ជនជាតិ​ដើម​ភាគតិច​ខេត្ត​ស្ទឹងត្រែង​បារម្ភ​បាត់បង់​ដើម​ឈើ​ផលិត​ជ័រ​ទឹក​កាន់​តែ​ច្រើន

0:00 / 0:00

ជនជាតិ​ដើម​ភាគតិច និង​អង្គការ​សង្គម​ស៊ីវិល បារម្ភ​ពី​ការ​ការ​ដឹក​ជញ្ជូន​ឈើ​មូល​ខុស​ច្បាប់​តាម​រថយន្ត​សាំងយ៉ុង (Sangyung) ជា​ក្រុម កំពុង​កើត​មាន​ឡើង​ពេញ​បន្ទុក​នៅ​ខែត្រ​ស្ទឹងត្រែង។ សកម្មភាព​ដឹក​ជញ្ជូន​ឈើ​នោះ ធ្វើ​ឲ្យ​ប៉ះពាល់​ដើមឈើ​ផលិត​ជ័រ​ទឹក​របស់​ជនជាតិ​ដើម​ភាគតិច​កួយ​រាប់​ពាន់​ដើម ខណៈ​ឈើ​ទាល និង​ត្រាច​ជា​ប្រភេទ​ឈើ​ផលិត​ជ័រ​ទឹក គេ​ឃើញ​ឈ្មួញ​ចាំ​ទទួល​ទិញ​ក្នុង​តម្លៃ​ខ្ពស់ ដើម្បី​លក់​បន្ត​ទៅ​វៀតណាម។

អាជីវកម្ម​ឈើ​ខុស​ច្បាប់​នៅ​ខែត្រ​ស្ទឹងត្រែង នៅ​តែ​ជា​ប្រធានបទ​ក្តៅ ដែល​ពលរដ្ឋ និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​មើល​ឃើញ​ថា អាជ្ញាធរ​មូលដ្ឋាន និង​មន្ត្រី​ជំនាញ ហាក់​គ្មាន​សមត្ថភាព​ទប់ស្កាត់​ឲ្យ​មាន​ប្រសិទ្ធភាព​ទេ គឺ​ឃើញ​តែ​ចាំ​ស្ទាក់​ទារ​ប្រាក់​ពី​អ្នក​ដឹក​ឈើ​តាម​ម៉ូតូ និង​រថយន្ត​នៅ​តាម​ដង​ផ្លូវ។ ពួក​គាត់​បារម្ភ​ថា ដើម​ឈើ​ផលិត​ជ័រ​ទឹក និង​ឈើ​មូល​ធំៗ​ក្នុង​ព្រៃ​សហគមន៍ នឹង​វិនាស បើ​អាជ្ញាធរ​គ្មាន​វិធានការ​បង្ក្រាប។

