សហគមន៍រស់នៅភូមិខេ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង សម្ដែងក្តីបារម្ភពីបទល្មើសនេសាទនៅតំបន់អភិរក្សធម្មជាតិ ឬតំបន់រ៉ាំសា ដែលកំពុងកើតឡើងពេញបន្ទុក។ សហគមន៍ថាពួកគេពុំមានលទ្ធភាពទប់ស្កាត់បទល្មើសទាំងនោះទេ ដោយសារតែក្រុមឈ្មួញមានគ្នាច្រើន និងមានអាវុធច្នៃទៀតផង។
សង្គមស៊ីវិល និងពលរដ្ឋ នៅថ្ងៃទី២៧ មីនា អំពាវនាវឲ្យក្រសួងបរិស្ថាន និងស្ថាប័នពាក់ព័ន្ធនៃខែត្រស្ទឹងត្រែង អន្តរាគមន៍ទប់ស្កាត់បទល្មើសនេសាទនៅតំបន់ជម្រកត្រីពងកូន ដែលកំពុងរងការគំរាមកំហែងពីក្រុមជនល្មើសមកពីតំបន់ផ្សេង មកនេសាទដោយប្រើឧបករណ៍ខុសច្បាប់។
ប្រធានសហគមន៍សម្រស់ធម្មជាតិទន្លេមេគង្គ លោក ហ្វយ ប៊ុនវី ឲ្យដឹងនៅថ្ងៃទី២៧ មីនា ថា ក្រុមឈ្មួញច្រើនធ្វើសកម្មភាពឆក់ត្រីនៅពេលយប់ ដោយប្រើប្រាស់ទូកជិត ១០គ្រឿង ព្រមទាំងមានអាវុធច្នៃទៀតផង បង្កឲ្យសហគមន៍បារម្ភពីសុវត្ថិភាព ពុំហ៊ានចុះបង្ក្រាប។ ចំណែកសមត្ថកិច្ចមូលដ្ឋាន ក៏ពុំសូវផ្តល់ការសហការក្នុងការបង្ក្រាបបទល្មើសនោះដែរ។ លោកទទូចឲ្យក្រសួងបរិស្ថាន រកមធ្យោបាយទប់ស្កាត់បទល្មើសនេសាទនៅតំបន់នោះឲ្យមានប្រសិទ្ធភាព ដើម្បីធានាអនាគតមច្ឆជាតិនៅទន្លេមេគង្គ៖ « ក្នុងទូករបស់គាត់ធ្វើសកម្មភាពគាត់មានតាំងពីដូចជាអាឆ្នុក ហើយជនហ្នឹងខ្ញុំមិនស្គាល់ឈ្មោះ និងមុខ ព្រោះតែសកម្មភាពធ្វើនៅពេលយប់។ ម៉ាស៊ីនយកពីវៀតណាម គឺម៉ាស៊ីនអាត្រជាក់។ ចឹងវាបឺតទំហំដែលវាឆក់យកត្រី ៥០ម៉ែត្របួនជ្រុងក្នុងទន្លេដែលខ្ញុំគ្រប់គ្រងទទឹងទឹកបានតែ ១៥០ម៉ែត្រទៅ ២០០ម៉ែត្រ។ វាចុះម្តង ៧ទូក វារុញមួយទន្លេ ត្រីក្នុងបាតទន្លេវាបឺតយកឡើងអស់ »។
កាលពីដើមខែមីនា សហគមន៍មូលដ្ឋានប្រទះឃើញជនល្មើសប្រើប្រាស់ទូកនេសាទ ៨គ្រឿង ប្រើឧបករណ៍នេសាទត្រជាក់ធ្វើសកម្មភាពឆក់ត្រីនៅតំបន់ព្រៃលិចទឹក ឬតំបន់រ៉ាំសា ដែលជាកន្លែងជ្រករបស់ត្រីកម្ររស់នៅ និងពងកូន។
អាជ្ញាធរភូមិខេ សង្កាត់សាមគ្គី លោក ស៊ីម វិសាយ ទទួលស្គាល់ថា បទល្មើសនេសាទកំពុងកើតមានពេញបន្ទុកនៅតំបន់អភិរក្សជីវចម្រុះ ដែលសហគមន៍ពុំមានសមត្ថភាព និងធនធានគ្រប់គ្រាន់ក្នុងការចុះទប់ស្កាត់។ លោកថា តំបន់ព្រៃលិចទឹក ឬហៅថាតំបន់រ៉ាំសា គឺជាតំបន់សម្បូរព្រៃឈើដុះចេញពីផ្ទៃទឹក មានកោះតូចៗជាច្រើនដុះអមសងខាងកោះហាន