សហគមន៍​នេសាទ​ខេត្ត​ក្រចេះ​រិះគន់​អាជ្ញាធរ​ថា​ប្រព្រឹត្ត​អំពើពុករលួយ​ករណី​បទល្មើស​នេសាទ

0:00 / 0:00

ប្រជា​សហគមន៍​អភិរក្ស​ផ្សោត​ព្រែកកាំពី នៅ​ឃុំ​សំបុក ស្រុក​ចិត្របូរី ខែត្រ​ក្រចេះ អះអាង​ថា អាជ្ញាធរ​ពាក់ព័ន្ធ និង​ឆ្មាំ​អភិរក្ស​មិន​បាន​យកចិត្តទុកដាក់​ទប់ស្កាត់​បទល្មើស​នេសាទ ឲ្យ​គ្រប់​ជ្រុងជ្រោយ​នោះ​ទេ ថែមទាំង​ទទួល​ប្រយោជន៍​ពី​ជនល្មើស។ ចំណែក​អាជ្ញាធរ​ឃុំ​ក៏​បារម្ភ​ពីបទ​ល្មើស​នេសាទ​កើត​មាន​ឡើង​ច្រើន តែ​អាជ្ញាធរ​កំពុង​រក​វិធានការ​ទប់ស្កាត់។

សហគមន៍​នេសាទ​ព្រែកាំពី ឱ្យដឹង​កាលពី​ថ្ងៃទី​១៩ កុម្ភៈ ថា ក្រុម​ជនសង្ស័យ​នៅ​មូលដ្ឋាន​ជិត ២០​នាក់ ក្នុងនោះ​មួយ​ចំនួន​ជា​ជនជាតិ​វៀតណាម​ផង នៅតែ​បន្តសកម្មភាព​ឆក់​ត្រី កាន់តែខ្លាំង​ឡើង បើទោះបីជា​សហគមន៍​បាន​ប្តឹង​មនុស្ស​ទាំងនោះ​ទៅ​អាជ្ញាធរ និង​សមត្ថកិច្ច​ឲ្យ​អនុវត្ត​ច្បាប់​ក្តី។ ចំណែក​អាជ្ញាធរ​ឃុំ​អះអាងថា ពួកគេ​បាន​បញ្ជូន​ឈ្មោះ​ជនសង្ស័យ​ទាំងនោះ​ទៅ​តុលាការ​រួចហើយ តែ​ពុំទាន់​ឃើញ​តុលាការ​មាន​វិធានការ​ច្បាប់​នៅឡើយ។

សហគមន៍​នេសាទ​ព្រែកកាំពី រស់នៅ​ឃុំ​សំបុក ស្រុក​ចិត្របូរី ខែត្រ​ក្រចេះ ថ្លែង​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ ឲ្យ​ដឹងថា បើទោះបីជា​រដ្ឋាភិបាល​បាន​បញ្ជូន​ឆ្មាំ​អភិរក្ស​ផ្សោត ដែល​ជា​សេនាធិការ​របស់​រដ្ឋបាល​ជលផល​ខែត្រ​ក្រចេះ ចុះ​អន្តរាគមន៍​ទប់ស្កាត់​បទល្មើស​ក្ដី តែ​សកម្មភាព​នេសាទ​ល្មើសច្បាប់​នៅ​តំបន់​អភិរក្ស​ព្រែកកាំពី ពុំ​ថយចុះ​ទេ។ លោក​ចោទ​ថា ឧបករណ៍​នេសាទ​ដែល​ជនល្មើស​ប្រើ មានលទ្ធភាព​ចាប់​ត្រី​មេ​ពូជ​ធំៗ​ច្រើន​គីឡូក្រាម​ក្នុង​មួយថ្ងៃៗ បង្ក​ឲ្យ​ប៉ះពាល់​មុខរបរ​ចិញ្ចឹមជីវិត​ពលរដ្ឋ​ដែលមាន​ទម្លាប់​នេសាទ​លក្ខណៈ​គ្រួសារ។ «»

