ឆ្នាំ២០១៥ មេដឹកនាំស្ទើរគ្រប់ប្រទេសលើពិភពលោក បានយល់ព្រមសន្យារួមដៃគ្នាដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុ តាមរយៈសន្និសីទស្ដីពីអាកាសធាតុរបស់អង្គការសហប្រជាជាតិ នៅទីក្រុងប៉ារីស ប្រទេសបារាំង។
អ្នកស្រី សីឡា កាសទីឡូ តាំងកូ (Shiela R. Castillo-Tiangco) អ្នកជំនាញផ្នែកបម្រែបម្រួលអាកាសធាតុនៃគម្រោង The Climate Reality Project មើលឃើញថា ប្រជាជនសាមញ្ញ ពិសេសយុវជនក៏ដើរតួនាទីសំខាន់ដើម្បីជួយដោះស្រាយបញ្ហាដែលកំពុងកើតឡើង និងកំពុងប៉ះពាល់ដល់ការរស់នៅរបស់មនុស្ស សត្វ។
អ្នកស្រី សីឡា បានផ្ដល់បទសម្ភាសន៍ដល់អ្នកយកព័ត៌មាននៃអាស៊ីសេរី លោក សាន សែល ជុំវិញបញ្ហានេះនារាជធានីភ្នំពេញ កាលពីថ្ងៃទី២៥ ខែមិថុនា។
លោក សាន សែល៖ អ្វីជាការប្រែប្រួលអាកាសធាតុ បើតាមការយល់ឃើញរបស់អ្នកស្រី?
អ្នកស្រី សីឡា កាសទីឡូ តាំងកូ៖ នៅក្នុងប្រវត្តិសាស្ត្ររបស់ភពផែនដី វាមានការប្រែប្រួលអាកាសធាតុជាច្រើន ប៉ុន្តែការប្រែប្រួលនោះជាធម្មជាតិដែលវាត្រូវការពេលយូរ ទម្រាំមានការប្រែប្រួល ដូចជាក្នុង ១.០០០ឆ្នាំម្តង។ វាត្រូវការពេលច្រើនមែនទែន។ ប៉ុន្តែការប្រែប្រួលអាកាសធាតុបច្ចុប្បន្ន វាខុសពីនេះ ដោយសារវាកើតឡើងនៅក្នុងចន្លោះរយៈពេលខ្លីមែនទែន។ វាបានចាប់ផ្ដើមឡើងក្នុងសម័យបដិវត្តន៍ឧស្សាហកម្មសតវត្សទី១៨។ តែផលប៉ះពាល់ដោយសារការប្រែប្រួលនេះ កំពុងស្ដែងឲ្យយើងឃើញខ្លាំងក្នុងរយៈពេល ៥០ឆ្នាំចុងក្រោយ។ ភាពខុសគ្នានៃការប្រែប្រួលទាំងពីរ គឺមួយកើតឡើងដោយធម្មជាតិ និងមួយទៀតកើតឡើងដោយសកម្មភាពរបស់មនុស្ស (anthropogenic)។
ឥឡូវនេះយើងហៅវាថាជាការកើនឡើងកម្ដៅពិភពលោក (global warming)។ វានឹងមិនបញ្ឈប់ត្រឹមការកើនកម្ដៅលើភពផែនដីនោះទេ តែវាកំពុងប៉ះពាល់ប្រព័ន្ធអាកាសធាតុ។ នេះមានន័យថា យើងមិនត្រឹមតែទទួលរងការឡើងកម្ដៅនោះទេ យើងក៏ទទួលនូវភាពលើសជ្រុល ដូចជាអាកាសធាតុត្រជាក់ខ្លាំងពេក ភ្លៀងខ្លាំងពេក គ្រោះរាំងស្ងួតខ្លាំងពេក។ ប្រព័ន្ធអាកាសធាតុកំពុងតែក្រឡាប់ចាក់ហើយពេលនេះ។ នេះហើយដែលយើងហៅវាថាជា «ការប្រែប្រួលអាកាសធាតុ»។
