ប្រជានេសាទខែត្រស្ទឹងត្រែង សម្ដែងក្តីព្រួយបារម្ភពីជោគវាសនាត្រីកម្រក្នុងតំបន់ នឹងរងហានិភ័យខ្ពស់ ខណៈទិន្នផលត្រីដែលអ្នកនេសាទចាប់បាននៅឆ្នាំនេះបានថយចុះជាងឆ្នាំមុន។ ពួកគេអះអាងថា ជនជាតិវៀតណាម និងជនជាតិចាម កំពុងនេសាទនៅរដូវបិទនេសាទ ដោយប្រើមងក្រឡាធំច្រើនស្អេកស្កះនៅក្បាលកោះស្រឡាយ និងនៅតំបន់ផ្សេងទៀត អាចប៉ះពាល់ដល់ដំណើរត្រីមេពូជច្រាលឡើងឆ្នាំនេះ។
ប្រជានេសាទនៅខែត្រស្ទឹងត្រែង អំពាវនាវឲ្យក្រសួងកសិកម្ម និងស្ថាប័នពាក់ព័ន្ធ ពង្រឹងប្រសិទ្ធភាពទប់ស្កាត់បទល្មើសនេសាទ និងអនុវត្តច្បាប់ឲ្យបានពេញលេញនៅរដូវត្រីពងកូន ដើម្បីធានានិរន្តរភាពត្រីទន្លេមេគង្គដែលកំពុងរងការគំរាមកំហែងគ្រប់ទម្រង់។
ការអំពាវនាវនេះ ធ្វើឡើងនៅថ្ងៃទី៨ ឧសភា ក្រោយពីជនជាតិវៀតណាម និងជនជាតិចាម បាននេសាទប្រើមងក្រឡាធំ និងមានប្រវែងរាប់រយម៉ែត្រជម្រៅជាង ១០ម៉ែត្រ អាចមានលទ្ធភាពចាប់ត្រីមេពូជធំៗនៅតាមដងទន្លេមេគង្គ។
អ្នកនេសាទរស់នៅក្រុងស្ទឹងត្រែង លោក គង់ ម៉េងហៃ កត់សម្គាល់ថា អ្នកនេសាទខ្មែរភាគច្រើនប្រើមងក្រឡាតូច អាចចាប់ត្រីបានតូចៗ ដូចជាត្រីឆ្ពិន និងត្រីរៀល ជាដើម ហើយត្រីប្រភេទនេះមានតម្លៃទាបនៅលើទីផ្សារ។ លោកថា អំឡុងត្រីច្រាលឡើងរយៈពេល ៥ថ្ងៃកន្លងទៅ លោកនេសាទបានត្រីក្នុងមួយថ្ងៃចាប់ពី ១០គីឡូក្រាមដល់ ១៥គីឡូក្រាម អាចរកប្រាក់ចំណូលបានមួយថ្ងៃគិតជាមធ្យមប្រហែល ១០ម៉ឺនរៀល។
លោកអះអាងថា ជនជាតិវៀតណាម និងជនជាតិចាម នេសាទប្រើមងក្រឡាធំនៅរដូវបិទនេសាទនេះ បណ្ដាលឲ្យប៉ះពាល់ដល់ការបង្កកំណើតរបស់ត្រីកម្រក្នុងតំបន់ ខណៈមងដែលពួកគេនេសាទនោះ អាចចាប់ត្រីធំៗបានច្រើន ដូចជាត្រីត្រសក់ ត្រីក្អែក ត្រីប៉ាវ៉ា ត្រីប៉ាសេអ៊ី និងត្រីគល់រាំង ជាដើម។ បញ្ហានេះ លោកចង់ឲ្យស្ថាប័នពាក់ព័ន្ធពង្រឹងការអនុវត្តច្បាប់ឲ្យបានពេញលេញ និងផ្សព្វផ្សាយពីច្បាប់ជលផលឲ្យបានទូលំទូលាយ៖ « មងជនជាតិវៀតណាម បើធៀបជាមួយមងខ្មែរ គឺមងគេចាប់តែត្រីធំ គឺគេអត់យកទេត្រីតូច ហើយត្រីប្រភេទដែលគេបាន ដូចត្រីត្រសក់ ត្រីក្របី និងត្រីគល់រាំង អីហ្នឹង អាចឈានដល់ចាប់ពី ១០គីឡូឡើងទៅលើ។ មានការព្រួយបារម្ភ តែពុំដឹងធ្វើម៉េច ?»។
