បណ្ដាញការពារព្រៃឡង់ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ អះអាងថា បទល្មើសកាប់ និងដឹកជញ្ជូនឈើនៅក្នុងតំបន់ព្រៃឡង់ ថយចុះក្នុងមួយរយៈពេលចុងក្រោយនេះ។ ពួកគេលើកឡើងថា ការថយចុះអាចដោយសារតំបន់ព្រៃឡង់ ត្រូវបានដាក់ជាតំបន់ជម្រកសត្វព្រៃ ឬតំបន់ព្រៃការពារ ហើយអាជ្ញាធរ និងមន្ត្រីជំនាញបានដាក់កម្លាំងមួយចំនួននៅតាមតំបន់គោលដៅ ដែលមានសកម្មភាពកាប់ និងដឹកជញ្ជូនឈើចេញពីព្រៃជាដើម ។
បើទោះបីជាសកម្មភាពកាប់ និងដឹកជញ្ជូនឈើនៅក្នុងតំបន់ព្រៃឡង់ ថយចុះក្នុងមួយរយៈពេលក្រោយនេះក៏ដោយ ប៉ុន្តែសកម្មជនការពារព្រៃឡង់ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ស្នើឱ្យមន្ត្រីពាក់ព័ន្ធជួយពង្រឹងសកម្មភាពចុះល្បាតនៅក្នុងតំបន់ព្រៃមួយនេះបន្ថែមទៀត ហើយត្រូវអនុវត្តច្បាប់ឱ្យបានតឹងរ៉ឹង និងដាក់កម្លាំងឱ្យបានច្រើនជាដើម។
សកម្មជនការពារព្រៃឡង់ ខេត្តកំពង់ធំ លោក ហឿន សុភាព មានប្រសាសន៍ថា បណ្ដាញសហគមន៍ព្រៃឡង់ កត់សម្គាល់ថា បទល្មើសបានថយចុះបន្តិចហើយ ទាំងការកាប់ឈើ និងដឹកជញ្ជូនឈើចេញពីព្រៃ។ លោកបញ្ជាក់ថា រាល់ដងនៅពេលបណ្ដាញការពារព្រៃឡង់ចុះល្បាតម្តងៗ តែងឮសំឡេងរណាអារឈើទ្រហឹងពេញព្រៃ ព្រមទាំងមានភស្តុតាងអារឈើថ្មីៗជាច្រើនទៀត។ បន្ថែមពីនេះ នៅពេលយប់វិញ តែងឃើញគោយន្តច្នៃដឹកឈើចេញពីព្រៃ និងពេលថ្ងៃឃើញគោយន្តជាច្រើនបើកសម្រុកចូលក្នុងព្រៃ។ ប៉ុន្តែការចុះល្បាតកាលពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែមិថុនា គឺមិនឃើញមានសកម្មភាពទាំងនោះទៀតឡើយ។
លោកបញ្ជាក់ថា ការថយចុះនេះ ក្រោយពេលតំបន់ព្រៃឡង់ ត្រូវបានដាក់ជាតំបន់ជម្រកសត្វព្រៃ និងមានមន្ត្រីបរិស្ថានចុះបោះទីតាំងនៅតាមតំបន់គោលដៅ ពិសេសតំបន់មានការកាប់ និងដឹកឈើចេញ៖ «នៅពេលឃើញចំណាត់ការរបស់ក្រសួងបរិស្ថាន ដែលគាត់មានការយកចិត្តទុកដាក់ទៅលើជម្រកសត្វព្រៃនៅតំបន់ព្រៃឡង់ យើងសប្បាយចិត្តហើយ។ ប៉ុន្តែយើងនៅតែចូលរួមក្នុងការចុះល្បាតក្នុងការចុះទប់ស្កាត់»។
សកម្មជនដដែលបង្ហាញអារម្មណ៍រីករាយនៅពេលបទល្មើសថយចុះ ប៉ុន្តែពួកគាត់ចង់ឃើញអាជ្ញាធរ ឬមន្ត្រីជំនាញ បង្កើនការចុះយាមល្បាតបន្ថែមទៀត ពិសេសនៅតាមច្រកតូចៗ ដែលមន្ត្រីជំនាញមិនបានដាក់កម្លាំងល្បាតទៅដល់។
កាលពីថ្ងៃទី៩ ឧសភា រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យសម្រេចដាក់តំបន់ព្រៃឡង់ ដែលគ្របដណ្ដប់លើខេត្តចំនួន៤ រួមមានខេត្តព្រះវិហារ ខេត្តកំពង់ធំ ខេត្តក្រចេះ និងខេត្តស្ទឹងត្រែង ជាតំបន់ដែនជម្រកសត្វព្រៃលើទំហំផ្ទៃដីជាង ៤៣ម៉ឺនហិកតារ (៤៣១.៦៨៣)។ ក្រសួងបរិស្ថានមានសមត្ថកិច្ចរៀបចំ និងគ្រប់គ្រងដែនជម្រកសត្វព្រៃព្រៃឡង់ ដោយសហការជាមួយក្រសួង ឬស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលដែនដីខេត្តទាំងបួន ដើម្បីធានាកិច្ចការពារបរិស្ថាន ការអភិរក្សជីវចម្រុះ និងការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយនិរន្តរភាព។
ទាក់ទងបញ្ហានេះដែរ អភិបាលស្រុកសណ្ដាន់ លោក ឡង គីសឺង មានប្រសាសន៍ថា បទល្មើសកាប់ និងដឹកជញ្ជូនឈើតំបន់ព្រៃការពារធ្លាក់ចុះ ពុំមែនដោយសាររដូវនេះជារដូវភ្លៀងធ្លាក់នោះទេ ប៉ុន្តែដោយសារអាជ្ញាធរ និងមន្ត្រីជំនាញខិតខំការពារដើម្បីឱ្យស្របតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល៖ «ដោយមានកម្លាំងចុះទប់ស្កាត់ពីសំណាក់គណៈមេបញ្ជាការឯកភាពស្រុក។ ជារួមខ្ញុំជឿថា មិនអាចថយចុះមួយរយភាគរយទេ ប៉ុន្តែក៏មានច្រកខ្លះដែលខ្ញុំចុះមិនដល់ច្រករបៀងខ្លះមួយចំនួនដែលជាច្រកគេចពីសមត្ថកិច្ច»។
អភិបាលស្រុកដដែលប្ដេជ្ញាចិត្តថា នឹងសហការជាមួយមន្ត្រីជំនាញដើម្បីចុះល្បាតតំបន់ព្រៃឡង់ បន្ថែមទៀត ពិសេសនៅតាមច្រកតូចៗ ធ្វើយ៉ាងណាទប់ស្កាត់មិនឱ្យមានបទល្មើសខុសច្បាប់កើតមាននៅតំបន់ព្រៃការពារមួយនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។