សហគមន៍​ខេត្ត​ស្ទឹងត្រែង​ថា​ព្រៃ​រាប់​រយ​ហិកតារ​ត្រូវ​ឈ្មួញ​កាប់​ទន្ទ្រាន​យក​ដី

0:00 / 0:00

ជនជាតិ​ដើម​ភាគតិច​រស់នៅ​ឃុំ​សំអាង ស្រុក​ថាឡាបរិវ៉ាត់ ខែត្រ​ស្ទឹងត្រែង អះអាង​ថា ព្រៃ​សហគមន៍​ភ្នំ​ជម្រក​សត្វ ត្រូវ​ឈ្មួញ​សម្រុក​កាប់​ទន្ទ្រាន​យក​ដី​ធ្វើ​អាជីវកម្ម​អស់​ជាង ១០០​ហិកតារ​ថ្មី​ទៀត​នៅ​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ។ អ្នក​ភូមិ​ចោទ​ប្រកាន់​ថា អាជ្ញាធរ​មូលដ្ឋាន មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ និង​ប្រធាន​សហគមន៍ គ្មាន​ឆន្ទៈ​ទប់ស្កាត់​បទល្មើស​ព្រៃ​ឈើ​នោះ​ទេ បើ​ទោះ​បី​ជា​អ្នក​ភូមិ​បាន​រាយការណ៍​ករណី​នេះ​ជាច្រើន​សា​ក្តី។

ជនជាតិ​ដើម​ភាគតិច​កួយ សម្ដែង​ការ​ខក​ចិត្ត​ចំពោះ​ភាព​ព្រងើយ​កន្តើយ​របស់​អាជ្ញាធរ​ឃុំ និង​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ ថា​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ទប់ស្កាត់​បទល្មើស​ព្រៃ​ឈើ។ ពួក​គេ​ថា មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ និង​សមត្ថកិច្ច មិន​បាន​បំពេញ​តួនាទី​ការពារ​សម្បត្តិ​ធម្មជាតិ និង​អនុវត្ត​គោលការណ៍​ណែនាំ​របស់​ប្រមុខ​រដ្ឋាភិបាល​នោះ​ទេ ឃើញ​តែ​ដាក់​កុងត្រូល​ចាំ​ស្ទាក់​ទារ​ប្រាក់​ពី​អ្នក​ដឹក​ឈើ​តាម​ផ្លូវ។

ជនជាតិ​ដើម​ភាគតិច​រស់នៅ​ភូមិ​ឆ្វាំង ឃុំ​សំអាង ស្រុក​ថាឡាបរិវ៉ាត់ ខែត្រ​ស្ទឹងត្រែង លោក អ៊ុក ម៉ៅ អះអាង​ថា ឈ្មួញ​បាន​បន្ត​កាប់​ឈើ​មាន​តម្លៃ​ពី​ព្រៃ​សហគមន៍ និង​កាប់​ព្រៃ​រាន​យក​ដី​អស់​ជាង ១០០​ហិកតារ​ថ្មី​ទៀត ឋិត​នៅ​ចំណុច​ភ្នំ​ធំ អូរ​ឆ្កូត ត្រពាំង​ព្រៃ និង​អូរ​កោងកាង។ សកម្មភាព​កាប់​ទន្ទ្រាន​នោះ ភាគច្រើន​ជា​ពលរដ្ឋ​ចំណាក​ស្រុក បាន​ជួល​កម្មករ​សម្រុក​កាប់​ទន្ទ្រាន​ដី និង​ឈើ​មាន​តម្លៃ និង​បាន​បោះ​តង់​ស្នាក់នៅ​ក្នុង​ព្រៃ​ជាង ១០​តង់​ក្នុង​ព្រៃ​សហគមន៍។

