ពលរដ្ឋរស់នៅតាមដងផ្លូវជាតិលេខ៧ ក្នុងខេត្តក្រចេះ និងខេត្តត្បូងឃ្មុំ អះអាងថា ការដឹកជញ្ជូនឈើឆ្លងដែនខុសច្បាប់ទៅប្រទេសវៀតណាម តាមច្រករបៀងដោយរថយន្តធំៗ ឬហៅថាយីឌុបនៅពេលយប់កំពុងកើតមានជាថ្មីទៀត។
ពួកគេសង្ស័យថា ការដឹកជញ្ជូនឈើទាំងនោះ អាចចេញពីក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចនៅខេត្តក្រចេះ និងខេត្តស្ទឹងត្រែង និងចេញពីឃ្លាំងស្តុកឈើរបស់ឧកញ៉ាមួយចំនួន ដែលគណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើបានឃាត់ទុកកន្លងទៅ។
ពលរដ្ឋរស់នៅឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ឲ្យដឹងនៅថ្ងៃទី២១ ឧសភា ថា រថយន្តយីឌុបដែលមានបណ្ដោយជិត ១០ម៉ែត្រជាច្រើន បានដឹកជញ្ជូនឈើនៅលើដងផ្លូវជាតិលេខ៧ នៃខេត្តក្រចេះ និងខេត្តត្បូងឃ្មុំ ឆ្ពោះទៅច្រកព្រំដែនអន្តរជាតិដារ។
ពលរដ្ឋរស់នៅភូមិដារ ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ លោក អ៊ី ហ៊ី កត់សម្គាល់ថា រថយន្តយីឌុបជាច្រើនគ្រឿងបានបើកយ៉ាងលឿនតាមផ្លូវជាតិលេខ៧ ចាប់ពីម៉ោង ៧យប់ទល់ភ្លឺទៅប្រទេសវៀតណាម តាមច្រករបៀង ឬច្រកព្រំដែនអន្តរជាតិដារ ដោយបានឃ្លុំព័ទ្ធតង់កៅស៊ូជិត។ លោកសម្ដែងក្ដីអស់សង្ឃឹមថា បើទោះបីជាប្រមុខរដ្ឋាភិបាលបានបង្កើតគណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ ដើម្បីផ្ដន្ទាទោសមេខ្លោងដែលមានងារជាឧកញ៉ាដែលបានជួញដូរឈើឆ្លងដែនខុសច្បាប់៖ « ព្រលប់ឡើងម៉ោង ៦ ដល់ម៉ោង ៧ រថយន្តយីឌុបដឹកហ្នឹងមិនដែលឃើញកម្លាំងណាទៅចាប់ទេ »។
បុរសម្នាក់ទៀតរស់នៅខេត្តក្រចេះ ថ្លែងសុំមិនបញ្ចេញឈ្មោះអះអាងថា ការចរាចរឈើទ្រង់ទ្រាយធំប្រើប្រាស់រថយន្តយីឌុបប្រមាណពី ១០ ទៅ ២០គ្រឿង ផ្ដើមកើតមានចាប់តាំងពីយប់ថ្ងៃទី១៨ ឧសភា រហូតដល់យប់ថ្ងៃទី២០ ឧសភា ពុំឃើញមានការបង្ក្រាបដូចការអះអាងរបស់ប្រធានគណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើឡើយ។ លោកស្ដីបន្ទោសចំពោះភាពព្រងើយកន្តើយរបស់រដ្ឋាភិបាល ឬក៏ជាឆន្ទៈរបស់រដ្ឋាភិបាល ដែលមិនចង់ផ្ដន្ទាទោសឧកញ៉ា និងអ្នកមានអំណាចមួយចំនួនដែលជាប់ពាក់ព័ន្ធបទល្មើសព្រៃឈើឆ្លងដែនខុសច្បាប់ និងកាប់ព្រៃរានយកដីអស់រាប់ពាន់ហិកតារ៖ « នាយករដ្ឋមន្ត្រីប្រកាសកន្លងមកថា បិទឈើបិទអី ឯកឧត្ដម សៅ សុខា ចុះមកថាបង្ក្រាប។ ឥឡូវមានបង្ក្រាបអីណា។ ដាក់ប៉េអិមមកដូចដាក់យាមឈើឲ្យវាចឹង។ ដឹកដំឡូងឃើញដំឡូង កាលសម័យដឹកឈើ គឺគ្របតង់ជិតៗចឹង។កាលមុនប្រកាសឡានហ្នឹងដដែល ដល់ពេលសម្ដេចប្រកាសស្ងាត់មួយសាឡានហ្នឹងដដែល »។
