ពលរដ្ឋ​ជាច្រើន​នាំ​គ្នា​ស៊ី​ឈ្នួល​កាប់​ឈើ​នៅ​តំបន់​ជួរ​ភ្នំ​ក្រវាញ​ឲ្យ​ក្រុមហ៊ុន ទ្រី ភាព

0:00 / 0:00

ប្រជាពលរដ្ឋ និង​មន្ត្រី​សមាគម​អាដហុក (Adhoc) ប្រចាំ​ខេត្ត​ពោធិ៍សាត់ ចុះ​ស៊ើប​អង្កេត​ករណី​កាប់​ឈើ​ខុស​ច្បាប់​នៅ​ឃុំ​រកាត និង​ឃុំ​សំរោង នៃ​ស្រុក​ភ្នំក្រវាញ នៅ​ថ្ងៃ​ទី​៨ ខែ​ឧសភា។ ការ​ស៊ើប​អង្កេត​នេះ​រក​ឃើញ​ថា មាន​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​មក​ពី​ខេត្ត​កំពត កំពង់ស្ពឺ និង​ពោធិ៍សាត់ កំពុង​តែ​បោះ​តង់​ស្នាក់​នៅ និង​ធ្វើ​សកម្មភាព​កាប់​ឈើ​យ៉ាង​គគ្រឹកគគ្រេង​នៅ​ក្នុង​ទឹក​ដី​ឃុំ​ទាំង​ពីរ។

ប្រភេទ​ឈើ​ធ្នង់ នាងនួន និង​ឈើ​ប្រណីត​មួយ​ចំនួន​ទៀត ត្រូវ​បាន​គេ​កាប់ និង​ដឹក​ចេញ​ក្នុង​មួយ​ថ្ងៃៗ​រាប់​សិប​ម៉ែត្រ​គូប ពី​លើ​ជួរ​ភ្នំ​ក្រវាញ និង​ចំណុច​អូរដា នៃ​ឃុំ​រកាត ដែល​ជា​តំបន់​អភិរក្ស​ដឹក​តាម​ត្រាក់ទ័រ និង​រទេះគោ​ជាច្រើន​គ្រឿង យក​ទៅ​ស្ដុក​ទុក​ក្នុង​ឃ្លាំង​ឈើ​ចំនួន ៣​ទីតាំង ក្នុង​ឃុំ​សំរោង ហើយ​ប្រជាពលរដ្ឋ​អះអាង​ថា ឃ្លាំង​ទាំង​នោះ គឺ​ជា​កម្មសិទ្ធិ​ក្រុមហ៊ុន អិម.ឌី.អែស (MDS) របស់​លោក​ឧកញ៉ា ទ្រី ភាព។

ប្រជាពលរដ្ឋ​ម្នាក់​ដែល​ថ្លែង​ក្នុង​លក្ខខណ្ឌ​សុំ​មិន​បញ្ចេញ​ឈ្មោះ ឲ្យ​ដឹង​ថា តៃកុង​ឡាន និង​អ្នក​ដើរ​ជួល​ប្រជាពលរដ្ឋ​កាប់​ឈើ​ឲ្យ​ខ្លួន​នោះ គឺ​ជា​កម្មករ​ធ្វើ​ការ​នៅ​ក្នុង​ក្រុមហ៊ុន អិម.ឌី.អែស ដែល​គាត់​ឃើញ​មុខ​ស្ទើរ​រៀង​រាល់​ថ្ងៃ ហើយ​សកម្មភាព​កាប់​ឈើ​នេះ​កើត​មាន​រយៈពេល​ជិត ៤​ខែ​មក​ហើយ ប៉ុន្តែ​មិន​ឃើញ​មាន​អាជ្ញាធរ ឬ​មន្ត្រី​ជំនាញ​ខាង​ណា​ចុះ​ទប់ស្កាត់​នោះ​ទេ។ លោក​បន្ត​ថា សព្វថ្ងៃ​មាន​ឡាន​ប្រភេទ​យីឌុប​ចំនួន ២​គ្រឿង ដឹក​ឈើ​ចន្លោះ​ពី ៤០ ទៅ ៨០​ម៉ែត្រ​គូប​ក្នុង​១​ថ្ងៃ៖ «អ្នក​ទិញ​ឃើញ​តែ​នៅ​កន្លែង​ក្រុមហ៊ុន ទ្រី ភាព ទាំងអស់​ហ្នឹង! កាប់​ចេញ​មក​ហ្នឹង គឺ​ចំណុច​ព្រៃ​អភិរក្ស មិន​មែន​ព្រៃ​សម្បទាន​ទេ ព្រៃ​ហ្នឹង​ខ្ញុំ​ដឹង​ខាង ស៊ី.អាយ គ្រប់គ្រង ហើយ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ហ្នឹង។ ខ្ញុំ​ជា​ប្រជាពលរដ្ឋ​ម្នាក់​ដែល​នៅ​ត្រង់​ហ្នឹង​យូរ​ហើយ ខ្ញុំ​ដឹង​ព្រៃ​ណា​ព្រៃ​សហគមន៍ ព្រៃ​ណា​អភិរក្ស ព្រៃ​ណា​ដែល​សម្បទាន ខ្ញុំ​បាទ​ដឹង​ទាំងអស់»