លោក​ថា ពលរដ្ឋ​ចំណាក​ស្រុក​បាន​ទិញ​ដី​ពី​ឈ្មួញ​នៅ​មូលដ្ឋាន ឈ្មោះ ភឿក ស៊ី ឈ្មោះ វណ្ណា និង​ឈ្មោះ ភាព និង​បាន​បាញ់​ថ្នាំ​សម្គាល់​កំណត់​ព្រំ​ដី ដើម្បី​គ្រប់គ្រង​ច្រើន​ខែ​មក​ហើយ នៅ​តែ​ពុំ​ឃើញ​មន្ត្រី​រដ្ឋាភិបាល​ចេញ​មុខ​ទប់ស្កាត់៖ « អ្នក​កាប់​នោះ​ភាគច្រើន​មក​ពី​ខែត្រ​កំពង់ចាម ខែត្រ​ត្បូងឃ្មុំ ចំណាក​ស្រុក អ្នក​ខ្លះ គ្រាន់​តែ ដើរ​បាញ់​ថ្នាំ ​ចឹង​ទៅ ដើរ​ចង្អុល​ដី​ខ្ញុំ​ត្រឹម​នេះ ត្រឹម​នោះ វាស់​លក់​ឲ្យ​គេ​ម៉ង »

លោក អ៊ុក ម៉ៅ សង្កេត​ឃើញ​ថា ព្រៃ​សហគមន៍ និង​ដី​ត្រៀម​បម្រុង​សង្គមកិច្ច​របស់​រដ្ឋបាល​ឃុំ​សំអាង ត្រូវ​បាន​គេ​កាប់​អស់​ជិត ៣​ពាន់​ហិកតារ​នៅ​ចំណុច​អូរ​កោងកាង រហូត​ដល់​ភ្នំ​ធំ។ លោក​ថា នៅ​ថ្ងៃ​ទី​៣ មករា គោយន្ត​ពីរ​គ្រឿង​បាន​ដឹក​ប្រេង​ផ្គត់ផ្គង់​ម៉ាស៊ីន​អារ​ឈើ​ស្វ័យ​ប្រវត្តិ ឬ​ត្រង់ស៊ឺន័រ ដែល​កំពុង​ប្រតិបត្តិការ​កាប់​ទន្ទ្រាន​ដី​ព្រៃ​សហគមន៍។ លោក​ស្ដី​បន្ទោស​គណៈកម្មការ​សហគមន៍ និង​អាជ្ញាធរ​រដ្ឋាភិបាល មិន​យក​ចិត្ត​ទុក​ដាក់​ការពារ​ព្រៃ​ឈើ​ទេ ថែម​ទាំង​បណ្តោយ​ឲ្យ​សកម្មភាព​ទន្ទ្រាន​ដី​ព្រៃ​សហគមន៍​កាន់​តែ​រីក​ធំ​ឡើង៖ « មួយ​ជួរ​អូរ​តា​លាស់ ដី​សហគមន៍​គេ​កាប់​ជិត​អស់​ហើយ ប្រហែល​ជា​អស់​ខែ​ប្រាំង​នេះ​ហើយ »

ឆ្លើយតប​ការ​ចោទ​ប្រកាន់​នេះ ប្រធាន​សហគមន៍​ភ្នំ​ជម្រក​សត្វ លោក ញៀន ផុន ទទួល​ស្គាល់​ថា ពិត​ជា​មាន​ការ​កាប់​ទន្ទ្រាន​ដី​ព្រៃ​សហគមន៍ តែ​លោក​ពុំ​ប្រាកដ​ថា មាន​ទំហំ​ប៉ុនណា​នោះ​ទេ។ លោក​បញ្ជាក់​ថា គណៈកម្មការ​សហគមន៍​ពុំ​មាន​សិទ្ធិ​អំណាច​ចាប់​ម៉ាស៊ីន​អារ​ឈើ​អនុវត្ត​ច្បាប់​ទេ បាន​ត្រឹម​រាយការណ៍​ទៅ​មន្ត្រី​រដ្ឋបាល​ព្រៃ ក៏ប៉ុន្តែ​នៅ​គ្រា​ដែល​សហគមន៍​ប្រទះ​ឃើញ​បទល្មើស​ព្រៃ​ឈើ ហើយ​រាយការណ៍​ករណី​នេះ​ទៅ​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ ពុំ​មាន​លទ្ធផល។ លោក​ថា នៅ​ពេល​ដែល​ក្រុម​ល្បាត​របស់​សហគមន៍​ចុះ​អន្តរាគមន៍​ទប់ស្កាត់ ក្រុម​ជន​ល្មើស​បាន​រត់​គេច​ខ្លួន៖ « ខ្ញុំ​ ទទួល​ស្គាល់​ ហើយ តែ​ខ្ញុំ​រាយការណ៍​ទៅ គេ​មិន​ ចុះ​មក ធ្វើ​ម៉េច ? ខ្ញុំ​អត់​ចេះ​ធ្វើ​ សំណុំ​រឿង ​បែបបទ​ជូន​តុលាការ​ទេ »

