ពលរដ្ឋ​ថា​សកម្មភាព​ជីក​រ៉ែ​មាស​ខុស​ច្បាប់​៣​កន្លែង​បន្ត​កើត​មាន​ឡើង​វិញ​នៅ​ខេត្ត​រតនគិរី

ដោយ រដ្ឋា វិសាល
2015.09.13
អាជីវកម្ម​រ៉ែ​មាស រតនគិរី ៦២០ ទីតាំង​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​នៅ​ភ្នំ​ក្រូច ភូមិ​កាទៀង ឃុំ​ល្បាំងពីរ ស្រុក​លំផាត់ ខេត្ត​រតនគិរី។ រូបថត​ថ្ងៃ​ទី​២៤ ខែ​មិថុនា ឆ្នាំ​២០១៥
RFA/Ratha Visal

ទាញ​យក​កម្មវិធី​វិទ្យុ​អាស៊ីសេរី សម្រាប់​ទូរស័ព្ទ និង Tablet

សកម្មភាព​ជីក​រក​រ៉ែ​មាស​ខុស​ច្បាប់​ក្នុង​ស្រុក​លំផាត់ ខេត្ត​រតនគិរី នៅ​តែ​បន្ត​កើត​មាន ខណៈ​មន្ត្រី​មូលដ្ឋាន​អះអាង​ថា បាន​ចុះ​បង្ក្រាប​ហើយ។ មន្ត្រី​អង្គការ​មិន​មែន​រដ្ឋាភិបាល​ដែល​ឃ្លាំ​មើល​ធនធាន​ធម្មជាតិ ហៅ​ការ​បង្ក្រាប​របស់​ក្រុម​សមត្ថកិច្ច​ថា​ជា​ល្បែង​បិទ​ពួន ខណៈ​ក្រុម​សមត្ថកិច្ច​មាន​គម្រោង​ចុះ​បង្ក្រាប ប៉ុន្តែ​ក្រុម​អ្នក​ជីក​មាស​តែង​ដឹង​ព័ត៌មាន​មុន ហើយ​បាន​ផ្អាក​សកម្មភាព​ពេល​សមត្ថកិច្ច​ទៅ​ដល់​កន្លែង​ជីក​មាស។

អ្នក​ភូមិ​រាយការណ៍​ថា កន្លែង​ជីក​មាស​ខុស​ច្បាប់​បី​កន្លែង​ផ្សេង​ទៀត​ឋិត​នៅ​តំបន់​ភ្នំ​ក្រូច ក្នុង​ភូមិ​កាទៀង ឃុំ​ល្បាំងពីរ ស្រុក​លំផាត់ ខេត្ត​រតនគិរី ក្រុម​កម្មករ​កំពុង​ធ្វើ​សកម្មភាព​ជីក​រក​រ៉ែ​មាស​ដោយ​គ្មាន​ការ​បង្ក្រាប។

អ្នក​ភូមិ​សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ និង​សំឡេង រាយការណ៍​ថា កន្លែង​ជីក​មាស​អនាធិបតេយ្យ​បី​កន្លែង​ផ្សេង​ទៀត​ឋិត​នៅ​តំបន់​ភ្នំ​ក្រូច ក្នុង​ភូមិ​កាទៀង ឃុំ​ល្បាំងពីរ ស្រុក​លំផាត់ ខេត្ត​រតនគិរី កម្មករ​កំពុង​ជីក​រក​រ៉ែ​មាស​ដោយ​គ្មាន​ការ​បង្ក្រាប។

អ្នក​ភូមិ​សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ និង​សំឡេង​ឲ្យ​ដឹង​ថា កន្លែង​ជីក​រក​មាស​នេះ​ឋិត​នៅ​ខាង​លិច​ភ្នំ​ក្រូច​ចម្ងាយ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ទៀត​ប្រមាណ​ជាង ១​គីឡូ​ម៉ែត្រ ជា​តំបន់​សិក្សា​ស្រាវជ្រាវ​របស់​ក្រុមហ៊ុន​ស្រាវជ្រាវ​រ៉ែ​លោហៈ​អង្គរ​ហ្គោល (Angkor Gold) នៃ​ប្រទេស​អូស្ត្រាលី ដែល​បាន​កំណត់​ថា​ជា​តំបន់​មាន​រ៉ែ​មាស។ អ្នក​ភូមិ​ដដែល​អះអាង​ដែរ​ថា ក្រុម​អ្នក​ជីក​រក​មាស​បាន​ប្រើ​សារធាតុ​គីមី ដើម្បី​បន្សុទ្ធ​រ៉ែ​មាស ដែល​បង្ក​ផល​ប៉ះពាល់​ទឹក​អូរ​ធម្មជាតិ ខណៈ​សារធាតុ​នោះ​បាន​ហូរ​ចូល​ទឹក​អូរ។

