ជនជាតិ​គួយ​ខេត្ត​ស្ទឹងត្រែង​អះអាង​ថា​មាន​ការ​ទន្ទ្រាន​ដី​ព្រៃស្រោង​យ៉ាង​អនាធិបតេយ្យ

0:00 / 0:00

ជនជាតិ​ដើម​ភាគតិច​គួយ​រស់​ខេត្ត​ស្ទឹងត្រែង អះអាង​ថា សកម្មភាព​កាប់​រាន​ព្រៃស្រោង​ទន្ទ្រាន​យក​ដី​យ៉ាង​អនាធិបតេយ្យ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​អនុផល​ព្រៃឈើ ជាពិសេស​ដើមឈើ​ផលិត​ជ័រទឹក​មុខរបរ​ប្រពៃណី​យ​អ្នកភូមិ​ក៏​រង​ការ​កាប់​បំផ្លាញ​អស់​គ្មាន​សល់។ ការ​បាត់បង់​ផល​អនុផល​ព្រៃឈើ​នេះ​ធ្វើ​ឲ្យ​ប្រពៃណី​វប្បធម៌ និង​សិទ្ធិ​ជនជាតិ​ដើម​រង​ការរំលោភ​បំពាន​កាន់តែ​ធ្ងន់ធ្ងរ​ឡើង។

អ្នកភូមិ​និយាយ​ថា​ក្រុម​មន្ត្រី​មូលដ្ឋាន​និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​មិនបាន​យកចិត្តទុកដាក់​ការពារ​សិទ្ធិ​រស់នៅ​ជនជាតិ​ដើម​ភាគតិច​ទាក់ទិន​ប្រពៃណី​យ​អាស្រ័យ​ផល​ព្រៃឈើ និង​ធនធានធម្មជាតិ​នោះ​ឡើយ។

ចាប់​តាំង​ពី​ឆ្នាំ​២០១៣​រហូត​បច្ចុប្បន្ន អ្នកភូមិ​រស់នៅ​ភូមិ​ឆ្វាំង ឃុំ​សំអាង ស្រុក​ថា​លាបរិវ៉ាត់ ខេត្ត​ស្ទឹងត្រែង កត់​សំគាល់​ថា ព្រៃស្រោង​រាប់​រយ​ហិកតារ​នៅ​តំបន់​ព្រំប្រទល់​ឃុំ សំអាង​និង​ឃុំ​អន្លង់ជ្រៅ​ត្រូវ​បាន​គេ​កាប់​រាន​ដើម្បី​យក​ដី។

ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ឆ្វាំង អ្នកស្រី ចាន់ សុខា អះអាង​ថា​ការ​កាប់​រាន​ព្រៃស្រោង​នៅ​តំបន់​នោះ​ប៉ះពាល់​ធនធានធម្មជាតិ និង​ជម្រក​សត្វព្រៃ​ដែល​អ្នកភូមិ​អភិរក្ស​ច្រើន​ជំនាន់​មក​ហើយ​និង​ជាពិសេស ដើម​ច្បោះ​ឬ​ដើមឈើ​ដែល​អ្នកភូមិ​ប្រើប្រាស់​ដុត​យក​ជ័រទឹក​លក់ ចិញ្ចឹមជីវិត​រាប់​រយ​ដើម​ក៏​ត្រូវ​គេ​កាប់​ដោយ​គ្មាន​ការទទួលខុសត្រូវ​។​អ្នកស្រី​បន្ត​ថា អ្នកភូមិ​បាន​ស្វែងរក​កិច្ច​អន្តរាគមន៍​ពី​មន្ត្រី​មូលដ្ឋាន​ឃុំ​ស្រុក​និង​មន្ត្រី​ជំនាញ​ដើម្បី​បញ្ឈប់​សកម្មភាព​រំលោភ​សិទ្ធិ​រស់នៅ​របស់​ជន​ជាតិ​ដើម​ប៉ុន្តែ​គ្មាន​ដំណោះស្រាយ​ផ្ដល់​យុត្តិធម៌​ដល់​ពួកគាត់​នោះ​ទេ៖ «កាប់​បំផ្លាញ​២០១៣ អស់​ពាក់​កណ្ដាល​អស់​១៥០​ច្បោះ ដល់​២០១៤​ហ្នឹង​វា​កាប់​បង្ហើយ​អស់។ សាលាស្រុក​គេ​អត់​ដោះស្រាយ​ទេ ប៉ុន្តែ​ឃុំ​ដោះស្រាយ​៤​ដង គេ​ជូន​មក​ស្រុកៗ​ក៏​បង្កប់​របស់ខ្ញុំ​ចោល។ ខ្ញុំ​ថត​បាន​ទាំង​អ្នក​កាប់​ហ្នឹង​ទៀត​ហេតុអ្វី​បានជា​លោក​មិន​ដោះស្រាយ​ឲ្យ​ខ្ញុំ។ បើ​សិន​ណា​ហាម​ឃាត់​ទាំងអស់​គ្នា​ខ្ញុំ​អត់​ឈឺចិត្ត​ទេ​តែ​នេះ​ហាម​ម្ខាង​ទុក​ម្ខាង ឲ្យ​គ្នា​រស់​ម្ខាង​ងាប់​អញ្ចឹង​ខ្ញុំ​មិន​សុខចិត្ត​ទេ»។

