ប្រជានេសាទរស់នៅឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម អះអាងថា បទល្មើសនេសាទនៅតែកើតមានឡើងឥតឈប់ឈរនៅតំបន់បឹងធំ ដូចជាអូសអួនរាប់រយម៉ែត្រ ឆក់ក្តៅ និងឆក់ត្រជាក់ ជាដើម។
បញ្ហានេះ ពួកគាត់បារម្ភខ្លាចទិន្នផលត្រីកាន់តែហិនហោច ប្រសិនបើអាជ្ញាធរពាក់ព័ន្ធគ្មានវិធានការទប់ស្កាត់ឲ្យមានប្រសិទ្ធភាព។ ប្រធានសហគមន៍នេសាទសាមគ្គីឃុំមៀន ទទួលស្គាល់ថា បទល្មើសនេសាទមួយចំនួនពិតជាកើតមាននៅតំបន់បឹងធំប្រាកដមែន។
ប្រជានេសាទនៅតំបន់បឹងធំ ស្នើឲ្យអាជ្ញាធរដែនដី និងមន្ត្រីជំនាញ ជួយចាត់វិធានការលើករណីបទល្មើសនេសាទមួយចំនួនដែលកំពុងកើតមានយ៉ាងអនាធិបតេយ្យ។
បទល្មើសនេសាទទាំងនោះដូចជា អូសអួនមានប្រមាណ ៧វង់ ដោយក្នុងមួយវង់ៗអាចមានប្រវែងប្រមាណ ៣០០ម៉ែត្រ ហើយអូសទាំងយប់ទាំងថ្ងៃ។ ក្រុមឆក់ដោយប្រើកម្លាំងមនុស្ស និងក្រុមឆក់ត្រជាក់ដោយប្រើកម្លាំងម៉ាស៊ីន ដែលធ្វើសកម្មភាពនៅពេលយប់ ជាដើម។
ប្រជានេសាទនៅឃុំមៀន លោក យីម សុខឃាន់ ឲ្យដឹងថា បទល្មើសនេសាទនៅតំបន់បឹងធំនៅតែមិនអាចដោះស្រាយបាន ដែលធ្វើឲ្យពួកគាត់កាន់តែបារម្ភពីវាសនាពូជត្រីដែលនៅសេសសល់។ ទិន្នផលត្រីកាន់តែថយចុះ ប៉ុន្តែបទល្មើសចេះតែកើនឡើង ដោយគ្មានការទប់ស្កាត់ឲ្យមានប្រសិទ្ធភាពទេ។ លោកបន្តថា ក្រុមជនល្មើសជាពលរដ្ឋមានប្រាក់មួយចំនួនក្នុងភូមិ-ស្រុកជាមួយគ្នា ហើយមានខ្លះមកពីតំបន់ផ្សេង៖ « តំណតទៅរកតែត្រីក្រពាត់មិនឃើញ ត្រីអីៗមិនឃើញ បើនៅតែបណ្តោយឲ្យអ៊ីចឹងតទៅ មានអីទៀត ? បើមានឆក់ក្តៅផង ឆក់ត្រជាក់ផង អូសអួនផងបែបនេះ »។
បឹងធំជាបឹងមួយជាប់ស្រុកចំនួន៣ នៅក្នុងខេត្តកំពង់ចាម រួមមានស្រុកព្រៃឈរ ស្រុកកំពង់សៀម និងស្រុកកងមាស ដែលបានផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់ប្រជាពលរដ្ឋរាប់ពាន់គ្រួសារ ទាំងពលរដ្ឋធ្វើកសិកម្ម និងប្រជានេសាទ។
ប្រភពដដែលយល់ថា បទល្មើសនេសាទនៅតំបន់បឹងធំកើតមាន គឺអាចមានពាក់ព័ន្ធនឹងអំពើពុករលួយ។