ចំណែក​មន្ត្រី​សម្រប​សម្រួល​នៃ​សមាគម​អាដហុក (ADHOC) ខេត្ត​រតនគិរី លោក ឆាយ ធី មាន​ប្រសាសន៍​ថា អ្នក​ភូមិ​នៅ​តំបន់​ក្បែរ​នោះ​បាន​ផ្តល់​ព័ត៌មាន​ពី​ទីតាំង​ជីក​រក​មាស​អនាធិបតេយ្យ ដែល​បាន​ធ្វើ​សកម្មភាព​ជីក​រក​មាស​ប្រមាណ ១​ខែ​កន្លង​មក​នេះ ក៏ប៉ុន្តែ​សមត្ថកិច្ច​បាន​បង្ក្រាប​កន្លែង​ជីក​មាស​អនាធិបតេយ្យ​មួយ​កន្លែង ឋិត​នៅ​ចម្ងាយ ១​គីឡូ​ម៉ែត្រ​ពី​កន្លែង​ជីក​មាស​ថ្មី​នេះ។ លើស​ពី​នេះ​ទៀត អ្នក​ភូមិ​បាន​រាយការណ៍​ដែរ​ថា ក្រុម​អ្នក​ជីក​មាស​មួយ​ក្រុមៗ​មាន​គ្នា​ប្រមាណ ៦ ទៅ ១០​នាក់ ជា​កម្មករ​ស៊ី​ឈ្នួល​ឲ្យ​ឈ្មួញ​ជា​កង​ប្រដាប់​អាវុធ​នៅ​ក្នុង​ខេត្ត ជា​អ្នក​ផ្តល់​ប្រាក់ និង​សម្ភារៈ​សម្រាប់​អាជីវកម្ម​ខុស​ច្បាប់​នេះ៖ «កន្លែង​ហ្នឹង​កន្លង​មក​យើង​បាន​ធ្វើ​ការ​ស៊ើប​អង្កេត​អន្តរាគមន៍​ចាប់​បាន​ម៉ាស៊ីន​មួយ​សា​ហើយ ឃើញ​ថា​បាន​ផ្អាក​មួយ​រយៈ។ ឥឡូវ​ជីក​រ៉ែ​ឡើង​វិញ យើង​អំពាវនាវ​សុំ​ឲ្យ​អន្តរាគមន៍​ដើម្បី​ទប់ស្កាត់។ តាម​ព័ត៌មាន​ថា​ការ​ប្រើប្រាស់​ជាតិ​គីមី ដើម្បី​ចាប់​យក​មាស»

ទាក់ទិន​ករណី​នេះ​ដែរ ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល ខេត្ត​រតនគិរី លោក ហ៊ុន ប៊ុនថាន ទទួល​ស្គាល់​ថា លោក​ក៏​ទទួល​បាន​ព័ត៌មាន​នេះ​ដូច​គ្នា និង​បាន​រាយការណ៍​ទៅ​អាជ្ញាធរ​ស្រុក​លំផាត់ សុំ​ឲ្យ​ចាត់​វិធានការ​បង្ក្រាប ក៏ប៉ុន្តែ​លោក​មិន​ប្រាកដ​ថា តើ​អាជ្ញាធរ​មូលដ្ឋាន​បាន​បង្ក្រាប ឬ​យ៉ាង​ណា​នៅ​ឡើយ៖ «ខ្ញុំ​ឮ​សូរ​ព័ត៌មាន​ហ្នឹង​ប្រហែល​មួយ​សប្ដាហ៍​មក​ហើយ ហើយ​ខ្ញុំ​ដាក់​កិច្ចការ​ហ្នឹង​ជូន​ទៅ​អភិបាល​ស្រុក​ហើយ មិន​ដឹង​គេ​ចាត់​ការ​យ៉ាង​ម៉េច​រហូត​ពេល​នេះ អត់​ឃើញ​រាយការណ៍​ឲ្យ​យើង​ទៀត។ សួរ​ទៅ​អភិបាល​ស្រុក​តិច​មើល»

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ អភិបាល​ស្ដីទី​ស្រុក​លំផាត់ លោក នូ ថេរ មាន​ប្រសាសន៍​ថា លោក​បាន​ចាត់​កង​កម្លាំង​ចុះ​បង្ក្រាប​ករណី​នេះ​ហើយ​តាំង​ពី​ថ្ងៃ​ទី​៨ ខែ​កញ្ញា។ លោក​ថា សមត្ថកិច្ច​បង្ក្រាប​បាន​បន្ត​ឃ្លាំ​មើល​នៅ​តំបន់ ប៉ុន្តែ​មិន​ឃើញ​មាន​សកម្មភាព​ជីក​រ៉ែ​មាស​បន្ត​ទៀត​ទេ៖ «ត្រង់​ណា​មាន​បើ​កម្លាំង​ខ្ញុំ​ចុះ​ទៅ​ព្រឹក​មិញ ចុះ​ម្សិលមិញ​អត់​ឃើញ​ផង។ ពី​ថ្ងៃ​៨ ខ្ញុំ​បង្ក្រាប​បាន​ហើយ​តើ»

ផ្ទុយ​ពី​ការ​លើក​ឡើង​នេះ អ្នក​ភូមិ​នៅ​ក្បែរ​តំបន់​ជីក​មាស​ឲ្យ​ដឹង​ថា ក្រុម​សមត្ថកិច្ច​ប៉ូលិស​បាន​ទៅ​ដល់​កន្លែង​ជីក​មាស​មួយ​កន្លែង ឋិត​នៅ​ចំណុច​ចម្ការ​តា​ប៉ាន ក្នុង​ឃុំ​ល្បាំងមួយ ក៏ប៉ុន្តែ​អ្នក​ជីក​មាស​បាន​ដឹង​ដំណឹង​មុខ ហើយ​រុះរើ​សម្ភារៈ​ចាក​ចេញ​ពី​កន្លែង​ជីក​មាស។ ដោយឡែក​សមត្ថកិច្ច​មិន​បាន​ទៅ​បង្ក្រាប​កន្លែង​ជីក​មាស​បី​កន្លែង​ទៀត​នៅ​ខាង​លិច​ភ្នំ​ក្រូច​នោះ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។