តួលេខ​របស់​ប្រជាពលរដ្ឋ​ជនជាតិ​ដើម​១២​គ្រួសារ នៅ​ភូមិ​ឆ្វាំង​ដើម​ច្បោះ​រួមមាន៖ ដើមឈើ​ទាល​ត្រាច​ជាង​៣​រយ​ដើម របស់​អ្នកភូមិ​ត្រូវ​ពលរដ្ឋ​ចំណាកស្រុក​ពី​ខេត្ត​កំពង់ចាម​មក​រស់នៅ​ភូមិ​មន ឃុំ​អន្លង់​ជ្រៃ​ឈ្មោះ សន សូត្រ ជួល​កម្មករ​កាប់​រំលំ​ដើម្បី​យក​ដី។

អ្នកភូមិ​ឈ្មោះ ផន សំអាន រស់នៅ​ភូមិ​ឆ្វាំង​ដែរ​នោះ កត់​សំគាល់​ថា​បន្ទាប់ពី​ការ​កាប់​រាន​ព្រៃ​អនាធិបតេយ្យ ដី​នោះ​ត្រូវ​បាន​គេ​លក់​ទៅ​ឲ្យ​ជនជាតិ​ចាម​ជា​អ្នក​ចំណាកស្រុក​ផ្សេងទៀត ដោយ​មិន​មាន​អ្នក​ទទួលខុសត្រូវ​ដោះស្រាយ​ផល​ប៉ះពាល់​ទាក់ទិន​ការបាត់បង់​ឈើ​ច្បោះ​មុខរបរ​អាស្រ័យ​ផល​អ្នកភូមិ​ជនជាតិ​ដើម​ភាគតិច​ដែល​ច្បាប់​ព្រៃឈើ​បានការ​ពារ​នោះ​ឡើយ។ ដោយឡែក​ក្រុម​និស្សិត​ស្ម័គ្រចិត្ត​របស់​រាជរដ្ឋាភិបាល និង​មន្ត្រី​ជំនាញ​សុរិយោដី​ក៏បាន​វាស់វែង​ចេញ​ប័ណ្ណ​កម្មសិទ្ធិ តាម​គោល​នយោបាយ​ចាស់​សកម្មភាព​ថ្មី​របស់​រាជរដ្ឋាភិបាល កាត់​ដី​នោះ​ពី​គម្រោង​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច ហើយ​ចេញ​កម្មសិទ្ធិ​ស្របច្បាប់​ចំពោះ​ប្រជាពលរដ្ឋ​ចំណាកស្រុក​អ្នកកាន់កាប់​ដី​នោះ​ជាក់ស្ដែង។ ចំណែក​មន្ត្រី​មូលដ្ឋាន​ផ្អែក​ទៅ​លើ​គោលការណ៍​នេះ​មិន​ទទួលខុសត្រូវ​ដោះស្រាយ​ពាក្យ​ប្ដឹង​របស់​ពលរដ្ឋ​១២​គ្រួសារ ដែល​រង​កា​រំលោភ​សិទ្ធិ​អាស្រ័យ​ផល​ព្រៃឈើ​នោះ​ឡើយ៖ «គេ​កាប់​បំផ្លាញ​ព្រៃឈើ​ខ្ញុំ​អស់ហើយ ខ្ញុំ​គ្មាន​មុខរបរ​អ្វី​រក​ផង​មានតែ​ដើរ​រក​ស៊ីឈ្នួល​គេ។ ពី​មុន​មក​បាន​ដង​ជ័រ​ខ្ញុំ​បាន​ទិញ​អំបិល ប៊ីចេង ទិញ​អង្ករ​ហូប។ គេ​កាប់​២០១៣​ខ្ញុំ​បាន​ហាមឃាត់​គេៗ​អត់​ស្ដាប់​ផង»។