ជុំវិញការលើកឡើងនេះ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក អេង ហ៊ី បដិសេធថា មិនមានការចរាចរឈើដូចការលើកឡើងរបស់ពលរដ្ឋនោះឡើយ។ លោកអំពាវនាវឲ្យពលរដ្ឋទូទៅដែលឃើញរថយន្តយីឌុបដឹកឈើ អាចទូរស័ព្ទមកលោកផ្ទាល់ ដើម្បីលោកចាត់វិធានការករណីនេះ។ លោកថា សាធារណជនអាចចូលរួមសហការផ្ដល់ព័ត៌មានពីការចរាចរឈើឆ្លងដែនខុសច្បាប់មកគណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ៖ « តាមបទបញ្ជារបស់ឯកឧត្ដមនាយឧត្ដមសេនីយ៍ គាត់ឲ្យចុះទៅតាមដានដែរ។ ដោយជាក់ស្ដែងយើងចុះ គឺមិនមានទេ »។
មន្ត្រីជាន់ខ្ពស់ផ្នែកដីធ្លី និងធនធានធម្មជាតិនៃសមាគមអាដហុក (ADHOC) លោក ប៉ែន ប៊ុណ្ណារ៍ ចាត់ទុកការចរាចរឈើទៅប្រទេសវៀតណាម ជាថ្មីនេះ ថាជាទង្វើផ្គើននឹងបទបញ្ជាប្រមុខរដ្ឋាភិបាល។ លោកថា អាជ្ញាធរខេត្តក្រចេះ និងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ បើរកឃើញថា បណ្ដោយឲ្យមានការចរាចរឈើខុសច្បាប់ទៅក្រៅប្រទេស៖ « មកដល់ពេលនេះ យើងហាក់ដូចជាមិនទទួលបានអ្នកដឹកនាំរដ្ឋដែលអាចមានសមត្ថភាពក្នុងការទប់ស្កាត់ការនាំឈើចេញទៅក្រៅប្រទេសទេ។ មកដល់ពេលនេះ ឧក្រិដ្ឋជនមិនទាន់មានអ្នកណាម្នាក់បានត្រូវនាំខ្លួនមកផ្ដន្ទាទោសនៅឡើយទេ »។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងអភិបាលខេត្តក្រចេះ លោក សរ ចំរ៉ុង និងនាយខណ្ឌរដ្ឋបាលព្រៃឈើ លោក ទ្រី សុភ័ក្រ ដើម្បីសុំការអធិប្បាយជុំវិញបញ្ហានេះបានទេ នៅថ្ងៃទី២១ ឧសភា ព្រោះទូរស័ព្ទលោកមិនអាចទាក់ទងបាន។
កន្លងទៅ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញបញ្ជាឲ្យសមត្ថកិច្ចបិទច្រកទាំងអស់ដែលឈ្មួញដឹកឈើចេញទៅកាន់ប្រទេសវៀតណាម។
កាលពីថ្ងៃទី១៥ មករា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី បានចុចចំឈ្មោះឧកញ៉ា ២រូបដែលលោក ហ៊ុន សែន ថាជាអ្នកកាងរកស៊ីដឹកឈើទៅប្រទេសវៀតណាម ហើយបានឲ្យសមត្ថកិច្ចចុះបង្ក្រាប។ ឧកញ៉ាទាំងពីរនោះ គឺលោក លឹម ប៊ុណ្ណា ហៅ ខ្នា និងលោក ស៊ឹង សំអុល។
មន្ត្រីសង្គមស៊ីវិលរកឃើញថា រហូតបច្ចុប្បន្ន រដ្ឋាភិបាលពុំទាន់ចាប់ខ្លួនឧកញ៉ា និងអ្នកមានអំណាចផ្សេងទៀតដែលជាប់ពាក់ព័ន្ធបទល្មើសព្រៃឈើ ដើម្បីផ្ដន្ទាទោសតាមច្បាប់ឡើយ បើទោះបីជាឧកញ៉ាទាំងនោះត្រូវបានគេស្គាល់ជាសាធារណៈថា ជាមេខ្លោងជួញដូរឈើជាច្រើនឆ្នាំក្ដី។
ច្បាប់ព្រៃឈើឆ្នាំ២០០២ មាត្រា១០០ ចែងថា សកម្មភាពទាំងឡាយដែលធ្វើឡើងដោយមន្ត្រីអាជ្ញាធរដែនដី មន្ត្រីនគរបាលកងកម្លាំងប្រដាប់អាវុធដែលបានអន្តរាគមន៍ ឬផ្ដល់ការអនុញ្ញាតដោយផ្ទាល់ ឬប្រយោល ជួយដល់អាជីវកម្មព្រៃឈើ និងគំរាមកំហែងមន្ត្រីរដ្ឋបាលព្រៃឈើ ឬរារាំងកិច្ចការរបស់មន្ត្រីរដ្ឋបាលព្រៃឈើ គឺចាត់ទុកជាបទល្មើស ដោយត្រូវផ្ដន្ទាទោសពី ១ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពី ១០លានរៀលដល់ ១០០លានរៀល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។