ប្រជាពលរដ្ឋនៅតំបន់នោះបានអះអាងថា បទល្មើសនេសាទរបស់ជនជាតិវៀតណាម នេះ អាចប្រព្រឹត្តទៅបានអាស្រ័យមានការសហការគ្នាជាមួយនឹងអាជ្ញាធរមូលដ្ឋាន។
ជនជាតិវៀតណាម ដែលមានឧបករណ៍ចាប់ត្រី ទូក និងកាណូតជាច្រើនគ្រឿងផងនោះ កំពុងតែចាប់ត្រីតាមផ្លូវទឹកហូរ ដូចជានៅតាមប្រឡាយ និងដងអូរមួយចំនួន ឋិតក្នុងភូមិពោធិ៍ថ្មី ឃុំកោះសំពៅ ស្រុកពាមជរ ខេត្តព្រៃវែង។ ប៉ុន្តែប្រជាពលរដ្ឋម្ចាស់ស្រុកនៅក្នុងតំបន់នោះ ពួកគាត់អាក់អន់ស្រពន់ចិត្តទៅលើអាជ្ញាធរមូលដ្ឋានដែលបានបណ្ដោយឲ្យជនជាតិបរទេសចូលធ្វើសកម្មភាពនេសាទត្រីនៅរដូវហាមឃាត់យ៉ាងគគ្រឹកគគ្រេងខុសច្បាប់នោះ។
ពលរដ្ឋវ័យចំណាស់សម្បុរសណ្ដែកបាយម្នាក់ ឈ្មោះ លោក អ៊ាន ឃឿន មានអាយុ ៦២ឆ្នាំ រស់នៅភូមិពោធិ៍ថ្មី ឃុំកោះសំពៅ ស្រុកពាមជរ។ លោកអង្គុយអោបក្បាលជង្គង់មានប្រសាសន៍នៅថ្ងៃទី១៧ សីហា ថាជនជាតិវៀតណាម ទាំងនោះបាននាំគ្នាដេកដាក់ស្បៃមុងនៅតាមប្រឡោះទឹកហូរដើម្បីចាប់ត្រីទាំងតូចទាំងធំ រួចគេយកត្រីដែលគេនេសាទបាននោះទៅលក់នៅប្រទេសវៀតណាម យ៉ាងសប្បាយ។
លោក អ៊ាន ឃឿន៖ «គេមកដាក់មួយកន្លែង។ … មួយកន្លែងៗហ្នឹងមានគ្នាគេដាក់ហ្នឹងប្រហែលជាបួនដប់នាក់ ៥នាក់ ហើយបើថ្ងៃនៅយាម ពីរបីនាក់ បួននាក់ ហ្នឹងយាម ដល់យប់ហ្នឹងបានមានគ្នាច្រើន មានអាទូកសម្រាប់នាំត្រីនោះផង មានអាអ្នកនៅលើកដៃនោះផង នៅយាមនោះផង។ … បាទ! ច្រើនតែស្បៃមុង ស្បៃមុងអាស្បៃល្អិតយកមកដាក់រាល់តែឆ្នាំហ្នឹង ដោយតូចប៉ុណ្ណាក៏ដោយដែរ ដោយទាំងអស់ហ្មងកូនត្រីគ្មានចេញរួចមួយទេ»។
លោកបន្តថា ជនជាតិវៀតណាម បានធ្វើសកម្មភាពរបស់ខ្លួនចាប់តាំងពីរដូវទឹកឡើងដែលមានទឹកលិចតាមវាលរបស់អ្នកភូមិមក ពោលគឺគេបោះទីតាំងនេសាទត្រីចាប់ពីដើមខែសីហា មកម្ល៉េះ។ លោកថា ជនជាតិវៀតណាម គេមកធ្វើនេសាទបានដោយមានសហការល្អជាមួយអាជ្ញាធរឃុំ។
ឆ្លើយតបទៅនឹងបញ្ហានេះមេឃុំកោះសំពៅ លោក ម៉ម សំបូរ បានបង្ហាញថា រូបលោកពុំបានអនុញ្ញាតឲ្យជនជាតិវៀតណាម ណាម្នាក់នេសាទត្រីខុសច្បាប់ដូចការលើកឡើងរបស់ប្រជាពលរដ្ឋនោះឡើយ។
លោក ម៉ម សំបូរ៖ «អាហ្នឹងនិយាយត្រង់ទៅទីមួយប្រជាជនវៀតណាម គាត់រស់នៅលើទឹកដីកម្ពុជា ហ្នឹង គាត់ដាក់ ១០ម៉ែត្រ ២០ម៉ែត្រ សម្រាប់ហូបក្នុងគ្រួសារ។ ដល់ពេលច្រើនកន្លែងពេកទៅ សមត្ថកិច្ចខាងជំនាញជលផលយើងបង្ក្រាបវាអត់អស់ ព្រោះកម្លាំងគាត់តិច ហើយគណៈកម្មការសហគមន៍ក៏គាត់ហ្នឹងក៏មិនសូវចាប់អារម្មណ៍ ដល់វាខ្លីៗបួនប្រាំម៉ែត្រ បួនដប់ម៉ែត្រហ្នឹង។ វាមាន ខ្ញុំជឿថា មានមិនអត់ទេ ខ្ញុំក៏ឃើញដែរ ប៉ុន្តែវាពិបាកដើរទៅប្រមូលអាបួនដប់ម៉ែត្រៗហ្នឹង»។
តែយ៉ាងណាក៏ដោយ ការនេសាទត្រីទ្រង់ទាយធំ ព្រមទាំងមានទូកកាណូតចតរង់ចាំប្រមូលត្រីនៅកន្លែងនេសាទនោះមាន ៣កន្លែង ក្នុងនោះរួមមានទី១ មាននៅខាងលិចវត្តពោធិ៍ថ្មី មួយកន្លែងទៀត ឋិតនៅដងអូរខាងត្បូងស្ពានកៅទៃ និងមួយកន្លែងទៀតដាក់នៅប្រលោះស្ពានអូរ តាំងលូភូមិពោធិ៍ថ្មី ឃុំកោះសំពៅ។ ប្រជាពលរដ្ឋអះអាងថា កន្លែងនេសាទត្រីទាំង ៣កន្លែង ខាងលើក្នុងមួយកន្លែងៗ គេអាចចាប់ត្រីបានប្រមាណពី ១.០០០ ទៅ ១.៥០០គីឡូក្រាមក្នុងមួយថ្ងៃ។ ហើយត្រីទាំងនោះត្រូវបានដឹកចេញទៅប្រទេសវៀតណាម ក្នុងមួយថ្ងៃពីរទៅបីដង។
លោកបន្តថា ត្រីដែលចាប់បានភាគច្រើនជាប្រភេទត្រីសរតូចល្អិត ហាងឆេងនៅប្រទេសវៀតណាម គេអាចលក់វាក្នុងតម្លៃប្រមាណពី ៣.៥០០ ទៅ ៤.០០០ដុង ពោលគឺស្មើនឹង ៧០០ ទៅ ៨០០រៀលក្នុងមួយគីឡូ។
តំបន់នេសាទត្រីរបស់ជនជាតិវៀតណាម ក្នុងដែនកម្ពុជា ខាងលើ មានចម្ងាយប្រមាណ ២គីឡូម៉ែត្រពីជាយដែនកម្ពុជា-វៀតណាម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។