ទាក់ទិន​ការ​អះអាង​របស់​ពលរដ្ឋ​នេះ​មេឃុំ​សំអាង លោក ញៀន ផុន មាន​ប្រសាសន៍​ទទួល​ស្គាល់​ថា អ្នកភូមិ​បាន​ដាក់​ពាក្យ​ប្ដឹង​មក​អាជ្ញាធរ​ឃុំ ក៏ប៉ុន្តែ​ព្រៃ​ដែល​អ្នកភូមិ​អះអាង​ថា​មាន​ដើម​ច្បោះ​នោះ​គឺ​ឋិត​​ក្នុង​តំបន់​រដ្ឋបាល​របស់ ឃុំ​អន្លង់​ជ្រៃ​ហេតុនេះ​អាជ្ញាធរ​ឃុំ​សំអាង​មិន​មាន​សមត្ថកិច្ច​ដោះស្រាយ​បាន​ឡើយ៖ «ដំបូង​ដី​ហ្នឹង​ដី​អត់​មាន​ច្បាប់​មែន​ប៉ុន្តែ​ដី​ហ្នឹង​ស្រាវជ្រាវ​ឃើញ​ថា​លោក សន សូត្រ ទិញ​ពី​ប្រជាពលរដ្ឋ​នៅ​អន្លង់​ជ្រៃ តែ​ខាង​ខ្ញុំ​អត់​ដឹង​រឿង​ទេ។ មិន​ទាន់​បាន​ដោះស្រាយ​ស្អី​ទេពី​ព្រោះ​ដី​ហ្នឹង​ក្រុម​យុវជន​គេ​បាន​វាស់វែង​រួច​អស់ហើយ»។

ផ្ទុយ​ពី​នេះ​មេឃុំ​អន្លង់​ជ្រៃ លោក ព្រំ​យ៉ាង បដិសេធ ថា​សេចក្ដី​ចោទប្រកាន់​របស់​អ្នកភូមិ​ថា​ជា​ការ​មិន​ពិត និង​មិន​មាន​ដើម​ច្បោះ​ណាមួយ​ត្រូវ​គេ​កាប់​នោះ​ទេ។ លោក​បញ្ជាក់​ថា​ដី​ព្រៃ​ដែល​ត្រូវ​វាស់វែង​គ្រោង​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ស្របច្បាប់​ជូន​ប្រជាពលរដ្ឋ អ្នកកាន់កាប់​ជាក់ស្ដែង​នៅ​ពេល​ខាងមុខនេះ​គឺជា​ដី​ដែល​ពលរដ្ឋ​ជនជាតិ​ដើម​នៅ​តំបន់​នោះ​កាប់​រាន​ព្រៃ​ហើយ​លក់​ទៅ​ឲ្យ​ពលរដ្ឋ​ចំណាកស្រុក​ដោយ​ខ្លួនឯង៖ «អត់​មាន​អ្នកណា​កាប់​ច្បោះ​ទេ មាន​សុរិយោដី​ហើយ​និង​រដ្ឋបាល​ព្រៃឈើ​ចុះ​ពិនិត្យ​អស់ហើយ មើល​អស់ហើយ អត់​មាន​ស្អី​ឯណា​ !​ ដី​ហ្នឹង​ឋិត​ក្នុង​ការ​វាស់វែង​របស់​និស្សិត»។

របាយការណ៍​អង្កេត​របស់​មន្ត្រី​ឃ្លាំមើល​សិទ្ធិមនុស្ស​ខេត្ត​ស្ទឹងត្រែង រក​ឃើញ​ថា​ដី​ដែល​រាជរដ្ឋាភិបាល​ផ្ដល់​កម្មសិទ្ធិ​ជូន​ពលរដ្ឋ​តាម​គោលនយោបាយ​ចាស់​សកម្មភាព​ថ្មី គឺជា​ដី​ព្រៃ​ស្រោង​ត្រួវ​បាន​មន្ត្រី​មូលដ្ឋាន​ធ្វើ​ឯកសារ ទទួលស្គាល់​ការទិញ​លក់​ដី​នោះ​ដោយ​បំពាន​ច្បាប់​បន្ទាប់ ពី​ដី​នោះ​ត្រូវ​គេ​កាប់​រាន​ព្រៃ​យក​ដោយ​អនាធិបតេយ្យ ស្រប​ពេល​រដ្ឋ​ប្រគល់​ដី​នោះ​ទៅ​ឲ្យ​ក្រុមហ៊ុន​សម្បទាន។

យ៉ាងណា​ប្រធាន​ក្រុមប្រឹក្សា​ស្រុក ថាលាបរិវ៉ាត់ លោក សួន ផុន ទទួល​ស្គាល់​ថា​ប្រជាពលរដ្ឋ​ជនជាតិ​គួយ​១២​គ្រួសារ បាន​ដាក់​ពាក្យ​ប្ដឹង​មក​អាជ្ញាធរ​ស្រុក​ទាក់ទិន​ករណី​នេះ ក៏ប៉ុន្តែ​ដំណោះស្រាយ​របស់​អាជ្ញាធរ​ស្រុក​មិន​ទាន់​បាន​លទ្ធផល​យ៉ាងណា​នៅឡើយ៖ «ខាង​គណៈ​អភិបាល​គាត់​បាន​ចារ​ឲ្យ​ខាង​រដ្ឋបាល​ព្រៃឈើ​និង​ភូមិបាល​ស្រុក​ចុះទៅ​ធ្វើការ​សិក្សា​ស្រាវជ្រាវ កន្លែង​ចំណុច​ហ្នឹង​ណា។ មក​ទល់​ពេលនេះ​មិន​ទាន់​មាន​ការ​ឆ្លើយ​តប​យ៉ាងម៉េច​ទេ»។

