ពលរដ្ឋរស់នៅស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង អះអាងថា ព្រៃស្រោងរាប់ពាន់ហិកតារជាគម្របព្រៃឆ្នាំ២០០២ និងព្រៃសហគមន៍ភ្នំជម្រកសត្វ រងការកាប់ទន្ទ្រានរាប់ពាន់ហិកតារ ធ្វើអាជីវកម្មដោយអ្នកមានឥទ្ធិពលនៅពីក្រោយខ្នង។ មន្ត្រីសង្គមស៊ីវិលចាត់ទុកថា ការកាប់ទន្ទ្រានដីព្រៃទ្រង់ទ្រាយធំនេះ កំពុងក្លាយជាវប្បធម៌និទ្ទណ្ឌភាព ឬភាពគ្មានទោសពៃរ៍របស់អ្នកមានប្រាក់ និងមានអំណាច រួមទាំងអ្នកពាក់ព័ន្ធផ្សេងទៀត។
ជនជាតិដើមភាគតិចរស់នៅឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ នៅថ្ងៃទី៧ សីហា អំពាវនាវជាថ្មីទៀតឲ្យក្រសួងកសិកម្ម ស៊ើបអង្កេតបន្ទាន់ពីកាតព្វកិច្ចអភិរក្សព្រៃឈើ និងការទទួលខុសត្រូវ ការការពារធនធានធម្មជាតិរបស់មន្ត្រីមូលដ្ឋាន និងមន្ត្រីរដ្ឋបាលព្រៃនៅខេត្តស្ទឹងត្រែង។
ការអំពាវនាវនេះ បន្ទាប់ពីសកម្មភាពឈូសឆាយព្រៃឈើ និងកាប់រានដីព្រៃក្នុងស្រុកថាឡាបរិវ៉ាត់ និងព្រៃសហគមន៍ភ្នំជម្រកសត្វ បានកើតមានតាំងពីឆ្នាំ២០១៤ រហូតបច្ចុប្បន្ន អស់រាប់ពាន់ហិកតារ ពុំឃើញមានការទប់ស្កាត់ពីអាជ្ញាធររដ្ឋាភិបាលឡើយ។
ពលរដ្ឋរស់នៅឃុំសំអាង លោក ឆន ចាន់វាសនា កត់សម្គាល់ថា អ្នកមានឥទ្ធិពល និងឈ្មួញ បានសម្រុកដណ្ដើមកាន់កាប់ដីព្រៃដោយបាញ់ថ្នាំហ៊ុមព័ទ្ធតំបន់ព្រៃស្រោងរាប់រយហិកតារច្រើនកន្លែង ហើយបានជួលកម្មករច្រើនក្រុមកាប់ទន្ទ្រានព្រៃនោះ ដើម្បីយកដីធ្វើអាជីវកម្ម និងប្រើប្រាស់ជាសម្បត្តិបុគ្គល។ លោកថា ករណីនេះឋិតនៅចំណុចអូរតាលាស អូរតាន័យ និងនៅតំបន់ផ្សេងទៀតក្នុងឃុំសំអាង ស្រុកថាឡាបរិវ៉ាត់។ លោកថា ឈ្មួញមានអំណាចទាំងនោះយកពលរដ្ឋជាខែល ដើម្បីបិទបាំងសាធារណជន ហើយបានឃុបឃិតជាមួយអាជ្ញាធរពាក់ព័ន្ធកាប់ទន្ទ្រានព្រៃនោះ៖ « គាត់ធ្វើហ្នឹងមិនចេញមុខទេ។ គាត់ឲ្យអ្នកផ្សេងចេញមុខដើម្បីថាគាត់ចោទទម្លាក់កំហុសឲ្យពលរដ្ឋ។ តែតាមការពិត ពួកគាត់មួយៗ ម្នាក់ដីក្បាល២ ទៅ ៣០០ម៉ែត្រ ហើយយកពលរដ្ឋឲ្យកាប់ »។
ជនជាតិដើមភាគតិចកួយ រស់នៅភូមិឆ្វាំង លោក អ៊ុក ម៉ៅ សម្ដែងការមិនសប្បាយចិត្តចំពោះការមិនយកចិត្តទុកដាក់ទប់ស្កាត់បទល្មើសព្រៃឈើរបស់អាជ្ញាធររដ្ឋាភិបាល បើទោះបីជាគម្របព្រៃឈើឆ្នាំ២០០២ និងព្រៃសហគមន៍ភ្នំជម្រកសត្វ ត្រូវកម្មករច្រើនក្រុមសម្រុកកាប់ទន្ទ្រានអស់រាប់ពាន់ហិកតារក្តី។ លោកថា ក្រុមកម្មករចំណូលថ្មី និងពលរដ្ឋនៅមូលដ្ឋាន បានប្រើម៉ាស៊ីនអារឈើស្វ័យប្រវត្តិ ឬត្រង់ស៊ីន័រកាប់រំលំដើមឈើធំៗ រួចដាំដំឡូងមី និងស្វាយចន្ទី ហើយក្រុមកម្មករទាំងនោះមានអាជ្ញាធរ និងឈ្មួញមានអំណាចនៅពីក្រោយខ្នង៖ « អាជ្ញាធរដែនដីគាត់ព្រងើយកន្តើយអស់ហើយឥឡូវ។ ដីសហគមន៍ជាង ៤ពាន់ហិកតារ បើមិនគ្រប់គ្រងទេ វាប្រហែលជាអស់ឆ្នាំក្រោយហ្នឹង »។