បុរស​ដដែល​បន្ថែម​ថា កាលពី​រសៀល​ថ្ងៃទី១៨ ខែ​កុម្ភៈ អ្នកភូមិ​ដែល​បាន​ទៅដល់​ទីតាំង​ជនល្មើស​ធ្វើ​សកម្មភាព​ឆក់​ក្តៅ និង​ត្រជាក់​ទាំង​ថ្ងៃ នៅ​ខាងលិច​អន្លង់​ផ្សោត សំបូរ​ដោយ​ត្រី​មេ​ពូជ​រស់នៅ និង​សត្វ​ផ្សោត​ឆ្លងកាត់ រួច​ផ្តល់ព័ត៌មាន​ទៅ​ឆ្មាំ​អភិរក្ស​ផ្សោត និង​សមត្ថកិច្ច ដើម្បី​អនុវត្ត​ច្បាប់​តែ​គ្មាន​លទ្ធផល។ លោក​ចោទ​ថា ជនល្មើស និង​ឆ្មាំ​អភិរក្ស​របស់​រដ្ឋបាល​ជល​ខែត្រ​ក្រចេះ​បាន​ឃុបឃិត​គ្នា​ប្រើ​ឧបករណ៍​នេសាទ​ខុសច្បាប់ គឺជា​មូលហេតុ​បណ្តាល​ឲ្យ​ប៉ះពាល់​ត្រី​កម្រ​ក្នុង​តំបន់ និង​សត្វ​ផ្សោត។ «»

មេឃុំ​សំបុក ស្រុក​ចិត្របូរី លោក ទុយ វណ្ណា ក៏​បារម្ភ​ពី​ការ​ផុត​ពូជ​ត្រី​កម្រ និង​សត្វ​ផ្សោត​ដែរ តែ​អាជ្ញាធរ​កំពុង​រក​មធ្យោបាយ​ដោះស្រាយ​រឿងនេះ។ លោក​ថា កន្លង​ទៅ​មុខ​សញ្ញា​ជនល្មើស ១៦​នាក់ ពាក់ព័ន្ធ​នេសាទ​ខុសច្បាប់ សមត្ថកិច្ច​បាន​បញ្ជូន​សំណុំរឿង​ទៅ​តុលាការ​ច្រើន​ខែ​ហើយ​ដែរ ក៏​ប៉ុន្តែ​សំណុំ​រឿងនេះ​ហាក់ដូចជា​ស្ងាត់ជ្រងំ។ លោក​បន្ថែម​ថា ជនសង្ស័យ​មួយចំនួន​មាន​ខ្នងបង្អែក​អ្នក​មាន​ឥទ្ធិពល រួមទាំង​ជនជាតិ​វៀតណាម​ផង ក៏​ឋិត​ក្នុងចំណោម​មនុស្ស​ជិត ២០​នាក់​ដែល​សមត្ថកិច្ច​បញ្ជូន​ឈ្មោះ​ទៅ​តុលាការ​ដែរ។ លើសពីនេះ សមត្ថកិច្ច​ក៏​ធ្លាប់​ហៅ​ជនសង្ស័យ​ទាំងនោះ ធ្វើ​កិច្ចសន្យា​បញ្ឈប់ ក៏ប៉ុន្តែ​ពួកគេ​មួយ​ចំនួន​បដិសេធ។ «»

លោក ទុយ វណ្ណា បដិសេធ​ចំពោះ​ការចោទប្រកាន់​របស់​សហគមន៍ មក​លើ​ឆ្មាំ​អភិរក្ស​ថា ឃុបឃិត​គ្នា​នេសាទ​ខុសច្បាប់ ព្រោះ​វិសាលភាព​ដែន​អភិរក្ស​ផ្សោត និង​ជីវចម្រុះ​នៅ​ទន្លេមេគង្គ​ធំធេង ដែលមាន​ប្រជុំ​កោះ​ស្មុគស្មាញ បង្ក​ជា​ឧបសគ្គ​ដល់​បេសកកម្ម​អភិរក្ស​សត្វ​ផ្សោត និង​ជីវចម្រុះ​ដែរ។ លោក​ថា ជនល្មើស​មាន​បណ្តាញ​ដឹង​មុន នៅពេល​ឆ្មាំ​អភិរក្ស​ចុះ​ល្បាត​ក្រុម​ជនសង្ស័យ​តែងតែ​រត់​គេចខ្លួនបាត់។