មន្ត្រី​សម្របសម្រួល​សមាគម​អាដហុកខេត្ត​ស្ទឹងត្រែង លោក ហូ សំអុល ចាត់​ទុក​ការ​ចេញ​ឯកសារ​ទទួលស្គាល់​ទិញ​លក់​ដី​បាន​ពី​ការ​កាប់​រាន​ព្រៃស្រោង​គឺជា​ទង្វើ​ពុករលួយ​នាំ​ឲ្យ​មានការ​កាប់​បំផ្លាញ​ព្រៃឈើ​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ​និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ផល​និង​អនុផល​ព្រៃឈើ​ដែល​ពលរដ្ឋ​ជនជាតិ​ដើម​នៅ​តំបន់​នោះ​អភិរក្ស អាស្រ័យ​ផល​ជា​លក្ខណៈ​ប្រពៃណីយ។ មូលហេតុ​ទាំងអស់​នេះ​គឺជា​កត្តា​ជះឥទ្ធិពល​ធ្វើ​ឲ្យ​មានការ​រំលោភ​សិទ្ធិ​តវ៉ា​របស់​ជនជាតិ​ដើម​ដែល​មាន​មុខរបរ​ដុត​យក​ជ័រទឹក​ពី​ដើមឈើ​ព្រៃ​ទាំងនោះ​។ លោក​អំពាវនាវ​សុំ​ឲ្យ​អាជ្ញាធរ​ខេត្ត​បើក​ការស៊ើបអង្កេត​ផ្ដល់​យុត្តិធម៌​ជូន​ពលរដ្ឋ​ជនជាតិ​ដើម​ទាំងនោះ៖ «ឃើញ​មាន​ប្រតិកម្ម​ច្រើន​ណាស់​ពី​ប្រជាពលរដ្ឋ។ ចុះ​វាស់វែង​ហ្នឹង​ទាល់​តែ​មាន​លុយ​បាន​វាស់វែង​ឲ្យ របៀប​ដូច សន សូត្រ អ៊ីចឹង​ឲ្យ​លុយ​ក្រុម​និស្សិត​ចុះ​វាស់វែង​ឲ្យ តែ​មិន​ដឹង​ថា​ដី​ហ្នឹង​ប៉ះពាល់​អ្នកណា ដី​ហ្នឹង​មាន​វិវាទ។ តាមពិត​ដី​ហ្នឹង​ស្ត្រី​ជនជាតិ​គួយ​រងគ្រោះ​ប៉ុន្មាន​គ្រួសារ​ហ្នឹង​គាត់​ដាក់ពាក្យ​ប្ដឹង មក​ក្រុមប្រឹក្សា​ស្រុក​យូរហើយ​ប៉ុន្តែ​មិន​ដោះស្រាយ​ឲ្យ​គាត់»។

ទោះ​យ៉ាង​នេះ​ក៏ដោយ តំណាង​ប្រជាពលរដ្ឋ​១២​គ្រួសារ​អ្នកស្រី ចាន់ សុខា អះអាង​ថា​ព្រៃស្រោង​​នៅ​តំបន់​នោះ​ដែល​នៅសល់​សល់​បច្ចុប្បន្ន​ក៏​កំពុង​រង​ការ​កាប់​ទន្ទ្រាន​យក​ដី​ពី​សំណាក់​បុគ្គល​មាន​ប្រាក់​មានអំណាច​ជា​ប៉ូលិស ទាហ៊ាន បំពាន​ទៅលើ​ធនធាន​ធម្មជាតិ និង​សិទ្ធិ​អាស្រ័យ​ផល​ព្រៃ​ឈើ​នៃ​សហគមន៍​ជនជាតិ​ដើម​កាន់​តែ​ច្រើន​ឡើង។ អ្នកស្រី​អំពាវនាវ​សុំ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ ចាត់​វិធានការ​បញ្ឈប់​សកម្មភាព​កាប់​រាន​ព្រៃ និង​ស៊ើប​អង្កេត​រក​ឲ្យ​ឃើញ​អ្នក​កាប់​បំផ្លាញ​ដើម​ច្បោះ​ពលរដ្ឋ​មក​ទទួលខុស​ត្រូវ​ចំ​ពោះ​មុខ​ច្បាប់៕