អនុប្រធានព្រៃសហគមន៍ភ្នំជម្រកសត្វ លោក ជ្រោង គង់ និយាយថា លោកបានរាយការណ៍ករណីនេះទៅមន្ត្រីរដ្ឋបាលព្រៃឈើ និងអាជ្ញាធរឃុំច្រើនសាមកហើយ តែរហូតមកទល់ពេលនេះ នៅមិនទាន់ឃើញមានការទប់ស្កាត់។ លោកអំពាវនាវឲ្យរដ្ឋាភិបាល រឹតបន្តឹងច្បាប់ព្រៃឈើ និងដាក់ទោសចំពោះជនល្មើសណាដែលជាប់ពាក់ព័ន្ធបទល្មើសព្រៃឈើ ដើម្បីសង្គ្រោះព្រៃឈើ និងសត្វព្រៃដែលនៅសេសសល់ចុងក្រោយ៖ « ទន្ទ្រានដីព្រៃភ្នំ និងសហគមន៍អស់ហើយ ទន្សោង ប្រើស ខ្ទីង ជ្រូក វាបែកបាក់រត់ចេញគ្មានទីជម្រក »។
អាស៊ីសេរី មិនអាចទាក់ទងនាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តស្ទឹងត្រែង លោក ឈៀង តុលា ដើម្បីសុំការបំភ្លឺបញ្ហានេះបានទេនៅថ្ងៃទី៧ សីហា។
មេឃុំសំអាង លោក ញៀន ផុន និយាយថា បន្ទាប់ពីលោកទទួលព័ត៌មានថា ព្រៃសហគមន៍ភ្នំជម្រកសត្វ រងការកាប់ទន្ទ្រាន លោកបានចាត់ឲ្យសមត្ថកិច្ចចុះពិនិត្យ ហើយបានរុះរើខ្ទមស្នាក់នៅរបស់កម្មករមួយចំនួនកាលពីចុងខែកក្កដា។ លោកបន្តថា អាជ្ញាធរឃុំបានធ្វើរបាយការណ៍ករណីនេះទៅអាជ្ញាធរស្រុករួចហើយដែរ៖ « ទៅផ្ទាល់ឃើញសម្ភារៈរើចេញតែម្តង រកមនុស្សមិនឃើញ មានតែរើចេញ »។
មន្ត្រីឃ្លាំមើលបញ្ហាព្រៃឈើនៃសមាគមអាដហុក (ADHOC) ខេត្តស្ទឹងត្រែង លោក ហូ សំអុល មានមតិថា អាជ្ញាធរមូលដ្ឋានត្រូវអនុវត្តផែនការសកម្មភាពស៊ីជម្រៅពីការដកហូតដីដែលឈ្មួញកាប់ទន្ទ្រាននោះមកជាសម្បត្តិរដ្ឋវិញ។ លោកថា តំណាងអយ្យការគួរតែចុះស៊ើបអង្កេតពីឧក្រិដ្ឋកម្មព្រៃឈើដ៏ធំនេះ ដើម្បីដាក់ទោសជនល្មើស និងអ្នកពាក់ព័ន្ធអនុវត្តច្បាប់ និងដើម្បីបញ្ចប់និទ្ទណ្ឌភាព ឬភាពគ្មានទោសពៃរ៍នៅកម្ពុជា៖ « យើងឃើញថា មិនចំពោះតែស្រុកថាឡាបរិវ៉ាត់ ទេ យើងឃើញតែ ៤ស្រុក និងក្រុងមួយក្នុងខេត្តស្ទឹងត្រែង នៅតែមានការកើនឡើង។ ចឹងអាជ្ញាធរគួររឹតបន្តឹងឲ្យបានមែនទែន កុំចាំតែយកលុយនៅលើថ្នល់ចឹងទៅ »។
ច្បាប់ព្រៃឈើឆ្នាំ២០០២ មាត្រា១០០ ចែងថា សកម្មភាពទាំងឡាយដែលធ្វើឡើងដោយមន្ត្រីអាជ្ញាធរដែនដី មន្ត្រីនគរបាលកងកម្លាំងប្រដាប់អាវុធដែលបានអន្តរាគមន៍ ឬផ្ដល់ការអនុញ្ញាតដោយផ្ទាល់ ឬប្រយោល ជួយដល់អាជីវកម្មព្រៃឈើ និងគំរាមកំហែងមន្ត្រីរដ្ឋបាលព្រៃឈើ ឬរារាំងកិច្ចការរបស់មន្ត្រីរដ្ឋបាលព្រៃឈើ គឺចាត់ទុកជាបទល្មើស ដោយត្រូវផ្ដន្ទាទោសពី ១ឆ្នាំទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពី ១០លានរៀលដល់ ១០០លានរៀល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