គឺជាទីតាំងជម្រកត្រីកម្រច្រើនប្រភេទរស់នៅ ជាពិសេសក៏ជាជម្រកសត្វស្លាបដែរ ដូចជាសត្វក្អែកទឹក ស្មោញ និងត្រយង ជាដើម។ លោកថា ប្រសិនបើក្រសួងបរិស្ថាន មិនចុះអន្តរាគមន៍បង្ក្រាបបទល្មើសទាំងនោះទេ បង្កប៉ះពាល់ធ្ងន់ធ្ងរដល់អនាគតមច្ឆជាតិតាមដងទន្លេ ហើយអាចប៉ះពាល់ដល់សត្វស្លាបទៀតផង៖ « គេធ្វើចឹងខ្ញុំព្រួយបារម្ភ បានជាខ្ញុំបង្កើតទេសចរណ៍នៅកន្លែងនេះដើម្បីទប់ស្កាត់។ ទីមួយទប់ស្កាត់ និងទប់ស្កាត់ហើយនៅមិនឈ្នះគេទៀត មិនឈ្នះត្រង់ថា យើងពុំមានគ្រឿងឧបករណ៍ដូចជនល្មើស »។
តំបន់រ៉ាំសា ឬហៅថាតំបន់ការពារជីវចម្រុះ ឋិតក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថាន មានកាតព្វកិច្ចធានាកិច្ចគាំពារបរិស្ថាន និងទប់ស្កាត់បទល្មើសនេសាទគ្រប់ប្រភេទ ក៏ប៉ុន្តែសហគមន៍កម្រឃើញឆ្មាំអភិរក្សរបស់ក្រសួងបរិស្ថាន ចុះល្បាតតំបន់នោះ ខណៈតំបន់នោះសម្បូរកោះច្រើន និងមានរុក្ខជាតិដុះចេញពីផ្ទៃទឹកបញ្ចេញឫស ព្រមទាំងមានព្រៃលិចទឹកផង។
ប្រធានមន្ទីរបរិស្ថាន ខែត្រស្ទឹងត្រែង លោក អេង ភីរុង បដិសេធមិនធ្វើអធិប្បាយករណីនេះទេនៅថ្ងៃទី២៨ មីនា ដោយលោកបញ្ជាក់ថាកំពុងជាប់រវល់។
មន្ត្រីសម្របសម្រួលបណ្ដាញការពារទន្លេបី លោក លាង ប៊ុនលាភ ចាត់ទុកតំបន់នោះជាជម្រកត្រីគ្រប់ប្រភេទរស់នៅ និងពងកូន ដែលទាមទារឲ្យក្រសួងបរិស្ថាន យកចិត្តទុកដាក់បង្កើនល្បឿនអភិរក្សឲ្យមានប្រសិទ្ធភាព ដោយបញ្ជូនឆ្មាំអភិរក្សចុះល្បាតជាប្រចាំ ហើយត្រូវផ្តល់ការសហការជាមួយសហគមន៍ និងសមត្ថកិច្ច។ លោកថា ការបណ្តោយឲ្យបទល្មើសនេសាទកើតឡើងបែបអនាធិបតេយ្យ នឹងបង្កគ្រោះថ្នាក់ដល់ពូជត្រីកម្រក្នុងតំបន់ ដែលជាផ្នែកមួយប៉ះពាល់ជីវភាពពលរដ្ឋ និងធនធានធម្មជាតិ៖ « ករណីដែលយើងបានដឹងទាំងអស់ហ្នឹង ក្រសួងលោកគួរតែចាត់ចែងវិធានការឲ្យបានរហ័ស ឲ្យលោកចុះមកមើលមកពិនិត្យមើល និងចាត់វិធានការតាមផ្លូវច្បាប់ភ្លាមៗតែម្តង »។
កាលពីដើមខែមករា ឆ្នាំ២០១៧ ពលរដ្ឋរស់នៅភូមិខេ បាននាំគ្នាអភិវឌ្ឍតំបន់នោះមួយផ្នែកប្រែក្លាយជាតំបន់ទេសចរណ៍ធម្មជាតិបៃតង បម្រើវិស័យទេសចរណ៍ ក្នុងទិសដៅរួមគ្នាអភិរក្សប្រព័ន្ធជីវចម្រុះ និងបង្កើនប្រាក់ចំណូលដល់សហគមន៍៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។