មនុស្សវ័យចំណាស់ នឹងសង្កេតឃើញថា អាកាសធាតុឥឡូវនេះមិនដូចពីមុនទេ។ ២០ ទៅ ៣០ឆ្នាំមុន វាខុសពីនេះឆ្ងាយណាស់។ នេះជាអ្វីដែលកំពុងកើតឡើងសព្វថ្ងៃ។
លោក សាន សែល៖ ខ្ញុំចង់ឲ្យអ្នកស្រីបញ្ជាក់សង្ខេបពីគ្រោះមហន្តរាយដែលបង្កដោយការប្រែប្រួលអាកាសធាតុរាល់ថ្ងៃនេះ។
អ្នកស្រី សីឡា កាសទីឡូ តាំងកូ៖ យើងឃើញបញ្ហាជាច្រើន។ យើងអាចនិយាយបានថាវាកំពុងឡើងជាន់គ្នា ពីព្រោះថាវាប៉ះពាល់គ្រប់ជ្រុងនៃការរស់នៅរបស់យើង។ វាប៉ះពាល់សេដ្ឋកិច្ច បរិស្ថាន សិទ្ធិមនុស្ស។ ជាការពិត វាប៉ះពាល់សុខភាព។ ចឹងវាមានបញ្ហាជាច្រើនពេលនិយាយដល់ការប្រែប្រួលអាកាសធាតុ។
វាសំខាន់ខ្លាំងមែនទែនដែលយើងត្រូវយល់ពីការប្រែប្រួលអាកាសធាតុ និងយល់ពីការប៉ះពាល់ជីវិតយើងរាល់គ្នា។
នៅប្រទេសហ្វីលីពីន បញ្ហានេះកំពុងប៉ះពាល់យើង ហើយយើងអាចដឹងពីការសាយភាយផលប៉ះពាល់នេះ។ ហើយតាមអ្វីដែលខ្ញុំអានកន្លងមកស្ដីពីប្រទេសកម្ពុជា កម្ពុជា ក៏កំពុងតែប៉ះពាល់ដោយការប្រែប្រួលអាកាសធាតុនេះដែរ។
លោក សាន សែល៖ ហេតុអ្វីយើងចាំបាច់ខ្វល់ពីការប្រែប្រួលអាកាសធាតុ?
អ្នកស្រី សីឡា កាសទីឡូ តាំងកូ៖ ចា៎! មនុស្សត្រូវតែខ្វល់ពីការប្រែប្រួលអាកាសធាតុ ពីព្រោះយើងហ្នឹងហើយដែលត្រូវរងផលប៉ះពាល់ដោយបញ្ហានេះ។ មែនទែនទៅ ការប្រែប្រួលអាកាសធាតុតាមធម្មជាតិ ផែនដីអាចព្យាបាលវាដោយខ្លួនឯងបាន បណ្តោយឲ្យពេលវេលាជាអ្នកព្យាបាល ដោយមិនចាំបាច់ឲ្យមនុស្សជួយទេ។
តែពេលនេះ មនុស្សកំពុងរងគ្រោះដោយបញ្ហានេះ។ បើមនុស្សមិនដោះស្រាយទេ គឺមនុស្សហ្នឹងឯងដែលត្រូវរងគ្រោះ។ ដូច្នេះ យើងត្រូវតែខ្វល់ពីការប្រែប្រួលអាកាសធាតុ និងជួយដោះស្រាយគ្នា។ វាមិនមែនជាបញ្ហារបស់ផែនដីដែលម្នាក់ឯងទេ វាក៏ជាបញ្ហារបស់មនុស្សយើងដែរ។
វាប៉ះពាល់យើង វាប៉ះពាល់សេដ្ឋកិច្ចយើង ហើយវាប៉ះពាល់ប្រជាជនក្រីក្រជាងគេ។ វាប៉ះពាល់សុខភាពយើង។ ជីវិតយើងប៉ះពាល់ដោយការប្រែប្រួលអាកាសធាតុ។ យើងគួរខ្វល់ពីវា។
លោក សាន សែល៖ ឥឡូវយើងបានឃើញពីបញ្ហា និងផលប៉ះពាល់ហើយ។ នៅក្នុងបទបង្ហាញជាមួយយុវជន អ្នកស្រីបានចែករំលែកពីដំណោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុនេះ។ តើដំណោះស្រាយអ្វីខ្លះដែលអ្នកស្រីយល់ថាវាអាចជួយយើងរាល់គ្នាបាន?