អ្នកនេសាទម្នាក់ទៀតរស់នៅឃុំព្រះបាទ ក្រុងស្ទឹងត្រែង លោក មាស ចាន់សុផា សម្ដែងក្ដីកង្វល់ពីសន្តិសុខស្បៀងដែលមានក្នុងតំបន់ និងជួយទ្រទ្រង់ជីវភាពពលរដ្ឋតាមដងទន្លេតាំងពីដើមមក ប្រឈមការបាត់បង់បន្តិចម្ដងៗ បង្កប៉ះពាល់សេដ្ឋកិច្ចគ្រួសាររបស់ពួកគេ ខណៈទិន្នផលត្រីដែលអ្នកនេសាទចាប់បាននៅឆ្នាំនេះធ្លាក់ចុះខ្លាំង ហើយការដាក់តាំងលក់ត្រីនៅផ្សារខែត្រស្ទឹងត្រែង ក៏ពុំសូវឃើញមានប្រភេទត្រីកម្រមានតម្លៃដែរ។
បញ្ហានេះ ជាសញ្ញាបង្ហាញថា ត្រីកម្រទាំងនោះអាចប្រឈមការផុតពូជ។ លោករកឃើញថា មានកត្តាច្រើនបង្កឲ្យទិន្នផលត្រីធ្លាក់ចុះ ដូចជាទឹកទន្លេមេគង្គប្រែប្រួលខុសប្រក្រតី ការនេសាទខុសច្បាប់ និងការអភិវឌ្ឍទំនប់វារីអគ្គិសនីតាមដងទន្លេ។ លោកព្យាករថា ទិន្នផលត្រីនៅឆ្នាំនេះបានថយចុះប្រហែល ៥០ភាគរយ បើធៀបមុនឆ្នាំ២០១០ ខណៈអ្នកនេសាទមួយចំនួនមិនអាចចាប់ត្រីបរិភោគលក្ខណៈគ្រួសារបានគ្រប់គ្រាន់ ហើយក៏មានពលរដ្ឋមួយចំនួនបង្ខំចិត្តនេសាទប្រើឧបករណ៍ខុសច្បាប់ ដើម្បីរកប្រាក់ដោះបំណុលធនាគារ៖ « ការមុនគេចុះចាប់ដែរ តែចុះចាប់ថ្ងៃ យប់វាចេញ វាបណ្ដែតធ្វើស្អីវា។ យើងមិនតាមដានវាជាប់គ្រប់ពេលវេលាចឹង។ ធ្វើយ៉ាងម៉េចបិទមងធំទៅ សល់ត្រីពូជខ្លះ កុំឲ្យគេបណ្ដែតមងធំពេក បើបណ្ដែតមងតូចៗដូចគ្នាមិនពាយទេត្រី »។

ប្រជានេសាទកត់សម្គាល់ថា ត្រីប៉ាសេអ៊ី ត្រីប៉ាវ៉ាមុខពីរ និងត្រីក្របី ជាដើម រស់នៅតំបន់សម្បូរថ្ម ស្លែ និងអន្លង់ជ្រៅៗ ដែលមន្ត្រីជំនាញនៅមិនទាន់មានលទ្ធផលស្រាវជ្រាវការវិវឌ្ឍន៍ពងកូនរបស់ត្រីនេះឡើយ តែគេអាចប្រមូលផលត្រីប៉ាសេអ៊ី បានចាប់ពីខែវិច្ឆិកា ដល់ខែកុម្ភៈ និងចន្លោះខែឧសភា ដល់ខែមិថុនា រៀងរាល់ឆ្នាំ។ លើសពីនេះ ត្រីទាំងនេះច្រាលឡើងដោយសារការប្រែប្រួលអាកាសធាតុ ព្រោះលក្ខណៈជីវសាស្ត្ររបស់ត្រីកម្រទាំងនោះរស់នៅក្នុងអន្លង់ជ្រៅ ផ្សារភ្ជាប់លំនឹងទឹក និងសីតុណ្ហភាពរបស់ទឹកដល់កម្រិតវាច្រាលឡើង ឬចេញពីរូងថ្ម។