អាស៊ីសេរី មិន​អាច​ទាក់ទង​នាយ​ផ្នែក​រដ្ឋបាល​ព្រៃ​ឈើ​ស្រុក​ថាឡាបរិវ៉ាត់ លោក វ៉ា សុខា និង​មេ​ឃុំ​សំអាង លោក ញៀន ផន ដើម្បី​សុំ​ការ​បំភ្លឺ​បញ្ហា​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី​៤ មករា ព្រោះ​ទូរស័ព្ទ​មិន​អាច​ទាក់ទង​បាន។

ព្រៃ​សហគមន៍​ដែន​ជម្រក​សត្វ ត្រូវ​បាន​គេ​កាប់​នៅ​ចំណុច​អូរឆ្កូត ក្នុង​ស្រុក​ថាឡាបរិវ៉ាត់ ខេត្ត​ស្ទឹងត្រែង កាល​ពី​ថ្ងៃ​ទី​៩ វិច្ឆិកា ឆ្នាំ​២០១៥។
ព្រៃ​សហគមន៍​ដែន​ជម្រក​សត្វ ត្រូវ​បាន​គេ​កាប់​នៅ​ចំណុច​អូរឆ្កូត ក្នុង​ស្រុក​ថាឡាបរិវ៉ាត់ ខេត្ត​ស្ទឹងត្រែង កាល​ពី​ថ្ងៃ​ទី​៩ វិច្ឆិកា ឆ្នាំ​២០១៥។ (RFA/Men Sothyr)

ប្រធាន​រដ្ឋបាល​សាលា​ស្រុក​ថាឡាបរិវ៉ាត់ លោក ថៃ អ៊ី មាន​ប្រសាសន៍​ថា អាជ្ញាធរ​ស្រុក​ពុំ​ទាន់​ទទួល​ព័ត៌មាន​ករណី​នេះ​នៅ​ឡើយ​ទេ ក៏ប៉ុន្តែ​អាជ្ញាធរ​ស្រុក​នឹង​ស្រាវជ្រាវ​បញ្ហា​នេះ។ លោក​បញ្ជាក់​ថា អាជ្ញាធរ​ស្រុក​នឹង​ចាត់​ឲ្យ​អភិបាល​រង​ស្រុក​ម្នាក់ ចុះ​ទៅ​ពិនិត្យ​ជាក់ស្តែង​បញ្ហា​នេះ និង​ប្រមូល​ព័ត៌មាន​ករណី​នេះ​នៅ​គ្រា​ទទួល​ដំណឹង​នេះ៖ « យើង​នឹង​រាយការណ៍​ ជូន​ទៅ ​លោក​អភិបាល​សួរ​ ទៅ​ឃុំ ឡើង​វិញ ថា​តើ​មាន​ករណី​ហ្នឹង​អត់ »

ព្រៃ​សហគមន៍​ភ្នំ​ជម្រក​សត្វ ឋិត​នៅ​ភូមិ​ឆ្វាំង ឃុំ​សំអាង ស្រុក​ថាឡាបរិវ៉ាត់ មាន​ផ្ទៃដី​ចំនួន​ជាង ៤​ពាន់​ហិកតារ (៤.៤៤៦,១៦​ហិកតារ) ត្រូវ​បាន​អាជ្ញាធរ​ខែត្រ​ស្ទឹងត្រែង ទទួល​ស្គាល់​ជា​ផ្លូវ​ការ​នៅ​ដើម​ឆ្នាំ​២០១៥។ សហគមន៍​បាន​ស្នើសុំ​បន្ត​ទៀត​ទៅ​ក្រសួង​បរិស្ថាន ដើម្បី​ចុះ​បញ្ជី​ព្រៃ​សហគមន៍​ភ្នំ​ជម្រក​សត្វ ជា​ដី​ព្រៃ​សមូហភាព តែ​មិន​ទាន់​មាន​ការ​ឆ្លើយតប។