នៅ​ខែត្រ​ក្រចេះ មាន​អន្លង់​អភិរក្ស​ផ្សោត និង​ត្រី​មេ​ពូជ ៦៤​អន្លង់ ក្នុង​នោះ​មាន​អន្លង់ ៥ ដែល​ផ្សោត​រស់នៅ។ លើសពីនេះ​នៅ​ទន្លេមេគង្គ​ខែត្រ​ក្រចេះ គិត​ត្រឹម​ក្បាលកោះ​ទ្រង់ ទល់មុខ​ក្រុង​ក្រចេះ រហូតដល់​ព្រំប្រទល់​ខែត្រ​ស្ទឹងត្រែង មាន​ប្រវែង ៨៥​គីឡូម៉ែត្រ ត្រូវ​ចាត់ទុកជា​តំបន់​អភិរក្ស​ផ្សោត ជីវចម្រុះ និង​ត្រី​មេ​ពូជ បែង​ចែកជា​ពីរ​តំបន់ គឺ​តំបន់​ស្រទាប់ និង​តំបន់​ស្នូល។ តំបន់​អន្លង់​អភិរក្ស​ព្រែក​កាំពី ត្រូវបាន​គេ​ចាត់ទុកជា​តំបន់​ស្នូល ដែល​ជា​តំបន់ហាមឃាត់​មិន​ឲ្យ​មានការ​នេសាទ។

នាយក​ប្រតិបត្តិ​អង្គការ​បណ្តាញ​ការពារ​ទន្លេ​បី លោក លាង ប៊ុនលាភ រក​ឃើញ​ថា ឧបករណ៍​នេសាទ​របស់​ជនសង្ស័យ​ប្រើប្រាស់ ទំនើប បង្ក​គ្រោះថ្នាក់​ខ្លាំង​ដល់​ត្រី​មេ​ពូជ​នៅ​ទន្លេមេគង្គ និង ផ្សោត ហេតុនេះ​ទាមទារ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ និង​សហគមន៍​នេសាទ​ត្រូវ​សហការ​ជិតស្និត​បញ្ចេញ​សកម្មភាព​បង្ក្រាប​បទល្មើស​នេសាទ​ឲ្យ​ដូច​ភ្លើង​រលឹម។ លោក​បារម្ភ​ថា នៅ​រដូវប្រាំង​ឆ្នាំនេះ ត្រី និង​ផ្សោត​កំពុង​សម្ងំ​លាក់ខ្លួន​នៅ​អន្លង់​អភិរក្ស ក៏ប៉ុន្តែ​អន្លង់​អភិរក្ស​ត្រូវ​យាយី​ដោយ​បទល្មើស នឹង​បង្ក​ហានិភ័យ​ខ្ពស់​ដល់​ត្រី​មេ​ពូជ និង​ផ្សោត។ «»

អ្នកឃ្លាំមើល​បរិស្ថាន​រក​ឃើញថា កិច្ច​គាំពារ​អភិរក្ស​ផ្សោត និង​ត្រី​មេ​ពូជ​ចាំបាច់​ត្រូវមាន​ការយកចិត្តទុកដាក់​ពី​សហគមន៍​មូលដ្ឋាន​ខ្លួនឯង ព្រោះ​បទពិសោធន៍​កន្លងទៅ​សត្វ​ផ្សោត​ងាប់ ដោយសារតែ​សកម្មភាព​មនុស្ស។ ហេតុនេះ​ទាមទារ​ឲ្យ​អាជ្ញាធរ និង​ស្ថាប័ន​ពាក់ព័ន្ធ​ត្រូវ​ពង្រឹង​ការ​អនុវត្ត​ច្បាប់ និង​អនុវត្ត​លក្ខន្តិកៈ​របស់​សហគមន៍​នេសាទ​ឲ្យ​បាន​ត្រឹមត្រូវ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។