អ្នក​ជំនាញ​បរិស្ថាន​ថា​ការ​បង្ហូរ​ទឹក​របស់​ចិន​មិន​ផ្ដល់​ប្រយោជន៍​ដល់​កម្ពុជា

0:00 / 0:00

អ្នក​ជំនាញ​បរិស្ថាន​ចាត់​ទុក​ការ​បង្ហូរ​ទឹក​ទំនប់​វារីអគ្គិសនី ជីង ហុង (Jinghong) ប្រទេស​ចិន ថា មិន​ផ្ដល់​អត្ថប្រយោជន៍​ដល់​កម្ពុជា នោះ​ទេ។ ការ​លើក​ឡើង​នេះ បន្ទាប់ពី​ប្រទេស​ចិន បាន​បង្ហូរទឹក​នៃ​ទំនប់​វារីអគ្គិសនី​របស់​ខ្លួន​ក្នុង​បរិមាណ ២​ពាន់​ម៉ែត្រ​គូប​ក្នុង​មួយ​វិនាទី។ ចំណែក​ពលរដ្ឋ​រស់​នៅ​តាម​ដង​ទន្លេ​មេគង្គ​លើ​ឲ្យ​ដឹង​ថា បរិមាណ​ទឹក​ប្រែប្រួល​ខុស​ធម្មតា ទំនង​ជា​ការ​បង្ហូរ​ទឹក​ពី​ទំនប់​វារីអគ្គិសនី​ចិន នេះ។

អ្នក​ជំនាញ​បរិស្ថាន​អំពាវនាវ​ឲ្យ​គណៈកម្មការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា និង​ស្ថាប័ន​ពាក់ព័ន្ធ​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​តាម​ដាន​ពី​បម្រែបម្រួល​ស្ថានភាព​ទឹក​តាម​ដង​ទន្លេ​មេគង្គ និង​ស្រាវជ្រាវ​ពី​ផល​ប៉ះពាល់​នានា ដើម្បី​ចងក្រង​ជា​របាយការណ៍​ស្នើ​ឲ្យ​រដ្ឋាភិបាល​ចិន ឲ្យ​បង្ហូរ​ទឹក​ក្នុង​កម្រិត​ណា​មួយ​ដែល​ធានា​ថា មិន​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ប្រព័ន្ធ​ជីវចម្រុះ​នៅ​ទន្លេ​មេគង្គ និង​ប្រជាពលរដ្ឋ។

ការ​អំពាវនាវ​នេះ បន្ទាប់​ពី​ស្ថានភាព​ទឹក​ទន្លេ​មេគង្គ​លើ​នៃ​ឃុំ​ព្រះ​រំកិល ស្រុក​ថាឡាបរិវ៉ាត់ ជាប់​ព្រំប្រទល់​ប្រទេស​ឡាវ ឡើង​ប្រមាណ ៣​តឹក គិត​ត្រឹម​ថ្ងៃ​ទី​២២ ខែ​មីនា។

ទីប្រឹក្សា​នៃ​អង្គការ​បណ្ដាញ​ការពារ​ទន្លេ​បី លោក មៀច មាន កត់សម្គាល់​ថា ការ​ទាញ​យក​អត្ថប្រយោជន៍​ពី​ទឹក​តាម​ដង​ទន្លេ​មេគង្គ​របស់​កម្ពុជា ដើម្បី​បម្រើ​ដល់​វិស័យ​កសិកម្ម​នៅ​មាន​កម្រិត​នៅ​ឡើយ ហើយ​កម្ពុជា ក៏​ពុំ​ទាន់​ប្រើប្រាស់​បរិមាណ​ទឹក​ដោយ​ប្រព័ន្ធ​ធារាសាស្ត្រ​ដើម្បី​ស្រោចស្រព​វិស័យ​កសិកម្ម​ជា​ដុំ​កំភួន​ដែរ។

លោក​បារម្ភ​ថា ប្រសិនបើ​បរិមាណ​បង្ហូរ​ទឹក​នោះ មាន​លក្ខណៈ​មិន​ទៀត​ទាត់ ធ្វើ​ឲ្យ​ស្ថាន​ទឹក​ខុស​ប្រក្រតី បង្ក​ឲ្យ​មាន​ភាព​ស្មុគស្មាញ​ដល់​ការ​បន្លាស់​ទី​ប្រព័ន្ធ​ជីវចម្រុះ​ទន្លេ​មេគង្គ​រួម ហើយ​អាច​ប៉ះពាល់​ដល់​ការ​ចិញ្ចឹម​ជីវិត​របស់​ធនធាន​ជលផល​រស់នៅ​តាម​ដង​ទន្លេ​មេគង្គ​ដែរ។

លោក​ថា អាជ្ញាធរ​រដ្ឋាភិបាល​ត្រូវ​ជូន​ដំណឹង​ស្ដីពី​ការ​ប្រុង​ប្រយ័ត្ន​ជា​មុន​ដល់​ពលរដ្ឋ​រស់​នៅ​តាម​ដង​ទន្លេ​មេគង្គ៖ «យើង​មើល​ឃើញ​បទពិសោធន៍​ជាក់ស្ដែង នៅ​តាម​ដង​ទន្លេ​សេសាន​ដោយសារ​តែ​កម្រិត​ទឹក​ឡើង​ខុស​ប្រក្រតី​ធ្វើ​ឲ្យ​ត្រី​ពិបាក​ទ្រាំ ដោយសារ​តែ​ស្ថានភាព​បែប​ហ្នឹង»