អាស៊ីសេរី មិនអាចទាក់ទងនាយខណ្ឌរដ្ឋបាលជលផល ខែត្រស្ទឹងត្រែង លោក ទំ នីរ៉ូ ដើម្បីសុំការអធិប្បាយករណីនេះបានទេនៅថ្ងៃទី៨ ឧសភា។ តែលោកធ្លាប់មានប្រសាសន៍ថា មានបញ្ហាប្រឈមមួយចំនួនធំដែលមន្ត្រីជំនាញកំពុងខ្វល់ខ្វាយ មានជាអាទិ៍ ដែននេសាទធំធេង ខ្វះខាតសម្ភារ ខ្វះខាតធនធានមនុស្ស ដែលមិនអាចបំពេញតម្រូវការអភិរក្ស ដើម្បីទប់ស្កាត់អ្នកនេសាទល្មើសច្បាប់បានទាំងស្រុងនៅឡើយ។
មន្ត្រីសម្របសម្រួលសហគមន៍នៃអង្គការសម្ពន្ធភាពដើម្បីអភិរក្សធនធានជលផល (FACT) ខែត្រស្ទឹងត្រែង លោក ស្រែង មុន្នីចិន្ថា ទទួលស្គាល់ការធ្លាក់ចុះត្រី បង្កការប៉ះពាល់ជីវភាពប្រជាពលរដ្ឋ ជាពិសេសពលរដ្ឋមួយចំនួនពឹងផ្អែកលើផលនេសាទ។ លោកកត់សម្គាល់ថា មន្ត្រីជំនាញបានប្រកាសឲ្យបិទនេសាទចាប់ពីខែឧសភា តទៅ ដើម្បីអនុញ្ញាតឲ្យត្រីកម្រក្នុងតំបន់មានលទ្ធភាពធ្វើដំណើរបន្តពូជបាន ក៏ប៉ុន្តែការលួចដាក់មងក្រឡាធំនៅរដូវបិទនេសាទ កំពុងបង្កជាឧបសគ្គដល់ដំណើររបស់ត្រីទាំងនោះ។ ហេតុនេះ ទាមទារឲ្យស្ថាប័នពាក់ព័ន្ធយកចិត្តទុកដាក់បំផុសការផ្សព្វផ្សាយច្បាប់ជលផលឲ្យបានទូលំទូលាយ និងអនុវត្តច្បាប់ឲ្យបានពេញលេញ៖ « ប្រជានេសាទប្រសិនបើគាត់បន្តប្រើមងក្រឡាធំ និងឧបករណ៍នេសាទខុសច្បាប់ វាអាចប្រឈម ព្រោះឥឡូវទឹកទន្លេអត់ទាន់ធំទេ។ កាលណាបើទឹកធំទៅ វាទូលំទូលាយក្នុងការដើរហើរ តែឥឡូវទឹកតូចនៅឡើយ កាលណាទឹកតិចចាប់ត្រីស្រួល វាអាចចឹង »។
អតីតមន្ត្រីសម្របសម្រួលអង្គការបណ្ដាញការពារទន្លេបី លោក មៀច មាន ពន្យល់ថា ត្រីច្រាលឡើងនៅខែឧសភា នេះ គឺសំដៅទៅរកទីតាំងពងកូន ខណៈត្រីដែលកំពុងច្រាលឡើងនោះ ភាគច្រើនមានពងក្នុងពោះរួចទៅហើយ។ ចំណែកត្រីដែលច្រាលឡើងមុនគេ គឺត្រីតូចៗដែលជាចំណីរបស់ត្រីធំៗ ដូចជាត្រីរៀល និងត្រីឆ្ពិន ជាដើម។ លោកថា