សកម្មភាពឡោមព័ទ្ធទីតាំងស្តុកឈើក្នុងបរិវេណដីក្រុមហ៊ុនចិន របស់កងកម្លាំងប្រដាប់អាវុធចម្រុះជាង ១០០នាក់ គិតមកត្រឹមល្ងាចថ្ងៃទី១៩ ខែមករា រយៈពេល ៤យប់ ៤ថ្ងៃហើយ ខណៈមន្ត្រីជំនាញនៃគណៈកម្មការជាតិបង្ក្រាបបទល្មើសព្រៃឈើ កំពុងវាស់វែង និងស្រាវជ្រាវរកប្រភពនៃកំណាត់ឈើទាំងនោះ។ មន្ត្រីជំនាញនៃគណៈកម្មការបង្ក្រាបបទល្មើសព្រៃឈើថ្នាក់ជាតិ នៅមិនទាន់សន្និដ្ឋានបានយ៉ាងណានៅឡើយទេថា ទីតាំងស្តុកឈើចំនួន ៣កន្លែងផ្សេងគ្នាមានចំនួនប៉ុន្មានម៉ែត្រគូប បន្ទាប់ពីតំណាងក្រុមហ៊ុនបង្ហាញឯកសារឈើ ១គំនរ មានចំនួនជិត ៣ពាន់ម៉ែត្រគូប។
ប្រធានគណៈកម្មការជាតិបង្ក្រាបបទល្មើសព្រៃឈើ និងជាអគ្គមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក សៅ សុខា បញ្ជាឲ្យក្រុមជំនាញបច្ចេកទេសស្រាវជ្រាវរកប្រភពកំណាត់ឈើមូលរាប់ពាន់ម៉ែត្រគូប ចំនួន ៣កន្លែងដែលសមត្ថកិច្ចកំពុងឡោមព័ទ្ធ ៤ថ្ងៃកន្លងមក ឋិតក្នុងបរិវេណក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចចិន ឈ្មោះ ឆាយណា ដាយណាម៉ិច (CHINA DYNAMIC INVESTMENT C0., LTD.) នៅក្នុងឃុំរលួស ស្រុកសំបូរ ខែត្រក្រចេះ។
លោក សៅ សុខា ជំរុញឲ្យមន្ត្រីជំនាញបច្ចេកទេសនៃក្រសួងកសិកម្ម និងក្រសួងបរិស្ថាន ស្វែងរកគល់ឈើរាប់ពាន់កំណត់នោះ ក្នុងបរិវេណដីក្រុមហ៊ុន។ ការចុះប្រតិបត្តិការនេះ បន្ទាប់ពីតំណាងក្រុមហ៊ុនបានអះអាងថា ឈើមូលទាំងនោះគឺជាឈើក្នុងបរិវេណដីសម្បទានសេដ្ឋកិច្ចដែលរដ្ឋាភិបាលផ្ដល់សិទ្ធិវិនិយោគ។ លោកសន្និដ្ឋានថា កំណាត់ឈើទាំងនេះអាចមកពីខាងក្រៅ បន្ទាប់ពីស្ថានភាពព្រៃឈើក្នុងបរិវេណដីក្រុមហ៊ុន ពុំមានឈើប្រភេទនេះឡើយ៖ «មេព្រៃ និងកសិកម្ម សូមឲ្យមានការផ្ទៀងផ្ទាត់មើលរវាងឈើនេះ ដែលថាបានដកចេញពីក្នុងដីក្រុមហ៊ុនសម្បទាន តើពិតជាយកឈើចេញពីក្នុងហ្នឹងមែន ឬមិនមែន?»។
លោក សៅ សុខា ក៏ជំរុញឲ្យមន្ត្រីជំនាញស្រាវជ្រាវរកមធ្យោបាយដែលយកឈើមកស្តុកទុកនៅតំបន់នោះ និងអ្នកពាក់ព័ន្ធ។ លោកស្នើឲ្យពលរដ្ឋ និងសាធារណជនចូលរួមផ្ដល់ព័ត៌មានពីប្រភពឈើទាំងនេះ៖ «សូមមន្ត្រីជំនាញផ្ទៀងផ្ទាត់ បើសិនជាកាប់ឈើវានៅសល់គល់ ព្រោះឈើនេះស្មានមើលវាមិនលើសពី ៣ខែទេ»។