មិនខុសគ្នានេះ ប្រជាសហគមន៍មួយរូបទៀត លោក រ៉េន រ៉ាន់ យល់ថា ដើម្បីឲ្យការបង្ក្រាបបទល្មើសនេសាទមានប្រសិទ្ធភាព គឺទាល់តែមានការចូលរួមពីប្រជាពលរដ្ឋ អាជ្ញាធរដែនដី និងមន្ត្រីជំនាញជាដើម។ ជាងនេះទៀត ត្រូវលុបបំបាត់អំពើពុករលួយគ្រប់រូបភាពតែម្តង៖ « អ៊ីចឹងសូមអាជ្ញាធរដែនដីដែលពាក់ព័ន្ធនៅទីនេះ ជាពិសេសជលផលខេត្តកំពង់ចាម អញ្ជើញចុះមើលការខុសត្រូវ ដើម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ឋ »។
ប្រធានសហគមន៍នេសាទសាមគ្គីឃុំមៀន លោក ម៉ុន ឆៃលាង មានប្រសាសន៍ថា បទល្មើសនេសាទ គឺកើតមានខ្លះដូចជា អូសអួនប្រវែងលើសពី ១០០ម៉ែត្រ ដែលច្បាប់ហាមឃាត់ ប៉ុន្តែពួកលោកឃើញមានតែ ២វង់ប៉ុណ្ណោះ។ បន្ថែមពីនេះ ការប្រើប្រាស់ឧបករណ៍ឆក់ក៏កើតមានដែរ ប៉ុន្តែជាបញ្ហាប្រឈមសម្រាប់ប្រជាសហគមន៍ក្នុងការចុះបង្ក្រាប ពីព្រោះក្រុមជនល្មើសតែងតែផ្លាស់ប្ដូរទីតាំង។ ចំណែកឧបករណ៍ស្បៃមុងវិញមិនមានឃើញដាក់ថ្មីទៀតទេ៖ « បទល្មើសខ្ញុំទទួលស្គាល់។ បទល្មើសខ្ញុំកំពុងតាមមិនថាយប់មិនថាថ្ងៃទេ អាបទល្មើសត្រជាក់នេះ »។
លោក ម៉ុន ឆៃលាង អះអាងថាខាងសហគមន៍មិនដែលទទួលបានប្រាក់ ឬលាភសក្ការៈពីជនល្មើសឡើយ ហើយក៏មិនបានឃុបឃិតគ្នាជាមួយអាជ្ញាធរពាក់ព័ន្ធដើម្បីបានប្រាក់ពីក្រុមជនល្មើសនោះដែរ។ លោកថា ការងារបង្ក្រាបបទល្មើសបច្ចុប្បន្នរបស់ប្រជាសហគមន៍នេសាទឃុំមៀន ជាការងារស្ម័គ្រចិត្ត ប៉ុន្តែត្រូវប្រឈមមុខជាមួយក្រុមជនល្មើសស្ទើរគ្រប់ពេលវេលា។
មន្ត្រីសមាគមអាដហុក (ADHOC) ដែលតែងចុះអប់រំពលរដ្ឋរស់នៅក្បែរតំបន់បឹងធំអំពីកិច្ចការពារធនធានមច្ឆជាតិកន្លងទៅ លោក នាង សុវ៉ាត មើលឃើញថា ប្រជាសហគមន៍ខិតខំបំពេញការងារថែរក្សាធនធានមច្ឆជាតិនៅតំបន់មួយនេះយ៉ាងច្រើន ប៉ុន្តែសកម្មភាពរបស់មន្ត្រីពាក់ព័ន្ធវិញហាក់នៅមានកម្រិតនៅឡើយ ដែលធ្វើឲ្យក្រុមជនល្មើសមិនសូវខ្លាចរអាទេ៖ « ជនល្មើសនៅបឹងធំហ្នឹងធំជាងចៅហ្វាយខេត្តកំពង់ចាម ទៀត គឺវាអត់ដែលខ្លាចនរណាទេ »។
មន្ត្រីសង្គមស៊ីវិលរូបនេះយល់ថា ដើម្បីធានានិរន្តរភាពធនធានមច្ឆជាតិសម្រាប់ក្មេងជំនាន់ក្រោយ និងដើម្បីឲ្យការបង្ក្រាបបទល្មើសនេសាទមានប្រសិទ្ធភាព រាជរដ្ឋាភិបាលត្រូវផ្តល់សិទ្ធិអំណាចដល់ប្រជាសហគមន៍ក្នុងការគ្រប់គ្រងដែននេសាទរបស់ខ្លួនតែម្តង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។