អ្នកស្រី សីឡា កាសទីឡូ តាំងកូ៖ វាមានមធ្យោបាយជាច្រើនដើម្បីដោះស្រាយរឿងនេះ។ ខ្ញុំគិតថា យើងគួរក្រឡេកមើលពីជ្រុងដែលជាផ្នែកនៃការប្រែប្រួលអាកាសធាតុ ដែលយើងអាចដោះស្រាយបាន។
យុវជន គឺសកម្ម។ ពួកគេអាចធ្វើសកម្មភាពបានច្រើន។ ពួកគេអាចប្រើបណ្ដាញសង្គមដើម្បីចែករំលែកព័ត៌មានស្ដីពីការប្រែប្រួលអាកាសធាតុ។ មន្ត្រីរដ្ឋាភិបាលគួរធ្វើគោលនយោបាយ ឬច្បាប់ដែលអាចជួយមនុស្ស ដែលប៉ះពាល់ដោយការប្រែប្រួលអាកាសធាតុ។
ពេលនិយាយដល់ផលប៉ះពាល់សេដ្ឋកិច្ចដោយការប្រែប្រួលអាកាសធាតុ នៅជុំវិញពិភពលោកសព្វថ្ងៃនេះយើងឃើញថា ការប្រើប្រាស់ ឬទំនោរទៅប្រើប្រាស់ថាមពលកកើតឡើងវិញ ដូចជាថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ ជួយកាត់បន្ថយបញ្ហានេះច្រើនដែរ។
ចំណុចសំខាន់ គឺស្វែងយល់ពីជ្រុងដែលបុគ្គលម្នាក់ៗចាប់អារម្មណ៍លើការដោះស្រាយបញ្ហានេះ។ ពីចំណុចដែលពួកគេអាចធ្វើបាន អ្វីជាចំណាប់អារម្មណ៍ ឬជាឆន្ទៈរបស់ពួកគេ។
ប្រសិនបើអ្នកចាប់អារម្មណ៍លើការអភិរក្សសត្វព្រៃ អ្នកអាចជួយលើរឿងនេះបាន។ បើតាមច្បាប់ជីវចម្រុះ វាក៏ជាបញ្ហាប្រែប្រួលអាកាសធាតុដែរ។ បញ្ហាការកាប់បំផ្លាញព្រៃឈើ វាពិតជាបញ្ហាប្រែប្រួលអាកាសធាតុដែរ ពីព្រោះថាដើមឈើ ព្រៃឈើ ដែលយើងហៅថាជាគម្របកាបូន (carbon sink) មានន័យថា វាទាញយកសារធាតុកាបូនឌីអុកស៊ីតចេញពីបរិយាកាស។ យើងត្រូវការដើមឈើព្រៃឈើជាច្រើន។
វា គឺសំខាន់ខ្លាំងដែលយើងត្រូវធ្វើការលើរឿងនេះ ដូចជាក្នុងរង្វង់អ្នកដែលយើងស្និតស្នាល មិនថាអ្នកជាសិស្សនិស្សិត មន្ត្រីរដ្ឋាភិបាល ឬបុគ្គលិកសង្គមស៊ីវិល អ្នកអាចយ៉ាងហោចណាស់ធ្វើកិច្ចការមួយសម្រាប់ដោះស្រាយបញ្ហានេះ។ ប្រសិនបើអ្នកធ្វើការក្នុងវិស័យសុខាភិបាល អ្នកអាចជួយសិក្សាពីជំងឺដែលបង្កដោយការប្រែប្រួលអាកាសធាតុ។ និយាយទៅ គ្រប់ៗគ្នាអាចជួយដោះស្រាយបញ្ហានេះបាន។ វាជាទំនួលខុសត្រូវរបស់យើង។
លោក សាន សែល៖ ក្នុងបទបង្ហាញ អ្នកស្រីផ្ដោតជាសំខាន់លើការចូលរួមយុវជន។ តើយុវជនហ្នឹងមានឥទ្ធិពលយ៉ាងណាក្នុងការជួយដោះស្រាយបញ្ហា ដែលយើងរាល់គ្នាបានបង្កើតឡើង ហើយកំពុងតែរងគ្រោះដោយសារបញ្ហាទាំងនេះ?