ជនជាតិ​ដើម​ភាគតិច​កួយ រស់នៅ​ឃុំ​ស្រែឫស្សី ស្រុក​ថាឡាបរិវ៉ាត់ ខែត្រ​ស្ទឹងត្រែង លោក ថាន់ វ៉ន រក​ឃើញ​ថា ក្នុង​មួយ​យប់ៗ​មាន​រថយន្ត​សាំងយ៉ុង​ប្រមាណ​ពី ៥ ទៅ ១០​គ្រឿង ចូល​ទៅ​ទិញ​ឈើ​នៅ​ឃុំ​ស្រែឫស្សី ដែល​គេ​ដឹក​តាម​គោយន្ត​ពី​ព្រៃ​មក​ស្តុក​ទុក​នៅ​ផ្ទះ។ លោក​ថា ប្រភេទ​ឈើ​ដែល​ឈ្មួញ​ទិញ ភាគច្រើន​ជា​ប្រភេទ​ឈើ​គ្រឿង​ផ្ទះ រួម​មាន​ឈើ​ទាល ត្រាច និង​ស្រឡៅ ជាដើម រួច​យក​ទៅ​លក់​នៅ​ខែត្រ​ក្រោមៗ និង​លក់​នៅ​ប្រទេស​វៀតណាម។ លោក​សង្កេត​ឃើញ​ថា កាល​ពី​ពេល​ថ្មីៗ​នេះ​មាន​សមត្ថកិច្ច​ចម្រុះ​ដាក់​បារាស់​នៅ​ពេល​យប់​នៅ​លើ​ផ្លូវ​ជាតិ​លេខ​៩ ក្នុង​បំណង​ទប់ស្កាត់​បទល្មើស​ព្រៃឈើ ប៉ុន្តែ​នៅ​គ្រា​ដែល​រថយន្ត​ដឹក​ឈើ​មក​ដល់ សមត្ថកិច្ច​ទាំងនោះ​មិន​បាន​បង្ក្រាប​ទេ តែ​បែរ​ជា​យក​លុយ​ពី​បទល្មើស​ជា​ថ្នូរ​ការ​ដោះលែង។ លោក​កត់​សម្គាល់​ថា មិន​ត្រឹម​តែ​ដើមឈើ​ធំៗ​ត្រូវ​គេ​កាប់​ធ្វើ​អាជីវកម្ម​ទេ ព្រៃ​សហគមន៍ និង​ព្រៃ​របស់​រដ្ឋ​មួយ​ផ្នែក​ធំ ត្រូវ​គេ​កាប់​រាន​ធ្វើ​អាជីវកម្ម​បម្លែង​ជា​ដី​កម្មសិទ្ធិ​ឯកជន ពុំ​ឃើញ​មាន​អាជ្ញាធរ​ណា​ចេញ​មុខ​ទប់ស្កាត់​ឲ្យ​មាន​ប្រសិទ្ធភាព​ទេ៖ « ខ្ញុំ​ផ្ទាល់​ខ្ញុំ​ទៅ​ឃើញ ផ្លូវ​បំបែក​ដាក់​បារាស់ ខ្ញុំ​ថា​ប្រជុំ​ម្សិល​ឃើញ​ចាប់ ដល់​ចុង​ក្រោយ​មក​វា​មាន​ចាប់​អី​ណា វា​គ្រាន់​តែ​យក​លុយ ឡាន​ដឹក​ឈើ​នៅ​ដដែល។ រឿង​ឈើ​ច្បោះ និង​ឈើ​ទាល​គ្មាន​ទេ វា​ប៉ះពាល់​ដល់​ឈើ​ស្រឡៅ និយាយ​រួម​ទៅ​ដោយ​តែ​ឈើ​ល្អ កាប់​អស់​ហើយ​ក្នុង​ព្រៃ​របស់​ខ្ញុំ ដឹក​ជញ្ជូន​ឡាន​មក​រាល់​ខែ និង​រាល់​ថ្ងៃ »

បុរស​ដដែល​បន្ត​ថា ការ​ដឹក​ជញ្ជូន​ឈើ​តាម​ម៉ូតូ បាន​ក្លាយ​ជា​របរ​អាជីព​របស់​ពលរដ្ឋ​មួយ​ចំនួន ពលរដ្ឋ​ខ្លះ​បាន​ខ្ចី​ប្រាក់​ពី​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ​ទិញ​គោយន្ត និង​ម៉ាស៊ីន​អារ​ឈើ​ស្វ័យប្រវត្តិ​ដើម្បី​អារ​ឈើ​លក់​ចិញ្ចឹម​ជីវិត៖ « គោយន្ត​ចូល​បណ្ដើរៗ​កាប់​ឈើ​លក់ ហើយ​មន្ត្រី​រាជការ​ភូមិ​ឃុំ​មិន​ឈឺ​ឆ្អាល។ ខ្ញុំ​ថា​បើ​មិន​ឈឺ​ឆ្អាល​រឿង​ព្រៃឈើ ឲ្យ​តែ​ឈឺ​ឆ្អាល អា​មន្ត្រី​របស់​ខ្លួន​ដូច​សម្ដេច​នាយក​ជា​មេ​ផ្ទាល់ ដែល​ខំ​ផ្សព្វផ្សាយ​កោកៗ វា​អត់​ឈឺ​ឆ្អាល​ផង។ យី ! ចុង​ក្រោយ​មក​វា​គ្មាន​ផល​ប្រយោជន៍​អី​ធំ ដើម្បី​ប្រទេស​ជាតិ​ផង។ វា​ខ្ទេច​ទាំង​ដើមឈើ និង​ខ្ទេច​ទាំង​ដី ហើយ​មាន​អ្នក​កាប់​ព្រៃ​វាត​យក​ដី​គរគោក »

