ពលរដ្ឋ​ចោទ​ប្រធាន​សហគមន៍​និង​អាជ្ញាធរ​ថា​អនុញ្ញាត​ឲ្យ​ឈ្មួញ​កាប់​ព្រៃ​សហគមន៍​យក​ដី

0:00 / 0:00

ពលរដ្ឋ​រស់​នៅ​ឃុំ​សំអាង ស្រុក​ថាឡាបរិវ៉ាត់ ខែត្រ​ស្ទឹងត្រែង ចោទ​ប្រធាន​សហគមន៍ និង​អាជ្ញាធរ​ឃុំ​ថា អនុញ្ញាត​ឲ្យ​ឈ្មួញ​កាប់​រាន​ព្រៃ​សហគមន៍​ភ្នំ​ជម្រក​សត្វ​ដើម្បី​យក​ដី។ ការ​ចោទ​ប្រកាន់​នេះ បន្ទាប់​ពី​មាន​កម្មករ​ជា​ច្រើន​ក្រុម​ប្រើ​ម៉ាស៊ីន​អារ​ឈើ​ស្វ័យប្រវត្តិ បាន​សម្រុក​កាប់​ឆ្ការព្រៃ​សហគមន៍​ដែន​ជម្រក​សត្វ​ជា​ច្រើន​ខែ​កន្លង​មក ដោយ​គ្មាន​ការ​ទទួល​ខុស​ត្រូវ។ ចំណែក​ប្រធាន​សហគមន៍​ភ្នំ​ជម្រក​សត្វ និង​មេឃុំ​សំអាង បដិសេធ​ការ​ចោទ​ប្រកាន់​នេះ។

ពលរដ្ឋ​ជនជាតិ​ដើម​ភាគតិច​កួយ រស់​នៅ​ភូមិ​ឆ្វាំង ឃុំ​សំអាង នៃ​ស្រុក​ថាឡាបរិវ៉ាត់ នៅ​ថ្ងៃ​ទី​១៣ ខែ​វិច្ឆិកា អំពាវនាវ​រដ្ឋាភិបាល ឬ​ក្រសួង​ពាក់ព័ន្ធ​ចុះ​ស៊ើប​អង្កេត​ពី​ភាព​មិន​ប្រក្រតី​នៃ​ការ​អភិរក្ស​ព្រៃ​សហគមន៍​របស់​ប្រធាន​សហគមន៍ និង​អាជ្ញាធរ​ជំនាញ ដែល​បណ្ដោយ​ឲ្យ​មាន​ការ​កាប់​ឆ្ការ​ព្រៃ​សហគមន៍​ភ្នំ​ជម្រក​សត្វ​រាន​យក​ដី និង​ធ្វើ​អាជីវកម្ម​ដោយ​អ្នក​មាន​ប្រាក់ មាន​អំណាច​ជា​អ្នក​នៅ​ពី​ក្រោយ​ខ្នង។

​ពលរដ្ឋ​ជនជាតិ​ដើម​ភាគ​តិច​ម្នាក់​ក្នុង​ចំណោម​ពលរដ្ឋ​ជា​ច្រើន​ទៀត គឺ​លោក អ៊ុក ម៉ៅ និយាយ​ថា កម្មករ​ប្រមាណ ៣ ទៅ ៤​ក្រុម ក្នុង ១​ក្រុម​មាន​គ្នា ៥ ទៅ ៦​នាក់ បាន​បោះតង់​ក្នុង​ព្រៃ​ដើម្បី​ស៊ី​ឈ្នួល​កាប់​ឈើ​ឲ្យ​អនុ​ប្រធាន​សហគមន៍​ឈ្មោះ ភឿក ស៊ី និង​ឈ្មោះ​ភាព។ លោក​បន្ត​ថា ក្រុម​កម្មករ​កាប់​ឆ្ការ​ព្រៃ​ដោយ​ប្រើ​រួម​មន្ត​ស្បែក​ខ្លា​មួយ​កន្លែង​ចាប់​ពី​ជាង ១០​ហិកតារ ដល់​ជាង ៣០​ហិកតារ ត្រង់​ចំណុច​អូរឆ្កូត និង​ត្រពាំងស្នួល អស់​ប្រហែល​ជិត ១០០​ហិកតារ និង​បន្ត​កាប់​ឆ្ការ​នៅ​កន្លែង​ផ្សេង​ទៀត​ក្នុង​ព្រៃ​សហគមន៍ ដែល​អ្នក​ភូមិ​ឮ​សំឡេង​ត្រង់ស៊ីន័រ​កំពុង​អារ​ស្ទើរ​រាល់​ថ្ងៃ។

លោក​ថា បន្ទាប់​ពី​ការ​កាប់​បាន​ប្រហែល ១​សប្ដាហ៍ ក្រុម​ឈ្មួញ​បាន​ជួល​កម្មករ​ដាំ​ដំឡូង​មី និង​ហ៊ុមព័ទ្ធ​របង ព្រមទាំង​ចរចា​ជាមួយ​អាជ្ញាធរ​ឃុំ​ដើម្បី​ធ្វើ​ប្លង់​កាន់កាប់​បណ្ដោះអាសន្ន បើ​ព្រៃឈើ​ទាំង​នោះ​ត្រូវ​បាន​ក្លាយ​ជា​ទីវាល៖ «ត្រង់​ពួកវា​ធ្វើ​ជា​អនុ​ប្រធាន ប្រធាន​សហគមន៍​វា​អ្នក​កាប់។ ត្រង់​ប្រជាជន​ទៅ​អារ​ឈើ​វា​ចាប់។ ថៅកែ​ធំៗ​មាន​ឈ្មោះ ភាព និង​ឈ្មោះ ស៊ី គាត់​អែបអប​ជាមួយ​មេ​ឃុំ​រហូត។ ឥឡូវ​ហៅ​ប្រធាន​សហគមន៍​ទៅ ហើយ​ទៅ​កាន់​ខ្នោះ​ទៅ។ គ្នា ៥​ដាក់​ខ្នោះ ៥​ដែរ ឃើញ​ត្រង់​ណា​ដាក់​ខ្នោះ​ត្រង់​ហ្នឹង»

