បើទោះបីជាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទើបតែអំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមការពារព្រៃឈើជាមួយរដ្ឋាភិបាលក៏ដោយ ក៏នៅតែមានសេចក្តីរាយការណ៍ថា នៅព្រំប្រទល់ឃុំគូលែនខាងជើង នៃស្រុកគូលែន ជាប់ព្រំប្រទល់គ្នានឹងឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ គឺក្រុមហ៊ុនឈ្មោះ កូម៉ូលី នៅតែកាប់ឈើ និងដឹកជញ្ជូនចេញតាមរថយន្តជារៀងរាល់ថ្ងៃ។
ក្រុមហ៊ុនមួយនេះ បានកាប់ និងដឹកជញ្ជូនឈើធំៗចេញពីព្រៃតាមរថយន្ត ក្រោមរូបភាពយកពីក្នុងតំបន់ដីសម្បទានសេដ្ឋកិច្ច ដែលរដ្ឋាភិបាលបានផ្ដល់ឲ្យគេដោយស្របច្បាប់។
តំណាងសហគមន៍ការពារព្រៃឈើឃុំគូលែនខាងជើង នៃស្រុកគូលែន បានចោទប្រកាន់មេភូមិជាំស្រែ នៃឃុំយាង ស្រុកជាំក្សាន្ត ដែលមានព្រំប្រទល់ជាប់គ្នា ថាបានដើរបំភ័យប្រជាពលរដ្ឋឲ្យលក់ដើមច្បោះជ័រទៅឲ្យក្រុមហ៊ុនកាប់ និងដឹកជញ្ជូនជារៀងរាល់ថ្ងៃ។
ការចោទប្រកាន់បែបនេះ បានធ្វើឡើងបន្ទាប់ពីមនុស្សរបស់ក្រុមហ៊ុន មិនត្រឹមតែដើរកាប់ឈើដែលគេបានទិញពីប្រជាពលរដ្ឋប៉ុណ្ណោះទេ ថែមទាំងរំលោភចូលទៅកាប់ឈើនៅក្នុងតំបន់ព្រៃការពាររបស់សហគមន៍ទៀតផង។
អនុប្រធានសហគមន៍ការពារព្រៃឈើឃុំគូលែនខាងជើង គឺលោក លឹម កាំង។ លោកអះអាងកាលពីព្រឹកថ្ងៃអង្គារ ទី៣ ខែឧសភា ដោយចោទប្រកាន់មេភូមិជាំស្រែ ឈ្មោះ ឃឹម ថាបានដើរលក់ដើមច្បោះជ័ររបស់ប្រជាពលរដ្ឋទៅឲ្យក្រុមហ៊ុនកាប់ និងដឹកជញ្ជូនជារៀងរាល់។ លោក លឹម កាំង បញ្ជាក់ថា ការលក់ដើមច្បោះជ័រទៅឲ្យក្រុមហ៊ុនកាប់នេះ បានធ្វើឲ្យមនុស្សរបស់ក្រុមហ៊ុន កូម៉ូលី ធ្លាប់រំលោភចូលទៅកាប់ឈើនៅក្នុងព្រៃសហគមន៍របស់លោក។ បច្ចុប្បន្ន ក្រុមហ៊ុននេះនៅតែកាប់ដើមច្បោះជ័រដែលទិញពីប្រជាពលរដ្ឋ ហើយដឹកជញ្ជូនឈើធំៗចេញជាច្រើនឡានក្នុងមួយថ្ងៃៗ៖ « ដើមច្បោះជ័រ ប៉ុន្តែបើក្រៅពីច្បោះជ័រ គេកាត់យកទាំងអស់ ដូចជាដើមផ្ដៀក គគីរ ពពេល ឲ្យតែមុខធំៗ »។
ទោះបីជាយ៉ាងណា វិទ្យុអាស៊ីសេរី មិនអាចទាក់ទងមេភូមិជាំស្រែ និងតំណាងក្រុមហ៊ុន កូម៉ូលី ដើម្បីសុំប្រតិកម្មជុំវិញការចោទប្រកាន់នេះបានថាយ៉ាងណានៅឡើយ។
មេឃុំគូលែនខាងជើង លោក ឆេង អួយ ទទួលស្គាល់ថា កាលពីជាង ១ខែមុន គឺក្រុមហ៊ុន កូម៉ូលី ពិតជាធ្លាប់រំលោភចូលទៅកាប់ឈើនៅក្នុងតំបន់ព្រៃសហគមន៍គូលែនខាងជើងមែន ក៏ប៉ុន្តែរឿងដែលថាមានការរំលោភចូលជាថ្មីទៀត គឺលោកមិនទាន់បានដឹងនៅឡើយទេ។ លោក ឆេង អួយ ទទួលស្គាល់ទៀតថា បច្ចុប្បន្ន ក្រុមហ៊ុន កូម៉ូលី នៅតែដឹកឈើចេញតាមរថយន្តធំៗជារៀងរាល់ថ្ងៃ៖ « បើសិនប៉ះពាល់ទៅលើឈើសហគមន៍គូលែន គឺលោកមិនឲ្យក្រុមហ៊ុននោះរួចខ្លួនទេ »។
កាលពីជាង ១ខែមុន សហគមន៍ការពារព្រៃឈើ និងប្រជាពលរដ្ឋនៅឃុំគូលែនខាងជើង ធ្លាប់រួមគ្នាព័ទ្ធចាប់រថយន្តដឹកឈើរបស់ក្រុមហ៊ុន កូម៉ូលី បានចំនួន ២គ្រឿង ប៉ុន្តែអាជ្ញាធរចម្រុះជាច្រើនផ្នែក បានគាំទ្រក្រុមហ៊ុន ហើយយកឡានដែលអ្នកភូមិឃាត់ទុកនោះ ប្រគល់ទៅឲ្យក្រុមហ៊ុនវិញ។
ប្រភពពីប្រជាពលរដ្ឋនៅឃុំរំដោះស្រែ ដែលជិតគ្នានឹងឃុំយាង នោះដែរឲ្យដឹងថា សកម្មភាពកាប់ និងដឹកជញ្ជូនឈើធំៗ គឺកំពុងកើតមានពេញបន្ទុក ដោយពេលយប់យ៉ាងហោចណាស់ក៏មានរថយន្តពី ៨គ្រឿងទៅ ១០គ្រឿងដែរក្នុងមួយថ្ងៃៗ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។