មន្ត្រី​សង្គម​ស៊ីវិល​ខេត្ត​កោះកុង​បារម្ភ​ពី​ការ​បាត់បង់​ដី​ព្រៃ​កោងកាង​ដោយ​ការ​ចាក់​ដី​លុប

0:00 / 0:00

មន្ត្រី​សង្គម​ស៊ីវិល​ខេត្ត​កោះកុង ព្រួយ​បារម្ភ​អំពី​ការ​បាត់បង់​ដី​ព្រៃ​កោងកាង​នៅ​តាម​ឆ្នេរ​សមុទ្រ​ខេត្ត​នេះ ដែល​ត្រូវ​គេ​ទន្ទ្រាន ហើយ​មន្ត្រី​ចេញ​ប្លង់​កម្មសិទ្ធិ​ជូន​បុគ្គល​ឯកជន។ ពួក​គេ​ចោទ​ថា សកម្មភាព​ចាក់​ដី​លុប​ព្រៃ​កោងកាង​នៅ​តាម​ឆ្នេរ​សមុទ្រ បាន​បន្ត​កើត​មាន​នៅ​ខេត្ត​កោះកុង ដែល​ជា​ការ​ផ្គើន​ទៅ​នឹង​បទបញ្ជា​របស់​ប្រមុខ​ដឹកនាំ ដែល​ដាក់​ឲ្យ​មន្ត្រី​ថ្នាក់​ក្រោម​ពិនិត្យ​ឈាន​ដល់​លុប​ចោល​ប័ណ្ណ​កម្មសិទ្ធិ​ប៉ះពាល់​ដល់​ដី​ព្រៃ​កោងកាង​នៅ​តាម​ខេត្ត​ជាប់​ឆ្នេរ​សមុទ្រ​ទាំង​៤។

អ្នក​ឃ្លាំ​មើល​ការ​អភិវឌ្ឍ​សង្គម​ប្រចាំ​ខេត្ត​កោះកុង បាន​អះអាង​ថា ដី​ព្រៃ​កោងកាង​រាប់​រយ​ហិកតារ​នៅ​តាម​ឆ្នេរ​សមុទ្រ​ខេត្ត​នេះ ត្រូវ​មន្ត្រី​មួយ​ចំនួន​កំពុង​បម្រើ​ការងារ​នៅ​តាម​មន្ទីរ និង​ស្ថាប័ន​រដ្ឋ​ខ្លះ​នា​មូលដ្ឋាន​នេះ ឃុបឃិត​ជាមួយ​ឈ្មួញ​ចាក់​ដី​លុប និង​ចេញ​ប្លង់​កម្មសិទ្ធិ​ជូន​បុគ្គល​ឯកជន​ស្ទើរ​ទាំង​ស្រុង​អស់​ទៅ​ហើយ។ ពួក​គេ​ទទូច​ដល់​រដ្ឋបាល​ខេត្ត​កោះកុង ឲ្យ​បង្ហាញ​ជា​សាធារណៈ​ចំនួន​ផ្ទៃដី ឬ​ចំនួន​ប័ណ្ណ​កម្មសិទ្ធិ ដែល​ត្រូវ​អាជ្ញាធរ​ស្ថាប័ន​ពាក់ព័ន្ធ​ចេញ​ឲ្យ​បុគ្គល​ឯកជន​កន្លង​ទៅ។

អ្នក​ឃ្លាំ​មើល​ការ​រំលោភ​សិទ្ធិ​មនុស្ស​អង្គការ​លីកាដូ (LICADHO) ប្រចាំ​ខេត្ត​កោះកុង លោក ហ៊ួរ អ៊ីន ផ្តល់​សម្ភាស​ថា ភាព​អនាធិបតេយ្យ​នៃ​ការ​ចាក់​ដី​លុប​ព្រៃ​កោងកាង​ជា​ជម្រក​ត្រី​សមុទ្រ​បន្ត​ពូជ​នា​មូលដ្ឋាន​នេះ មាន​វិនាសកម្ម​ធ្ងន់ធ្ងរ ទាមទារ​ឲ្យ​រដ្ឋាភិបាល​ទប់ស្កាត់​ជា​បន្ទាន់ និង​មាន​ប្រសិទ្ធភាព។

លោក​អះអាង​ថា ដី​ព្រៃ​លិច​ទឹក​មាន​ទីតាំង​នៅ​ជាប់​ឆ្នេរ​សមុទ្រ​ខេត្ត​កោះកុង ភាគច្រើន ត្រូវ​ឈ្មួញ និង​មន្ត្រី​មាន​អំណាច​ទន្ទ្រាន​ធ្វើ​កម្មសិទ្ធិ ដោយ​បាន​សង់​សំណង់​ផ្សេងៗ​នៅ​លើ​ដី​ចាក់​លុប​ព្រៃ​កោងកាង​នោះ និង​ពុះ​ច្រៀក​ជា​ឡូៗ​លក់​ដូរ​បន្ត​អនាធិបតេយ្យ។

