Opens in new windowមេឃុំអូរគ្រៀង ខេត្តក្រចេះ រងការចោទថានៅពីក្រោយខ្នងនៃសកម្មភាពកាប់បំផ្លាញព្រៃសហគមន៍ដៃគូ។ ការចោទប្រកាន់នេះ បន្ទាប់ពីសហគមន៍បានចុះល្បាតព្រៃ ប្រទះឃើញពលរដ្ឋជនជាតិចាម ជាច្រើនក្រុម បានសម្រុកកាប់ឆ្ការព្រៃសហគមន៍កាលពីថ្ងៃទី២ តុលា។ លើសពីនេះ ក្រុមជនជាតិចាម ទាំងនោះអះអាងថា ពួកគេអាចកាប់ឆ្ការព្រៃសហគមន៍នេះបាន ដោយសារមានការអនុញ្ញាតពីមេឃុំអូរគ្រៀង ដែរ។ ចំណែកមេឃុំអូរគ្រៀង ច្រានចោលចំពោះការចោទប្រកាន់នោះ ដោយចាត់ទុកថា ជាការចោទប្រកាន់គ្មានមូលដ្ឋាន។
សហគមន៍ដៃគូឋិតនៅក្នុងភូមិអូរព្រះ ឃុំអូរគ្រៀង ស្រុកសម្បូរ ខេត្តក្រចេះ កំពុងរងការកាប់ឆ្ការយ៉ាងអនាធិបតេយ្យ ដោយពុំទាន់មានការទប់ស្កាត់ពីមន្ត្រីរដ្ឋបាលព្រៃឈើ និងអាជ្ញាធរនៅឡើយទេ បើទោះបីជាអ្នកភូមិបានរាយការណ៍ទៅមន្ត្រីជំនាញ និងអាជ្ញាធរជាច្រើនលើកច្រើនសាក្តី។
សមាជិកសហគមន៍ព្រៃដៃគូរស់នៅភូមិអូរព្រះ លោក ហៀន សំអឿន ចោទប្រកាន់ថា មន្ត្រីជំនាញរដ្ឋបាលព្រៃឈើ និងអាជ្ញាធរឃុំ ហាក់ព្រងើយកន្តើយមិនទប់ស្កាត់សកម្មភាពកាប់ឆ្ការព្រៃសហគមន៍ដៃគូយ៉ាងអនាធិបតេយ្យ ដែលបង្កឡើងដោយពលរដ្ឋជនជាតិចាម និងមួយចំនួនជាពលរដ្ឋចំណាកស្រុកអស់ជាង ១ពាន់ហិកតារ តាំងពីឆ្នាំ២០១៤ រហូតដល់បច្ចុប្បន្ន។ លោកថា ពលរដ្ឋជនជាតិចាម ជាង ១០ក្រុម ក្នុងមួយក្រុមជាង ១០នាក់ កាលពីថ្ងៃទី២ តុលា បានសម្រុកកាប់ឆ្ការព្រៃសហគមន៍ដោយម៉ាស៊ីនអារឈើស្វ័យប្រវត្តិ ឬត្រង់សឺន័រ ខ្លះដោយកាំបិត ខ្លះពូថៅកាប់រលំដើម្បីយកដីធ្វើចម្ការជាកម្មសិទ្ធិឯកជន និងលក់បន្តបង្កឲ្យប៉ះពាល់ដល់របរចិញ្ចឹមជីវិតជនជាតិដើមភាគតិច ដែលអាស្រ័យផលព្រៃឈើ ឬធនធានធម្មជាតិ ជាពិសេសដើមឈើផលិតជ័រទឹក ជាដើម៖ «បើនិយាយពីកាប់ល្វឹងល្វើយខាលលិច ខាងកើតព្រំប្រទល់ អាក្នុងក៏កាប់ល្វឹងល្វើយ ប៉ុន្តែធ្វើនៅថ្មីៗ ហើយវាបាននិយាយថា មិនបាច់ឈ្លោះជាមួយវាទេ ឈ្លោះជាមួយអាជ្ញាធរទៅវាអត់ដឹងរឿងទេ ឲ្យវាមកវាមកហើយ វានិយាយអ៊ីចឹង»។
ពលរដ្ឋជនជាតិដើមភាគតិចព្នង ដែលសកម្មក្នុងការចុះល្បាត លោក ងាន់ សុខា ត្អូញត្អែរថា មុខរបរដងជ័រទឹករបស់ពលរដ្ឋជនជាតិដើមភាគតិចព្នង ក្នុងភូមិអូរព្រះ អាចនឹងបាត់បង់នៅពេលដ៏ឆាប់ខាងមុខ ប្រសិនអាជ្ញាធរ និងមន្ត្រីជំនាញ មិនបានទប់ស្កាត់បទល្មើសព្រៃឈើឲ្យទាន់ពេលនោះទេ។ លោកបារម្ភថា សកម្មភាពកាប់បំផ្លាញព្រៃអារក្ស ព្រៃជំនឿ និងព្រៃស្រោង ដែលសម្បូរដោយអនុផលធម្មជាតិដែលនៅសេសសល់ចុងក្រោយ ក៏កំពុងរងការគំរាមកំហែងដែរ។ ចំណែកពលរដ្ឋដែលជាសមាជិកសហគមន៍ក្រុមល្បាត ក៏ពុំមានលទ្ធភាពគ្រប់គ្រាន់ដើម្បីទប់ស្កាត់បទល្មើសឲ្យមានប្រសិទ្ធភាពទេ៖ «ខ្ញុំកំពុងព្រួយបារម្ភមិនដឹងថា រកពីណាជួយដោះស្រាយ។ បើថានៅក្រចេះ អស់ហើយរណ្ដៅជ័រខ្ញុំ អត់មានសង្ឃឹមអីទេខ្ញុំ មានចេះរកស៊ីអី ខែប្រាំងដងជ័រ ខែវស្សាក៏ដងជ័រ។ បានប្រហុកប៊ីចេង ដោយសារដងជ័រនោះឯង។អត់បាយខ្វះអង្ករខ្វះអី លក់ទិញអង្ករគេទៅ បើថាអស់អានោះទៀតចប់ហើយខ្ញុំ»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងនាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តក្រចេះ លោក ទ្រី សុភ័ក្រ ដើម្បីសុំបញ្ជាក់បញ្ហានេះបានទេ នៅថ្ងៃទី៤ តុលា។
ចំណែកមេឃុំអូរគ្រៀង លោក កែវ ប៊ូផា បដិសេធការចោទប្រកាន់របស់ពលរដ្ឋ ដោយលើកហេតុផលថា ជាការចោទប្រកាន់គ្មានការពិត។ តែយ៉ាងណាលោកថា កន្លងមកលោកធ្លាប់ព្រមានដល់ក្រុមជនជាតិភាគតិចចាម ទាំងនោះ ឲ្យដកខ្លួនមិនឲ្យកាប់ទន្ទ្រានដីព្រៃសហគមន៍ ប្រសិនបើពុំមានការអនុញ្ញាតជាផ្លូវការពីថ្នាក់ជាតិ និងអាជ្ញាធរខេត្តនោះទេ។ លើសពីនេះ លោកថា អាជ្ញាធរឃុំក៏ធ្លាប់សរសេរលិខិតសុំការអន្តរាគមន៍ពីអាជ្ញាធរខេត្ត ដើម្បីជួយទប់ស្កាត់ករណីកាប់ឆ្ការព្រៃរបស់សហគមន៍ដោយពលរដ្ឋជនជាតិចាម ដែរ៖ «បងប្អូនឥស្លាម គ្រាន់តែដាក់ពាក្យស្នើសុំតាមរយៈស្រុក ខេត្ត ហើយទៅដល់ខេត្តហើយ ខេត្តចុះរៀបក្រុមការងារមួយ ដើម្បីចុះមកវាយតម្លៃថា ព្រៃហ្នឹងព្រៃយ៉ាងម៉េច? តើគួរឲ្យពួកគាត់ជាដីសម្បទានសង្គមកិច្ច ឬអត់? មិនទាន់អនុញ្ញាតផង ពួកគាត់ចុះកាប់ ហើយយើងក៏ហាមឃាត់ឲ្យគាត់ចេញដែរ។ ដូច្នេះ ការចោទប្រកាន់ចេះតែចោទប្រកាន់គ្មានមូលដ្ឋាន»។
ប្រជាសហគមន៍អះអាងថា ព្រៃសហគមន៍ដៃគូទទួលស្គាល់ដោយក្រសួងកសិកម្ម កាលពីឆ្នាំ២០០៩ មានផ្ទៃដីចំនួនជាង ៣ពាន់ (៣.១៦៣ហិកតារ) ដែលក្រសួងកសិកម្ម វាយតម្លៃថា ព្រៃសហគមន៍ដៃគូកំពុងឋិតក្នុងគម្រោងអភិរក្សសាកល្បង។ ចំណែកអាជ្ញាធរឃុំឲ្យដឹងទៀតថា ព្រៃសហគមន៍ដៃគូបច្ចុប្បន្នដែលនៅសល់ជាង ១ពាន់ហិកតារ គឺមួយភាគធំសម្បូរដោយថ្ម និងភ្នំ។
កាលពីខែសីហា ឆ្នាំ២០១៥ ពលរដ្ឋជនជាតិដើមភាគតិចព្នង ៣១២នាក់ បានផ្ដិតមេដៃស្នើសុំដីព្រៃសហគមន៍ដៃគូប្រើប្រាស់ជាសមូហភាព និងស្នើឲ្យអាជ្ញាធរខេត្តបដិសេធសំណើរបស់ពលរដ្ឋជនជាតិចាម ជាង ៤០០គ្រួសារ ដែលស្នើសុំដីសម្បទានសង្គមកិច្ចនៅក្នុងព្រៃសហគមន៍គ្រប់គ្រង។
ភូមិអូរព្រះ ឃុំអូរគ្រៀង ស្រុកសម្បូរ មានសហគមន៍ព្រៃឈើចំនួន ៣ ដូចជាព្រៃសហគមន៍ថ្មទន្លេ មានផ្ទៃដីចំនួនជាង ២ពាន់ហិកតារ (២.២២៨ហិកតារ) ព្រៃសហគមន៍ភ្នំបាក់ មានផ្ទៃដីចំនួនជាង ៧ពាន់ហិកតារ និងព្រៃសហគមន៍ដៃគូ មានផ្ទៃដីចំនួនជាង ៣ពាន់ហិកតារ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