ជនជាតិ​ដើម​ភាគតិច​កួយ រស់នៅ​ឃុំ​ស្រែឫស្សី ស្រុក​ថាឡាបរិវ៉ាត់ លោក ថាន់ វ៉ន អះអាង​ដែរ​ថា ព្រៃ​សហគមន៍​ឃុំ​ស្រែឫស្សី ក៏​រង​ការ​កាប់​រាន​យក​ដី​ធ្វើ​អាជីវកម្ម​អស់​ជាង​ពាក់​កណ្ដាល​ដែរ ជាពិសេស​គឺ​ឈ្មួញ​សម្រុក​កាប់​ឈើ​មាន​តម្លៃ​នៅ​រយៈពេល ៦​ខែ​កន្លង​មក​នេះ។ លោក​អះអាង​ថា មេ​ភូមិ និង​មេ​ឃុំ មិន​ត្រឹម​តែ​មិន​អើពើ​គាំពារ​ធនធាន​ធម្មជាតិ​នោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ជួយ​អន្តរាគមន៍​ឲ្យ​ជន​ល្មើស​រត់​គេច​ខ្លួន និង​ប្រគល់​វត្ថុ​តាង​ឲ្យ​ជន​ល្មើស​វិញ នៅ​គ្រា​ដែល​សហគមន៍​រឹប​អូស​បាន។ លោក​ថា បទបញ្ជា​ប្រមុខ​រដ្ឋាភិបាល​មិន​ត្រូវ​បាន​អាជ្ញាធរ​ថ្នាក់​ក្រោម​ជាតិ​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព ដើម្បី​ឲ្យ​ពលរដ្ឋ​មាន​ទំនុក​ចិត្ត​នោះ​ទេ៖ « បើ​ខ្ញុំ​គិតៗ​ទៅ ច្បាប់​ជាតិ​ រាល់​ថ្ងៃ គឺ​មាន​តែ​ក្នុង​ក្រដាស។ មន្ត្រី​រាជការ​គ្រប់​ជាន់​ថ្នាក់​អត់​គោរព​ច្បាប់​ផង »

មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក (ADHOC) ខែត្រ​ស្ទឹងត្រែង លោក ហូ សំអុល ឲ្យ​ដឹង​ថា សមាគម​អាដហុក បាន​ទទួល​ព័ត៌មាន​ករណី​នេះ​ដែរ។ លោក​ថា បើ​ទោះ​បី​ជា​សកម្មភាព​កាប់​ទន្ទ្រាន​ដី​ព្រៃ​សហគមន៍​រាន​យក​ដី​បែប​អនាធិបតេយ្យ​អស់​រាប់​ពាន់​ហិកតារ​ក្តី ក៏​ពុំ​ឃើញ​មន្ត្រី​រដ្ឋាភិបាល​ចេញ​មុខ​ចាប់​ខ្លួន​ជន​ល្មើស និង​អ្នក​ពាក់ព័ន្ធ​អនុវត្ត​ច្បាប់។ បញ្ហា​នេះ ពលរដ្ឋ​កាន់​តែ​អស់​ជំនឿ​លើ​ការ​អនុវត្ត​ច្បាប់​របស់​អាជ្ញាធរ​ពាក់ព័ន្ធ៖ « ករណី​ដី​ព្រៃ​មុន​នឹង​ស៊ើប​ទៅ បើ​ប៉ះ​ខ្សែ​បក្ស ( គណបក្ស​ប្រជាជន ) មិន​សូវ​មាន ​បញ្ហា​ទេ ហើយ​ជាពិសេស​ គឺ​មាន ​ខ្នង​ក្នុង​ ថ្នាក់​ដឹកនាំ ​ស្រុក​ទៀត »