បញ្ហាប្រឈមរបស់ត្រីកម្រ ដោយសារតម្រូវការចាប់ត្រីកើនឡើង រួមផ្សំឧបករណ៍នេសាទពុំមានលក្ខណៈបច្ចេកទេសច្បាស់លាស់ និងមិនស្របច្បាប់ជាដើម ដូចជានេសាទក្នុងរដូវហាមឃាត់ និងនេសាទប្រើឧបករណ៍ខុសច្បាប់។ លោកយល់ថា មន្ត្រីជំនាញត្រូវផ្សព្វផ្សាយឲ្យបានទូលំទូលាយពីរដូវបិទនេសាទ ហើយសហគមន៍នេសាទក៏ត្រូវពង្រឹងតួនាទីអភិរក្សរបស់ខ្លួនឲ្យបានពេញលេញដែរ៖ « វាប្រាកដជាប៉ះហើយ ដល់វាច្រាលឡើងវារកកន្លែងពង បើយើងចាប់បានមកសុទ្ធតែពង ពងពេញៗពោះ ជាក់ស្តែងដូចតាមដងទន្លេស្រែពកកាលពីមុន ឲ្យតែត្រីឡើងទៅ ប្រជាជននាំគ្នាបណ្ដែតមង គឺបានសុទ្ធតែត្រីប៉ាវា ពងពេញៗពោះ។ ឥឡូវអស់អាលីងត្រី ចាប់ខ្លាំងពេកអស់ ហើយយកមកលក់ផ្សារពងពេញពោះ ព្រោះអីយើងចាប់មេពូជវាអស់ហើយ »។
លោក មៀច មាន បន្ថែមថា ការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ដូចជាបោកគ្រាប់បែក ប្រើចរន្តអគ្គិសនីឆក់ត្រី និងឧបករណ៍ដាក់របាំងរាំងព្រួល ឬអួនទន្លេ ក៏ជាបញ្ហាបំបាត់ពូជត្រីដែរ ហើយការអភិវឌ្ឍទំនប់វារីអគ្គិសនីសេសានក្រោមពីរ និងទំនប់ដនសាហុង (Don Sahong) បានគំរាមកំហែងលក្ខខណ្ឌជីវសាស្ត្ររបស់ត្រី។
តំបន់ទន្លេបី ដូចជាទន្លេសេសាន ទន្លេស្រែពក និងទន្លេសេកុង គឺជាប្រភពនៃជម្រកត្រីកម្រក្នុងតំបន់ ដូចជាត្រីប៉ាសេអ៊ី ត្រីប៉ាវាមុខពីរ ឬត្រីប៉ាកក និងត្រីក្អែក ជាដើម ហើយត្រីទាំងនោះច្រើនរស់នៅតំបន់អូរព្រះ ឬអន្លង់ព្រះ គឺជាចំណុចប្រសព្វគ្នារវាងទន្លេសេសាន និងទន្លេស្រែពក ជាតំបន់សម្បូរថ្ម និងដង្ហើមទឹកហូរធម្មជាតិមានអុកស៊ីហ្សែនខ្ពស់។
មន្ត្រីសង្គមស៊ីវិល ព្យាករថា ប្រភេទត្រីកម្រក្នុងតំបន់ នឹងឈានដល់ការផុតពូជ បើរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធ មិនពង្រឹងកាតព្វកិច្ចអភិរក្សឲ្យមានប្រសិទ្ធភាព និងអនុវត្តច្បាប់ឲ្យបានពេញលេញនៅរដូវបិទនេសាទ ដើម្បីធានាការបង្កកំណើតរបស់ត្រីប្រភេទនេះទេនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។