រាជរដ្ឋាភិបាលជប៉ុន បានផ្ដល់ជំនួយសម្ភារៈសម្រាប់ការងារបោសសម្អាតមីននៅកម្ពុជា លើកទី៧ ដែលគិតជាទឹកប្រាក់ជាង ១១លានដុល្លារអាមេរិក។ ពិធីទទួលសម្ភារៈបោសសម្អាតមីន មានគ្រឿងចក្រកម្ទេចមីនធុនធ្ងន់ចំនួន ៩គ្រឿង រថយន្តបម្រើការងារចំនួន ៨៨គ្រឿង ម៉ាស៊ីនរាវរកគ្រាប់មីនក្រោមដីចំនួនជាង ៧៨០គ្រឿង និងអាវក្រោះការពារជាង ៤.០០០ ព្រមទាំងសម្ពោធសារមន្ទីរពិព័រណ៍គ្រាប់មីនឲ្យដំណើរការផងនោះ បានធ្វើឡើងនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៦ ខែកក្កដា នាខេត្តសៀមរាប។
អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា ដែលហៅកាត់ថា ស៊ីម៉ាក់ (CMAC) គឺលោក ហេង រតនា។ លោកថ្លែងនៅក្នុងពិធីទទួលសម្ភារៈបោសសម្អាតគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះនោះថា សារមន្ទីរសន្តិភាពនៃសកម្មភាពមីន ដែលមានផ្ទៃដីទំហំជាង ៨៨.០០០ម៉ែត្រក្រឡានៅខេត្តសៀមរាប បានបើកឲ្យដំណើរការហើយ ដោយសង្ឃឹមថា សារមន្ទីរនេះនឹងផ្ដល់ជូនភ្ញៀវជាតិ និងអន្តរជាតិដែលមានបំណងទស្សនារូបភាពមីនជាក់ស្ដែង និងសកម្មភាពកម្ចាត់មីន អាចមកទស្សនាបាន។
លោក ហេង រតនា បញ្ជាក់ថា ការបង្កើតសារមន្ទីរសន្តិភាពមីននេះឡើង ក្នុងគោលបំណងសំខាន់ៗចំនួនបី៖ « មួយរក្សាទុកនូវឯកសារប្រវត្តិសាស្ត្រនៃការសិក្សា ប្រវត្តិទីតាំង សំណល់ជាតិផ្ទុះពីសង្គ្រាម និងគ្រាប់អាវុធយុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទ ជាមួយនឹងការប៉ះពាល់របស់វា »។
លោក ហេង រតនា ឲ្យដឹងទៀតថា សារមន្ទីរមីននេះបានសាងសង់ឡើងដោយចែកជាបីផ្នែក គឺកន្លែងតាំងពិព័រណ៍គ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះលើផ្ទៃដី ៣ពាន់ម៉ែត្រក្រឡា។ កន្លែងរៀបចំគ្រឿងចក្រ ត្រាក់ទ័រ ដែលបំផ្លាញដោយសារគ្រាប់មីនលើផ្ទៃដី ១៥.០០០ម៉ែត្រក្រឡា និងកន្លែងសម្រាប់ស្រាវជ្រាវ អភិវឌ្ឍន៍ និងសកម្មភាពហ្វឹកហ្វឺនបច្ចេកទេសមីន លើផ្ទៃដី ៧ម៉ឺនម៉ែត្រក្រឡា។
ទោះយ៉ាងណា មន្ត្រីមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា មិនបានបញ្ជាក់ពីតម្លៃនៃការសាងសង់សារមន្ទីរនោះអស់ថ្លៃប៉ុន្មានឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។