សកម្មជន​ការពារ​ព្រៃ​ឈើ​ខេត្ត​ក្រចេះ​២​នាក់​រង​ការ​គំរាម​សម្លាប់

តំណាង​សកម្មជន​ការពារ​ព្រៃ​ឈើ ២​នាក់ នៅ​ស្រុក​ស្នួល ខេត្ត​ក្រចេះ រង​ការ​គំរាម​កំហែង​ពី​ឈ្មួញ​ព្រៃ​​ឈើ។ មន្ត្រី​សិទ្ធិ​មនុស្ស​ឲ្យ​ដឹង​ថា ការ​គំរាម​នេះ បន្ទាប់​ពី​តំណាង​ទាំង​ពីរ​បាន​ដឹកនាំ​ប្រជា​សហគមន៍​ចូល​ព្រៃ​ចាប់​បាន​សម្ភារៈ​បទ​​ល្មើស​ព្រៃ​ឈើ និង​ដុត​បំផ្លាញ​ឈើ​ប្រណិត​ជនល្មើស​ជា​ច្រើន​ម៉ែត្រ​គូប​រួច​មក។

0:00 / 0:00

តំណាង​សហគមន៍​ការពារ​ព្រៃ​ឈើ​ឃុំ​ឃ្សឹម ស្រុក​ស្នួល លោកស្រី មុំ សុគីម និង​លោក សន ស៊ីយាន កំពុង​ភ័យ​ខ្លាច និង​មក​លាក់​ខ្លួន​នៅ​​ទីក្រុង​ភ្នំពេញ គេច​ពី​ការ​គំរាម​សម្លាប់​ដោយ​ឈ្មួញ​ព្រៃឈើ​ខេត្ត​ក្រចេះ តាម​រយៈ​ការ​បោះ​ពាក្យ​សម្ដី និង​គំរាម​តាម​ទូរស័ព្ទ។

លោកស្រី មុំ សុគីម បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ច័ន្ទ ទី​៨ ខែ​មេសា ថា សហគមន៍​ឃុំ​ឃ្សឹម មាន​គ្នា​ជិត ១០០​នាក់ មក​ពី​ឃុំ​ចំនួន ៥ នៅ​​ស្រុក​ស្នួល បាន​ប្រមូល​ផ្តុំ​គ្នា​ចូល​ព្រៃ​នៅ​ថ្ងៃ​ទី​១៥ ខែ​មីនា និង​បញ្ចប់​នៅ​ថ្ងៃ​ទី​៥ ខែ​មេសា ដោយ​​ចាប់​បាន​ម៉ាស៊ីន​អារ​ឈើ​​ជាង ២០​គ្រឿង ត្រាក់ទ័រ ១​គ្រឿង និង​ដុត​បំផ្លាញ​ឈើ​ប្រណិត​ប្រភេទ​ធ្នង់​ជិត ១០​​ម៉ែត្រ​គូប។

លោកស្រី​ឲ្យ​ដឹង​ថា ព្រៃ​ឈើ​ដែល​មាន​សេស​សល់​តិច​តួច​នៅ​ខេត្ត​ក្រចេះ នឹង​ត្រូវ​វិនាស​ហិនហោច​ក្នុង​រយៈ​ពេល​ខ្លី​ខាង​មុខ ព្រោះ​អាជ្ញាធរ​មូលដ្ឋាន​គ្មាន​វិធានការ​ទប់​ស្កាត់​ទេ៖ «វិនាសកម្ម​ព្រៃ​ឈើ​នៅ​ចំណុច​ឃុំ​ឃ្សឹម ទាំង​ព្រៃ​សហគមន៍​អភិរក្ស​ការពារ​ធនធាន​ធម្មជាតិ​នៅ​ដែន​ជម្រក​សត្វ​ព្រៃ​ស្នួល​ហ្នឹង​ក៏​អស់​រលីង ដែល​លោក​ឯកឧត្ដម ម៉ុក ម៉ារ៉េត ប្រគល់​ឲ្យ​ចំនួន ២.៤៥៩​ហិកតារ​ហ្នឹង គឺ​អត់​មាន​សល់ ១​ដើម​ទេ ត្រូវ​បាន​បំផ្លាញ​ដោយ​អ្នក​មាន​អំណាច និង​អ្នក​ចំណូល​ថ្មី ហើយ​ម៉ាស៊ីន​អារ​ឈើ​ធ្វើ​សកម្មភាព​ទាំង​យប់​ទាំង​ថ្ងៃ ពិសេស​អារ​នៅ​ពេល​យប់»

លោកស្រី​ឲ្យ​ដឹង​ថា សម្ភារៈ​ព្រៃ​ឈើ​ដែល​រឹប​អូស​បាន​ពី​ជន​ល្មើស សហគមន៍​បាន​ប្រគល់​ជូន​​រដ្ឋបាល​ព្រៃ​ឈើ​ឃុំ​ឃ្សឹម ទុក​ជា​វត្ថុ​តាង និង​មាន​វិធានការ​បន្ត។

ចំណែក​លោក សន ស៊ីយាន តំណាង​សហគមន៍​ព្រៃ​ឈើ​ឃុំ​ឃ្សឹម ម្នាក់​ទៀត បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល ឬ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយ​ទប់ស្កាត់​វិនាសកម្ម​ព្រៃ​​ឈើ​កំពុង​ធ្វើ​សកម្មភាព​នៅ​ដែន​ជម្រក​អភិរក្ស​​សត្វ​ស្រុក​ស្នួល ជា​បន្ទាន់។