លោក ហ៊ួរ អ៊ីន ស្នើ​ឲ្យ​លោក ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម ដែល​ទទួល​បទបញ្ជា​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចុះ​ពិនិត្យ​ឈាន​ដល់​និរាករណ៍ ឬ​លុប​ប័ណ្ណ​កម្មសិទ្ធិ និង​ឯកសារ​បញ្ជាក់​កម្មសិទ្ធិ​ដីធ្លី​ផ្សេង​ទៀត​ដែល​ជាប់​ពាក់ព័ន្ធ​ដី​ព្រៃ​កោងកាង​នៅ​តាម​ខេត្ត​ជាប់​ឆ្នេរ​សមុទ្រ​ចំនួន​៤ នៃ​ប្រទេស​កម្ពុជា ឲ្យ​បង្ហាញ​លទ្ធផល​ចុះ​ស្រាវជ្រាវ​ជា​សាធារណៈ៖ « ខ្ញុំ​សូម​ស្នើ​ឲ្យ​រាជ​រដ្ឋាភិបាល​ត្រូវ​ចាត់​វិធានការ​ទៅ​លើ​សកម្មភាព​ចាក់​ដី​រំលោភ​ដី​ព្រៃ​កោងកាង​ធ្វើ​កម្មសិទ្ធិ​ នៅ​ តា ម​ខេត្ត​ ទាំង​៤ ដែល​នៅ​ជាប់​សមុទ្រ​នេះ តើ​ប័ណ្ណ​កម្មសិទ្ធិ ​មាន​ចំនួន​ប៉ុន្មាន ឬ​មាន​នៅ​ទីតាំង​ណា​ខ្លះ ដែល​រដ្ឋាភិបាល​បាន​ លុប​ចោល ឬ​និរាករណ៍​ប័ណ្ណ​កម្មសិទ្ធិ​ចេញ​ប៉ះពាល់​ដល់​ដី​ព្រៃ​កោងកាង »

ខេត្ត​ជាប់​ឆ្នេរ​សមុទ្រ​ទាំង​៤ នៃ​ប្រទេស​កម្ពុជា ដែល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចេញ​បទបញ្ជា​ឲ្យ​ពិនិត្យ​រាល់​ការ​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​នាំ​ឲ្យ​ប៉ះពាល់​ដល់​ដី​ព្រៃ​កោងកាង​រួម​មាន ខេត្ត​កែប ខេត្ត​កំពត ខេត្ត​ព្រះសីហនុ និង​ខេត្ត​កោះកុង។ ខេត្ត​ទាំង​៤ មាន​ឆ្នេរ​សមុទ្រ​សរុប​ចំនួន ៤៤០​គីឡូម៉ែត្រ។

អ្នក​សម្របសម្រួល​សមាគម​អាដហុក (ADHOC) ខេត្ត​កោះកុង លោក ញៀប សំអឿន ឲ្យ​ដឹង​ថា ដី​ជាប់​ឆ្នេរ​សមុទ្រ​ដែល​មាន​ដុះ​ព្រៃ​កោងកាង​ជា​ជម្រក​ត្រី​សមុទ្រ​បន្ត​ពូជ​មូលដ្ឋាន​នេះ បាន​រង​ការ​បំផ្លាញ​ធ្ងន់ធ្ងរ។ លោក​បន្ត​ថា ឈ្មួញ​បាន​ឃុបឃិត​ជាមួយ​មន្ត្រី​ជំនាញ​ខ្លះ​នា​ខេត្ត​កោះកុង ដឹក​ដី​ចាក់​លុប​ព្រៃ​កោងកាង និង​ចេញ​ប្លង់​កម្មសិទ្ធិ​ជូន​បុគ្គល​ឯកជន​ខុស​ច្បាប់។

មន្ត្រី​សិទ្ធិ​មនុស្ស​រូប​នេះ​សង្កេត​ឃើញ​ថា បទបញ្ជា​របស់​ប្រមុខ​ដឹកនាំ​ដែល​ដាក់​ឲ្យ​មន្ត្រី​ក្រោម​ឱវាទ ពិនិត្យ​សើរើ​ទៅ​លើ​រាល់​ការ​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ប៉ះពាល់​ទៅ​លើ​ដី​ព្រៃ​កោងកាង​នៅ​តាម​ឆ្នេរ​សមុទ្រ​ខេត្ត​កោះកុង ហាក់​គ្មាន​មន្ត្រី​ថ្នាក់​ក្រោម​អនុវត្ត​តាម​ទេ ដោយ​សកម្មភាព​ដឹក​ដី​ចាក់​លុប​ព្រៃ​កោងកាង​បាន​បន្ត​កើត​មាន​រាល់​ថ្ងៃ​នេះ និង​បាន​ពុះ​ច្រៀក​ជា​ឡូៗ​លក់​ដូរ​បន្ត​ថែម​ទៀត។

