្រសិនជាមានប្រភពទឹកនៅក្បែរ៖ « អត់អីទេ ខ្ញុំសុំជម្រាបជូនអញ្ចេះ ជាបទបញ្ជាហើយមិនមែនទើបតែកន្លែងនេះមួយទេ កន្លែងណាក៏ដោយ នេះជាបទបញ្ជារបស់រដ្ឋាភិបាលក្នុងករណីមានប្រភពទឹក គឺយើងត្រូវតែប្រើប្រាស់ឲ្យអស់លទ្ធភាពទាំងមធ្យោបាយនិងយុទ្ធសាស្ត្រធ្វើយ៉ាងណាឲ្យខាងតែបាន បើតំបន់អត់មានប្រភពទឹកយើងក៏មិនដឹងធ្វើយ៉ាងម៉េចដែរ »។
ខេត្តតាកែវសព្វថ្ងៃ គឺជាខេត្តមួយផលិតស្រូវប្រាំង និងវស្សាបានច្រើន មិនចាញ់ខេត្តបាត់ដំបងប៉ុន្មានទេ ដោយសារតំបន់ភាគច្រើន នៃខេត្តនេះ មានប្រព័ន្ធធារាសាស្ត្រស្រោចស្រពច្រើន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។