ប្រជាពលរដ្ឋនៅស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ហាក់អស់ជំនឿលើអាជ្ញាធរ និងមន្ត្រីជំនាញជលផលក្នុងការទប់ស្កាត់បទល្មើសនេសាទនៅមូលដ្ឋានរបស់ខ្លួន។ ពួកគាត់សម្ដែងការព្រួយបារម្ភថា ធនធានមច្ឆាជាតិនឹងត្រូវវិនាសហិនហោចអស់ ប្រសិនបើសកម្មភាពអូសអួន ម៉ាញ់ ប្រព្រឹត្តដោយជនជាតិវៀតណាម ដែលកំពុងកើតមានយ៉ាងគគ្រឹកគគ្រេងនៅក្នុងទឹកដីឃុំពោធិ៍ និងឃុំកំពង់ហាវ ដូចសព្វថ្ងៃទៀតនោះ។
ប្រជានេសាទរស់នៅឃុំទាំងពីរ ឲ្យដឹងនៅថ្ងៃទី៤ ខែឧសភា ថា ប្រជាពលរដ្ឋក្នុងស្រុកជាច្រើននាក់បានខកចិត្ត និងគ្មានជំនឿថា អាជ្ញាធរនិងមន្ត្រីជំនាញពាក់ព័ន្ធអាចបង្ក្រាបបទល្មើសនេសាទនៅលើផ្ទៃបឹងទន្លេសាបបាននោះឡើយ។ ពួកគាត់អះអាងថា ទាំងអភិបាលស្រុក សមត្ថកិច្ច និងមន្ត្រីជលផល សុទ្ធតែបានដឹងឮ និងឃើញផ្ទាល់ភ្នែកស្ទើររាល់ថ្ងៃ ប៉ុន្តែសកម្មភាពនេសាទខុសច្បាប់ទាំងនោះនៅតែបន្តកើតមានកាន់តែច្រើនឡើង។
ប្រជានេសាទម្នាក់នៅឃុំកំពង់ហាវ លោក ផល វិសាល មានប្រសាសន៍ថា ជនជាតិវៀតណាម បានប្រើឧបករណ៍ជន ឬម៉ាញ់ និងអួន ដោយប្រើទូកម៉ាស៊ីនធ្វើសកម្មភាពចាប់ពីចំណុចក្បាលកោះជ័យទាត់ រហូតដល់ភូមិដូនវៀត នៃឃុំកំពង់ហាវ ជាច្រើនខែមកហើយ ប៉ុន្តែខាងមន្ត្រីជលផលមិនអើពើនោះទេ។ លោកថា ទូកល្មើសភាគច្រើនបានចេញធ្វើសកម្មភាពចាប់ពីម៉ោងប្រហែល ៥ល្ងាច រហូតដល់ម៉ោង ៥ទៀបភ្លឺឈប់ ហើយសកម្មភាពទាំងនោះបានធ្វើឲ្យដាច់រហែកមង និងសន្ទូចរបស់ប្រជាពលរដ្ឋស្ទើររាល់យប់។
លោក ផល វិសាល៖ «បាទ! កន្លងមកនៅក្បាលកោះដីដុះហ្នឹង ឃើញអូសតែមួយវង់ទេ ឥឡូវឡើងដល់ ៣វង់ហើយ គឺអនាធិបតេយ្យតែម្ដង។ និយាយឲ្យចំទៅគឺច្រើនតែម្ដង គ្មាននរណាទៅហាមឃាត់អីទេ។ ប្រជាពលរដ្ឋបានតែកេះគ្នា ខ្សឹបគ្នា ប្រាប់គ្នាថា នោះមើលយួនអូសហើយ យើងគិតយ៉ាងម៉េច? អ្ហើយ! បើថ្នាក់ដឹកនាំគេជាអ្នកមានអំណាច គេអត់គិតហើយ យើងប្រជាពលរដ្ឋមិនដឹងយើងគិតយ៉ាងម៉េច»។
ចំណែកពលរដ្ឋម្នាក់ទៀតលោក លី សាត បញ្ជាក់ថា សព្វថ្ងៃប្រជាពលរដ្ឋនេសាទត្រីជាលក្ខណៈគ្រួសារមានការលំបាកយ៉ាងខ្លាំងដោយសារតែសកម្មភាពចាប់ត្រីខុសច្បាប់របស់ជនជាតិវៀតណាមនេះ ប៉ុន្តែលោកឆ្ងល់ថា នៅយប់ថ្ងៃទី២ និងទី៣ ខែឧសភា សកម្មភាពល្មើសបានថយចុះ។
លោករំលឹកថា កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៤ លោកត្រូវបានជនជាតិវៀតណាម ស្ដីបន្ទោសពីរឿងដាក់មងទើសកន្លែងពួកគេអូសអួន៖ «វាថាវាអ្នករកធំវាបង់លុយឲ្យចៅហ្វាយខេត្ត ក្នុងមួយរដូវ ៣០ ទៅ ៤០លានរៀល អ៊ីចឹងពួកលោកឯងដែលមកដាក់មងហ្នឹងមិនមានច្បាប់ទេ»។
