សហគមន៍ការពារព្រៃឡង់ និងអង្គការសង្គមស៊ីវិលប្រតិកម្មយន្តការថ្មី របស់ក្រសួងបរិស្ថាន ដែលតម្រូវឲ្យសហគមន៍ធ្វើលិខិតស្នើសុំពីមន្ទីរបរិស្ថានជាមុនសិន ទើបអាចមានសិទ្ធិចុះល្បាតព្រៃឡង់បាន។ ពួកគាត់ចាត់ទុកវិធានការនេះ ជាការរឹតត្បិតសេរីភាពអភិរក្សព្រៃឈើ និងបង្កភាពស្មុគស្មាញដល់បេសកកម្មគាំពារព្រៃឈើរបស់ពលរដ្ឋ ដែលធានាដោយរដ្ឋធម្មនុញ្ញ។
សហគមន៍ការពារព្រៃឡង់នៅខែត្រក្រចេះ និងអង្គការសង្គមស៊ីវិលចាត់ទុក វិធានការថ្មីរបស់ក្រសួងបរិស្ថាននេះថា ផ្ទុយពីប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជំរុញឲ្យអាជ្ញាធរពាក់ព័ន្ធ សហការទប់ស្កាត់បទល្មើសព្រៃឈើគ្រប់ប្រភេទ។ កាលពីថ្ងៃទី២២ វិច្ឆិកា រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល់ បានថ្លែងក្នុងពិធី «ការចូលរួមពីអាជ្ញាធរថ្នាក់ក្រោមជាតិ និងសហគមន៍មូលដ្ឋានក្នុងការអភិរក្សព្រៃឈើ» ដោយបញ្ជាក់ថា សហគមន៍ការពារព្រៃឡង់ត្រូវធ្វើលិខិតស្នើសុំមន្ទីរបរិស្ថានជាមុនសិន មុនចុះល្បាតព្រៃ រីឯជនបរទេស និងអង្គការសង្គមស៊ីវិលនានាត្រូវធ្វើលិខិតស្នើសុំទៅក្រសួងសាមីជាមុនសិន ទើបអាចចុះពិនិត្យព្រៃឡង់បាន ក្រោមហេតុផលការពារសុវត្ថិភាព។
អ្នកសម្របសម្រួលសហគមន៍ការពារព្រៃឡង់ ខែត្រក្រចេះ លោក ឯក វណ្ណា បារម្ភថា យន្តការថ្មីរបស់ក្រសួងបរិស្ថាន បង្កភាពស្មុគស្មាញដល់សហគមន៍ការពារព្រៃឈើដែលស្ម័គ្រចិត្តអភិរក្សព្រៃដោយពុំមានប្រាក់ខែ ហើយត្រូវចំណាយសម្ភារៈ និងមធ្យោបាយធ្វើដំណើរចុះល្បាតព្រៃដោយខ្លួនឯង។ លោកថា នីតិវិធីនេះគឺជាការរឹតត្បិតសេរីភាពអភិរក្សព្រៃឈើរបស់ពលរដ្ឋ ដែលជាមូលហេតុនាំឲ្យបទល្មើសកើនឡើង។ លោកបញ្ជាក់ថា ការសរសេរលិខិតទៅក្រសួងបរិស្ថាន ដើម្បីចុះល្បាតព្រៃ ត្រូវចំណាយពេល ទម្រាំមន្ទីរជំនាញអនុញ្ញាត បង្កឲ្យជនល្មើសលួចកាប់ឈើកាន់តែខ្លាំងឡើង៖ «រដ្ឋបាលគឺតឹងរ៉ឹងពេក នៅពេលយើងធ្វើគឺពុំមានប្រាក់ខែ តែនៅពេលយើងចុះល្បាតយើង សរសេរលិខិតផង ហើយត្រូវទៅយកលិខិតមកដាក់ផង ទៅមកហ្នឹង ចំណាយធនធានផ្ទាល់ខ្លួនផងអីផង។ មើលទៅបញ្ហាហ្នឹងចង្អៀតសម្រាប់សហគមន៍»។
គណៈកម្មការសហគមន៍ការពារព្រៃឈើប្រាសាទតាខ្មៅ និងជាសមាជិកសហគមន៍ការពារព្រៃឡង់ លោក វ៉ន ត្រៃ កត់សម្គាល់ថា កន្លងទៅសហគមន៍ការពារព្រៃឡង់ ចុះល្បាតព្រៃ ដោយគ្រាន់តែ ជូនដំណឹងទៅមន្ត្រីបរិស្ថានសហការ ក៏ប៉ុន្តែ បច្ចុប្បន្នគេតម្រូវឲ្យធ្វើលិខិតស្នើសុំវិញ។ លោកថា រយៈពេល ៣ខែចុងក្រោយនេះ បទល្មើសដឹកជញ្ជូនឈើ និងការលួចកាប់ឈើនៅតំបន់ព្រៃឡង់នៅតែកើតមានពេញបន្ទុក ក៏ប៉ុន្តែបើសហគមន៍រាយការណ៍រឿងនេះទៅក្រសួងបរិស្ថាន បែរជាគេចោទសហគមន៍ថា វាយប្រហារមន្ត្រីជំនាញទៅវិញ៖ «រឿងបទល្មើសនៅតែកើតមានហូរហែ ទៅពេលណាក៏នៅតែមាន ដូចមិនឃើញមិនសាបសូន្យអីសោះ។ អស់ពីព្រួយហើយមិនដឹងធ្វើម៉េច ខ្ញុំព្រួយបារម្ភខ្លាំងមែន គឺរឿងព្រៃឈើហ្នឹងហើយ មានបទល្មើសកាប់ជាបន្តបន្ទាប់អ៊ីចឹង»។