អ្នកស្រី សីឡា កាសទីឡូ តាំងកូ៖ ដូចខ្ញុំបានលើកឡើងហើយ យុវជនមិនមែនតែនៅប្រទេសហ្វីលីពីន ទេ នៅប្រទេសកម្ពុជា នៅទូទាំងពិភពលោក ជាក្រុមមនុស្សមានចំនួនច្រើនជាងគេសព្វថ្ងៃ។ ប្រសិនបើយុវជនអាចធ្វើការរួមគ្នាបាន ពួកគេនឹងមានកម្លាំងខ្លាំងធំមួយ។ ពួកគេប៉ិនច្នៃប្រឌិត និយាយម៉ត់ចត់ មានថាមពល និងមានគំនិតថ្មីៗ។ ពួកគេមានអ្វីថ្មីៗ ដើម្បីធ្វើឲ្យបញ្ហានេះទទួលបានការចាប់អារម្មណ៍ពីមហាជន។
ខ្ញុំយល់ថា ថាមពលរបស់យុវជនគួរតែត្រូវបានពង្រឹងបន្ថែមសម្រាប់ធ្វើកិច្ចការនេះ។ ខ្ញុំក៏បានលើកឡើងផងដែរថា នេះមិនត្រឹមជាការប្រែប្រួលអាកាសធាតុប៉ុណ្ណោះទេ វាតាមពិតទៅជាវិបត្តិអាកាសធាតុ។ ដូច្នេះ គ្រប់គ្នាត្រូវចូលរួម។ សំខាន់ជាងគេ គឺយុវជន ដោយហេតុថាពួកគេតំណាងមួយផ្នែកធំនៃសង្គម។ ប្រសិនបើពួកគេធ្វើការរួមគ្នា ពួកគេអាចសម្រេចកិច្ចការធំបានច្រើន។
លោក សាន សែល៖ ឥឡូវនេះ យើងកំពុងតែដើរចូលក្នុងយុគសម័យបដិវត្តន៍ឧស្សាហកម្មទី៤ ដែលផ្ដោតលើការរីកចម្រើនផ្នែកបច្ចេកវិទ្យា និងអ៊ីនធឺណិត។ នៅក្នុងបរិបទនេះ តើបច្ចេកវិទ្យាអាចជួយដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុបានដូចម្តេចខ្លះ?
អ្នកស្រី សីឡា កាសទីឡូ តាំងកូ៖ វាមានផ្លូវច្រើនណាស់ដែលបច្ចេកវិទ្យាអាចជួយបាន ជួយដោះស្រាយវិបត្តិអាកាសធាតុ។ មនុស្សជាច្រើនប្រើបណ្ដាញសង្គមសម្រាប់លើកកម្ពស់ការយល់ដឹង និងការអប់រំអំពីការប្រែប្រួលអាកាសធាតុ។ វាមានធនធានជាច្រើននៅលើអ៊ីនធឺណិត។ អ្នកគ្រាន់តែទាញឯកសារទាំងអស់នោះយកមកអាន ដោយមិនចាំបាច់ធ្វើដំណើរទៅអឺរ៉ុប ដើម្បីទទួលបានព័ត៌មានទាំងនោះទេ។ វាស្ថិតលើចុងម្រាមដៃរបស់យើង។ បច្ចេកវិទ្យា គឺសំខាន់ខ្លាំងណាស់។ ធ្វើការតាមអ៊ីនធឺណិត។ ធ្វើការតស៊ូមតិតាមអ៊ីនធឺណិត។
ប៉ុន្តែសម្រាប់ខ្ញុំ រឹតតែមានប្រសិទ្ធភាព គឺការធ្វើសកម្មភាពខាងក្រៅអ៊ីនធឺណិត ដូចជាប្រមូលផ្តុំគ្នាធ្វើសកម្មភាព។ សកម្មភាពដាំដើមឈើ សកម្មភាពបោសសម្អាត។ ទាំងនេះ គឺជាសកម្មភាពសំខាន់។ យើងមិនអាចពឹងទាំងស្រុងលើបណ្ដាញសង្គមដើម្បីឲ្យវាធ្វើការឲ្យយើងនោះទេ។ យើងត្រូវធ្វើការងារឲ្យប្រឡាក់ខ្លួន ដូចជាជួបជុំគ្នា ជជែកពីគំនិត ពិភាក្សាពីការយល់ឃើញ។ នេះជាបេះដូងនៃការងារ។ បើទោះបីជាយើងអាចពង្រឹងការប្រើបណ្ដាញសង្គមក៏ដោយ យើងត្រូវធ្វើការក្រៅអ៊ីនធឺណិតដែរ ដែលវាមានសារសំខាន់។
សម្រាប់ខ្ញុំ វាសំខាន់ដែលយើងត្រូវយល់ពីអ្វីដែលយើងកំពុងជួបប្រទះ ដែលនោះគឺជាវិបត្តិអាកាសធាតុ។ វាលែងជាការប្រែប្រួលអាកាសធាតុទៀតហើយ។ នេះគឺជាវិបត្តិអាកាសធាតុ ហើយនៅក្នុងពេលមានវិបត្តិនេះគ្រប់គ្នាត្រូវសហការគ្នា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។