តំណាង​សហគមន៍​ព្រៃ​ឈើ​ឃុំ​ឃ្សឹម បាន​ចោទ​ខេត្ត​ក្រចេះ ថា ទំនង​ជា​អាច​ជាប់​ពាក់ព័ន្ធ ឬ​នៅ​ពី​ក្រោយ​​​បទ​ល្មើស​ព្រៃឈើ ទើប​គ្មាន​វិធានការ​ទប់​ស្កាត់​​ឲ្យ​មាន​ប្រសិទ្ធភាព៖ «មាន​គេ​គំរាម គេ​ទូរស័ព្ទ​មក​ខ្ញុំ​ថា មូលហេតុ​អី​បាន​ដុត​ឈើ​គេ? ខ្ញុំ​ឆ្លើយ​ថា កម្លាំង​សមូហភាព​គេ​សម្រេច​ថា​ដុត​ចោល បើ​មិន​ដុត​ទេ​បទ​ល្មើស​នៅ​តែ​មាន។ បួន​ដប់​ម្ភៃ​ឆ្នាំ​ហើយ​រក​ស៊ី​តែ​បទល្មើស​ព្រៃ​ឈើ​ប្រណិតៗ​ហ្នឹង។ នរណា​គេ​ទូរស័ព្ទ​គំរាម​ហ្នឹង? គឺ​ឈ្មោះ យ៉ាន់ ហៀង អធិការ​ប៉ូលិស​ស្រុក​ចិត្តបុរី»

​ទាក់ទិន​បញ្ហា​នេះ លោក ឈឹម សាវុធ មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ដែល​បាន​​ចូល​​​​ព្រៃ​ពិនិត្យ​បទល្មើស​ព្រៃ​ឈើ​ជាមួយ​សហគមន៍​ការពារ​ព្រៃ​ឈើ នៅ​ស្រុក​ស្នួល ខេត្ត​ក្រចេះ មាន​ប្រសាសន៍​​ថា ព្រៃឈើ​មាន​សេសសល់​តិចតួច​នា​ខេត្ត​ក្រចេះ ជិត​វិនាស​អស់​ហើយ ព្រោះ​អាជ្ញាធរ​មិន​បាន​ទប់ស្កាត់​ទេ៖ «ព្រៃ​ឈើ​នៅ​ដែន​ជម្រក​សត្វ​ស្នួល​បច្ចុប្បន្ន​ស្ទើរ​តែ​អស់​ទៅ​ហើយ នៅ​សល់​ប្រមាណ​ពី ២០ ទៅ ៣០​ភាគរយ​ទេ។ អ្នក​ប្រព្រឹត្ត​សុទ្ធសឹងតែ​ជា​មន្ត្រី ជា​កម្លាំង​ប្រដាប់​អាវុធ ជា​ឈ្មួញ​ធំៗ និង​ពលរដ្ឋ​ចំណាក​ស្រុក​មួយ​ចំនួន គឺ​កំពុង​កាប់​បំផ្លាញ​យ៉ាង​អនាធិបតេយ្យ។ និយាយ​ទៅ​គឺ​កាប់​បំផ្លាញ​យ៉ាង​រង្គាល និង​គ្មាន​កម្លាំង​សមត្ថកិច្ច​ណា​ទៅ​បង្ក្រាប​ទេ មាន​តែ​កម្លាំង​សមត្ថកិច្ច​ដាក់​ប៉ុស្តិ៍​យក​លុយ​ពី​ឈ្មួញ​ល្មើស»

លោក ឈឹម សាវុធ បន្ត​ថា បច្ចុប្បន្ន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កំពុង​ត្រៀម​ឯកសារ ឬ​វត្ថុ​តាង​នៃ​បទល្មើស​ព្រៃ​ឈើ​នៅ​ស្រុក​ស្នួល ​ដាក់​ជូន​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ពិសេស​ខុទ្ទកាល័យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយ​មាន​វិធានការ​ និង​ចុះ​ស៊ើប​អង្កេត​អ្នក​នៅ​ពី​ក្រោយ​បទល្មើស។

មន្ត្រី​សង្កាត់​រដ្ឋបាល​ព្រៃ​ឈើ​ឃ្សឹម លោក មុនី បាន​បដិសេធ​មិន​ផ្តល់​អត្ថាធិប្បាយ​ទេ​ជុំវិញ​បទល្មើស​ព្រៃ​ឈើ​នៅ​​​​​ឃុំ​ឃ្សឹម ស្រុក​ស្នួល ខេត្ត​ក្រចេះ នៅ​គ្រា​លោក ជួង ស៊ាងហាក់ ស្នងការ​នគរបាល​ខេត្ត​ក្រចេះ មិន​​លើក​ទូរស័ព្ទ។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ក្នុង​អាណត្តិ​ទី​៤ នៃ​រដ្ឋ​សភា បាន​ប្រកាស​ដាក់​ចេញ​នូវ​បទបញ្ជា​លុប​បំបាត់​​​​​បទល្មើស​ព្រៃ​ឈើ​ឲ្យ​មន្ត្រី​ពាក់ព័ន្ធ​តាម​ខេត្ត ក្រុង នីមួយៗ អនុវត្ត​ឲ្យបាន​ជា​ស្ថាពរ ប៉ុន្តែ​គេ​សង្កេត​ឃើញ​ថា បទ​បញ្ជា​នេះ មន្ត្រី​ក្រោម​ឱវាទ​អនុវត្ត​មិន​ទាន់​មាន​ប្រសិទ្ធភាព​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។