ស្ថាបនិក​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ​ដើម្បី​យុត្តិធម៌​សង្គម ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ សម្ដែង​ក្តី​អស់​សង្ឃឹម​ចំពោះ​ការ​ប្ដេជ្ញា​ចិត្ត​របស់​គណៈកម្មការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ ជាពិសេស​គឺ​សារាចរ​ស្ដីពី​វិធានការ​គ្រប់គ្រង​ធនធាន​ធម្មជាតិ​របស់​រាជ​រដ្ឋាភិបាល គឺ​ពុំ​មាន​ប្រសិទ្ធភាព​ទេ ខណៈ​ជន​ល្មើស​នៅ​តែ​បន្ត​សម្រុក​កាប់​ព្រៃ​ឈើ​ដដែល។ ព្រះតេជព្រះគុណ​មើល​ឃើញ​ថា រដ្ឋាភិបាល និង​មន្ត្រី​រដ្ឋាភិបាល​ហាក់​ដូចជា​អសមត្ថភាព​ក្នុង​ការ​ការពារ​ព្រៃ​អភិរក្ស និង​ព្រៃ​សហគមន៍​ដែល​ត្រូវ​ការពារ​ដោយ​ច្បាប់។ ព្រះតេជព្រះគុណ​សម្ដែង​ការ​សោកស្ដាយ​ចំពោះ​ប្រមុខ​រដ្ឋាភិបាល ដែល​បាន​ចំណាយ​ធនធាន​របស់​រដ្ឋ​ទៅ​បំពាក់​គ្រឿង​ឥស្សរិយយស​ដល់​មនុស្ស​យ៉ាង​ច្រើន​ស្ដីពី​ការពារ​ព្រៃ​កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០១៦ ក៏ប៉ុន្តែ​ព្រៃ​ឈើ​នៅ​តែ​រង​ការ​កាប់​ដដែល មាន​ន័យ​ថា ព្រៃ​ឈើ​បាត់បង់ ធនធាន​របស់​រដ្ឋ​ក៏​ខាតបង់៖ « ព្រះសង្ឃ​ការពារ​ព្រៃ​ក៏​ទទួល​បាន​គ្រឿង​ឥស្សរិយយស ក៏ប៉ុន្តែ​យើង​បាន​ចំណាយ​ធនធាន​ចំណាយ​ទ្រព្យ​សម្បត្តិ​របស់​រដ្ឋ​បំពាក់​គ្រឿង​ ឥស្សរិយយស​ដល់​មនុស្ស​ដ៏​ច្រើន​ស្ដីពី​ការពារ​ព្រៃ ហេតុ​អី​បាន​បំពាក់​គ្រឿង​ឥស្សរិយយស ព្រៃ​ក៏​ អស់ លុយ ​ក៏​អស់ អាត្មា​ មាន​ការ ​សោកស្ដាយ​ណាស់ »

កាល​ពី​ថ្ងៃ​ទី​២២ ខែ​កញ្ញា រាជ​រដ្ឋាភិបាល​បាន​ចេញ​សារាចរ​ស្ដីពី​វិធានការ​គ្រប់គ្រង​ធនធាន​ធម្មជាតិ ក្នុង​នោះ​រាជ​រដ្ឋាភិបាល​បាន​ដាក់​ចេញ​នូវ​វិធានការ​មួយ​ចំនួន​ទៅ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ ត្រូវ​ចាត់​វិធានការ​ឲ្យ​បាន​ហ្មត់ចត់ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប ព្រម​ទាំង​លុប​បំបាត់​បទល្មើស​ធនធាន​ធម្មជាតិ​គ្រប់​ប្រភេទ រួម​ទាំង​ការ​រុក​រាន​ដី​ក្នុង​តំបន់​ព្រៃ​ការពារ និង​អភិរក្ស​ធម្មជាតិ​ដែល​ស្ថិត​នៅ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន។ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ ការ​អនុវត្ត​ជាក់ស្តែង គេ​សង្កេត​ឃើញ​រដ្ឋាភិបាល​បរាជ័យ​ក្នុង​ការ​ទប់ស្កាត់​ការ​កាប់​បំផ្លាញ​ព្រៃ​សហគមន៍ និង​ព្រៃ​អភិរក្ស ដែល​ការពារ​ដោយ​ច្បាប់​ស្ទើរ​នៅ​គ្រប់​ទីកន្លែង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។