ឆ្លើយតបបញ្ហានេះ តំណាងក្រុមហ៊ុន ឆាយណា ដាយណាម៉ិច លោក ហាក់ កុសល ឲ្យដឹងនៅថ្ងៃទី១៩ មករាថា កំណាត់ឈើទាំងនេះ គឺជាឈើឋិតក្នុងបរិវេណដីសម្បទានសេដ្ឋកិច្ច ដែលរដ្ឋាភិបាលផ្ដល់សិទ្ធិវិនិយោគ។ លោកថា តំណាងក្រុមហ៊ុនកំពុងជូនក្រុមការងារបច្ចេកទេសរបស់គណៈកម្មការជាតិបង្ក្រាបបទល្មើសព្រៃឈើ ស្វែងរកគល់ឈើជាច្រើនគំនរនេះ ក្នុងបរិវេណដីក្រុមហ៊ុននៅរសៀលថ្ងៃទី១៩ ខែមករា៖ «ឈើដែលយើងបានមើលឃើញទាំងអស់ហ្នឹង គឺបានមកពីការឈូសឆាយដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចឆាយណា»។
ក្រុមហ៊ុន ឆាយណា ដាយណាម៉ិច ទទួលសិទ្ធវិនិយោគលើផ្ទៃដី ៦.៦០០ហិកតារពីក្រសួងកសិកម្ម ឋិតនៅឃុំរលួស ស្រុកសំបូរ ខែត្រក្រចេះ តាំងពីឆ្នាំ២០១០។ ក្រុមហ៊ុននេះវិនិយោគដំណាំដំឡូងមី និងអំពៅ។
កំណាត់ឈើមូល និងជ្រុង ភាគច្រើនជាប្រភេទឈើសុក្រំ និងគគីរ ដែលមានមុខកាន់ចាប់ពី ៣តឹក ដល់ ៩តឹក ប្រវែងចាប់ពី ៥ម៉ែត្រ ដល់ ៩ម៉ែត្រ ឋិតនៅ ៣ទីតាំងផ្សេងគ្នាក្នុងបរិវេណដីក្រុមហ៊ុនសម្បទានសេដ្ឋកិច្ច។ កម្មករដែលធ្វើការក្នុងក្រុមហ៊ុនចិន ថ្លែងសុំមិនបញ្ចេញឈ្មោះបង្ហើបថា កំណាត់ឈើទាំងនេះ គឺដឹកចេញពីខែត្រមណ្ឌលគិរី ក្នុងតំបន់ព្រៃអភិរក្ស យកមកតម្កល់ទុកក្នុងបរិវេណដីក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចចិន ឈ្មោះ ឆាយណា ដាយណាម៉ិច។
អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក អេង ហ៊ី ឲ្យដឹងថា អគ្គបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការបង្ក្រាបបទល្មើសឈើ លោក សៅ សុខា និងក្រុមការងារក្រសួងពាក់ព័ន្ធ នឹងចុះបេសកកម្មករណីនេះនៅខែត្រមណ្ឌលគិរី ទៀត៖ «យើងនឹងស្រាវជ្រាវបើសិនជាឃើញគឺគាត់នឹងមានទោស»។
ចំណែកកំណាត់ឈើរាប់ពាន់ម៉ែត្រនោះ កងកម្លាំងប្រដាប់អាវុធនៅបន្តយាម រង់ចាំសេចក្ដីសម្រេចពីប្រធានគណៈកម្មការជាតិបង្ក្រាបបទល្មើសព្រៃឈើ ខណៈមន្ត្រីបច្ចេកទេសកំពុងស្រាវជ្រាវរកប្រភពដើមនៅឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។