អាជ្ញាធរក្រុងភ្នំពេញ បានរារាំងការដើរហែក្បួនយុទ្ធនាការរបស់សហគមន៍ដីធ្លីជាង ៤០សហគមន៍ ដែលមានអ្នកចូលរួមប្រមាណ ២០០នាក់ពីទូទាំងប្រទេស នៅព្រឹកថ្ងៃទី៣១ ខែមីនា ទាមទារឲ្យបញ្ឈប់ការលុបបឹងនានានៅកម្ពុជា។
ខណៈការដើរក្បួនហែឆ្ពោះទៅមន្ទីររដ្ឋសភា បានចាកចេញពីតំបន់បឹងកក់ មកដល់ប៉ែកខាងត្បូង ត្រង់ចំណុចមុខអគារទីស្ដីការគណៈរដ្ឋមន្ត្រី កងកម្លាំងប៉ូលិស ប៉េអឹម និងកងសន្តិសុខរាប់សិបនាក់បានស្ទាក់ជាប់។
មន្ត្រីសាលាខណ្ឌដូនពេញ បានជំរុញឲ្យអ្នកហែក្បួនជិះរ៉ឺម៉កទេសចរណ៍ទាំងអស់គ្នា ជំនួសឲ្យការដើរ ក្រោមហេតុផលថា ធ្វើឲ្យរំខានដល់ចរាចរណ៍សាធារណៈ។ ក្រុមអ្នកតវ៉ាបានសុំដើរតែ ១០០នាក់ នៅសល់ប៉ុន្មានពួកគាត់ព្រមជិះរ៉ឺម៉ក។
ដោយការចរចាមិនបានសម្រេច អ្នកហែក្បួនបានជិះរ៉ឺម៉កទៅមន្ទីររដ្ឋសភា។ តំណាង ៥នាក់ ទទួលបានការអនុញ្ញាតឲ្យចូលយកញត្តិទៅដាក់ជូនរដ្ឋសភា។
ខ្លឹមសារនៃញត្តិដែលក្រុមអ្នកហែក្បួនផ្ញើជូនចំពោះប្រធានរដ្ឋសភា លោក ហេង សំរិន គឺពួកគាត់ស្នើសុំកិច្ចអន្តរាគមន៍ជាបន្ទាន់ទៅលើរដ្ឋាភិបាល ឲ្យបញ្ឈប់ការផ្ដល់សិទ្ធិដល់វិនិយោគិន ឈ្មួញ និងអ្នកមានអំណាច ដើម្បីវិនិយោគ និងលុបបឹងធម្មជាតិ។
តំណាងស្ត្រីសហគមន៍បឹងកក់ អ្នកស្រី បូវ សោភា ដែលបានចូលទៅប្រគល់ញត្តិ ថ្លែងថា អ្នកស្រីមិនសូវមានសង្ឃឹមអំពីការទប់ស្កាត់ប៉ុន្មានទេ ប៉ុន្តែអ្នកស្រីខំឲ្យអស់ចិត្ត៖ «ទាមទារខាងសភា កោះហៅលោក ប៉ា សុជាតិវង្ស លោក កែប ជុតិម៉ា ឲ្យគាត់មកបកស្រាយរឿងលុបបឹង។ សួរថា តើការលុបបឹងហ្នឹងចំណេញអីចំពោះពលរដ្ឋ និងចំណេញអីដល់រដ្ឋាភិបាល?...»។
នាយកប្រតិបត្តិនៃសមាគមធាងត្នោត លោក អ៊ី សារ៉ុម មានប្រសាសន៍ថា បឹងចំនួន ២៥ត្រូវបានគេលុប នៅរាជធានីភ្នំពេញ ក្នុងអាណត្តិអភិបាលក្រុងពីររូប គឺលោក កែប ជុតិម៉ា និង លោក ប៉ា សុជាតិវង្ស៖ «រយៈពេលជាង ១០ឆ្នាំនេះ លុបបឹងសឹងថា ស្ទើរថាផុតបឹងតែម្ដង ហើយចុងក្រោយនេះមានបឹងទំពុន ដែលមានផ្ទៃទឹកធំមែនទែន ហើយរដ្ឋាភិបាលកំពុងតែលុបបឹងដើម្បីអភិវឌ្ឍន៍ សង់ផ្លូវមរតកតេជោអីនេះ។ បឹងដែលសំខាន់មួយទៀត គឺទំនប់កប់ស្រូវ...»។
ស្ដីអំពីការរារាំងការហែក្បួនយុទ្ធនាការទាមទារឲ្យបញ្ឈប់ការលុបបឹង មន្ត្រីជាន់ខ្ពស់នៃសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) លោក ណៃ វ៉ង់ដា អះអាងថា វិធានការរបស់អាជ្ញាធរមានភាពលម្អៀង៖ «បើប្រៀបធៀបទៅក្រុមលោក ស្រី ចំរើន ដែលមានការអនុញ្ញាតឲ្យមានការហែដោយរលូនដូចគណៈប្រតិភូមួយអ៊ីចឹង ហើយការដាក់ញត្តិទីណាមួយ គឺមានសុវត្ថិភាព ហាក់ដូចជាមានអភ័យឯកសិទ្ធិពិសេស។ នេះជាការអនុវត្តស្តង់ដារ២ របស់សមត្ថកិច្ច»។
ទោះយ៉ាងណាក្ដី សកម្មជនដីធ្លី ជាពិសេសតំណាងស្ត្រីមកពីសហគមន៍បឹងកក់ ប្ដេជ្ញាថា នឹងបន្តការតស៊ូមតិតទៅទៀត ដោយរួបរួមគ្នាជាមួយសហគមន៍ដីធ្លីមកពីទូទាំងប្រទេស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។