ជនជាតិ​ដើម​ភាគតិច​ម្នាក់​ទៀត​រស់នៅ​ឃុំ​សំអាង ស្រុក​ថាឡាបរិវ៉ាត់ ខែត្រ​ស្ទឹងត្រែង លោក អ៊ុក ម៉ៅ ឲ្យ​ដឹង​ថា សកម្មភាព​ដឹក​ជញ្ជូន​ឈើ​ខុស​ច្បាប់ និង​កាប់​ឈើ​រាន​យក​ដី​ធ្វើ​អាជីវកម្ម បាន​កើត​មាន​ឡើង​ដដែលៗ ពុំ​ឃើញ​មន្ត្រី​រដ្ឋាភិបាល​ណា​ចេញ​មុខ​ទប់ស្កាត់​ដើម្បី​ឲ្យ​ពួក​គាត់​កក់ក្តៅ​ឡើយ។ លើស​ពី​នេះ ដើមឈើ​ផលិត​ជ័រ​ទឹក​រាប់​ពាន់​ដើម​ក្នុង​ព្រៃ​សហគមន៍ និង​ដី​ត្រៀម​បម្រុង​សម្បទាន​សង្គមកិច្ច ត្រូវ​បាន​គេ​កាប់​គ្មាន​សល់ និង​អារ​ច្រៀក​ដឹក​តាម​គោយន្ត​ពី​ព្រៃ ដោយ​មាន​រថយន្ត​សាំងយ៉ុង​ចាំ​ទទួល​ទិញ​នៅ​មូលដ្ឋាន៖ « តំបន់​ព្រៃ​សហគមន៍​ផង និង​ព្រៃ​នៅ​ខាង​ត្បូង​ភូមិ​វាលដេញ។ ខាង​ផ្លូវ​ឃើញ​គេ​ដឹក​ឈើ អត់​ឃើញ​គេ​ទប់ស្កាត់​ផង។ បើ​ក្នុង​ព្រៃ​ឯង​នោះ​វិញ អាជ្ញាធរ​ចូល​អត់​ដល់ ដី​ផុង​ពេក »

មេ​ឃុំ​ស្រែឫស្សី លោក លួន ណាន បដិសេធ​ថា ឋានៈ​ត្រឹម​ជា​អាជ្ញាធរ​ឃុំ​ពុំ​មាន​សមត្ថភាព​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ទេ ព្រោះ​វា​ជា​ដែន​សមត្ថកិច្ច​របស់​មន្ត្រី​រដ្ឋបាល​ព្រៃឈើ និង​ប៉ុស្តិ៍​រដ្ឋបាល។ លោក​ទទួល​ស្គាល់​ថា ការ​ដឹក​ជញ្ជូន​ឈើ​តាម​រថយន្ត​សាំងយ៉ុង​បាន​កើត​ឡើង​ច្រើន ក៏ប៉ុន្តែ​អាជ្ញាធរ​ឃុំ​បាន​ត្រឹម​តែ​ជូន​ដំណឹង​ទៅ​មន្ត្រី​ជំនាញ​អនុវត្ត​ច្បាប់៖ « ខ្លះ​មាន​ការ​ប្តឹងផ្តល់ មាន​ការ​បំពាន​ដើម​ច្បោះ ដើម​អី។ តែ​ខ្ញុំ​ថា អា​ហ្នឹង​គឺ​បទល្មើស​ព្រហ្មទណ្ឌ ទាល់​តែ​យើង​រាយការណ៍​ទៅ​ខាង​សមត្ថកិច្ច​គេ និង​រដ្ឋបាល​ព្រៃឈើ​គេ គេ​ចុះ​មើល »