ព្រៃឡង់ឋិតក្នុងចន្លោះខែត្រចំនួនបួន គឺខែត្រក្រចេះ ស្ទឹងត្រែង ព្រះវិហារ និងខែត្រកំពង់ធំ ត្រូវរដ្ឋាភិបាលប្រកាសបង្កើតជាដែនជម្រកសត្វព្រៃកាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦ មានផ្ទៃដី ចំនួន ៤៣១.៦៨៣ហិកតារ ឋិតក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថាន ដែលមានកាតព្វកិច្ចធានាគាំពារបរិស្ថាន ការអភិរក្សជីវចម្រុះ និងកិច្ចការពារធម្មជាតិក្នុងតំបន់ព្រៃឡង់ និងត្រូវសហការជាមួយក្រសួងរៀបចំដែនដី និងស្ថាប័នពាក់ព័ន្ធ។ សហគមន៍ការពារព្រៃឡង់រកឃើញថា ផ្នែកខ្លះនៃព្រៃឡង់បានជំនួសមកវិញនូវដំណាំដំឡូង ស្វាយចន្ទី និងកៅស៊ូ ដែលគ្រប់គ្រងដោយក្រុមហ៊ុនឯកជន និងបុគ្គលឯកជន។
ប្រធានអង្គការកិច្ចការពិសេសសិទ្ធិមនុស្សកម្ពុជា លោក អ៊ូច ឡេង ចាត់ទុកវិធានការថ្មីរបស់ក្រសួងបរិស្ថាននេះ ថាជាទង្វើខុសច្បាប់ ដែលលោកចាត់ទុកថា ដើម្បីពន្យារពេលមិនឲ្យសហគមន៍ចុះល្បាត និងដើម្បីការពារប្រយោជន៍ឈ្មួញរកស៊ីឈើខុសច្បាប់។ លោកថា ពលរដ្ឋគ្រប់រួបមានសិទ្ធិការពារព្រៃឈើដែលធានាដោយរដ្ឋធម្មនុញ្ញ មិនចាំបាច់សុំការអនុញ្ញាតពីក្រសួងនោះទេ ហើយប្រមុខរដ្ឋាភិបាលធ្លាប់អនុញ្ញាតឲ្យពលរដ្ឋចូលរួមគាំពារព្រៃឈើ ដោយមានការសហការពីអាជ្ញាធរពាក់ព័ន្ធផង៖ «ព្រៃឈើគឺជារបស់យើងទាំងអស់គ្នា ពុំមែនជារបស់មន្ត្រីបរិស្ថាន នៅខែត្រក្រចេះម្នាក់ទេ អ៊ីចឹងយើងត្រូវមានសិទ្ធិដើរហើរចេញចូល ការពារសម្បត្តិរបស់យើងទាំងអស់គ្នា។ ពេលចោរមកលួចផ្ទះយើងហើយ យើងអាល័យសុំការអនុញ្ញាតពីចៅហ្វាយខែត្រម៉េចកើត ពីរដ្ឋមន្ត្រីក្រសួងបរិស្ថានម៉េចកើត នៅកណ្ដាលអាធ្រាត្រ។ ការសម្រេចរបស់មន្ត្រីបរិស្ថានទាំងនោះគឺខុសច្បាប់ទាំងស្រុងហើយ ហើយការសម្រេចនោះ គឺដើម្បីការពារឈ្មួញឈើនៅតំបន់ព្រៃឡង់ អត់មានអីក្រៅពីហ្នឹងទេ»។

លោក អ៊ូច ឡេង បន្ថែមថា ប្រសិនបើក្រសួងបរិស្ថានមានឆន្ទៈការពារព្រៃឈើទាំងអស់គ្នា ត្រូវបើកចិត្តទូលាយ និងផ្ដល់ភាពងាយស្រួលដល់កិច្ចគាំពារព្រៃឈើដល់សហគមន៍ មិនត្រូវរឹតត្បិតសេរីភាពដើរហើរ និងការពារសម្បត្តិធម្មជាតិនោះទេ។ លោកបារម្ភថា ព្រៃឡង់នឹងវិនាសហិនហោច ដរាបណាអាជ្ញាធរពាក់ព័ន្ធនៅតែបណ្ដែតបណ្ដោយឲ្យបទល្មើសកើតឡើងដោយគ្មានការទទួលខុសត្រូវ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។