មន្ត្រីសម្របសម្រួលសហគមន៍នៃអង្គការសម្ព័ន្ធភាពដើម្បីអភិរក្សធនធានជលផល (Fact) អ្នកស្រី នៅ សារឹម ក៏មើលឃើញបទល្មើសនេសាទស្ទើរគ្រប់ប្រភេទ បានកើតមានកាន់តែច្រើនឡើងនៅទូទាំងខេត្តកំពង់ឆ្នាំង។ ក្រៅពីសកម្មភាពល្មើសទាំងនេះ អ្នកស្រីបានទទួលព័ត៌មានថា នៅស្រុកកំពង់លែង មានក្រុមហ៊ុនឯកជនមួយកំពុងឈូសឆាយដីព្រៃលិចទឹកនៅចំណុចឃុំច្រណូក តាំងពីចុងខែមេសា ឆ្នាំ២០១៤ មក ហើយអ្នកស្រីនឹងចុះសិក្សាអំពីបញ្ហានេះក្នុងពេលឆាប់ៗ។
អ្នកស្រី នៅ សារឹម៖ «បទល្មើសនេសាទមានគ្រប់កន្លែងទាំងអស់តែម្ដងនៅកំពង់ឆ្នាំង។ តំបន់គោលដៅដូចជា ឆ្នុកទ្រូ ដូចជាកំពង់លែង ដូចជាកោះថ្កូវ កំពង់ត្រឡាច អីហ្នឹងនៅតែមាន»។
ទាក់ទងបញ្ហានេះអភិបាលស្រុកកំពង់លែង លោក មាន់ អេនលី បានឆ្លើយបដិសេធយ៉ាងខ្លីថា នៅក្នុងស្រុករបស់លោកពុំមានសកម្មភាពឈូសឆាយដីព្រៃលិចទឹកដូចការលើកឡើងរបស់សហគមន៍នោះទេ។ យ៉ាងណានាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង លោក សេង ប៊ុនឈឿន បានថ្លែងបញ្ជាក់ថា រដ្ឋបាលជលផលមានការប្រុងប្រយ័ត្នបំផុត ចំពោះសកម្មភាពឈូសឆាយដីព្រៃលិចទឹកដែលជាជម្រកពងត្រីកូននៅក្នុងរដូវបិទនេសាទ ហើយលោកនឹងចុះត្រួតពិនិត្យក្រោយពីបានទទួលព័ត៌មាននេះ។
ចំណែកបញ្ហាបទល្មើសនេសាទថាមានការកើនឡើង ឬថយចុះនៅក្នុងខេត្តយ៉ាងណានោះ លោកបានបដិសេធមិនឆ្លើយតបឡើយ ប៉ុន្តែនៅក្នុងទឹកដីឃុំទាំងពីរដែលប្រជាពលរដ្ឋលើកឡើង លោកមើលឃើញថា ពុំមានបទល្មើសនោះទេ។
លោកបញ្ជាក់ថា គ្រប់បទល្មើសនេសាទទាំងអស់នឹងត្រូវបានបង្ក្រាបទាំងយប់ទាំងថ្ងៃ ប្រសិនបើអ្នកឃើញបទល្មើសផ្ទាល់រាយការណ៍មកលោកបានច្បាស់លាស់៖ «ខ្ញុំសំណូមពរប៉ុណ្ណេះ បើសិនជាមាន ហើយខ្ញុំមិនចាត់ការ ដោយគាត់ផ្ដល់ព័ត៌មាន អាហ្នឹងគាត់រិះគន់ខ្ញុំចុះ ប៉ុន្តែគាត់អត់ដែលផ្ដល់អីសោះ ហើយគាត់ទៅតែនិយាយខាងក្រៅអ៊ីចឹងបានការអី»។
កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៤ ប្រជាពលរដ្ឋជាច្រើនគ្រួសារនៅឃុំផ្លូវទូក និងឃុំប្រឡាយមាស នៃស្រុកកំពង់លែង បាននាំគ្នាផ្ដិតមេដៃប្ដឹងលោក សេង ប៊ុនឈឿន ទៅអភិបាលខេត្តកំពង់ឆ្នាំង ទាក់ទងនឹងការបណ្ដែតបណ្ដោយឲ្យជនល្មើសប្រព្រឹត្តបទល្មើសនេសាទនៅក្នុងទឹកដីឃុំទាំងពីរយ៉ាងអនាធិបតេយ្យ ប៉ុន្តែរហូតមកដល់ពេលនេះ ពួកគាត់មិនទាន់ឃើញមានចំណាត់ការអ្វី ឬការឆ្លើយតបណាមួយពីអភិបាលខេត្តនៅឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។