ចំណែក​មន្ត្រី​សម្រប​សម្រួល​សមាគម​អាដហុក ប្រចាំ​ខេត្ត​ពោធិ៍សាត់ លោក ភួង សុធា ដែល​បាន​ចុះ​អង្កេត​ករណី​នេះ​ផ្ទាល់​ដែរ​នោះ បញ្ជាក់​ថា ប្រជាពលរដ្ឋ​ក្មេង​ចាស់​ជាច្រើន​គ្រួសារ នាំ​គ្នា​មក​សង់​រោង​ប្រក់​ស័ង្កសី និង​កៅស៊ូ​តង់​នៅ​ភូមិ​វាល នៃ​ឃុំ​រកាត ប្រមាណ​ជា ២០០​រោង ក្នុង​គោល​បំណង​ស្នាក់​នៅ និង​ឡើង​កាប់​ឈើ​ស៊ី​ឈ្នួល​ឲ្យ​ក្រុមហ៊ុន អិម.ឌី.អែស។ លោក​បន្ត​ថា សកម្មភាព​កាប់​បំផ្លាញ​ព្រៃ​ឈើ​នៅ​ក្នុង​ដែន​អភិរក្ស​ព្រៃ​ឈើ​នេះ គឺ​មាន​ទ្រង់ទ្រាយ​ធំ​គួរ​ឲ្យ​ព្រួយ​បារម្ភ។

វិទ្យុ​អាស៊ីសេរី មិន​អាច​ស្វែង​រក​ប្រភព​ទាក់ទង​តំណាង​ក្រុមហ៊ុន អិម.ឌី.អែស និង​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​ខេត្ត​ពោធិ៍សាត់ ដើម្បី​សុំ​ការ​បកស្រាយ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​៨ ខែ​ឧសភា។

យ៉ាង​ណា អភិបាល​នៃ​គណៈ​អភិបាល​ស្រុក​ភ្នំ​ក្រវាញ លោក សូរ សាហុង មាន​ប្រសាសន៍​ទទួល​ស្គាល់​ថា បទល្មើស​ព្រៃ​ឈើ​ពិត​ជា​កើត​មាន​ខ្លះ​មែន ប៉ុន្តែ​មិន​អាច​កើត​មាន​នៅ​ក្នុង​ដែន​អភិរក្ស​ព្រៃ​ឈើ​នោះ​ទេ ដោយសារ​តែ​មាន​កម្លាំង​សមត្ថកិច្ច និង​មន្ត្រី​ជំនាញ​យាម​កាម​ជា​ប្រចាំ៖ «ការងារ​បង្ក្រាប​នេះ គឺ​យើង​មាន​យន្តការ​ច្បាស់​លាស់​បង្កើត​កម្លាំង​ចម្រុះ បង្កើត​ក្រុម​ពិសេស ដើម្បី​ទប់ស្កាត់​បទល្មើស​អស់​ហ្នឹង ប៉ុន្តែ​គ្រាន់​តែ​ទំហំ​ប្រជាពលរដ្ឋ​យើង​សព្វថ្ងៃ​នេះ​វា​មាន​ច្រើន ហើយ​ការ​ទប់ស្កាត់​វា​បង្ក្រាប​បាន​ខ្លះ​អត់​ខ្លះ វា​មិន​អាច​ទប់ស្កាត់​ទាំង​ស្រុង​ទេ។ និយាយ​ឲ្យ​ចំ​ពាក់ព័ន្ធ​បទល្មើស​ទាំង​ហ្នឹង វា​គ្មាន​ឈ្មួញ​ណា​ម្នាក់​ចេញ​មុខ​ច្បាស់​លាស់​ទេ សុទ្ធ​តែ​លាក់​មុខ​ទេ ប៉ុន្តែ​អ្វី​ដែល​គេ​នាំ​គ្នា​និយាយ​នេះ គឺ​គ្រាន់​តែ​ជា​ការ​សន្និដ្ឋាន»

លោក​បញ្ជាក់​ថា បទល្មើស​ភាគ​ច្រើន គឺ​កើត​ចេញ​ពី​ប្រជាពលរដ្ឋ​នៅ​ក្នុង​ស្រុក​ផ្ទាល់ នាំ​គ្នា​សម្រុក​ទៅ​កាប់​ឈើ​ក្រៅ​ពី​មុខ​របរ​ធ្វើ​ស្រែ​ចម្ការ​នៅ​ក្នុង​រដូវ​វស្សា។ ចំពោះ​ពលរដ្ឋ​ដែល​ទៅ​បោះ​តង់​ស្នាក់​នៅ​ភូមិ​វាល នៃ​ឃុំ​រកាត នោះ ខាង​លោក​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​នៅ​ឡើយ ប៉ុន្តែ​លោក​នឹង​ចាត់​ឲ្យ​មន្ត្រី​ទៅ​ពិនិត្យ​ស្ថានភាព​នេះ​ក្នុង​ពេល​ឆាប់ៗ។

មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​រស់​នៅ​ខេត្ត​ពោធិ៍សាត់ ចាត់​ទុក​សកម្មភាព​កាប់​បំផ្លាញ​ព្រៃ​ឈើ គឺ​ជា​បញ្ហា​ធ្ងន់ធ្ងរ បន្ទាប់​ពី​បញ្ហា​ដីធ្លី​ដែល​កំពុង​ញាំញី​ប្រជាពលរដ្ឋ​ក្រីក្រ​នៅ​ក្នុង​ខេត្ត​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។