ប្រជាពលរដ្ឋមួយចំនួននៅសង្កាត់ក្របីរៀល ក្រុងសៀមរាប បានសង្ស័យទៅលើអាជ្ញាធរ និងមន្ត្រីខ្លះ ថាអាចនឹងជាប់ពាក់ព័ន្ធជាមួយនឹងក្រុមអ្នកកាប់បំផ្លាញព្រៃលិចទឹកនៅតំបន់៣ នៃបឹងទន្លេសាប បានជាមិនមានមន្ត្រីជំនាញ ឬក៏អាជ្ញាធរណាចេញមុខបង្ក្រាបទាល់តែសោះ។
ការសង្ស័យរបស់អ្នកភូមិ បានកើតមានឡើងបន្ទាប់ពីព្រៃលិចទឹកនៅក្នុងភូមិសាស្ត្រត្រពាំងកន្តុត នៃសង្កាត់ក្របីរៀល ជាច្រើនហិកតារ ត្រូវជនមិនស្គាល់មុខលួចកាប់ និងដុតបំផ្លាញដើម្បីរុករានយកដីធ្វើស្រែប្រាំង។
ក្រុមប្រជាពលរដ្ឋនៅសង្កាត់ក្របីរៀល រួមទាំងសមាជិកក្រុមប្រឹក្សាខ្លះនៃខេត្តសៀមរាប បានជំរុញឲ្យអាជ្ញាធរខេត្ត រួមទាំងមន្ត្រីជំនាញពាក់ព័ន្ធ ដូចជាមន្ទីរបរិស្ថាន និងខណ្ឌរដ្ឋបាលជលផល គួរតែចុះបង្ក្រាបសកម្មភាពកាប់បំផ្លាញព្រៃលិចទឹកនៅតំបន់ទី៣ នៃបឹងទន្លេសាប ក្នុងសង្កាត់ក្របីរៀល ក្រុងសៀមរាប ជាបន្ទាន់។
ក្រុមអ្នកភូមិឲ្យដឹងថា រយៈពេលជាង ២សប្ដាហ៍មកហើយ គេបានឃើញផ្សែងភ្លើងអណ្ដែតចេញពីតំបន់បឹងទន្លេសាប ហើយនៅពេលដែលគេនាំគ្នាចុះទៅពិនិត្យមើល ទើបឃើញដើមឈើធំៗដែលជាព្រៃលិចទឹក មានមនុស្សលួចកាប់ ព្រមទាំងដុតបំផ្លាញដើម្បីរុករានយកដីសម្រាប់ធ្វើស្រែប្រាំងអស់ជាច្រើនហិកតារ។
បុរសអ្នកភូមិព្រៃពោធិ៍ ម្នាក់ក្នុងចំណោមប្រជាពលរដ្ឋជាច្រើននាក់ទៀតក្នុងសង្កាត់ក្របីរៀល ដែលសុំមិនបញ្ចេញឈ្មោះ មានប្រសាសន៍ថា រយៈពេលជាង ២សប្ដាហ៍មកហើយ គឺមានមនុស្សលួចចូលក្នុងតំបន់៣ នៃបឹងទន្លេសាប ម្ដុំភូមិសាស្ត្រត្រពាំងកន្តុត ហើយកាប់បំផ្លាញព្រៃលិចទឹកយ៉ាងធំធេងចាប់ពីតំបន់ច្រកធំ រហូតទៅដល់ច្រកតូច។ បុរសដដែលបញ្ជាក់ថា ព្រៃលិចទឹកទំហំប្រហែលជាងកន្លះគីឡូម៉ែត្រ ត្រូវគេកាប់ ហើយដុតបំផ្លាញដោយមិនមានអាជ្ញាធរណាចេញមុខបង្ក្រាបទេ៖ « មុនដំបូងគេលួចកាប់ពីក្នុង កាប់ទាល់តែស្រឡះ ឆ្វៀលឡើងអស់ ទើបគេដុតពីក្រៅ។ ប៉ុន្មានថ្ងៃហើយ គឺព្រៃឈើទាំងនោះត្រូវគេដុតបំផ្លាញអស់ច្រើនណាស់ »។
ក្រុមអ្នកភូមិសង្ស័យថា មន្ត្រីជំនាញ និងអាជ្ញាធរខ្លះ អាចនឹងជាប់ពាក់ព័ន្ធជាមួយនឹងក្រុមអ្នកកាប់បំផ្លាញព្រៃលិចទឹកនោះ បានជាគេមិនដែលឃើញមន្ត្រីផ្នែកណាមួយចេញមុខបង្ក្រាបទេ ក៏ប៉ុន្តែអាជ្ញាធរសង្កាត់ក្របីរៀល បានបដិសេធការចោទប្រកាន់របស់ប្រជាពលរដ្ឋ ហើយថា អាជ្ញាធរមិនបានព្រងើយកន្តើយក្នុងការបង្ក្រាបបទល្មើសកាប់ព្រៃលិចទឹកនៅតំបន់ត្រពាំងកន្តុត នោះឡើយ។