របាយការណ៍​អង្កេត​របស់​អ្នក​ឃ្លាំ​មើល​បញ្ហា​ព្រៃឈើ​សមាគម​អាដហុក (ADHOC) ខែត្រ​ស្ទឹងត្រែង ឲ្យ​ដឹង​ថា ដើមឈើ​ទាល និង​ត្រាច​ដែល​ជា​ឈើ​ផលិត​ជ័រ​ទឹក​ឋិត​ក្នុង​ព្រៃ​សហគមន៍​ភ្នំ​ជម្រក​សត្វ និង​ព្រៃ​សាធារណៈ​របស់​រដ្ឋ ត្រូវ​បាន​គេ​កាប់​រំលំ​អារ​ច្រើន​លក់​ឲ្យ​ឈ្មួញ និង​នាំ​ទៅ​លក់​នៅ​វៀតណាម បង្ក​ប៉ះពាល់​ជីវភាព​រស់នៅ​របស់​ជនជាតិ​ដើម​ភាគតិច ដែល​ធ្លាប់​ពឹង​អាស្រ័យ​ធនធាន​ធម្មជាតិ​នៅ​អំឡុង​ឆ្នាំ​២០១៦ និង​ឆ្នាំ​២០១៧។

ប្រធាន​រដ្ឋបាល​សាលា​ស្រុក​ថាឡាបរិវ៉ាត់ លោក ថៃ អ៊ី ថ្លែង​នៅ​ថ្ងៃ​ទី​៧ សីហា ថា អភិបាល​ខែត្រ​ស្ទឹងត្រែង បាន​ចេញ​បញ្ជា​ចាត់​វិធានការ​តឹងរ៉ឹង​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​គ្រប់​ប្រភេទ ហើយ​អាជ្ញាធរ​ស្រុក​បាន​ដាក់​បារាស់​តាម​ផ្លូវ​នៅ​ពេល​យប់​មួយ​រយៈ ដើម្បី​ឃាត់​រថយន្ត​ដឹក​ឈើ។ តែ​អាជ្ញាធរ​ខែត្រ​បាន​ជំរុញ​ឲ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ ចុះ​បង្ក្រាប​បទល្មើស​ចល័ត​វិញ ហើយ​កិច្ចការ​ទាំងនេះ​ត្រូវ​ចូលរួម​ពី​នគរបាល និង​អាជ្ញាធរ​មូលដ្ឋាន​ផ្ទាល់ ដោយ​ឃាត់​បទល្មើស​នៅ​កន្លែង​តែ​ម្តង។ លោក​ថា នៅ​គ្រា​ដែល​អាជ្ញាធរ​ដក​បារាស់​ចេញ​ពី​ផ្លូវ​មួយ​រយៈ គឺ​ឃើញ​សកម្មភាព​ដឹក​ជញ្ជូន​ឈើ​កើត​ឡើង​វិញ​ដដែល។ លោក​ថា អភិបាល​ស្រុក​កំពុង​សហការ​ជាមួយ​កម្លាំង​ជំនាញ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ ក៏ប៉ុន្តែ​អាជ្ញាធរ​ពុំ​មាន​មធ្យោបាយ ឬ​រថយន្ត​គ្រប់គ្រាន់​ទប់ស្កាត់​បទល្មើស​ឲ្យ​ទាន់​ពេល​ទេ៖ « កិច្ចការ​នេះ​យើង​ធ្វើ​តាម​វិធីសាស្ត្រ គឺ​ថា​បក់​ភ្លើង​ទាំង​គល់​ប្រសើរ​ជាង​បក់​ផ្សែង សំខាន់​គឺ​អាជ្ញាធរ​មូលដ្ឋាន ប៉ុស្តិ៍​ធ្វើ​ការ​ទប់ស្កាត់​ឲ្យ​ជាប់​តែ​ម្តង​ត្រង់​ហ្នឹង ព្រោះ​ថា​បើ​យើង​ដេញ​ចាប់​គាត់ គឺ​មាន​ការ​លំបាក »

មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក (ADHOC)ខែត្រ​ស្ទឹងត្រែង លោក ហូ សំអុល ឲ្យ​ដឹង​ថា អាជ្ញាធរ និង​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ ហាក់​គ្មាន​ចេតនា​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ដើម្បី​ឲ្យ​ពលរដ្ឋ​កក់ក្តៅ​ឡើយ ដែល​នាំ​ឲ្យ​ឈ្មួញ​មិន​ខ្លាច​ប្រព័ន្ធ​ច្បាប់​នៅ​កម្ពុជា ត្បិត​អាជីវកម្ម​ឈើ​នៅ​តែ​ចរាចរ​តាម​ដង​ផ្លូវ​ដដែលៗ។ លោក​ថា អំពើ​ពុក​រលួយ​ពាក់ព័ន្ធ​អាជីវកម្ម​ឈើ​របស់​សមត្ថកិច្ច និង​អាជ្ញាធរ​ពាក់ព័ន្ធ នាំ​ឲ្យ​ការ​អនុវត្ត​ច្បាប់​ធូររលុង បង្ក​ឲ្យ​ឈ្មួញ​មិន​ខ្លាច​ច្បាប់​ដែល​ជា​ផ្នែក​មួយ​បំផ្លាញ​ព្រៃឈើ​ជា​ប្រព័ន្ធ៖ « ក្រុម​ឧក្រិដ្ឋជន ឬ​ឈ្មួញ​មិន​បង់​លុយ​ឲ្យ​សមត្ថកិច្ច ឬ​ជំនាញ​ហ្នឹង ខ្ញុំ​ជឿ​ថា​មិន​អាច​ចេញ​ទៅ​ណា​បាន​ទេ។ ហ្នឹង​ហើយ​ផ្ដោត​សំខាន់​ចង់​និយាយ​ថា ទាល់​តែ​មាន​ការ​ឃុបឃិត​គ្នា បាន​អាច​ឈើ​ហ្នឹង​ចេញ​រលូន​ដល់​ស្រុក​ក្រោម និង​វៀតណាម »

អាស៊ីសេរី មិន​អាច​ទាក់ទង​ប្រធាន​មន្ទីរ​កសិកម្ម​ខែត្រ​ស្ទឹងត្រែង លោក លៀង សេង និង​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ លោក ឈៀង តុលា ដើម្បី​សុំ​ការ​អធិប្បាយ​រឿង​សកម្មភាព​ដឹក​ឈើ​ខុស​ច្បាប់​បាន​ថា​យ៉ាង​ណា​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី​៧ សីហា។

អាជ្ញាធរ​ខែត្រ​ស្ទឹងត្រែង ធ្លាប់​ស្នើ​ឲ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ និង​ពលរដ្ឋ ត្រូវ​រួម​គ្នា​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​គ្រប់​ប្រភេទ រួម​ទាំង​ការ​កាប់​រាន​ដី​ព្រៃ​ធ្វើ​ជា​កម្មសិទ្ធិ​ផង។ អភិបាល​រង​ខែត្រ​ស្ទឹងត្រែង លោក ជា ថាវរិទ្ធិ ធ្លាប់​ជំរុញ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ កង​កម្លាំង​ប្រដាប់​អាវុធ និង​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ ត្រូវ​ចាត់​វិធានការ​បង្ក្រាប​បទល្មើស​ព្រៃឈើ និង​បញ្ឈប់​ការ​កាប់​រាន​ដី​ព្រៃ​ធ្វើ​ជា​កម្មសិទ្ធិ​ឯកជន ដែល​កំពុង​កើត​មាន​ឡើង​ថ្មីៗ​នេះ ក៏ប៉ុន្តែ​ជាក់ស្ដែង អាជ្ញាធរ​បាន​ត្រឹម​តែ​អំពាវនាវ រីឯ​សកម្មភាព​កាប់ និង​ដឹក​ជញ្ជូន​ឈើ​នៅ​តែ​មាន​ដដែល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។