​ឆ្លើយ​តប​ការ​ចោទ​ប្រកាន់​នេះ ប្រធាន​សហគមន៍​ដែន​ជម្រក​សត្វ លោក ញៀន ផន បដិសេធ​ការ​ចោទ​របស់​អ្នក​ភូមិ​ថា ជា​ការ​មួលបង្កាច់​គ្មាន​ការ​ពិត។ លោក​អះអាង​ថា សមាជិក​សហគមន៍​តែងតែ​ដាក់​វេន​ជា​ប្រចាំ​ដើម្បី​ចុះ​ល្បាត មួយ​ខែ ៣​ដង និង​ធ្លាប់​ចាប់​បាន​ម៉ាស៊ីន​អារ​ឈើ​ស្វ័យប្រវត្តិ​ជា​ច្រើន​គ្រឿង ហើយ​កំពុង​ស៊ើប​អង្កេត​រក​មុខ​ដែល​អ្នក​នៅ​ពី​ក្រោយ​ខ្នង​នៃ​ការ​កាប់​ព្រៃ​រាន​យក​ដី​នេះ៖ «អ្នក​រាយការណ៍​ដែល​មិន​ពិត​បាន​ន័យ​ថា មនុស្ស​នោះ​ជា​អ្នក​បំផ្លាញ។ ខ្ញុំ​ក្នុង ១​ខែ​បី​ដង ខ្ញុំ​ចុះ​ល្បាត។ ព្រៃ​សហគមន៍​ដែល​ខ្ញុំ​ដើរ​អត់​មាន​ប៉ះពាល់​អ្វី​នោះ​ទេ ខ្ញុំ​ចាប់​បាន​ម៉ាស៊ីន​បី​ទៅ​បួន​គ្រឿង​ប៉ុន្មាន​ខែ​នេះ។ ព្រៃ​សហគមន៍​អ្នក​ដែល​រាយការណ៍​នោះ​អត់​ដឹង​ការងារ​ជាមួយ​ខ្ញុំ​ទេ»

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​លោក ភឿក ស៊ី និង ភាព ដើម្បី​សុំ​ការ​ឆ្លើយ​តប​ជុំវិញ​ការ​ចោទ​ប្រកាន់​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​១៣ ខែ​វិច្ឆិកា។

​ព្រៃ​សហគមន៍​ភ្នំ​ជម្រក​សត្វ ឋិត​នៅ​ភូមិ​ឆ្វាំង ឃុំ​សំអាង ស្រុក​ថាឡាបរិវ៉ាត់ មាន​ផ្ទៃដី​ចំនួន​ជាង ៤​ពាន់ (៤.៤៤៦,១៦) ហិកតារ ត្រូវ​បាន​អាជ្ញាធរ​ខែត្រ​ស្ទឹងត្រែង ទទួល​ស្គាល់​ជា​ផ្លូវការ​នៅ​ដើម​ឆ្នាំ​២០១៥។ ចំណែក​សហគមន៍​បាន​ស្នើ​សុំ​បន្ត​ទៀត​ទៅ​ថ្នាក់​ជាតិ ដើម្បី​ចុះបញ្ជី​ព្រៃ​សហគមន៍​ភ្នំ​ជម្រក​សត្វ​ជា​ដី​ព្រៃ​សមូហភាព​នៅ​ដើម​ឆ្នាំ​២០១៥ តែ​មិន​ទាន់​មាន​ការ​ឆ្លើយ​តប។

មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក (ADHOC) ខែត្រ​ស្ទឹងត្រែង លោក ហូ សំអុល រិះគន់​ពី​ភាព​ព្រងើយ​កន្តើយ​របស់​ប្រធាន​សហគមន៍ និង​មន្ត្រី​ជំនាញ​ដែល​បណ្ដោយ​ឲ្យ​ព្រៃ​សហគមន៍​រង​ការ​កាប់​បំផ្លាញ​អស់​ជា​ច្រើន​ហិកតារ ដោយ​គ្មាន​ការ​ទទួល​ខុស​ត្រូវ។ លោក​ថា ប្រធាន​សហគមន៍ និង​អាជ្ញាធរ​មូលដ្ឋាន រួម​ទាំង​មន្ត្រី​ជំនាញ ត្រូវ​ទទួល​ខុស​ត្រូវ​បញ្ហា​នេះ និង​ចាត់​វិធានការ​ទប់ស្កាត់​ជា​បន្ទាន់។ លោក​បញ្ជាក់​ថា អាជ្ញាធរ​ជំនាញ​ត្រូវ​ដក​ហូត​ដី​ដែល​កាប់​បំផ្លាញ​ទាំង​នោះ មក​ជា​សម្បត្តិ​របស់​សហគមន៍ ឬ​សម្បត្តិ​រដ្ឋ​វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។