លោក ញៀប សំអឿន ស្នើ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី ជួយ​ទប់ស្កាត់​សកម្មភាព​ចាក់​ដី​លុប​ព្រៃ​កោងកាង​អនាធិបតេយ្យ​នា​មូលដ្ឋាន​ខេត្ត​កោះកុង ឲ្យ​មាន​ប្រសិទ្ធភាព ដើម្បី​រក្សា​ជម្រក​ត្រី​សមុទ្រ​បន្ត​ពូជ​ឲ្យ​បាន​គង់វង្ស៖ « ឈ្មួញ​ កំពុង​តែ ចាក់​ដី លុប​ព្រៃ​កោងកាង មាន​ដូចជា នៅ​ក្នុង ​សង្កាត់​ស្ទឹងវែង សង្កាត់​ដងទង់ ឃុំ​ពាមក្រសោប និង​ឃុំ​បាក់ខ្លង នៃ​ខេត្ត​កោះកុង តំបន់​នៅ​ជាប់​មាត់​សមុទ្រ​ក្នុង​ឃុំ​ទាំង​ ៤ នេះ គឺ​ជា ​តំបន់​មាន​ដុះ​ ព្រៃ​កោងកាង ឬ​ជា​តំបន់​គម្រប​ ព្រៃ​កោងកាង ​ទាំងអស់។ ព្រៃ​ ទាំងនេះ​ត្រូវ​បាន ​គេ​ កាប់​បំផ្លាញ និង​បាន​ បាញ់​ថ្នាំ សម្លាប់​ចោល និង​បាន​ បោះ​បង្គោល ​កំណត់​ ព្រំ​ដី​ នៅ​ លើ​ដី​ ជាក់ស្តែង​គ្រប់​ទីកន្លែង​ទាំងអស់ ដើម្បី​ បញ្ជាក់​ថា​ ជា​ដី​ កម្មសិទ្ធិ​ឯកជន​ របស់​បុគ្គល​នីមួយៗ »

មិន​ទាន់​មាន​ការ​អត្ថាធិប្បាយ​បែប​ណា​ពី​អភិបាល​ខេត្ត​កោះកុង លោក ប៊ុន លឺត និង​មន្ត្រី​ជំនាញ​មន្ទីរ ឬ​ស្ថាប័ន​ពាក់ព័ន្ធ​រួម​មាន ស្ថាប័ន​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​កោះកុង និង​មន្ទីរ​សុរិយោដី​ខេត្ត​កោះកុង ជាដើម ទៅ​លើ​ការ​ចេញ​ប័ណ្ណ​កម្មសិទ្ធិ ឬ​សកម្មភាព​ដឹក​ដី​ចាក់​លុប​ព្រៃ​កោងកាង​នៅ​តាម​តំបន់​ឆ្នេរ​សមុទ្រ​មួយ​ចំនួន​នា​ខេត្ត​កោះកុង នេះ​ទេ កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​៥ ខែ​មករា។

មន្ត្រី​សង្គម​ស៊ីវិល និង​សាធារណជន កំពុង​រង់ចាំ​មើល​ការ​ប្រកាស​លទ្ធផល​ជា​សាធារណៈ​របស់​ក្រុម​ការងារ​ចម្រុះ​ក្រសួង​រៀបចំ​ដែនដី និង​ក្រសួង​កសិកម្ម ដែល​ចុះ​អនុវត្ត​សេចក្តី​សម្រេច ឬ​លិខិត​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​១៣ ខែ​មិថុនា ឆ្នាំ​២០១៦។ លិខិត​នោះ​បាន​ផ្ដល់​ដំណឹង ឬ​ផ្តល់​លទ្ធភាព​ជូន​លោក ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី និង​លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម ក្នុង​ការងារ​ចុះ​ពិនិត្យ​តាមដាន​ទៅ​លើ​ស្ថានភាព​ព្រៃ​កោងកាង​នៅ​តាម​តំបន់​ឆ្នេរ​នៃ​ប្រទេស​កម្ពុជា លើ​ចំណុច​និរាករណ៍ ឬ​ដក​ហូត​ប័ណ្ណ​កម្មសិទ្ធិ​កាន់​កាប់​អចលនវត្ថុ វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ និង​លិខិត​បញ្ជាក់​ការ​កាន់​កាប់​ដី​របស់​មន្ទីរ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​អាជ្ញាធរ​ដែនដី​ខេត្ត​ជាប់​សមុទ្រ​ទាំង​៤ មាន​ខេត្ត​កំពត ខេត្ត​កែប ខេត្ត​ព្រះសីហនុ និង​ខេត្ត​កោះកុង ដែល​មាន​ការ​ពាក់ព័ន្ធ​ដី​ព្រៃ​កោងកាង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។