ចៅសង្កាត់ក្របីរៀល លោក ចៀម ថែ មានប្រសាសន៍ថា លោកទើបតែបានចុះទៅពិនិត្យមើលឃើញព្រៃលិចទឹកទំហំប្រមាណជាង ៥ហិកតារ ត្រូវគេកាប់បំផ្លាញ។ កន្លែងដែលគេលួចកាប់ព្រៃលិចទឹកនោះ គឺជាតំបន់៣ នៃបឹងទន្លេសាប ដែលហាមឃាត់ ក៏ប៉ុន្តែនៅតែមានអ្នកចូលទៅលួចកាប់ និងដុតបំផ្លាញព្រៃលិចទឹក។ លោកចៅសង្កាត់បញ្ជាក់ទៀតថា អ្នកដែលកាប់បំផ្លាញព្រៃលិចទឹកនោះ គឺជាប្រជាពលរដ្ឋចំនួន ៦គ្រួសារ នៅក្នុងសង្កាត់ក្របីរៀល។ បច្ចុប្បន្ន លោកកំពុងចាត់ឲ្យអាជ្ញាធរភូមិ កត់ឈ្មោះដើម្បីកោះហៅពួកគេមកអប់រំ៖ « ព្រៃនោះ គឺជាព្រៃដែលហាមឃាត់ ក៏ប៉ុន្តែប្រជាពលរដ្ឋខ្លះនៅតែលួចកាប់លួចដុត។ អាជ្ញាធរសង្កាត់ នឹងហៅមកណែនាំ និងឈប់ឲ្យកាប់បំផ្លាញតទៅទៀត »។
ចំណែកប្រធានមន្ទីរបរិស្ថានខេត្តសៀមរាប លោក ភួង លីណា បានប្រាប់ថា លោកមិនទាន់បានទទួលព័ត៌មានជុំវិញការលួចកាប់ និងដុតបំផ្លាញព្រៃលិចទឹកដ៏ធំធេងនៅសង្កាត់ក្របីរៀល នោះនៅឡើយ។ លោក ភួង លីណា បញ្ជាក់ថា នៅសង្កាត់ក្របីរៀល គឺមន្ទីរបរិស្ថាន ក៏មានមន្ត្រីគ្រប់គ្រងប្រចាំតំបន់ ហើយលោកនឹងបញ្ជាឲ្យចុះទៅពិនិត្យករណីនេះជាបន្ទាន់៖ « អត់ទាន់បានដឹងផង អ៊ីចឹងចាំខ្ញុំសុំព័ត៌មានហ្នឹងមក ដើម្បីឲ្យខ្ញុំបញ្ជូនព័ត៌មានបន្ថែមទៅនាយកតំបន់ ហើយឲ្យគាត់ចុះទៅពិនិត្យមើល »។
សមាជិកក្រុមប្រឹក្សាខេត្តសៀមរាប ដែលចុះទៅពិនិត្យមើលការកាប់បំផ្លាញព្រៃលិចទឹកទីនោះ លោក សុខ គឹមសេង មានប្រសាសន៍ថា តំបន់ដែលគេកាប់បំផ្លាញព្រៃលិចទឹកនោះ គឺជាតំបន់បឹងទន្លេសាប ដែលច្បាប់បានហាមឃាត់យ៉ាងតឹងរ៉ឹង មិនអាចឲ្យប្រជាពលរដ្ឋចូលទៅរុករានយកដីធ្វើស្រែប្រាំង ឬក៏ទៅកាន់កាប់ធ្វើជាកម្មសិទ្ធិបានទេ។ លោក សុខ គឹមសេង មើលឃើញការកាប់បំផ្លាញព្រៃលិចទឹកនៅសង្កាត់ក្របីរៀល នោះ ថាជាការបង្កវិនាសកម្មព្រៃលិចទឹក និងបំផ្លាញជីវចម្រុះយ៉ាងធ្ងន់ធ្ងរ៖ « អាហ្នឹង គឺខ្ញុំនឹងលើកឡើងនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សានៅក្នុងខែមេសា ខាងមុខ។ ខ្ញុំពិនិត្យមើលទៅ គឺឃើញទំហំនៃការខូចខាត និងបាត់បង់ព្រៃលិចទឹក វាច្រើនសម្បើមពេក »។
លោក សុខ គឹមសេង ជំរុញឲ្យអាជ្ញាធរខេត្តសៀមរាប ជាពិសេសមន្ត្រីខណ្ឌរដ្ឋបាលជលផល ឲ្យចាត់វិធានការទប់ស្កាត់ការកាប់បំផ្លាញព្រៃលិចទឹកនៅតាមឃុំ-សង្កាត់ជាច្រើនដែលនៅជាប់នឹងបឹងទន្លេសាបឲ្យបានខ្លាំងក្លា។ សមាជិកក្រុមប្រឹក្សាខេត្តសៀមរាប ដដែល បានស្ដីបន្ទោសអាជ្ញាធរខេត្តនេះ ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធ ថាកន្លងទៅលោកធ្លាប់បានជំរុញឲ្យមានវិធានការទប់ស្កាត់ការកាប់បំផ្លាញព្រៃលិចទឹកនៅតាមកន្លែងជាច្រើន ក៏ប៉ុន្តែអាជ្ញាធរហាក់ដូចជាព្រងើយកន្តើយ មិនសូវយកចិត្តទុកដាក់បង្ក្រាបឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។