លោក មៀច មាន រក​ឃើញ​ថា ប្រទេស​វៀតណាម អាច​ទទួល​ផល​ប្រយោជន៍​ច្រើន​នៃ​ការ​បង្ហូរទឹក​របស់​ចិន ជាអាទិ៍​ជួយ​ទប់ទល់​ការ​ច្រាល​ឡើង​បរិមាណ​ទឹក​សមុទ្រ ព្រម​ទាំង​ជួយ​បំពេញ​តម្រូវ​ការ​ដល់​វិស័យ​កសិកម្ម​របស់​វៀតណាម ខណៈ​វៀតណាម កំពុង​ប្រើប្រាស់​ប្រព័ន្ធ​ធារាសាស្ត្រ​ទំនើប​ទាញ​យក​ទឹក​ពី​ទន្លេ​មេគង្គ៖ «អត់​មាន​ប្រយោជន៍​ទេ! មាន​តែ​ការ​ខាតបង់ ព្រោះ​ប្រទេស​កម្ពុជា យើង កសិកម្ម​របស់​ពលរដ្ឋ​ពឹង​អាស្រ័យ​លើ​ច្រាំង​ទន្លេ គាត់​ដាំ​ដំណាំ​តាម​វាល​ខ្សាច់ តាម​កោះ តាម​អ៊ីចឹង ដល់​ពេល​បង្ហូរ​ទឹក​មក​ច្រើន​ធ្វើ​ឲ្យ​លិច​ផល​ដំណាំ»

កន្លង​ទៅ​ប្រទេស​វៀតណាម ដែល​ជា​សមាជិក​គណៈកម្មការ​ទន្លេ​មេគង្គ ធ្លាប់​ស្នើ​ឲ្យ​រដ្ឋាភិបាល​ចិន បង្ហូរ​ទឹក​ទំនប់​វារីអគ្គិសនី​តាម​ដង​ទន្លេ​មេគង្គ ដើម្បី​សម្រួល​ដល់​ការ​ផ្គត់ផ្គង់​ទឹក​ស្រោចស្រព​វិស័យ​កសិកម្ម ខណៈ​ដែល​ប្រទេស​របស់​ខ្លួន​មាន​វិបត្តិ​ដោយ​គ្រោះ​រាំង​ស្ងួត។

ពលរដ្ឋ​រស់​នៅ​តាម​ដង​ទន្លេ​មេគង្គ នៃ​ឃុំ​ព្រះរំកិល ស្រុក​ថាឡាបរិវ៉ាត់ ខែត្រ​ស្ទឹងត្រែង លោក ផយ វណ្ណា ឲ្យ​ដឹង​ថា រយៈពេល​ពីរ​ថ្ងៃ​ចាប់​ពី​ថ្ងៃ​ទី​២១ ដល់​ថ្ងៃ​ទី​២២ ខែ​មីនា ទឹក​ទន្លេ​មេគង្គ​លើ ដែល​ហូរ​ចេញ​ពី​ប្រទេស​ឡាវ បាន​ឡើង​លិច​ផល​ដំណាំ​ពួកគាត់ ដែល​ដាំ​តាម​ច្រាំង​ទន្លេ ខណៈ​អ្នក​ភូមិ​ពុំ​ទាន់​ទទួល​ដំណឹង​ពី​ការ​បង្ហូរ​ទឹក​របស់​ចិន នៅ​ឡើយ៖ «យើង​ដាំ​ដំណាំ​បន្លែ​ស្ពៃ​តាម​ដង​ទន្លេ ស្រាប់តែ​ទឹក​មក​លិច​ខុស​ធម្មតា។ មូលហេតុ​អី​បាន​ជា​អត់​មាន​ភ្លៀង​ទឹក​ត្រូវ​ឡើង?»

​វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​ប្រធាន​គណៈកម្មការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា លោក តែ ណាវុធ ដើម្បី​សុំ​ការ​អធិប្បាយ​ករណី​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​២២ ខែ​មីនា។ តែ​លោក​ធ្លាប់​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ការ​បង្ហូរ​ទឹក​ជា​បន្ទាន់​ពី​ទំនប់​វារីអគ្គិសនី ជីងហុង មិន​បង្ក​ផល​ប៉ះពាល់​ជា​អវិជ្ជមាន​ដល់​ដង​ទន្លេ​មេគង្គ​កម្ពុជា នោះ​ទេ។

ប្រធាន​មន្ទីរ​ធនធាន​ទឹក និង​ឧតុនិយម​ស្ទឹងត្រែង លោក ប៉ាង ប៉េង ឲ្យ​ដឹង​ថា លោក​ពុំ​ទាន់​ទទួល​ព័ត៌មាន​ស្ដីពី​ចិន បង្ហូរ​ទឹក​នៅ​ឡើយ តែ​លោក​នឹង​ជូន​ដំណឹង​ទៅ​អាជ្ញាធរ​មូលដ្ឋាន​ឲ្យ​ផ្សព្វផ្សាយ​ដល់​ពលរដ្ឋ​រស់​នៅ​តាម​ដង​ទន្លេ​មេគង្គ ឲ្យ​ប្រុងប្រយ័ត្ន​នៅ​ពេល​លោក​ទទួល​ដំណឹង​នេះ៖ «ដើម្បី​ឲ្យ​គាត់​ប្រុង​ប្រយ័ត្ន​រឿង​បន្លែ​ដំណាំ​ដែល​គាត់​ដាំ​នៅ​តាម​មាត់​ទន្លេ​ហ្នឹង»

សេចក្ដី​ជូន​ដំណឹង​របស់​ចិន ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​មីនា ប្រកាស​ថា ការ​បើក​បង្ហូរ​ទឹក​ពី​ទំនប់​ជីងហុង នៃ​ខេត្ត​យុនណាន (Yunnan) ភាគ​ខាង​ត្បូង​ប្រទេស​ចិន នឹង​បន្ត​រហូត​ដល់​ថ្ងៃ​ទី​១០ ខែ​មេសា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។